ពលរដ្ឋ​រង​អំពើ​ហិង្សា​ដោយ​សាលក្រម​សុំ​ឲ្យ​លោក ហ៊ុន សែន ជួយ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ប្រជាពលរដ្ឋ​ប្រមាណ​ជា ២០ នាក់​ត្រូវ​ជា​សាច់ញាតិ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយ​អំពើ​ហិង្សា​ពី​កម្លាំង​ចម្រុះ​នៃ​រាជរដ្ឋាភិបាល​ក្រោម​អំណាច​សាលក្រម​របស់​តុលាការ​កំពូល បាន​ប្រមូល​ផ្ដុំ​គ្នា​ កាល​ពី​ព្រឹក​ម្សិលមិញ នៅ​មុខ​ផ្ទះ​របស់​ពួកគេ​ដែល​ជា​កន្លែង​កើត​ហេតុ​ ដើម្បី​អំពាវនាវ និង ធ្វើ​ការ​ស្នើ​សុំ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ចម្រូង​ចម្រាស​មួយ​កន្លែង​នេះ។

អ្នកស្រី សៀន សិលា អាយុ ៤៤ ឆ្នាំ ថ្លែង​កាល​ពី​ម្សិល​មិញ​ថា៖ «យើង​ជួបជុំ​គ្នា​នេះ​ដើម្បី​ទាមទារ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកយើង​ផង។ កម្លាំង​ដែល​ចុះ​អនុវត្ត​មក​រុះ​រើ​ផ្ទះ​សំបែង​ពួក​យើង​ ត្រូវ​តែ​គិត​សង​ជំងឺ​ចិត្ត​ជូន​ពួកយើង ហើយ​ចំពោះ​រូប​ខ្ញុំ​វិញ​ ខ្ញុំ​ចង់​បាន​តែ​ដី​របស់​ខ្ញុំ​វិញ​ទេ ខ្ញុំ​មិន​ចង់​បាន​អ្វី​ទេ​ ហើយ​សូម​ឲ្យ​​ដោះ​លែង​ប្តី​របស់​ខ្ញុំ​ផង ​ព្រោះ​​ត្រូវ​គេ​​ចាប់​ខ្លួន​ ​ហើយ​កង​រាជអាវុធហត្ថ​​ចាប់​កង​រាជ​អាវុធហត្ថ ហើយ​គេ​ចាប់​គាត់​ទៅ​ដោយ​គាត់​គ្រាន់​តែ​ការពារ​ប្រពន្ធ​កូន និង​ផ្ទះ​សំបែង​ដើម្បី​ប្រពន្ធ និង​កូន​ប៉ុណ្ណោះ»។

អ្នក​ស្រីបាន​អះ​អាង​ថា គ្រួសារ​គាត់​បាន​មក​រស់​នៅ​លើ​ដី​នេះ​តាំង​តែ​ពី​រដ្ឋ​គេ​ចែក​ឲ្យ​ក្នុង​ឆ្នាំ​ ១៩៨៧ ហើយ​ក៏មិន​ដែល​ស្គាល់​អ្នក​ដែល​ប្តឹង​គាត់​នោះ​ដែរ​ហើយ​ថា​ ការ​វាយ​កម្ទេច​និង​រុះរើ​ផ្ទះ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ និង​ការ​សិក្សា​របស់​កូន​របស់​គាត់​ហើយ​បាន​និង​កំពុង​រង់ចាំ​លទ្ធផល​ពី​អភិបាល​ខេត្ត​បន្ទាប់​ពី​លោក​បាន​ឲ្យ​ពួកគាត់​ទៅ​នៅ​កន្លែង​ចិញ្ចឹម​ត្រី​បណ្តោះ​អាសន្ន​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ដើម​បណ្តឹង។

អ្នកស្រី សែ គីម​អូន​ អាយុ ៣៩ ឆ្នាំ​បាន​អះ​អាង​ដូច​គ្នា​នេះ​ដែរ​ថា​ អ្នក​ស្រី​បាន​មក​រស់​តាំង​តែ​ពី​ឆ្នាំ​ ១៩៩៦ ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​មេ​ភូមិ​ និង​មេ​ឃុំ​ តែ​បែរ​ជា​ត្រូវ​តុលាការ​ខេត្ត និង​មន្ត្រី​កម្លាំង​ចម្រុះ​ឃុប​ឃិត​ជាមួយ​នឹង​ដើម​បណ្តឹង​ក្នុង​ការ​រុះរើ​ផ្ទះ​ពួក​គាត់​ហើយ​កម្លាំង​ចម្រុះ​ទាំង​នោះ​បាន​ប្រើ​អំពើ​ហិង្សា ទៅ​លើ​កូន​របស់​ពួក​គាត់​ផងដែរ។

អ្នកស្រី​ គីម​អូន​ បាន​ថ្លែង​ថា៖«កម្លាំង​ចម្រុះ​បាន​ប្រើ​អំពើ​ហិង្សា​លើ​កូន​ខ្ញុំ​ដោយ​ចាប់​ច្របាច់​ក​និង​គ្រវាត់​កូន​របស់​ខ្ញុំ​ ដូចជា សត្វ​វា​ជា​ក្មេង​តើ​វា​មាន​អ្វី​​ត​ទល់​ជាមួយ​កម្លាំង​ទាំង​នោះ ហើយ​បាន​គំរាម​ថា នរណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ឡាន។ ពួក​ដែល​មក​ធ្វើ​នោះ​ត្រូវ​គេ​ជួល​មក​រុះរើ។ ពួកគេ​ខ្លះ​ស្លៀក​ពាក់​ជា​ស៊ីវិល​និង​ជា​កង​កម្លាំង​មក​ធ្វើ​បាប​ប្រជាជន​ស្លូតត្រង់ ហើយ​ពួកគេ​គឺ​ជា​បក្ខពួក​តែ​មួយ​ជាមួយ​គ្នា»។

កាល​​ពី​ព្រឹក​ថ្ងៃ​ សុក្រ​ ទី ៨ ខែ​កញ្ញា ​​មាន​កម្លាំង​ចម្រុះ​ប្រហែល​ជា​ ១០០ នាក់​ទាំង​មន្ត្រី​នគរបាល និង​កង​រាជ​អាវុធហត្ថ និង​ក្រុម​ស៊ីវិល​បាន​ចុះ​អនុវត្ត​សាលក្រម​តុលាការ​កំពូល​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ ៣ គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ គឺ​ស្ថិត​ក្នុង​ភូមិ​ ទួលក្រសាំង ឃុំ​រកាខ្ពស់ ស្រុក ស្អាង​ ខេត្ត​កណ្ដាល។​

ក្រុម​គ្រួសារ​បាន​ព្យាយាម​រារាំង​ក្រុម​សមត្ថកិច្ច​ដោយ​អះ​អាង​ ថា​ ដីជា​របស់​ពួកគាត់​ដោយ​ពួក​គាត់​បាន​រស់​តាំង​ពី​ឆ្នាំ​ ១៩៨៧ និង​ឆ្នាំ​ ១៩៩៦​ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ភូមិ និង​ឃុំ​ទៀត​ផង។

នៅ​អំឡុង​ពេល​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​រុះរើ​នោះ​ក្រុម​គ្រួសារ​ខ្លះ​បាន​ស្រែក​យំ​អង្វរ ខ្លះ​ទៀត​បាន​លើក​ដៃ​សំពះ​ខ្លះ​ទៀត​ត្រូវ​បាន​កាន់​រូប​សម្តេច ខ្លះ​ទៀត​ឡើង​អង្គុយ​ លើ​ដៃ​គ្រឿង​ចក្រ​ ខ្លះ​ឡើង​លើ​កង់​គ្រឿង​ចក្រ​ ខ្លះ​ដេក​លើ​ដី​ដើម្បី​រារាំង​មិន​ឲ្យ​គ្រឿង​ចក្រ​ចូល​ទៅ​កាយ​កម្ទេច​រុះរើ​​ផ្ទះ​របស់​ពួកគាត់។​

ក្រុម​គ្រួសារ​បាន​កាន់​ធុង​សាំង​ក្នុង​ដៃ​ គំរាម​ចាក់​ដុត​ខ្លួន​ និង​ផ្ទះ​របស់​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​សែង​ចេញ​ មាន​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​ទៅ​លើ​ក្រុម​គ្រួសារ​បណ្តាល​ឲ្យ​សន្លប់​ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​ហើយ​ពួកគេ​បាន​ទ្រហោ​យំ​កង​រំពង​សម្លឹង​មើល​ផ្ទះ​ដែល​ខ្ទេច​ខ្ទី​គ្មាន​សល់​នោះ សមត្ថកិច្ច​កង​រាជអាវុធហត្ថ​បាន​ចាប់​បុរស​ម្នាក់​ដាក់​ចូល​ទៅ​ក្នុង​ឡាន​ពណ៌​ស​ហើយ​ពួកគេ​ព្យាយាម​ជួយ​គាត់​មាន​អ្នក​ខ្លះ​ឡើង​នៅ​លើ​ពី​មុខ​ឡាន​តែ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​រុញ​ និងអូស​ពួកគេ​ចេញ​​ពី​រថយន្ត​នោះ​វិញ។

ខណៈក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ អន យៀន ស្រែក​យំ​​ទៅ​កាន់​​មន្ត្រី​ថា៖ «ពូឯង​មើល​ខ្ញុំ​មាន​លិខិត​ស្នាម​គ្រប់​គ្រាន់​ សូម​កុំ​ធ្វើ​បាប​ពួកយើង។ ខ្ញុំ​មាន​តែ​ដីមួយ​ដុំ​​នេះ​ទេ​សូម​សម្តេច​តា សម្ដេច ហ៊ុន សែន ជួយ​កូនចៅ​ផង ​និង​បណ្ឌិត​ប៊ុន រ៉ានី​ ជួយ​ផង»។

ទោះ​ជា​មាន​អំពើ​ហិង្សា​គួរឲ្យ​រន្ធត់​ក៏ដោយ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​អំពី​ចំណាត់ការ​សំណុំ​រឿង​នេះ​ផ្ដើម​ចេញ​មុន​ពេល​មាន​វិវាទ​ភា​គី​ឈ្មោះ ប៉ុន ថន និង អ៊ុង អ៊ឹម និង សែ គីមអូន ទាំង​បី​នាក់​នេះ​បាន​មក​សុំ​ម្ចាស់​ដី​ឈ្មោះ លឹម ម៉ាច ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដោយ​ធ្វើ​តូប​ប៉ះ​កង់​ដើម្បី​ចិញ្ចឹម​គ្រួសារ។

ដោយ​មាន​ការ​អាណិត​អាសូរ​ ម្ចាស់ដី​ខាង​លើ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​លើ​ដី​ចំណី​ថ្នល់​ដែល​ស្ថិត​នៅ​ពី​មុខ​ដី​របស់​ខ្លួន។ ក្រោយ​មក​ពេល​បាន​រស់​នៅ​មួយ​រយៈ​មក​ អ្នក​ទាំង​បី​នេះ​បាន​សង់​ផ្ទះ​នៅ​ទី​នោះ។

លុះ​ម្ចាស់​ដី​បាន​ឃើញ​ក៏ស្នើ​សុំ​ឲ្យ​រុះរើ​និង​ចាក​ចេញ​តែ​អ្នក​ទាំង​បី​នាក់​នេះ​ពុំ​ព្រម​រុះរើ និង​ចាកចេញ​ឡើយ​ ដោយ​សុខ​ចិត្ត​ស៊ូ​ស្លាប់​នៅ​លើ​ដី​នោះ​តែ​ម្ដង​បើ​ទោះ​ម្ចាស់​ដី​នេះ​ព្យាយាម​ចរចា សម្រប​សម្រួល​យ៉ាង​ណា​ក្ដី​។ គូ​ភាគី​ជម្លោះ​នេះ​មាន​វិវាទ​គ្នា​តាំង​ពី​ឆ្នាំ​ ២០០៤។

សេចក្ដីថ្លែងការណ៍​ដដែល​ថ្លែង​ថា៖ «អាជ្ញា​សាលា ក្រោយ​បាន​ទទួល​​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល បាន​ខិត​ខំ​បន្ត​ការ​អនុវត្ត​ច្បាប់​ដោយ​ធ្វើ​ការ​កោះ​ហៅ ជូន​ដំណឹង​គូភាគី​ទាំង​អស់ មក​សម្រប​សម្រួល និង​ផ្សះផ្សា​គូភាគី ព្រម​ទាំង​ពន្យល់​ពី​នីតិវិធី​នៃ​ច្បាប់​ ជា​ច្រើន​លើក​ច្រើន​សា​តែ​កូន បំណុល​នៃ​ការ​អនុវត្ត ពុំ​ព្រម​ទទួល​យក​ការ​សម្រប​សម្រួល​ណា​មួយ​ឡើយ»។

«យោងតាម​មាត្រា ៣៣៨ ក្រម​នីតិវិធី​រដ្ឋប្បវេណី​ការ​ធានា​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​អាជ្ញាសាលា​ដោយ​ជួប​ប្រទះ​ការ​ប្រឆាំង​នា​ពេល​បំពេញ​មុខ​ងារ​របស់​ខ្លួន​អាជ្ញា​សាលា​អាច​ប្រើ​កម្លាំង​ដែល​មាន​សមត្ថកិច្ច​ដើម្បី​បំបាត់​ការ​ប្រ​ឆាំង​នោះ​បាន»។

តែ​បើ​យោងតាម​ឯកសារ លោក ប៉ុន​ ថន​ បាន​អះ​អាង​ថា លោក​មាន​ឯកសារ​ដូចជា មាន​បង្កាន់​ដៃ​បង់​ប្រាក់​ទិញ​ដី​​ដែល​ទទួល​ស្គាល់​ដោយ​ប្រធាន​គណៈកម្មាធិការ​ប្រជា​ជន​ស្រុក​ស្អាង។

លោក ​សំម ឫ​ទ្ធី​វាសនា ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា តាម​ច្បាប់​គេ​អនុញ្ញាតឲ្យ​អាជ្ញាធរ​អនុវត្ត​ដោយ​បង្ខំ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s