លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌

ប្រភព ៖ ភ្នំពេញបុស្តិ៍

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ទប់ស្កាត់​សកម្មភាព​​ដែល​រដ្ឋាភិបាល​ហៅថា​ជា​ «​បដិវត្តន៍​ពណ៌​» ​និង​បាន​ភ្ជាប់​សកម្មភាព​មួយ​ចំនួន​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា​ថា​ជា​ផ្នែក​នៃ​ចលនា​នេះ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ការ​លើក​ឡើង​នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ខណៈ​អ្នក​ខ្លះ​ថា​មើល​មិន​ឃើញ​អ្វី​ដូច​​ការ​ចោទប្រកាន់​ទាំង​នោះ​។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្ដីពី​ «​បដិវត្តន៍​នៅ​លើ​ពិភពលោក​​ និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​» ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​​កាលពី​ព្រឹក​ម្សិលមិញ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ចលនា​បះបោរ​ផ្ដួល​រដ្ឋាភិបាល​នានា​លើ​ពិភពលោក មុន​ពេល​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​លើ​អ្នក​ជំទាស់​នៅ​កម្ពុជា​។

ដោយ​បាន​ប្រៀបធៀប​បដិវត្ដន៍​​ពណ៌​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប​ខាង​កើត​ទៅ​នឹង​បាតុកម្ម​តវ៉ា​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ងើប​តវ៉ា​របស់​កម្មករ​នៅ​ផ្លូវ​វេងស្រេង​ដែល​​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៤ ​នាក់​ស្លាប់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ​ ២០១៤ លោក សុខ ទូច បាន​ហៅ​សកម្មភាព​នោះ​ថា​​ជា​គ្រោះថ្នាក់ និង​បាន​គាំទ្រ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​។

លោក​បាន​បន្ដ​ថា​៖ «​ដូច្នេះ​មេរៀន​ទាំងអស់​នេះ​រដ្ឋាភិបាល​ត្រូវ​​តែ​ទប់​មុន​ពីព្រោះ​វា​ជា​គ្រោះថ្នាក់​។

រឿង​កម្ពុជា​ខុស​ពី​ប្រទេស​ដទៃ​។ ​កម្ពុជា អំណាច​មិនមែន​កើតឡើង​​ដោយ​បដិវត្តន៍​ទេ ហើយ​ក៏​មិន​​កើតឡើង​ដោយសារ​កម្លាំង​ដែរ គឺ​កើត​ចេញ​មក​អំពី​ការ​បោះឆ្នោត​​របស់​ប្រជាជន​»​។

លោក​បាន​លើក​ពី​ឈ្មោះ​យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​តាមរយៈ​ការ​​សរសេរ​សារ​លើ​ហ្វេសប៊ុក​ និង​បាន​អះអាង​ពី​ការ​ប៉ុនប៉ង​ផ្តួលរំលំ​​រាជរដ្ឋាភិបាល​របស់​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត​ផង​ដែរ​។

លោក​ សុខ ទូច បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ស្ដាប់​អ្វី​ដែល ឯកឧត្តម កឹម សុខា មាន​ប្រសាសន៍​នៅ​អូស្ដ្រាលី​អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយក្រែន​ទេ ហើយ​បដិវត្តន៍​នៅ​យូហ្គោស្លាវី​ដូច​គ្នា​បេះបិទ​គឺ​ការ​​រៀបចំ​ដោយ​ CIA ​ដូច​គ្នា​បេះបិទ​គឺ​​រៀបចំ​ជា​យន្តការ​តែ​ម្ដង​ហើយ​តាក់ទិក​វ៉ៃ​ដូច​គ្នា​បេះបិទ​»​។

ក្រៅពី​នោះ​លោក​ សុខ ទូច ​បាន​លើក​ឡើង​ដែរ​ថា​យុទ្ធនាការ​នៅ​តាម​បណ្ដាញ​សង្គម​ដែល​ទាមទារ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ក៏​ជា​ចំណុច​ណា​មួយ​នៃ​ទម្រង់​ទៅ​រក​បដិវត្តន៍​ពណ៌​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទី​ ១ ផ្លូវ​វេងស្រេង ទី​ ២ ​ស្ពាន​ក្បាលថ្នល់​…​ចុងក្រោយ​ការ​ទាមទារ​ចេញ​​ពី​ហ្វេសប៊ុក​រឿង កែម ឡី​។ កែម ឡី ហេតុ​អ្វី​បាន​ជា​មាន​រឿង​អ៊ីចឹង​មក​? ​យើង​គិត​មើល សុទ្ធ​តែ​ហេតុការណ៍​កើតឡើង​មក​ដែល​​រុញ​ឲ្យ​ទៅ​ជា​បដិវត្តន៍​ពណ៌ ប៉ុន្តែ​​បទពិសោធ​នៅ​ឆ្នាំ​​ ២០១៣ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​»​។

ដោយឡែក​ចំពោះ​សកម្មភាព​របស់​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​ដែល​តែង​ចូលរួម​ក្នុង​ការ​តវ៉ា​នានា​ត្រូវ​បាន​លោក​ សុខ ទូច មើល​ឃើញ​ថា​ជា​ការ «​បំផ្លាញ​សាសនា​»​។

ដោយ​ទំនង​ជា​សំដៅ​ដល់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កន្លង​មក លោក ស៊ុំ ឈុំប៊ុន ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក៏​បាន​ថ្លែង​ដែរ​ថា​មិន​គួរ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​ស្លៀកពាក់​ខ្មៅ​នោះ​ទេ​។

ប៉ុន្តែ​សម្រាប់​លោក សាម ស៊ុនឌឿន តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​​ថា​លោក​មើល​មិន​ឃើញ​ពី​ខ្លឹមសារ​ណា​មួយ​ដែល​លោក កឹម សុខា និយាយ​ក្នុង​វីដេអូឃ្លីប​បែកធ្លាយ​នោះ​ថា​ជា​បដិវត្តន៍​​ពណ៌​នោះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ស្តាប់​ដែរ​ [​វីដេអូ​] ​កឹម សុខា​។ តើ​កន្លែង​ណា​គាត់​ធ្វើ​បដិវត្តន៍​ពណ៌​? ​អ្នក​ស្ដាប់​មួយ​ចំនួន​ក៏​រក​មិន​ឃើញ​​ដែរ​។ ​សូម​បង្ហាញ​ពី​តម្លាភាព​»​។

លោក សាម ស៊ុនឌឿន ក៏​បាន​​រិះគន់​ចំពោះ​ការ​ភា្ជប់​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី ទៅ​នឹង​បដិវត្តន៍​ពណ៌​​របស់​លោក​ សុខ ទូច ផង​ដែរ ហើយ​​ថា​ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​នីតិរដ្ឋ តុលាការ​ឯករាជ្យ យុត្តិធម៌-សង្គម​។

លោក​បាន​លើក​ជា​សំណួរ​ថា​៖ «​តើ​សព្វ​ថ្ងៃ​យើង​មាន​ទាំងអស់​ហ្នឹង​ហើយ​ឬ​នៅ​?»​។

លោក អ៊ូរ ច័ន្ទរ័ត្ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​​មាន​វត្តមាន​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​នេះ​ទេ តែ​លោក​បាន​​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក សុខ ទូច ថា ជា​រឿង​ «​គួរ​ឲ្យ​អស់​សំណើច​» និង​ធ្វើ​ឡើង​ដោយ​គ្រាន់តែ​ «​ផ្គាប់ផ្គុន​ម្ចាស់​» ​ម្ចាស់​របស់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​វា​ជា​រឿង​ហួសហេតុ ហើយ​អស់​សំណើច​ក្នុង​​នាម​ជា​បណ្ឌិត ជា​អ្នក​ចេះ​ដឹង​មួយ​​រូប ហើយ​ហាក់​ដូចជា​រក​ហេតុផល​ឲ្យ​សម​នឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង​មិន​បាន​។ ​វា​អត់​ត្រូវ​»​។

អ្នកស្រី កែម ថាវី បងស្រី​បង្កើត​របស់​លោក​ កែម ឡី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​អ្នកស្រី​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌​ដែល​តែងតែ​លើក​ឡើង​ដោយ​រដ្ឋាភិបាល​ទេ ហើយ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ប្អួន​ប្រុស​ដោយ​អ្នកស្រី​មិន​ជឿ​ថា​ឈ្មោះ​ អឿត អាង ហៅ ជួប​សម្លាប់​បាញ់​សម្លាប់​ប្អូនប្រុស​អ្នកស្រី​ព្រោះ​តែ​រឿង​ជំពាក់​លុយ​ ៣ ​ពាន់​ដុល្លារ​នោះ​ទេ​។

ព្រះតេជ គុណ ប៊ុត ប៊ុនតិញ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​រិះគន់​ព្រះអង្គ​ពី​សំណាក់​លោក សុខ ទូច បាន​ទេ​កាលពី​ម្សិលមិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s