កាសែត​ Cambodia Daily រក​ជំនួយ​​ពី​លោក ហ៊ុន សែន តែ​ក្តីសង្ឃឹម​បើក​កាសែត​ឡើង​វិញ ហាក់​នៅ​ឆ្ងាយ

ប្រភព ៖ VOA

ស្ថាបនិក​កាសែត​ ខេមបូឌា​ ដេលី (The Cambodia Daily) និង​កូនស្រី​របស់​លោក​ដែល​ជា​អតីត​ចាងហ្វាង​កាសែត បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ការ​យោគយល់​បើក​កាសែត​ឡើង​វិញ ដោយ​ភ្ជាប់​ជាមួយ​សារ​មួយ​ដែល​មាន​«លក្ខណៈ​ទន់ភ្លន់​ទៅ​រដ្ឋាភិបាល»។

នៅ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​ ចុះ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ស្ថាបនិក​កាសែត ខេមបូឌា​ ដេលី លោក Bernard Krisher អាយុ​៨៦​ឆ្នាំ បាន​សរសេរ​ពី​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ថា លោក​នឹង​ទទួល​ខុស​ត្រូវ​ទាំង​អស់ តែ​សុំ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ដល់​កូនស្រី​របស់​លោក​ដែល​ជា​ចាង​ហ្វាង។

លោក Bernard បាន​ពន្យល់​ថា លោក​បាន​យល់​ព្រម​ក្នុង​ការ​លក់​ទ្រព្យសម្បត្តិ​កាសែត​ទៅ​ឲ្យ​កូនស្រី នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០១៧។ ដូច្នេះ​លោក​ថា ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ចាប់​ពី​ការ​បង្កើត​កាសែត​ឆ្នាំ​ ១៩៩៣ ដល់​ខែ​មីនា ឆ្នាំ​២០១៧។

លោក​បន្ត​ថា កូនស្រី​របស់​លោក បាន​គោរព​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា។

លោក​បាន​សរសេរ​នៅ​ក្នុង​លិខិត​ដែល​មាន​អត្ថន័យ​ដើម​ថា​៖ «ខ្ញុំ​សូម​ឲ្យ​អ្នក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​កាសែត ​The Cambodia Daily នៅ​ក្នុង​រយៈ​ពេល​ដែល​ជា​ការ​គ្រប់គ្រង​របស់​ខ្ញុំ និង​កុំ​ដាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ ទៅ​លើ​កូន​ស្រី​របស់​ខ្ញុំ។ ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កូន​ស្រី​របស់​ខ្ញុំ»។

លោក Bernard ដែល​ជា​មិត្ត​ភ័ក្តិ​ម្នាក់​របស់​អតីត​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ បាន​ពន្យល់​បន្ថែម​ថា​ លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក ​និង​ ការ​លក់​ពាណិជ្ជកម្ម​មួយ​ចំនួន ដើម្បី​ផ្គត់ផ្តង់​ការចំណាយ​របស់​កាសែត។ លោក​បាន​បន្ថែម​ថា ​កាសែត​មិន​ដែល​ទទួល​បាន​ជំនួយ ឬ​ការ​ឧបត្ថម្ភ​ពី​អង្គការ​ឬ​អង្គការ​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក ​Bernard បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​បង្កើត​កាសែត​នេះ​ ក្នុង​ឆ្នាំ១៩៩៣ ដើម្បី​ផ្តល់​នូវ​សេវា​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​មួយ និង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ហើយ​សម្តេច​បាន​អនុញ្ញាត​ឲ្យ​យើង​បោះ​ពុម្ព​អត្ថបទ ដោយ​សេរី បើ​ទោះ​ជា​អ្នក​មិន​យល់​ស្រប​នឹង​រឿង​មួយ​ចំនួន​របស់​យើង​ក៏​ដោយ»។

លោក​បន្ត​ថា ក្តីសង្ឃឹម​របស់​លោក គឺ​ឲ្យ​កូន​ស្រី​បន្ត​ដឹកនាំ​កាសែត​មួយ​នេះ ក្រោយ​លោក​ទទួល​មរណភាព។​

កាសែត​ដេលី​ បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា បន្ទាប់​ពី​ដំណើរ​ការ​ជាង​២៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រឈម​នឹង​ការ​ទារ​ឲ្យ​បង់​ពន្ធ​ពី​សំណាក់​រដ្ឋាភិបាល​ ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក។

ការ​បិទ​កាសែត​ដ៏​ល្បី​មួយ​នេះ​ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​អាន​ក្នុង​ស្រុក​ ក្រៅ​ស្រុក និង​សហគមន៍​អន្តរជាតិ​ និង​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​គំនាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។

ចំណែក​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ជា​ភាសាខ្មែរ​ ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ និង​សារព័ត៌មាន​ក្នុង​ស្រុក​ អ្នកស្រី Deborah Krisher-Steele ដែល​ជា​អតីត​ចាងហ្វាង​កាសែត បាន​សរសេរ​ពី​ប្រទេស​ជប៉ុន​ថា​ អ្នកស្រី​ និង​ឪពុក​របស់​អ្នកស្រី​ មិន​មាន​បំណង​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ពន្ធដារ​ និង​ច្បាប់​នានា​របស់​កម្ពុជា​ឡើយ។

នៅ​ក្នុង​លិខិត​ដែល​មាន​អត្ថន័យ​ទន់ភ្លន់​ទៅ​រដ្ឋាភិបាល​ អ្នកស្រី Deborah បាន​សរសេរ​ថា​៖ «ខ្ញុំ​ពិត​ជា​សោកស្តាយ​ដែល​មាន​អត្ថាធិប្បាយ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស បាន​ចាត់​ទុក​ ការ​បិទ​ព្រឹត្តិបត្រ​ឌឹ​ខេមបូឌា ដេលី ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ ហើយ​បាន​ចោទ​រាជ​រដ្ឋាភិបាល​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​បំណង​គោរព​សុំ​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មេត្តា​ពិនិត្យ​ពិចារណា​ និង​ជួយ​រក​ដំណោះស្រាយ​ ស្រប​តាម​ច្បាប់​ប្រទេស​កម្ពុជា​ និង​ឈរ​លើ​គោល​នយោបាយ​ ឈ្នះ​ ឈ្នះ​ របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី»។

អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បី​ជួយ​ឲ្យ​កាសែត​ដំណើរ​ការ​ឡើង​វិញ និង​ជួយ​បុគ្គលិក​ខ្មែរ​ ៤៥​នាក់ ដែល​បាន​បាត់​បង់​ការងារ។​

ទោះ​ជា​យ៉ាងណា​ វា​ជា​រឿង​ចម្លែក​មួយ​ដែល​លិខិត​របស់​អ្នកស្រី Deborah មិន​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​នោះ​ទេ។ អ្នកស្រី Deborah បាន​បដិសេធ​អត្ថាធិប្បាយ​បន្ថែម​លើ​លិខិត​មួយ​ច្បាប់​នេះ។​

មុន​ការ​បិទ​កាសែត​នេះ​ អ្នក​កាសែត​ជើង​ចាស់​ ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​ និង​ជា​ម្ចាស់​គេហទំព័រ​ព័ត៌មាន​ ក្នុង​ស្រុក​មួយ​ ឈ្មោះ​ដើម​អម្ពិល​ គឺ​លោក សយ សុភាព បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​កាសែត ហើយ​បាន​ព្យាយាម​ផ្តល់​យោបល់​ ដើម្បី​ជួយ​កាសែត​មួយ​នេះ។

លោក​ សយ សុភាព បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អាទិត្យ​ថា​ លោក​ចាត់​ទុក​លិខិត​របស់​ស្ថាបនិក​ និង​ចាង​ហ្វាង​កាសែត​ឌឹ ខេមបូឌា ដេលី​ ជា​លិខិត​មួយ​ដែល​បង្ហាញ​ «ភាពទន់ភ្លន់​» ចំពោះ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​ថា​ជា​លិខិត​មួយ​ដែល​មាន​កាយ​វិការ​ទន់ភ្លន់ គោរព​នូវ​មេដឹកនាំ​ប្រទេស​ខ្មែរ។ គោរព​នូវ​ច្បាប់​ខ្មែរ។ ខ្ញុំ​យល់​ថា នេះ​ជា​លិខិត​មួយ​ដែល​មាន​សុជីវធម៌​ចំពោះ​ថ្នាក់​ដឹកនាំ​យើង ក៏​ដូចជា​ប្រជាជាតិ​យើង​ដែរ»។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ខ្ញុំគិត​ថា​នេះ​ជា​ចំណុច​មួយ ដែល​កំពុង​តែ​ដើរ​លើ​ផ្លូវ​ដែល​ត្រូវ។ តែ​ត្រង់​ថា​យ៉ាង​ម៉េច​ទៀត ខ្ញុំ​ក៏​មិន​ដឹង​ដែរ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អាទិត្យ​ថា លិខិត​របស់​កាសែត​ ខេមបូឌា ដេលី​ ​មិន​មាន​ឥទ្ធិពល​អ្វី​នោះ​ទេ ដោយសារ​ករណី​នេះ​ជា​កាតព្វកិច្ច​នៃ​ការ​បង់​ពន្ធ​ គឺ​មិន​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្រ្តី​។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«សម្តេច​លោក​បាន​លើក​ឡើង​ថា មិន​មាន​រឿង​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្រ្តី​ទេ។​ វា​ពាក់ព័ន្ធ​តែ​ពី​រឿង​ការងារ​របស់​ស្ថាប័ន​ពន្ធ​ហ្នឹង​ឯង។ ដូច្នេះ​គេ​គួរ​តែ​ទៅ​ទាក់ទង​ ទៅ​និយាយ​ទៅ​ដោះ​ស្រាយ​ជាមួយ​ពន្ធ​ហ្នឹង​ឯង។ ទៅ​ទៅ វាចប់​ហើយ។ ជា​ជាង​ដើរ​ធ្វើ​យុទ្ធនាការ​ វាយ​អាក្រក់ ឲ្យ​គេ​យល់​ច្រឡំ ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា»។

កន្លង​ទៅ លោក ហ៊ុន សែន បាន​ហៅ​កាសែត​ ខេមបូឌា ដេលី​ ជា​«មេចោរ» មិន​បង់​ពន្ធ ហើយ​ថា​ កាសែត​មួយ​នេះ​តែង​តែ​សរសេរ​ប្រឆាំង​រូប​លោក។

រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​កាសែត​មួយ​នេះ​ដំណើរ​ការ​ជាង​២៤ឆ្នាំ ដោយ​មិន​បាន​រំឭក​រឿង​បង់​ពន្ធ​នោះ​ទេ។

អតីត​អ្នក​កាសែត​ ខេមបូឌា ដេលី​ លោក អូន ភាព អាយុ៥៣ឆ្នាំ ដែល​បាន​បំពេញ​ការងារ​នៅ​កាសែត​តាំង​ពី​ឆ្នាំ២០១១ មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​កាសែត​មួយ​នេះ​ដំណើរ​ការ​ឡើង​វិញ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា សង្ឃឹម​គឺ​មាន​តិច​តួច​ណាស់ ពីព្រោះ​ថា​រដ្ឋាភិបាល​គេ​មាន​បំណង​បិទ​កាសែត​ ខេមបូឌា ដេលី​ហ្នឹង យូរ​ហើយ មិន​មែន​ទើប​តែ​ឥឡូវ​នេះ​ទេ។ អញ្ចឹង​វា​ជា​ឱកាស​មួយ​ ឱកាស​ល្អ​សម្រាប់​គេ ដែល​គេ​បិទ​ Forever(រហូត)​តែ​ម្តង »។

លោក ភាព ដែល​តែង​តែ​រាយការណ៍​ព័ត៌មាន​អំពី​ជម្លោះ​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ ​និង​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី​ ទៅ​លើ​ការ​រាយការណ៍​អំពី​ការ​ បោះឆ្នោត​ មាន​ប្រសាសន៍​ថា​ លោក​បាន​រាយការណ៍​ព័ត៌មាន​ដែល​ជា​ការ​ពិត តែ​លោក​ថា រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​មួយ​ចំនួន មិន​ពេញចិត្ត​នឹង​ការ​រាយការណ៍​របស់​លោក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោកក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ ខណៈ​លោក​មិន​ទាន់​រក​ការងារ​ធ្វើ​បាន ហើយ​មាន​កូន​៤នាក់​នៅ​ក្នុង​បន្ទុក។

លោក​ អូន ភាព មាន​ប្រសាសន៍​ថា៖​«អញ្ចឹង​ខែ​ក្រោយ​យើង​អត់មាន​ការងារ ហ្នឹង​បើ​សិន​ក្នុង​ករណី​យើង​រក​អត់​បាន។ អញ្ចឹង​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ»។

នៅ​ថ្ងៃ​បិទ​កាសែត អគ្គ​នាយកដ្ឋាន​ពន្ធដារ​ បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ផ្សេង​គ្នា​ ​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំរបស់​ កាសែត ខេមបូឌា​ ដេលី។

បើ​តាម​ពាក្យ​បណ្តឹង​នោះ ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្តឹង​ស្ថាបនិក លោក Bernard ​Krisher ​អ្នក​ស្រី​ចាង​ហ្វាង Deborah Krisher Steele ​និង​អ្នក​ចាត់​ការ​ទូទៅ ​គឺ​លោក​ ​Douglas Eric Steele ដែល​ជា​ស្វាមី​របស់​អ្នកស្រី Deborah ពី​បទ​គេច​វេស​ពន្ធ​ ​និង​បទ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ពន្ធ​តាម​មាត្រា​១៣៥ ​និង​មាត្រា​១៣៦​នៃ​ច្បាប់​ស្ដីពី​សារ​ពើ​ពន្ធ។

លោក ​Douglas Steele​ ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​កាសែត​ The Cambodia Daily រាជធានីភ្នំពេញ​ ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក ​Douglas Steele​ ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​កាសែត​ The Cambodia Daily រាជធានីភ្នំពេញ​ ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ចំណែក​នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ទៀត អ្នកស្រី​ Deborah ​Krisher​ Steele ​ត្រូវ​បាន​ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍ ​តាម​មាត្រា​៣០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ការ​ទម្លាយ​ឯកសារ​ពន្ធ​ជា​សាធារណៈ ​ហើយ​ទាម​ទារ​ប្រាក់​ប៉ះ​ប៉ូវ​ជំងឺ​ចិត្ត​៨០០​លាន​រៀល ​(ប្រហែល​២០​ម៉ឺន​ដុល្លារ​អាមេរិក)។

ស្ថាប័ន​អន្តរជាតិ​នានា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ប្រតិកម្ម​ទៅ​នឹង​ការ​បិទ​ទ្វារ​ដោយ​បង្ខំ​របស់​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ។ ខណៈ​ការ​បង្ខំ​ឲ្យ​បិទ​កាសែត​មួយ​នេះ វិទ្យុVOA វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ(VOD) ក៏​ត្រូវ​បាន​បញ្ឈប់​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន។

អ្នក​វិភាគ​នយោបាយ និង​បញ្ហា​សង្គម លោក​ មាស នី មាន​ប្រសាសន៍​ថា​លោក​មិន​មាន​ជំនឿ​ថា កាសែត ​ខេមបូឌា​ ដេលី នឹង​អាច​ដំណើរ​ការ​ឡើង​វិញ មុន​ការ​បោះ​ឆ្នោត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ទៅ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ទាន់​មើល​ឃើញ លទ្ធភាព​ដែល​ ដេលី ខ្លួន​ឯង​ទាមទារ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​វិល​ត្រឡប់ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ធម្មតា​ឡើង​វិញ។ ខ្ញុំ​គិត​ថា មិន​ទាន់​ឈាន​ដល់​ប៉ុណ្ណឹង​ទេ​បាទ លើក​លែង​តែ​មាន​ការ​សម្រុះ​សម្រួល​ ឬ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​បន្ថែម​ទៀត អាហ្នឹង​បាន​អាច​មាន​ឈាន​ចូល​ដល់​ការ​ត្រឡប់​មក​វិញ របស់​ ខេមបូឌា​ ដេលី​»។

លោក មាស នី បាន​ចោទ​ជា​សួរ​ថា​ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ បណ្តោយ​ឲ្យ​កាសែត​ ខេមបូឌា​ ដេលី​ មិន​បាន​បង់​ពន្ធ​ជា​ច្រើន​ឆ្នាំ ហើយ​ទើប​តែ​មក​ចាត់​ការ​នៅ​ពេល​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s