រដ្ឋសភា​បើក​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ករណី​លោក​ កឹម សុខា ខណៈ​សមាជិក​សភា​បក្ស​ប្រឆាំង​ពហិការ

ប្រភព ៖ ភ្នំពេញបុស្តិ៍

សមាជិក​រដ្ឋសភា​ ៦៧ ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​សម្រេច​ដោយ​លើក​ដៃ​ជា​ឯកច្ឆន្ទ​បើក​ផ្លូវ​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​ប្រឆាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ ខណៈ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ធ្វើ​ពហិការ​ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​លោក​ កឹម សុខា នៅ​គុក​ត្រពាំង​ផ្លុង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​។

ក្នុង​ពេល​តែ​មួយ​ជាមួយ​កិច្ចប្រជុំ​វិសាមញ្ញ​នេះ​ដែរ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅ​កាន់​និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​អះអាង​ថា​កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​ម្សិលមិញ​នោះ​គឺ​ដើម្បី​ពិនិត្យ​មើល​ថា តើ​សំណុំ​រឿង​លោក កឹម សុខា ត្រូវ​បន្ត​ដំណើរការ​ក្តី​ទៅ​មុខ​ឬ​យ៉ាង​ណា​? សម្តេច​​បន្ថែម​ថា​ប្រសិន​បើ​ចង់​ផ្អាក​​ដំណើរការ​ក្តី​នេះ​គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣/៤ ទើប​អាច​ផ្អាក​ដំណើរការ​ក្តី​បាន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​កិច្ចប្រជុំ​របស់​រដ្ឋសភា​នា​ព្រឹក​មិញ​នេះ​មិនមែន​ជា​កិច្ចប្រជុំ​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក កឹម សុខា នោះ​ទេ​ព្រោះ​ទោស​របស់​លោក កឹម សុខា គឺជា​បទល្មើស​ជាក់ស្តែង ដូច្នេះ​អភ័យ​ឯកសិទ្ធិ​គឺ​ត្រូវ​បាន​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​បើ​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះ​ឡើយ​ពីព្រោះ​នៅ​មាន​គណបក្ស នយោបាយ​ជាច្រើន​ទៀត​ចូលរួម​បោះឆ្នោត​»​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ដដែលៗ​ថា​ជា​ភ័ព្វសំណាង​ណាស់​ដែល​កម្ពុជា​បាន​រកឃើញ​នូវ​ទង្វើ​ក្បត់​ជាតិ​របស់​លោក កឹម សុខា បើ​មិន​ដូច្នោះ​ទេ​ជាតិ​ខ្មែរ​ទាំង​មូល​នឹង​ត្រូវ​រងគ្រោះ​។

លោក​បាន​ព្រមាន​សាជាថ្មី​ទៀត​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ការពារ​លោក កឹម សុខា គណបក្ស​ទាំង​មូល​នឹង​ត្រូវ​រំលាយ​ចោល​ផង​ដែរ​។

ស្រប​ជាមួយ​នឹង​ការ​ព្រមាន​នេះ​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សាកសួរ​សុខទុក្ខ លោក កឹម សុខា ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​។ ទោះ​ជា​គ្មាន​អំពើ​ហិង្សា​កើតឡើង​រវាង​អាជ្ញាធរ​ និង​អ្នក​គាំទ្រ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ក៏ដោយ ​ក៏​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​ដាក់​បារ៉ាស់​យាមកាម​យ៉ាង​តឹងរ៉ឹង​ប្រមាណ​ជាមួយ​គីឡូម៉ែត្រ​ពី​មុខ​ពន្ធនាគារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ​បាន​ទៅ​ក្បែរ​នោះ​ទេ​។

ទាហាន​ម្នាក់​ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​៖ «​យើង​ធ្វើ​តាម​បញ្ជា​របស់​មេបញ្ជាការ​របស់​យើង​ហើយ​យើង​មក​ទី​នេះ​គឺ​ដើម្បី​រក្សា​​សណ្តាប់ធ្នាប់​…​យើង​ជា​ទាហាន​មកពី​ព្រំដែន​»​។

ខណៈ​មន្ត្រី​នគរបាល​ម្នាក់​ទៀត​កំពុង​ឈរ​នៅ​ខាង​ក្នុង​​របាំង​ផ្លូវ​ដែល​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ធ្វើ​ជា​អ្នក​តំណាង​មេ​ដើម្បី​មក​ជួប​សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រឆាំង​នោះ​បាន​សួរ​រក​​លិខិត​អនុញ្ញាត​មកពី​ថ្នាក់​លើ​។

លោក ម៉ៅ មុន្នីវណ្ណ បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ដោយ​អះអាង​ថា​បាន​ស្នើ​សុំ​ជា​ផ្លូវការ​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​នោះ​ទេ​។ ដូច្នេះ​នគរបាល​បាន​ឆ្លើយតប​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​តាម​បំណង​របស់​ពួកគេ​ទេ​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា​កងកម្លាំង​យោធា​អាច​ទៅ​ណា​មក​ណា​បាន​បន្ទាប់ពី​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាត់តាំង​។

លោក​ថ្លែង​ថា​៖ «​តួនាទី​សំខាន់​របស់​ពួកយើង​គឺ​ការពារ​​ព្រំដែន​ និង​ចូលរួម​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ហើយ​យើង​នឹង​ធ្វើ​តាម​ការ​ស្នើសុំ​។ វា​មិន​មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ​ហើយ​នេះ​គឺ​ធ្វើ​ឡើង​តាម​ការ​ចាត់តាំង​»​។

ខណៈ​លោកស្រី មូរ សុខហួរ សមាជិក​រដ្ឋសភា​មកពី​បក្ស​​ប្រឆាំង​បាន​ថ្លែង​ថា តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​​ ១៧ ​រូប និង​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ សម រង្ស៊ី ​ចំនួន​ប្រាំ​ពីរ​រូប​បាន​មក​កាន់​ពន្ធនាគារ​នេះ​ (​ម​៣) ​ដើម្បី​មក​សួរ​សុខទុក្ខ​ និង​ពិនិត្យ​មើល​ស្ថានភាព​របស់​លោក​ប្រធាន កឹម សុខា ដែល​គាត់​ក៏​ជា​តំណាងរាស្ត្រ​ដូច​ពួកគេ​ដែរ​ហើយ​គាត់​ក៏​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។

លោកស្រី សុខហួរ ថ្លែងថា​៖ «​យើង​ពិតជា​មាន​ការ​សោកស្តាយ​ណាស់​ដែល​លិខិត​ស្នើសុំ​របស់​យើង​ដែល​ស្នើសុំ​ជួប​គាត់​នៅ​ក្នុង​ពន្ធនាគារ​មិន​ត្រូវ​បាន​តុលាការ​ឆ្លើយ​ជា​វិជ្ជមាន​នោះ​ទេ​»​។

លោកស្រី សុខហួរ ​ថ្លែង​ថា​៖ «​យើង​ត្រូវការ​ការ​បង្រួបបង្រួម​ជាតិ ហើយ​ប្រសិន​បើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា មិន​ត្រូវ​បាន​ដោះលែង និង​មិន​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន​ទេ​នោះ​យើង​នឹង​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែល​មិន​សេរី និង​មិន​យុត្តិធម៌​នោះ​ទេ​ពីព្រោះ​វា​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន និង​ជាតិ​»​។

លោកស្រី​ក៏​បាន​អះអាង​ពី​មូលហេតុ​ដែល​មិន​អាច​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ពីព្រោះ​កិច្ចប្រជុំ​នេះ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ពិតជា​មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​រឿង​នេះ​ហើយ​ក្នុង​នាម​តំណាងរាស្ត្រ​យើង​នឹង​មក​រៀងរាល់​ថ្ងៃ​ចន្ទ​ហើយ​​តំណាងរាស្ត្រ​របស់​យើង​នឹង​ចូល​មក​ខាង​មុខ​ពន្ធនាគារ ម​ ៣ ហើយ​ធ្វើ​វា​ម្តង​ហើយ​ម្តង​ទៀត និង​ទទូច​តុលាការ​ដើម្បី​ឲ្យ​បាន​ជួប​ជាមួយ​លោក​ប្រធាន​ កឹម សុខា​»​។

លោក ហ៊ុន សែន ថ្លែង​ពី​ម្សិលមិញ​ថា​មាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​។

លោក​ថ្លែង​ថា​៖ «​អ្វីៗ​ដែល​បាន​កើតឡើង​កន្លង​ទៅ មុខមាត់​យើង​បាន​រកឃើញ​ហើយ​។ សុំ​អ្នក​ដែល​បាន​ឆ្លងដែន​នៅ​ម៉ោង​ ៥ ​និង​ ២០ ​នាទី​ពី​ម្សិលមិញ​ជា​តំណាងរាស្ត្រ​ដែល​រត់​ចេញ​ទៅ​ប្រទេស​ថៃ​ពី​ម្សិលមិញ​គួរ​ត្រឡប់​មក​វិញ​។ ខ្លួនឯង​មាន​នៅក្នុង​បញ្ជី​នៃ​ការ​ចែក​នំប៉័ង​ឆ្នាំ​ ២០១៣ ហើយ​ក៏​មាន​មួយ​ចំនួន​ចាកចេញ​មាន​អ្នក​ខ្លះ​ក្លាហាន មាន​អ្នក​ខ្លះ​ក៏​ភ័យ​ដែរ​។ រឿង​វា​មិន​តូច​។ អ៊ីចឹង​ទេ​ខ្លួនឯង​បាន​ឆ្លង​ដែន​ម្សិលមិញ​គេ​មិន​ដឹង​ឆ្លង​ម៉ោង ​៥:២០ ​នាទី​តាម​ច្រក​កំរៀង​ទៅ​ប្រទេស​ថៃ ហើយ​បើ​គេ​ត្រូវ​ការ​យក យើង​ក៏​អាច​សហការ​ជាមួយ​ប្រទេស​ថៃ​ដើម្បី​នាំ​ខ្លួន​ត្រឡប់​មក​វិញ​បាន​ដែរ​»​។

លោក សៅ ប៊ុនរិទ្ធ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក ហូរ វ៉ាន់ ដែល​បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ​កាលពី​ម៉ោង​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​​អះអាង​មែន​។

លោក ហូរ វ៉ាន់ ក្រោយមក​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​ពិតជា​បាន​ចាកចេញ​ពី​កម្ពុជា​មែន​ដើម្បី​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ទទួល​បាន​លទ្ធផល​។

កាលពី​ម្សិលមិញ​ដែរ​ហ្វេសប៊ុក​របស់​លោក កឹម សុខា បាន​បង្ហោះ​សារ​ថា មេធាវី​របស់​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក កឹម សុខា ហើយ​អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​ក្រុម​មេធាវី​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​រឿង​ក្តី​នេះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​នឹង​ធ្វើ​សន្និសីទ​មួយ​នៅ​ស្នាក់ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s