គណបក្ស​ជំទាស់​ជឿ​ថា​ ស្ថានការណ៍​នយោបាយ​កម្ពុជា​នឹង​អាច​ធូរស្រាល​ឡើង​ ​បើ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរ​ជាតិ​ និង​ម្ចាស់​ជំនួយ

ប្រភព ៖ VOA

លោក​ ​សុន ឆ័យ​ ​បន្ថែម​ថា​ ​ដើម្បី​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ​ខាង​មុខ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ថា​ ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ភាព​ធូរ​ស្រាល​ឡើង​វិញ​ ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ​ហើយ​ថា​ ​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​នឹង​អាច​ចូល​រួម​ក្នុង​ការ​

បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ។​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លើក​ឡើង​ថា​ ​ការ​រំពឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​ក្លាយ​ជា​ការ​ពិត​នោះ​ទេ។​

គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​ ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ភាព​ប្រសើរ​ឡើងនៅ​មុន​ការ​បោះឆ្នោតឆ្នាំ​២០១៨​ ​ហើយ​ ​លោក​ ​កឹម សុខា​ ​និង​លោក​ ​សម រង្ស៊ី​ ​នឹង​អាច​ចូល​រួម​បោះឆ្នោតបាន​ តាម​រយៈ​ការ​ដាក់​សម្ពាធពី​អន្តរជាតិ​ ​និង​បទ​ពិសោធន៍នយោបាយ​នៅ​កម្ពុជា​ពេល​កន្លង​មក។​ ​នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្សប្រឆាំង។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយស្តីពី​ ​«ស្ថាន​ការណ៍​នយោបាយបច្ចុប្បន្ន​នៅ​កម្ពុជា»​ ​ដែល​ធ្វើ​ឡើងនៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​កំពុង​ធ្វើ​ខុស​ច្បាប់​ក្នុង​ការ​ចាប់​ខ្លួន​ ​ការ​ចោទ​ប្រកាន់​ ​និង​ការ​ឃុំ​ខ្លួន​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ព្រម​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តំណាងរាស្រ្ត​ ​និង​សមាជិក​ផ្សេងៗ​ទៀត​របស់​គណបក្សនេះ​ ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លង​មក។ លោក​ថា ​សកម្មភាពខុស​ច្បាប់​ទាំង​នោះ​តែង​កើត​មាន​ជា​រឿយៗ​នៅ​មុន​ការ​បោះឆ្នោត។​ ​ទោះ​ជា​យ៉ាង​ណា​លោក​ ​សុន ឆ័យ​ ​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​រំពឹង​ថា ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​ ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ​តាមរយៈ​ការ​ដាក់​សម្ពាធ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ ​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​ ​និង​តាមរយៈ​បទ​ពិសោធន៍​នយោបាយ​នា​ពេល​កន្លង​មក។​

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «​ការ​តស៊ូមតិ​ ការ​សម្តែង​នៃ​ការ​ត​ទល់​សភាពការណ៍​ខ្មែរ​សព្វថ្ងៃ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ និង​ប្រជា​ពល​រដ្ឋ​យើង​ ហាក់​ដូចជា​មាន​ភាព​ខ្លំាង​ក្លា​ជាង​ពេល​មុនៗ​ទៅ​ទៀត។​ ដូច្នេះ​យើង​ជឿជាក់​ថា​ យើង​នឹង​អាច​រក​វិធី​ដើម្បី​សម្រួល​ស្ថានភាព​ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​ខ្មែរ​ចេះ​រួបរួម​គ្នា ឲ្យ​ការបោះឆ្នោត​ឆ្នាំ២០១៨ ​នោះ​មានសេរី និង​យុត្តិធម៌​ អាច​ទទួល​យក​បាន។​ ដូច្នេះ ​យើង​មាន​ជំនឿ​បែប​ហ្នឹង​ដោយសារ​ការ​ពិសោធន៍​ផង​ដែរ»។​

លោក​ ​សុន ឆ័យ​ ​បន្ថែម​ថា​ ​ដើម្បី​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ​ខាង​មុខ។​

​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ក្នុង​ផ្ទះ​ចាប់​ខ្លួន​លោកទាំង​កណ្តាល​យប់​ ​កាល​ពី​ថ្ងៃទី​៣​ ​ខែ​កញ្ញា​ ដោយ​ចោទ​ថា​លោក​ ឃុបឃិត​ជា​មួយ​បរទេស​បង្កើត​គ្រោង​ការ​សម្ងាត់​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​ ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ដើម​ខែ​កញ្ញា។

​មុន​ការ​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​ក៏​មាន​តំណាងរាស្រ្ត​សមាជិក​ ​និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជា​ជាង​២០​នាក់​ផ្សេង​ទៀត​ ​ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ ​កាត់​ទោស​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ​ចាប់ពី​ដើម​ឆ្នាំ​២០១៥​ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក្រោមបទ​ល្មើស​ផ្សេងៗ​គ្នា។

ស្រប​គ្នា​នោះ​ដែរ​ អតីតប្រធាន​គណបក្ស​ជំទាស់​ លោក​ ​សម រង្ស៊ី​ ​បាន​និង​កំពុងរស់​ក្នុង​ការ​និរទេស​ខ្លួន​ឯ​បរទេស​ បន្ទាប់​ពី​មាន​បណ្តឹង​ជា​ច្រើន​ប្រឆាំង​នឹង​រូប​លោក​។​ ​លោក​ ​សម រង្ស៊ី​ ​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ប្រធាន​គណ​បក្ស​ជំទាស់​ភ្លាមៗ​កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ​ ​ដើម្បី​ចៀសវាង​ការ​រំលាយ​គណបក្ស​ជំទាស់​ចោល​តាម​វិសោធន​កម្ម​ច្បាប់​នៃ​គណ​បក្ស​នយោបាយ។

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ប្រាប់​ ​VOA​ ​ថា​នៅ​កម្ពុជា​មិន​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ណាមួយ​នោះ​ទេ​ ​ហើយ​ថា​ ការ​ចរចា ឬ​សម្រប​សម្រួល​ណា​មួយ​ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​ ​និង​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ចូលរួម​បោះ​ឆ្នោត​នោះ​ ​ក៏​មិន​មាន​ដែរ។​ ​លោក​បន្ថែម​ថា​ ​ការ​រំពឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​ជា​ការ​លើក​ឡើង​របស់​ពួក​គេ​ ​ប៉ុន្តែ​លោក​ថា​ ​ស្ថាន​ការណ៍​នយោបាយ​កាលពី​អតីតកាល​ និង​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ថាន​ភាពខុសគ្នា។​

លោក​មាន​ប្រសាសន៍​ថា​៖ «សូម​ជម្រាប​ជូន​ថា​ឆ្នាំ​២០១៣ ​ហើយ​ឆ្នាំ​២០១៨​វា​ខុស​គ្នា ទាំង​ទិដ្ឋភាព​នយោ​បាយ​ ទាំង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ ដូច្នេះ​អត់​មាន​ទេ​ ពីមុន​មក​វា​នៅ​មាន​ឥទ្ធិពល​នៃ​វប្បធម៌​សន្ទនា​ ឥលូវ​ដោយសារ​ សម រង្ស៊ី ​ក្បត់​នឹង​វប្បធម៌​សន្ទនា​ ដូច្នេះ​មិន​អាច​បក​ក្រោយ​យក​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣​ មក​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៨​បានទេ»​។

លោក ​សុខ ឥសាន ​បន្ថែម​ថា ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ដោយ​បង្ហាញ​ពី​ការ​បារម្ភ​លើ​ស្ថានភាព​នយោបាយ​របស់​កម្ពុជា ​គឺជា​ការ​លូកដៃ​ចូល​អធិបតេយ្យភាពរបស់​កម្ពុជា។ ​

​លោក​ William Heidt ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូលជាមួយ​អ្នកសារ​ព័ត៌មាន​កម្ពុជា នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ខ្វល់​ពី​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ គឺជាកំហុស​ដ៏​ធំមួយ​ និង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ប្រទេស​ដែល​ឯកោ​បន្តិច​ម្តងៗ​។ លោក​បន្ថែម​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ​ទៀត នឹង​ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​ច្រើន។

លោក​បញ្ជាក់​ថា៖​ «កម្ពុជា​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​២០​ឆ្នាំ​ទៅ​មុខ​ទៀត​នឹង​មាន​ជួប​បញ្ហា​ប្រឈមច្រើន។​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ ដែល​យើង​ត្រូវ​ធ្វើ​ការ​ទាក់​ទាញ​បច្ចេកវិទ្យា​ដែលទំនើប ​ដើម្បី​តាម​ទាន់​ប្រទេស​ក្នុង​អាស៊ាន​ដូចជា​ថៃ​ និង​ប្រទេស​វៀតណាម​ជាដើម។​ នៅ​ពេល​ហ្នឹង​ឯង​ដែល​បច្ចេកវិទ្យា​របស់​អាមេរិក​មាន​សារសំខាន់​យ៉ាង​ខ្លាំង។ អញ្ចឹង​វា​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​អាច​សន្និដ្ឋាន​ថា​អាច​ព្រងើយ​កន្តើយ​បាន​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​ធ្លាប់​ជួយ​កម្ពុជា​រហូត​ដល់​ខែ​មុន​នេះ»។

ស្ទើ​តែ​ជា​រៀង​រាល់​មុន​ការ​បោះឆ្នោត​ ​គេ​តែង​ឃើញ​ស្ថានការណ៍​នយោបាយហាក់​មាន​ភាព​តានតឹង រវាង​គណបក្ស​កាន់អំណាច​ ​និង​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​តែ​ក្រោយ​មក​ភាព​តាន​តឹង​ទាំង​នោះក៏​មាន​ភាព​ធូរស្រាល​វិញជា​ធម្មតា ​តាម​រយៈ​ការ​ចរចារ និង​យោគយល់​រវាង​គណបក្ស​នយោបាយ​ធំៗ។​ ​តួយ៉ាង​ដូច​ស្ថានការណ៍​នយោបាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ​ដែល​នៅ​ពេល​នោះ​លោក សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចោទ​ប្រកាន់​ ​និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​និង​បាន​និរទេស​ខ្លួន​ទៅ​នៅ​បរទេស​មួយ​រយៈ។​ ​ក្រោយ​មក​ក៏​មាន​ការ​សម្រប​សម្រួល​ ​និង​ចរចា​នយោបាយ​រវាង​រដ្ឋាភិបាល​ ​និង​គណ​បក្ស​ប្រឆាំង​ ​រហូត​ដល់​មាន​ដំណោះ​ស្រាយនិង​អាច​ធ្វើ​ឲ្យ​ ​លោក ​សម រង្ស៊ី​ ​ចូល​មក​កម្ពុជា​វិញ​មុន​ការ​បោះឆ្នោត។​

លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ ​លើក​ឡើង​ថា​ ​យោង​លើ​ស្ថានការណ៍​នយោបាយកម្ពុជា​ដែល​កំពុង​មានភាព​តាន​តឹង​ក្នុង​ពេល​បច្ចុប្បន្ន​ ​ហាក់​ពិបាក​នឹង​មាន​ភាព​ធូរស្រាលដូច​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។​ ​លោក​បន្ថែមថា​ ​គណ​បក្ស​កាន់​អំណាច​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណ​បក្ស​ប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា​ ​មាន​ភាព​ចុះថយ​ឥទ្ធិពល​ដែល​កំពុង​មាន​ការ​គាំទ្រ​ច្រើន​ ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​គណបក្ស​របស់​ពួក​គេ។​

លោក​ ​សូ ចន្ថា​ ​បន្ថែម​ថា​ ​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​តាន​តឹង​នេះ​ ​នឹង​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ចូលរួម​ពី​អន្តរ​ជាតិ​ ​និង​គណ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ជ្រើស​យក​ផ្លូវ​ចរចា​ដោយ​សន្តិវិធី​ ​និង​គិត​ប្រយោជន៍​ជាតិ​ជា​ធំ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«នៅ​ក្នុង​កាលៈទេសៈ​នេះខ្ញុំ​គិត​ថា​សម្ពាធ​ពី​អន្តរជាតិ​ជាផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ ​នៅ​កម្ពុជា​ ជាពិសេស​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ហ្នឹង​អាច​ងាក​មក​ជិត​គ្នា ហើយ​និង​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​កម្តៅ​នយោបាយ​ថយ​ចុះ​មុន​ការ​បោះឆ្នោត​ហ្នឹង។ ​ខ្ញុំគិត​ថា​គ្មាន​ជម្រើស​អី​ដែល​ល្អ​ជាង​ការ​ដែល​ជជែក​គ្នា​នោះ​ទេ»។

ក្រោយ​ការ​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​សហគមន៍​អន្តរជាតិ​ ​រួម​មាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អង្គការ​សហ​ប្រជាជាតិ​ ​អូស្ត្រាលី​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ ​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ទៅ​នឹង​ការ​ចាប់​ខ្លួន​សមាជិក​សភា​ក្នុង​អភ័យឯក​សិទ្ធិ​ទាំង​កណ្តាល​យប់​។​ ​ពួក​គេ​ក៏​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ​និង​បាន​ចោទ​សួរ​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ក្នុង​ពេល​បោះឆ្នោត​ ឆ្នាំ​២០១៨​ខាង​មុខ។​

ទោះ​ជា​យ៉ាង​ណា​ ​ការ​បារម្ភ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​និង​បាន​រំឭក​ដល់​អគ្គ​រដ្ឋទូត​ទាំង​អស់​ឲ្យ​គោរព​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ ​អព្យាក្រឹត្យ​ ​និង​ច្បាប់​កម្ពុជា​ ​និង​កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​ព្រមទាំង​បាន​បញ្ជាក់​ថា ​លោក​ កឹម សុខា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​ ដែល​ត្រូវ​ចាត់​ការ​ដោយ​តុលាការ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s