មន្ត្រី​ក្រសួង​ព័ត៌មាន​ថា​លិខិត​ម្ចាស់​ស្ថានីយ​វិទ្យុ​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​គឺ​ធ្វើ​មិន​ទាន់​ត្រឹមត្រូវ

ប្រភព ៖ RFA

មន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា ការ​ដាក់​លិខិត​របស់​ម្ចាស់​ស្ថានីយ​វិទ្យុ​ដែល​ក្រសួង​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយសារ​ចាក់​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ដើម្បី​សុំ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​ផ្ទាល់ គឺ​ធ្វើ​ឡើង​មិន​ទាន់​ត្រឹមត្រូវ​នៅ​ឡើយ ហេតុ​នេះ​បាន​ជា​ក្រសួង​មិន​ចង់​ឆ្លើយ​ចំពោះ​លិខិត​ទាំងនោះ។ ម្ចាស់​ស្ថានីយ​វិទ្យុ​ខ្លះ​យល់​ថា ក្រសួង​មិន​គួរ​ប្រកាន់​យក​គោលការណ៍​មិន​ឆ្លើយតប ដោយសារ​តែ​ការ​ដាក់​លិខិត​របស់​ពួក​គេ​នោះ​ធ្វើ​ឡើង​មិន​ទាន់​ត្រឹមត្រូវ​បែប​នេះ​ទេ និង​គួរ​តែ​ប្រាប់​ពួក​គេ​វិញ​ថា​ធ្វើ​យ៉ាង​ម៉េច ទើប​ក្រសួង​ចង់​បាន។

មន្ត្រី​ក្រសួង​ព័ត៌មាន ចាត់​ទុក​លិខិត​របស់​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​បាន​ដាក់​ទៅ​ក្រសួង ដើម្បី​ស្នើសុំ​ជួប​ពិភាក្សា​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថា​ធ្វើ​ឡើង​មិន​ទាន់​ត្រឹមត្រូវ និង​ហាក់​ក្នុង​ន័យ​លេង​សើច​នៅ​ឡើយ ព្រោះ​លិខិត​នោះ​មិន​បាន​ដាក់​ឲ្យ​ចំ​មន្ត្រី​ជំនាញ​របស់​ក្រសួង។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១០ កញ្ញា ថា ម្ចាស់​ស្ថានីយ​វិទ្យុ​ដែល​ចង់​តវ៉ា ឬ​ពិភាក្សា​ជាមួយ​ក្រសួង គឺ​ត្រូវ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា​សេចក្ដី​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម​សោតទស្សន៍ ទៅ​ជួប​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដែល​ជា​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង មុន​នឹង​ឲ្យ​កិច្ច​ការងារ​នោះ​ទៅ​ឲ្យ​រដ្ឋមន្ត្រី៖ «ខ្ញុំ​ឃើញ​លិខិត​ពួក​គាត់​ស៊ីញេ​គ្នា ៥​នាក់​ហ្នឹង ប៉ុន្តែ​ធ្វើ​របៀប​លេងៗ។ យើង​ត្រូវ​ធ្វើ​ការ​ពី​ថ្នាក់​ជំនាញ​យើង​សិន ព្រោះ​យើង​មាន​អគ្គនាយកដ្ឋាន​សោតទស្សន៍ និង​ព័ត៌មាន ដែល​ទទួល​បន្ទុក​ខាង​កិច្ចការ​អស់​ហ្នឹង។ អ៊ីចឹង​យើង​ត្រូវ​ជួប​អគ្គនាយកដ្ឋាន។ យើង​ត្រូវ​ប្រជុំ​គ្នា​ថា​តើ​ឈ្មោះ ក ត្រូវការ​អីឈ្មោះ ខ ត្រូវការ​អីបន្ទាប់​មក​ទើប​ខាង​ជំនាញ​ហ្នឹង គាត់​ធ្វើ​របាយការណ៍​បច្ចេកទេស​មួយ​ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី»

ការ​លើក​ឡើង​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ស្ថានីយ​វិទ្យុ​ចំនួន​៥ ដូចជា​វិទ្យុ​កំពង់ចាម វិទ្យុ​ស្ទឹង​ខៀវ​ខេត្ត​បាត់ដំបង វិទ្យុ​កូន​ខ្មែរ​ខេត្ត​កំពត វិទ្យុ​អង្គរ​រដ្ឋា​ខេត្ត​សៀមរាប និង​វិទ្យុ​មហា​នគរ​នៅ​ភ្នំពេញ បាន​ដាក់​លិខិត​រួម​គ្នា​សុំ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា បន្ទាប់​ពី​រដ្ឋមន្ត្រី​រូប​នេះ​បាន​សម្រេច​បិទ​ស្ថានីយ​វិទ្យុ​របស់​ពួក​គេ​ដោយ​មិន​បាន​ព្រមាន​ទុក​ជា​មុន ដោយសារ​តែ​ចាក់​ផ្សាយ​បន្ត​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក។

ក្រោយ​មក ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងនេះ​បាន​សម្រេច​ដាក់​លិខិត​ដាច់​ដោយឡែក​ពី​គ្នា​ទៅ​ក្រសួង​ព័ត៌មាន ជា​លើក​ទី​ពីរ ក្រោយ​ពី​ក្រសួង​មិន​បាន​ឆ្លើយតប។ ទោះ​ជា​យ៉ាង​ណា ក្រសួង​ព័ត៌មាន នៅ​តែ​មិន​ឆ្លើយតប​ចំពោះ​លិខិត​របស់​ពួក​គេ​ជា​លើក​ទី​ពីរ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធិ បញ្ជាក់​ថា នៅ​ក្នុង​លិខិត​ស្នើសុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ទាំង​ពីរ​លើក​នោះ គឺ​ចង់​ឲ្យ​បើក​អាជីវកម្ម​ស្ថានីយ​វិទ្យុ​របស់​ពួក​លោក​ឡើង​វិញ ហើយ​ពួក​លោក​ប្ដេជ្ញា​ថា​នឹង​គោរព​តាម​សេចក្ដី​ប្រកាស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង។ លោក​បន្ត​ថា ការ​ដាក់​លិខិត​ទៅ​ក្រសួង តែ​បែរ​ជា​ត្រូវ​ចាត់​ទុក​ថា​ធ្វើ​ឡើង​មិន​ទាន់​ត្រឹមត្រូវ​នោះ គឺ​ដោយសារ​តែ​ពួក​លោក​មិន​ទាន់​យល់​ច្បាស់​អំពី​កិច្ចការ​របស់​ក្រសួង ហើយ​ក្រសួង​គួរ​តែ​ប្រាប់​មក​វិញ តើ​ត្រូវ​ធ្វើ​បែប​ណា​ទើប​ជា​ការ​ត្រឹមត្រូវ៖ «ក្រសួង​បិទ​ស្ថានីយ​របស់​យើង ដោយសារ​អីដោយ​យើង​មិន​គោរព​សេចក្ដី​ប្រកាស និង​កិច្ចសន្យា​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង ហើយ​យើង​បាន​ស្នើសុំ​ទៅ​វិញ​ឲ្យ​បើក​ឡើង​វិញ ហើយ​យើង​នឹង​គោរព​ប្រកាស និង​គោរព​កិច្ចសន្យា​នៅ​ក្រសួង។ អ៊ីចឹង​លេង​សើច​យ៉ាង​ម៉េចអ៊ីចឹង​បើ​ពាក្យ​ហ្នឹង​លេង​សើច មាន​ន័យ​ថា​ក្រសួង​យក​ហេតុផល​បិទ​ស្ថានីយ​វិទ្យុ​ហើយ ក៏​ជា​រឿង​លេង​សើច​ដែរ។ យើង​នឹង​ព្យាយាម​ទៅ​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់ ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រី​ឆ្លើយ​ថា​មិន​ជួប​ទេ ហើយ​ទៅ​ជួប​ផ្នែក​សោតទស្សន៍ យើង​ទៅ​ជួប​ផ្នែក​សោតទស្សន៍​ដើម្បី​ឲ្យ​គាត់​ពន្យល់ និង​ប្រាប់​យើង​យ៉ាង​ម៉េច ទើប​ធ្វើ​លិខិត​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​យើង​ដាក់​ពីរ​ដង​ហើយ បើ​ខុស​គួរ​តែ​ប្រាប់​តាំង​ពី​លើក​ទី​មួយ»

រីឯ​ម្ចាស់​ស្ថានីយ​វិទ្យុ​អង្គរ​រដ្ឋា​នៅ​ខេត្ត​សៀមរាប អ្នកស្រី ស៊ាន សុយ៉ានី ថ្លែង​ថា អ្នកស្រី​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ច័ន្ទ ទី​១១ កញ្ញា ដើម្បី​សុំ​ជួប​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ តាម​ការ​ចង់​បាន​របស់​ក្រសួង​ព័ត៌មាន។ អ្នកស្រី​ថា​នឹង​ទទួល​ស្គាល់​កំហុស​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រសួង​អនុគ្រោះ​ផ្ដល់​អាជ្ញាធរ​ប័ណ្ណ​មក​វិញ៖ «គ្រាន់​តែ​បើក​អាជីវកម្ម​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត​ក្នុង​ចំណោម​គាត់​បិទ​ហ្នឹង មាន​តែ​ខ្ញុំ​ទេ​ជា​ស្ត្រី​មេម៉ាយ មិន​មាន​លទ្ធភាព​អី​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទេ»

កន្លង​ទៅ ទាំង​សហគមន៍​អន្តរជាតិ​ជាច្រើន និង​អង្គការ​សង្គម​ស៊ីវិល​នានា ចាត់​ទុក​វិធានការ​ទាំង​កម្រោល​របស់​រដ្ឋាភិបាល​ទៅ​បិទ​ស្ថានីយ​វិទ្យុ​ទាំងអស់ ដែល​តែង​ចាក់​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ថា​គ្រាន់​តែ​ជា​វិធានការ​បង្ក្រាប​សំឡេង​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

អង្គការ​លីកាដូ (LICADHO) រក​ឃើញ​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ចំនួន​៣២ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​តាម​ទី​ជនបទ​ត្រូវ​បាត់បង់​ប្រភព​ទទួល​បាន​ព័ត៌មាន​ពិត ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។ ចំណែក​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​ក៏​យល់​ថា រដ្ឋាភិបាល​ក៏​អាច​បាត់​សំឡេង​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​វិធានការ​បិទ​វិទ្យុ​ដែល​តែង​ផ្តល់​ព័ត៌មាន​ឯករាជ្យ​ទៅ​ដល់​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​បកស្រាយ​ថា រឿង​បិទ​ស្ថានីយ​ទាំងអស់​នោះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​សុទ្ធសាធ។

ជុំវិញ​រឿង​នេះ ក្រុម​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង ក្រៅ​ពី​គ្រោង​ដាក់​លិខិត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឆ្លើយ​បំភ្លឺ​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា ពួក​គេ​នឹង​ដាក់​លិខិត​កោះ​ហៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចេញ​មុខ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​បិទ​ស្ថានីយ​វិទ្យុ​ទាំងនេះ​ដែរ។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មិន​ចង់​បកស្រាយ​ចំពោះ​គម្រោង​ដាក់​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ​ឡើយ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា អ្វី​ដែល​ក្រសួង​ព័ត៌មាន ធ្វើ គឺ​ជា​ការងារ​បច្ចេកទេស និង​ស្រប​តាម​ផ្លូវ​ច្បាប់​ទាំងអស់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s