ពលរដ្ឋត្អូញតែ្អរពីការដំឡើងថ្លៃ​រថយន្តឈ្នួល ខណៈអ្នកឃ្លាំមើលរិះគន់ពីយន្តការដោះស្រាយ

ប្រភព ៖​ VOD

ក្រុមអ្នកធ្វើដំណើរមួយចំនួន បានត្អូញត្អែរពីការដំឡើងថ្លៃសេវា​រថយន្តឈ្នួល​ខុសប្រក្រតី ឬខុស​ពីថ្ងៃធម្មតា នៅរដូវបុណ្យជាតិធំៗ ជាពិសេសនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ខណៈអ្នកឃ្លាំមើល បានរិះគន់រដ្ឋាភិបាល ថា ហាក់គ្មានយន្តការដោះស្រាយឲ្យមានប្រសិទ្ធភាព។

យុវតី គង់ សំបូរ​ ជិះរថយន្តឈ្នួល​នៅម្តុំផ្សារដើមគរ បានរៀប​រាប់ប្រាប់អ្នក​សារព័ត៌​មាននៅថ្ងៃទី១៨ ខែ​កញ្ញា​នេះថា ​គាត់ជិះរថយ​ន្តឈ្នួល​ពីភ្នំពេញ​ទៅ​ខេត្តកំពត ប្រជ្រៀង​គ្នា ដោយ​មួយនាក់​តម្លៃ​ ២០ ០០០​រៀល ខណៈថ្ងៃ​ធម្មតា​១០០០០រៀល​តែ​ប៉ុណ្ណោះ​។ យុវតី​រូប​នោះ​​អះអាងថា គាត់សម្រេចិត្ត​ជិះទៅ​ស្រុកំ​ណើត ​​ដោយ​សារគ្មានជំរើស។ ​

កញ្ញាអះអាងថា៖ «តម្លៃធម្មតា១០០០០រៀល ដល់បុណ្យទានគាត់យក២០០០០រៀល​ អន់ចិត្តដែរ ប៉ុន្តែមិន​ធ្វើម៉េច​ ថ្ងៃបុណ្យ ថ្ងៃទាន​គាត់ត្រូវ​យកអញ្ចឹង អត់មានជំរើសជិះ ណាមួយចឹងទៀត ត្រូវ​តែជិះ​»

អ្នក​ធ្វើដំណើរតាមក្រុមហ៊ុន ពន្លឺអង្គរខ្មែរ លោក អោម សុភា បានឲ្យដឹង​ដែរ​ថា លោក​ទិញ​សំបុត្រធ្វើដំណើរនៅក្រុមហ៊ុននេះ ពីភ្នំពេញទៅខេត្តបាត់ដំបង លោកថា សំបុត្រ​​​​មួយ​តម្លៃ ៤០ ០០០រៀល ដោយ​ថាថ្ងៃធម្មតាត្រឹមតែ ១៨ ០០០រៀល តែប៉ុណ្ណោះ។

លោក អោម​ ថា ការដំឡើងថ្លៃសំបុត្ររថយន្តក្រុងនេះ ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍ នឹងការចំណាយ​ក្នុង​​គ្រួសារ​​។

លោកនិយាយថា៖ «លុយយើងតិចផង​ ដ៏ពេលធ្វើសោហ៊ុយថ្លៃឡានថ្លៃ វាពិបាកដែរ វាប៉ះពាល់​ថា​ យើងទៅ យើងទិញអីវ៉ាន់​​ផ្ញើទៅ​ ដ៏ពេល​ចឹង​យើងអត់បានទិញ យើងបានទិញតិចតួច​ ដូចរបស់យើងត្រូវ​ទិញ៣គីឡូ ៤គីឡូ យើងបានទិញតែ១គីឡូ​ ដ៏ចឹងចែកចាយបងប្អូនអត់គ្រាន់ទេ​»

អ្នកធ្វើដំណើរភាគច្រើននៅម្តុំផ្សារដើមគរ អូរឡំាពិច ក្បាលថ្នល់ ផ្សារថ្មី និង​ផ្សារ​សុរិយាជាដើម បាន​អះអាង​ប្រហាក់ប្រហែលគ្នាថា ជារៀង​រាល់​ឆ្នាំ ជាពិសេស​ឆ្នាំនេះ ​​​ម្ចាស់​រថ​យ​ន្តក្រុង និង​រថ​​យ​ន្ត​ឈ្នួល​​នៅ​តែ​ដំឡើ​ង​​ថ្លៃសំបុត្រក្នុងមួយនាក់ ​ចាប់​ពី ៥០០០រៀល ​រហូត​ដល់ ​២០ ០​០០​រៀល​​។

ភ្លាម VOD បានចុះសួរបុគ្គលិក​​ក្រុមហ៊ុនដឹកអ្នកដំណើរ រួមទំាងអ្នកបើក​រថយន្តឈ្នួល​ជុំវិញ​ករណីដែរ ប៉ុន្តែ​ពួក​គេ​ថា ជាប់​រវល់​ជាមួយភ្ញៀវ។

សាលា​រាជ​ធានី​ភ្នំ​ពេញ​ បាន​ចេញ​សេចក្ដី​​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែកញ្ញា ដោយ​​អំពាវ​នាវ​យ៉ាង​ទទូច​ជា​ថ្មី​​​ទៀត កុំ​​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ ដោយ​ថា ​ដើម្បី​សម្រាល​​​​ទុក្ខ​​លំបាក​របស់​ប្រជា​ពល​រដ្ឋ ​និង​​ក្រុម​កម្ម​ករ​។

សេចក្ដី​​ជូន​ដំណឹងដដែល ក៏បន្តអំពាវនាវដល់​ម្ចាស់ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​ទាំង​អស់ ឲ្យ​ណែនាំ​ដល់​បុគ្គ​លិក​របស់​ខ្លួន កុំឲ្យ​ផ្ទុក​អ្នក​ដំណើរលើសចំណុះ និងបើកបរដោយគោរពច្បាប់ចរាចរណ៍។ សម្រាប់​អ្នក​ដំណើរ​​វិញ សាលា​រាជ​ធានី​ថា ពួកគេ​ត្រូវជៀសវាងការជិះប្រជ្រៀតគ្នា ឬជិះ​លើដំបូលរថយន្ត ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ជាយថា​ហេតុ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា សេចក្តីជូនដំណឹងរ​បស់រដ្ឋាភិបាលជារៀងរាល់ឆ្នាំ ដែលសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ និងម្ចាស់រថយន្តឈ្នួល​កុំដំ​ឡើង​ថ្លៃ មិនមានប្រសិទ្ធិភាពនោះទេ ដោយលោកថា អ្នកបើអាជីវកម្ម និងប្រកបមុខ​របរទំាងនោះសុទ្ធតែ​មានខ្សែ​ស្រឡាយ​អ្នកមានអំណាច​។

លោក សន ជ័យ​ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហា​នេះ ឲ្យមានប្រសិទ្ធិភាពរដ្ឋាភិ​បាល​ត្រូវ​បាន​បង្កើតរថយន្តក្រុងដឹកអ្នកដំណើរ ពីភ្នំពេញទៅតាមបណ្តាខេត្តនានា ទើបទទួលបាន​ផល​វិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន គួរតែគិតគូរៀប​ចំឲ្យមានឡានក្រុងរបស់រដ្ឋ​សម្រាប់ដឹកជញ្ជូន[អ្នកដំណើរ​]ទៅតាមបណ្តាខេត្ត វាជួយច្រើនដល់ប្រជាពលរដ្ឋ ដែលមានជំណូលទាប វាមិនមែនតែរដូវ​ភ្ជុំបិណ្ឌ ចូលឆ្នាំ ឬក៏រដូវ ដែលមានការធ្វើដំណើរ​ឡើងខ្ពស់ទេ សូម្បីតែនៅក្នុង​រដូវកាល​ធម្មតា ក៏គេមានមធ្យបាយ​និង​ដែរ​ ធ្វើឲ្យពួកគេមានជំរើស​ ប្រជាពលរដ្ឋចង់ទៅជិះឡានក្រុង​របស់រដ្ឋ តម្លៃវាអាច​មានការថេរឬ​ក៏ថោកជាង[ក្រុមហ៊ុន​]ឯកជន​ ហើយបើអ្នកមានគេជិះឯកជនទៅ​»

គួរ​បញ្ជាក់​ថា នៅ​ពេល​រដូវ​បុណ្យ​ទាន​ម្តង​ៗ ​ប្រ​ជាពល​រដ្ឋ ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​តែង​តែ​រអ៊ូរ​ទាំ​ចំពោះ​​​ការ​ឡើង​ថ្លៃ​ឈ្នួល​រថ​យន្ត។ ចំណែករដ្ឋាភិបាល និងសាលារាជធានីភំពេញ ជារៀង​រាល់​ឆ្នាំ ​តែង​តែ​អំពាវ​​នាវ​កុំ​ឲ្យ​មាន​​ការ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ។ ទោះ​យ៉ាង​ណា ការ​អំពាវ​នាវ​នោះ​មិនមាន​ប្រ​សិទ្ធ​ភាព​នោះ​ទេ ដោយ​​ថ្លៃ​ឈ្នួល​​រថ​យន្ត នៅ​តែ​ឡើង​ថ្លៃ​ដដែល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s