មន្ត្រី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រមាន​ក្រុម​អ្នក​វិភាគ

ប្រភព ៖ ភ្នំពេញបុស្តិ៍

សមាជិក​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ម្នាក់ កាលពី​ម្សិលមិញ​បាន​ព្រមាន​ក្រុម​អ្នក​វិភាគ​ដែល​កំពុង​ព្យាយាម​បកស្រាយ​រដ្ឋធម្មនុញ្ញ​ដោយ​លើក​ឡើង​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​អាច​នឹង​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ដែល​បកស្រាយ​ជ្រុល​ពេក​ខណៈ​អ្នក​ច្បាប់​ថា​គេ​កម្រ​ឃើញ​ស្ថាប័ន​កំពូល​នេះ​ប្រឆាំង​ប្រយោជន៍​គណបក្ស​កាន់​អំណាច​។

លោក អ៊ុត ឈន សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ខួប​ទី​ ២៤ ​នៃ​រដ្ឋធម្មនុញ្ញ​ពី​ម្សិលមិញ​ថា​៖ «​ប្រសិន​បើ​គាត់​ធ្វើ​អ្វី​រំលោភ​គឺ​ច្បាប់​ជា​អ្នក​សម្រេច លោក​ឯង​ដឹង​ហើយ​ច្បាប់​ជា​អ្នក​សម្រេច លោក​ឯង​ដឹង​ហើយ ច្បាប់​ព្រហ្មទណ្ឌ​គេ​​ថា​ម៉េច​? យើង​រំលោភ​លើ​គេ​។ ឧទាហរណ៍ អ្នក​ណា​រករឿង​មួយ​ជេរ​គេ​ទៅ​​ស្មាន​លោក​ឯង​សប្បាយ​ចិត្ត​។ យើង​មិន​សប្បាយ​ចិត្ត​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​ដើម្បី​ដោះស្រាយ​ឲ្យ​ដឹង​ថា​មិន​សប្បាយ​ចិត្ត​ហ្នឹង​កម្រិត​ណា តើ​ត្រូវ​ឲ្យ​អ្នក​នោះ​សង​ការ​ខូចខាត​របស់​លោក​ឯង​ប៉ុន​ណា​នោះ​គឺ​តុលាការ​ជា​អ្នក​សម្រេច​»​។

មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​កាលពី​ម្សិលមិញ​បាន​សរសើរ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ខណៈ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​អ្នក​តស៊ូ​មតិ​ផ្លូវ​ច្បាប់​បាន​រិះគន់​ស្ថាប័ន​នេះ​ថា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​។

អ្នក​វិភាគ​ច្បាប់​លោក សុក សំអឿន បាន​ថ្លែង​ថា​ក្រុម​ប្រឹក្សា​នេះ​កម្រ​ប្រឆាំង​នឹង​អត្ថប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​ណាស់ មួយ​ភាគ​ធំ​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​សភា និង​តុលាការ​។

ទោះ​យ៉ាង​ណា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បាន​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ ២៤ ​ឆ្នាំ​ក្រោយ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ស្ថាប័ន​ជាតិ​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​សម្រេច​បាន​សមិទ្ធផល​ដ៏ធំធេង​ទាំង​លើ​ការងារ​កសាង​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ទាំង​លើ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​តាម​ជំនាញ​របស់​ស្ថាប័ន​នីមួយៗ​។

បើ​តាម​លោក​ អ៊ឹម ឈុនលឹម ក្នុង​ដំណើរការ​កសាង និង​អនុវត្ត​ច្បាប់ អនុលោម​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​​កម្ពុជា​កំពុង​ទទួល​បាន​ផ្លែផ្កា និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ឥត​ឈប់ឈរ​។

យ៉ាង​ណា​ក្ដី បើ​តាម​លោក សុក សំអឿន សេចក្តី​សម្រេច​មួយ​ក្នុង​ចំណោម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ត្រូវ​បាន​រិះគន់​បំផុត​គឺ​សេចក្តី​សម្រេច​ឆ្នាំ​ ២០០៤ ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាមួយ​សំឡេង​ភាគច្រើន​ដាច់ខាត​ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​។ លោក​ថា​៖ «​ក្រុមប្រឹក្សា​នេះ​បរាជ័យ​ក្នុង​ការ​ការពារ​ភាព​​រឹងមាំ​នៃ​រដ្ឋធម្មនុញ្ញ​»​។

ចាប់​តាំងពី​ពេល​នោះ​មក​ក្រុមប្រឹក្សា​នេះ​បាន​ធ្វើ​សេចក្តីសម្រេច​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។ កាលពី​ឆ្នាំ​ ២០១៤ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ការ​អនុវត្ត​ច្បាប់​ ៣ ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស ដែល​ក្រុម​អ្នក​តស៊ូ​មតិ​ថ្លែង​ថា​ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទៅ​លើ​តុលាការ​។ មួយ​ឆ្នាំ​ក្រោយ​មក​ក្រុមប្រឹក្សា​នេះ​បាន​អនុម័ត​ច្បាប់​ដ៏ចម្រូង​ចម្រាស​ដែល​ផ្តល់​អំណាច​ទូលំទូលាយ​ដល់​រដ្ឋមន្ត្រី​ក្នុង​ការ​រំលាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ការ​រំលោភ​បំពាន​មួយ​ចំនួន​រួមទាំង​ការ​មិន​រក្សា​ភាព​អព្យាក្រឹត​ផ្នែក​នយោបាយ​។

កាលពី​ខែ​មីនា​ក្រុម​ប្រឹក្សា​នេះ​ក៏​បាន​សម្រេច​គាំទ្រ​ច្បាប់​មួយ​ដែល​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ព្យួរ​ ឬ​រំលាយ​គណបក្ស​នយោបាយ​ដែល​មាន​អ្នក​ដឹកនាំ​របស់​ខ្លួន​ត្រូវ​បាន​ផ្តន្ទាទោស​ជាប់ទោស ខណៈ​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​មាន​គោលដៅ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ម្សិលមិញ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន លោក ប៉ែន បញ្ញា បាន​ការពារ​ច្បាប់​ចម្រូង​ចម្រាស​ថ្មីៗ​នេះ និង​បាន​ថ្លែង​ថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ជួយ​កម្ពុជា​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក «​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​» ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក អ៊ុត ឈន ដែល​ជា​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ថ្លែង​ការពារ​ក្រុមប្រឹក្សា​នេះ​ផង​ដែរ​ថា​ជា​ស្ថាប័ន​ «​ឯករាជ្យ និង​អព្យាក្រឹត​»​។

នៅ​ពេល​សួរ​ថា តើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ឬ​អត់​ដោយសារ​លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​សភា លោក ឈន បាន​ថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​អាច​បកស្រាយ​រដ្ឋធម្មនុញ្ញ​បាន​ទេ លុះត្រា​តែ​ទទួល​សំណើ​ផ្លូវការ​ឲ្យ​បកស្រាយ​។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូ​មតិ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សរសើរ​សេចក្តី​សម្រេច​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្តីពី​បណ្ដឹង​ការ​បោះឆ្នោត និង​សន្ធិសញ្ញា​អន្តរជាតិ ប៉ុន្តែ​លោក​ថ្លែង​ថា​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ត្រូវ​បាន​រំខាន ដោយសារ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ក្រុម​​ប្រឹក្សា​នេះ​អាច​កែលម្អ​ឲ្យ​ប្រសើរ​ឡើង​ដោយ​ផ្លាស់ប្តូរ​ចំពោះ​អាណត្តិ​នៃ​ក្រុមប្រឹក្សា​នេះ​ដើម្បី​បង្កើន​ភាព​សកម្ម​របស់​ខ្លួន និង​អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សា​នេះ​ធ្វើ​ការងារ​លើ​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​ខ្លួន​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​»​។

លោក Phil Robertson អនុប្រធាន​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី បាន​ថ្លែង​តាម​អ៊ីមែល​ដែរ​ថា​ក្រុម​ប្រឹក្សា​នេះ​ «​បរាជ័យ​» ​ក្នុង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល​ ២៤ ​ឆ្នាំ​កន្លង​មក​។

លោក Phil Robertson បន្ត​ថា​ការ​ការពារ​សម្រាប់​ប្រជាជន​កម្ពុជា​តាម​រដ្ឋធម្មនុញ្ញ​ «​កើត​មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s