អ្នក​រាយការណ៍ UN រិះគន់​កម្ពុជា​ថា ​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស

ប្រភព ៖ ភ្នំពេញបុស្តិ៍

កាលពី​ម្សិលមិញ​អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ ថា​តើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ដែរ​ឬ​យ៉ាង​ណា​?

ក្នុង​អំឡុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី ៣៦ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី Rhona Smith បាន​ថ្លែង​ថា​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ការ​រឹតបន្តឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ធ្វើ​ឱ្យ​ខូច​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោយ​ឆ្នាំ​ ១៩៩៣​។ ប្រទេស​នេះ​ហាក់​ដូចជា​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា​ឆ្ពោះ​ទៅ​រក​ភាព​អន្តរាយ​មួយ​»​។

លោកស្រី​បាន​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា គឺ​ខុស​ច្បាប់​ដោយសារ​តែ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​គាត់ ហើយ​លោកស្រី​បញ្ជាក់​ថា​ការ​ចោទប្រកាន់​ពី​បទល្មើស​ជាក់ស្តែង​គឺ​មិន​មាន​ភ័ស្តុតាង ខណៈ​ដែល​ការ​ចោទប្រកាន់​នោះ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោក​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៣​។

លោកស្រី Smith ក៏​បាន​កត់សម្គាល់​ថា​នេះ​គឺជា​លើក​ទី​បួន​ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ចាប់​ខ្លួន​តំណាងរាស្ត្រ​។

លោកស្រី Smith ថ្លែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ស្តីពី​គណបក្ស​នយោបាយ​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ​។

លោកស្រី​បន្ត​ថា​៖ «​តាមពិត​ទៅ​ជោគវាសនា​របស់​គណបក្ស​នយោបាយ​ប្រឆាំង​ហាក់​ដូច​នៅ​ក្នុង​កណ្តាប់ដៃ​របស់​នីតិប្រតិបត្តិ​»​។ លោកស្រី​បាន​ថ្លែង​ថា មិន​ត្រឹម​តែ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ ដែល​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នោះ​។

លោកស្រី​បាន​បញ្ជាក់​ថា​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឆ្នាំ ២០១៥ បាន​ដាក់​កម្រិត​មិន​សម​ហេតុផល​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដោយ​តម្រូវ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​មាន​ភាព​អព្យាក្រឹត​ខាង​នយោបាយ​។

លោកស្រី​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​ប្រទេស​កម្ពុជា​អ្វីៗ​ស្ទើរ​តែ​ទាំងអស់​អាច​នឹង​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ជា​រឿង​នយោបាយ​។ ការ​អំពាវនាវ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ឧបាយកល​នយោបាយ​ និង​ការ​វាយប្រហារ​ដោយ​លំអៀង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​»​។

លោកស្រី​លើក​ឡើង​ថា​រួម​ជាមួយ «​ការ​កាត់បន្ថយ​យ៉ាង​ខ្លាំង​នូវ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​» (​ការ​បិទទ្វារ​របស់​កាសែត Cambodia Daily និង​ស្ថានីយ​វិទ្យុ​ផ្សេងៗ​) ​ដែល​ចំណុច​នេះ​មាន​ន័យ​ថា​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​ជាប់គាំង​។

លើស​ពី​នេះ​លោកស្រី​ថ្លែង​ថា​៖ «​វោហារស័ព្ទ​ពី​អំពើ​ហិង្សា​របស់​​រដ្ឋមន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​គឺ​បាន​បង្កើត​ឱ្យ​មាន​ការ​ភ័យខ្លាច​ និង​ក្លាយ​ជា​ឧបសគ្គ​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​។ ការ​ប្រើ​អំណាច ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​គឺ​គ្មាន​នៅ​ក្នុង​សង្គម​ដែល​មាន​សន្តិភាព​ទេ​»​។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ចំពោះ​សេចក្តី​ថ្លែង​របស់​លោកស្រី Smith ដោយ​លោក​ថ្លែង​ថា​៖ «​គាត់​មិន​យុត្តិធម៌​ទេ​។ គាត់​ពិត​ជា​លម្អៀង​ខ្លាំង​ណាស់​។ គាត់​មិនមែន​ជា​នរណា​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​… គាត់​គឺជា​ភ្ញៀវទេសចរ​ម្នាក់​»​។

លោក​ ស៊ីផាន បាន​ស្នើ​ឱ្យ​លោកស្រី​ត្រូវ​ «​ចំណាយ​ពេលវេលា​សិក្សា​ស្វែងយល់​អំពី​ច្បាប់​របស់​កម្ពុជា​បន្ថែម​ទៀត​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​មិនមែន​ជា​ស្វា​ទេ​។ យើង​មិន​ត្រូវការ​គ្រូបង្រៀន​ដូច​គាត់​ [​ប្រាប់​យើង​] ឱ្យ​ធ្វើ​រឿង​នេះ​ធ្វើ​រឿង​នោះ​ទេ … គាត់​គិត​ថា​យើង​គឺជា​សត្វ​»​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ណី សំអុល ក្នុង​សម័យ​ប្រជុំ​នោះ​បាន​លើក​ឡើង​អំពី​ការ​រិះគន់​ដោយ​អយុត្តិធម៌​។

លោក​បាន​ហៅ​របាយការណ៍​របស់​លោកស្រី Smith ថា​លម្អៀង​ដែល​មិន​ត្រឹម​តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រីកចម្រើន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បង្ក​ឱ្យ​មាន​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ជឿជាក់​នៃ​ប្រព័ន្ធ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង​មូល​ផង​ដែរ​។

លោក​ សំអុល បាន​គូសបញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច​ដ៏មាន​ស្ថិរភាព​នៅក្នុង​ប្រទេស​ហើយ​លោក​បាន​ទទូច​ថា​លោកស្រី Smith បាន​មើល​ឃើញ​តែ​ចំណុច​មិន​ល្អ​ហើយ​ថ្លែង​ថា​លោកស្រី​ពឹង​ផ្អែក​តែ​ទៅ​លើ​ «​ប្រភព​ដែល​មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ប៉ុណ្ណោះ​»​។

ប៉ុន្តែ​យោបល់​របស់​លោកស្រី​ Smith ត្រូវ​បាន​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​រួម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​។

ជា​ឧទាហរណ៍​តំណាង​មកពី​សហភាព​អឺរ៉ុប​បាន​ហៅ​ការ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​សិទិ្ធមនុស្ស​ និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រួមទាំង​លោក កឹម សុខា ផង​ដែរ​ថា​ជា​រឿង​នយោបាយ ហើយ​លោក​បាន​ថ្លែង​បញ្ជាក់​ថា អភ័យ​ឯកសិទ្ធិសភា​របស់​លោក កឹម សុខា ត្រូវ​បាន​គេ​រំលោភ​បំពាន​។

អង្គការ​ពិភពលោក (World Organisation) ដែល​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ក៏​បាន​ចង្អុល​បង្ហាញ​ពី​ការ​ចាប់​ឃុំឃាំង​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​គឺ​លោក ហ៊ុន វណ្ណៈ ​និង​លោក​ ឌឹម គុណឌី និង​បាន​ហៅ​ស្ថានភាព​នេះ​ថា​ជា​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​សង្គម​ស៊ីវិល​។

អ្នក​តំណាង​រូប​នេះ​បាន​ថ្លែង​ថា​៖ «​អ្នក​ជំនាញ​ផ្នែក​ច្បាប់​មកពី​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា ចំពោះ​កង្វះ​ឯករាជភាព និង​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​យុត្តិធម៌​។ អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​គឺ​គ្មាន​អ្វី​ទាក់ទង​ទៅ​នឹង​នីតិរដ្ឋ​នោះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s