អង្គការ Vital Voices សន្យា​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់

ប្រភព ៖ RFA

បណ្ដាញ​ភាព​ជា​មេ​ដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ​វ៉ាយថល វ៉យស៊ីស Vital Voices ហៅ​ជា​ភាសា​អង់គ្លេស ថា Vital Voices Global Leadership Network ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក សន្យា​ថា​នឹង​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​អ្នកស្រី ទេព វន្នី នាពេលថ្មីៗ អង្គការ​នេះ បាន​បង្ហាញ​ពី​ការ​ចែក​រំលែក​នូវ​សារ​របស់​ខ្លួនដើម្បី​ផ្ដល់​ជា​ក្ដី​សង្ឃឹម និង​ជួយ​សម្រាល​ទុក្ខ​លំបាក​នានា ខណៈ​ដែល​អ្នកស្រី ទេព វន្នី កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

លិខិត​សរសេរ​ថា សមាជិក​ភាគ​ច្រើន​នៃ​បណ្ដាញ​ភាព​ជា​មេដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ Vital Voices នឹង​នៅ​តែ​បន្ត​តាមដាន និង​គាំទ្រ​បុព្វហេតុ​តស៊ូ​ដ៏​អង់អាច​ក្លាហាន និង​ប្រកប​ដោយ​ភាព​មោះមុត​របស់​អ្នកស្រី ទេព វន្នី ជា​បន្ត​ទៅ​ទៀត។ ក្រុម​សមាជិក​នៃ​បណ្ដាញ​ភាព​ជា​មេដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ Vital Voices សរសេរ​ថា យើង​បាន​ឃ្លាំមើល​ពី​ចម្ងាយ​ករណី​របស់​អ្នកស្រី ទេព វន្នី ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ការពារ​ផ្ទះ​សម្បែង​របស់​អ្នកស្រី ខណៈ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ បាន​ជម្លៀស​ក្រុម​អ្នកភូមិ​បឹងកក់​ចេញ​ពី​លំនៅឋាន របស់​ពួកគេ​ដោយ​បង្ខំ។ ក្នុង​អំឡុង​ពេល​តវ៉ា ចាប់​ខ្លួន និង​មាន​ការ​ដោះលែង​ម្តងៗ យើង​ក៏​បាន​ប្រើប្រាស់​សំឡេង​របស់​យើង ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ភាព​អយុត្តិធម៌ ដែល​អ្នកស្រី​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ស្វិតស្វាញ​នេះ។

ក្រុម​សមាជិក​បណ្ដាញ​នេះ គូស​បញ្ជាក់​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ដដែល​នេះ​ថា ក្រោយ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី កាល​ពី​ខែ​សីហា ២០១៦ កន្លង​ទៅ​នេះ យើង​ធ្លាប់​សង្ឃឹម​ថា ការ​ផ្ដន្ទាទោស​មក​លើ​អ្នកស្រី នឹង​ត្រូវ​បាន​គេ​លើកលែង។ ហើយ​ខណៈ​ដែល​អ្នកស្រី​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ យើង​បាន​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​នៃ​ក្រុម​អ្នក​គាំទ្រ​របស់​អ្នកស្រី ទេព វន្នី ដើម្បី​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ព្រមទាំង​កិច្ច​ប្រឹងប្រែង​សហគមន៍​អន្តរជាតិ គឺ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ យើង​មាន​សេចក្ដី​សោកស្ដាយ​ជា​ពន់ពេក ដែល​អ្នកស្រី​នៅ​តែ​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​អ្នកស្រី ហើយ​មិន​អាច​ការពារ​លំនៅឋាន ជា​ទី​ស្រលាញ់​របស់​អ្នកស្រី​បាន។

ក៏​ប៉ុន្តែ លិខិត​បន្ត​ថា ខណៈ​ដែល​អ្នកស្រី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នេះ ពួកយើង​ក៏​នៅ​តែ​រក្សា​ជំហរ​គាំទ្រ​អ្នកស្រី​នៅ​ទីនេះ​ដដែល។ ពួកយើង ក៏​ធ្លាប់​ត្រូវ​បាន​គេ​ចាប់ចង​ដាក់​ពន្ធនាគារ ជាប់​ឃុំ​ក្នុង​ផ្ទះ ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រស់នៅ​ឃ្លាត​ឆ្ងាយ​ពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​យើង។ អ្នកស្រី​អាច​នឹង​ជួប​នូវ​រឿងរ៉ាវ ដូច​អ្វី​ដែល​យើង​ធ្លាប់​មាន​អារម្មណ៍​ក្នុង​អំឡុង​ពេល​ទាំង​នោះ​ដែរ ដែល​អាច​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​បំភ្លេច​ចោល ខឹង​សម្បារ និង​ឯកោ។ ប៉ុន្តែ សូម​អ្នកស្រី​ជ្រាប​ថា អ្នកស្រី​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ទេ។

ក្រុម​សមាជិក​បណ្ដាញ​ភាព​ជា​មេដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ Vital Voices ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ពាំនាំ​រឿងរ៉ាវ​របស់​អ្នកស្រី ហើយ​នឹង​រឿងរ៉ាវ​នៃ​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី ទៅ​ប្រាប់​ពិភពលោក និង​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹងឮ។ ក្រុម​មេដឹកនាំ​ស្ត្រី​ទាំងនោះ​បញ្ជាក់​បន្ថែម​ថា ការ​តស៊ូ​ដើម្បី​បុព្វហេតុ​របស់​អ្នកស្រី ទេព វន្នី នឹង​នៅ​តែ​បន្ត​ដក់​នៅ​ក្នុង​ផ្នត់​គំនិត​មេដឹកនាំ​ស្ត្រី​ក្លាហាន​ដទៃ​ទៀត​នៃ​ក្រុម​អ្នក​ភូមិ​បឹងកក់ ហើយ​ក៏​បន្ត​ដក់​នៅ​ជាមួយ​ផ្នត់គំនិត​របស់​ក្រុម​បុរស និង​ស្ត្រី​គ្រប់រូប នៅ​គ្រប់​ច្រកល្ហក​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ ដែល​កំពុង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បុព្វហេតុ​របស់​អ្នកស្រីហើយ​ថា វា​ក៏​នឹង​បន្ត​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​ពួកគេ​ទាំងអស់​គ្នា​ដែរ។

ខណៈ​ដែល​អ្នកស្រី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ សូម​អ្នកស្រី​ទទួល​យកកម្លាំង​ចិត្ត​ពី​ពួក​យើង។ យើង​នឹង​នៅ​តែ​បន្ត​តស៊ូ​មតិ​ដោយ​មិន​ខ្លាច​នឿយ​ហត់​សម្រាប់​អ្នកស្រី​ផ្ទាល់ និង​ចែក​រលែក​ការ​តស៊ូ​របស់​អ្នកស្រី​ដើម្បី​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​មួយ​នេះ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ Vital Voices ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​សាកល​ឆ្នាំ​២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សាកល​របស់​អង្គការ​នេះ​ផង​ដែរ។

ជុំវិញ​ករណី​អ្នកស្រី ទេព វន្នី នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ក៏​គ្រោង​នឹង​ចូល​ជួប​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី នៅ​ពន្ធនាគារ ដោយ​ពាំនាំ​នូវ​ខ្លឹមសារ​នៃ​លិខិត​របស់​បណ្ដាញ​ភាព​ជា​មេដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ Vital Voices​នេះ រៀបរាប់​ជូន​អ្នកស្រី ទេព វន្នី ឲ្យ​បាន​ជ្រាប​ពី​ករណី​ទាំង​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s