បក្ស​ ២ ​គ្រោង​ប្ដឹង​រំលាយ​សង្គ្រោះ​ជាតិ​​ ឯ​អ្នក​វិភាគ​ថា​ ទូង​ស្គរ

ប្រភព ៖ ភ្នំពេញបុស្តិ៍

​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​យុវជន​កម្ពុជា​​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ប្រហាក់​ប្រហែល​គ្នា​ទៅ​តុលាការ​កំពូល​ដើម្បី​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​ជាង​គេ​នៅ​​កម្ពុជា ដោយ​ចោទ​មេដឹកនាំ​​គណបក្ស​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជា​អ្វី​ដែល​មន្ត្រី​គណបក្ស​ជំទាស់​សម្ដែង​ការ​សោកស្ដាយ ខណៈ​អ្នក​វិភាគ​ថា​ជា​ការ​ទូងស្គរ​ឲ្យ​លាន់ឮ​ប៉ុណ្ណោះ​។

គម្រោង​ពាក្យ​បណ្ដឹង​ទាំង​នេះ​កើតឡើង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា កាលពី​ដើម​ខែ​មុន​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​» ​ខណៈ​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា​ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​ដោយ​គ្មាន​លក្ខខណ្ឌ​។

កាលពី​ម្សិលមិញ​គណបក្ស​យុវជនកម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។

នៅ​ក្នុង​លិខិត​នេះ​បញ្ជាក់​ថា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​ខ្លួន​កាលពី​ម្សិលមិញ​គណបក្ស​យុវជន​កម្ពុជា​ “​បាន​សម្រេច​ជា​ឯកច្ឆន្ទ​” ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​។

លិខិត​នោះ​មាន​ខ្លឹមសារ​ថា​៖ «​ការ​សម្រេច​ដាក់​ពាក្យ​បណ្តឹង​នេះ​ដោយ​ហេតុ​ថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន​។ ​ម្យ៉ាង​វិញ​ទៀត​ដើម្បី​ដាស់តឿន​ស្មារតី​ដល់​អ្នក​នយោបាយ​គ្រប់​ជំនាន់​ត្រូវ​គិត​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​កុំ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​យក​គំរូ​តាម​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​នឹម​ត្រួតត្រា​របស់​បរទេស​ដូច​សម័យកាល​មុន​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ ពេជ្រ ស្រស់ ដែល​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា បាន​អះអាង​ថា​គណបក្ស​របស់​លោក​នឹង​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​តុលាការ​កំពូល​ក្នុង​សប្ដាហ៍​នេះ​។

លោក​ថ្លែង​ថា​៖ “​ភ័ស្តុតាង​យើង​មាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក ហើយ​ធ្វើការ​សារភាព​។ មួយ​ទៀត​យើង​មើល​ឃើញ​ការ​អនុវត្ត​គម្រោង​របស់​គាត់​គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ ​អា​នេះ​ជា​ភ័ស្តុតាង​ថ្មី​មួយ​ទៀត យើង​មើល​ឃើញ​ថា​វា​ជា​លក្ខណៈ​ប្រព័ន្ធ មិនមែន​តែ​លោក កឹម សុខា មួយ​ទេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល​តែ​ម្ដង​”​។

លោក​ស្រស់​បដិសេធ​ពី​ហេតុផល​ដែល​ថា​ជា​រឿង​នយោបាយ​ចំពោះ​គម្រោង​ពាក្យ​បណ្ដឹង​របស់​គណបក្ស​លោក​​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ “​យើង​មិន​យក​នយោបាយ​មក​លាយឡំ​ទេ គ្រាន់តែ​យើង​យក​ពី​អាយុជីវិត​ជាតិ យើង​យក​ពី​ការ​រងគ្រោះ​របស់​ជាតិ​មក​តម្កល់​ជា​ធំ ព្រោះ​ថា​កាលណា​បង្កើត​គណបក្ស យើង​តម្កល់​អាយុ​ជីវិត​ជាតិ​ និង​ផលប្រយោជន៍​ជាតិ​ជា​ធំ​។ ជាពិសេស​គឺ​យើង​ទប់ស្កាត់​ប្រទេស​ជាតិ​កុំ​ឲ្យ​ធ្លាក់​ក្នុង​នឹម​ត្រួតត្រា​របស់​បរទេស​”​។

ស្រដៀង​គ្នា​នេះ​ដែរ​គណបក្ស​រាជា​និយម ហ៊្វុន ស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក៏​បាន​ព្រាង​ពាក្យបណ្ដឹង​ផង​ដែរ​។

សេចក្ដី​ថ្លែងការណ៍​របស់ ហ៊្វុន ស៊ិនប៉ិច កាលពី​ម្សិលមិញ​បាន​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាប់​ខ្លួន​លោក កឹម សុខា​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ថា​៖ “​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តាម​ស្មារតី​អនុវត្ត​គោលការណ៍​នីតិរដ្ឋ​ដូច​គ្នា ស្រប​តាម​មាត្រា​ ៦ ​ថ្មី​មាត្រា​ ៧ និង​មាត្រា​ ៤៤ ​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​”​។

លោក ញ៉េប ប៊ុនជិន អនុប្រធាន​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​ឆ្លើយ​ចំពោះ​ការ​សុំ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ថា​មិន​មាន​ពេល​គ្រប់គ្រាន់​។

ដោយឡែក​លោក សុខ ឥសាន តំណាងរាស្ត្រ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​គណបក្ស​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​​ទៅ​ហ្នឹង​ពាក្យ​បណ្ដឹង​របស់​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ៊្វុន ស៊ិនប៉ិច នោះ​ទេ​។

លោក​ថ្លែង​ថា​៖ “​ការ​ដែល​គាត់​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ចង់​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​យល់​ថា​វា​ជា​សិទ្ធិ​របស់​គាត់​ជា​ពលរដ្ឋ​ជា​ស្ថាប័ន​មួយ​ត្រូវ​​បាន​ទទួល​ស្គាល់​ជា​អង្គការ​គណបក្ស​ហ្នឹង​ទទួល​ស្គាល់​ដោយ​ច្បាប់​”​។

លោក​បន្ថែម​ថា​ការ​រំលាយ ឬ​មិន​រំលាយ​គណបក្ស​គឺ​វា​អាស្រ័យ​លើ​ស្ថាប័ន​តុលាការ​កំពូល​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ ថ្លែង​ពី​ទីក្រុង សៀមរាប ទី​ដែល​លោកស្រី​ចូលរួម​ពិធី​បុណ្យសព លោក ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ថា​លោកស្រី​មាន​ការ​ខកចិត្ត​ចំពោះ​គម្រោង​ពាក្យ​បណ្ដឹង​ដែល​គ្រោង​ធ្វើ​ឡើង​ប្រឆាំង​គណបក្ស​លោកស្រី​។

លោកស្រី​ថ្លែង​ដោយ​ផ្ដោត​ជា​សំខាន់​លើ​គណបក្ស ហ៊្វុន ស៊ិនប៉ិច ថា​៖ “​នេះ​គឺជា​ការ​បែកបាក់​ជាតិ​។ ខ្ញុំ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​គណបក្ស​ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា​បោះឆ្នោត​ឲ្យ​កាលពី​ឆ្នាំ​ ១៩៩៣”​។

លោកស្រី​បន្ថែម​ថា​៖ “​យ៉ាង​ហោចណាស់ ហ៊្វុនស៊ិនប៉ិច អាច​នៅ​ស្ងៀម​។ បើ​គាត់​ [​សម្ដេច​ក្រុម​ព្រះនរោត្តម រណប្ញទ្ធិ​] គ្មាន​ភាព​ក្លាហាន​ប្រយុទ្ធ​ដើម្បី​ស្មារតី​ប្រជាធិបតេយ្យ គាត់​គួរ​នៅ​ស្ងៀម​។ នេះ​មិនមែន​ជា​ការ​ចាញ់​ ឬ​ឈ្នះ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​ជាតិ​ទេ​ជា​អ្នក​បរាជ័យ​”​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា​ពាក្យ​បណ្ដឹង​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​និន្នាការ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​កាន់​អំណាច​។

លោក​ថា​៖ “​យុទ្ធសាស្ត្រ​នយោបាយ​គ្រាន់តែ​ជា​ផ្នែក​មួយ​​នៃ​ការ​ជួយ​គាំទ្រ​បង្ហាញ​ពី​ការ​ជួយ​គាំទ្រ ព្រោះ​មក​ដល់​ឥឡូវ​នេះ​យើង​ឃើញ ទោះ​ជា​មាន​គណបក្ស​តូចៗ​ច្រើន​ ប៉ុន្តែ​ហាក់​ដូចជា​ទឹកថ្លា​ជាង​មុន អ្នក​ណា​ដែល​នៅ​ខាង​ឆ្វេង​អ្នក​ណា​នៅ​ខាង​ស្ដាំ​។ ​យើង​ឃើញ​ហើយ​”​។

លោក​បន្ថែម​ថា​៖ “​បើ​អ៊ីចឹង ប្រសិន​បើ​យើង​មើល​ពី​ស្អី​ដែល​គម្រោង​នៃ​ការ​ប្ដឹង​របស់​គណបក្ស​យុវជន​ [​កម្ពុជា​] និង​គណបក្ស​ហ៊្វុន ស៊ិនប៉ិច វា​បង្ហាញ​ថា​គេ​គឺជា​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រជាជន នៅ​តែ​ពួត​ដៃ​គ្នា​អ៊ីចឹង​”​។

លោក​ថា​៖ “​ប៉ុន្តែ​បើ​និយាយ​ពី​នីតិវិធី​ផ្លូវ​ច្បាប់ គណបក្ស​ដូចជា​មិន​មាន​ផ្លូវ​ដែល​ត្រូវ​ទៅ​ប្ដឹង​​នោះ​ទេ ករណី​ហ្នឹង​មាន​តែ​តុលាការ​ ឬ​រដ្ឋាភិបាល​ទេ​ដែល​មាន​តួនាទី ប្ដឹង​ ឬ​ចាត់​វិធានការ​លើ​រឿង​ហ្នឹង​។ បើ​យើង​និយាយ​ឲ្យ​ខ្លី​ទៅ អា​នេះ​គ្រាន់តែ​ជួយ​ទូងស្គរ​ឲ្យ​វា​លាន់​ខ្លះ​តែ​ប៉ុណ្ណឹង​”​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក ពេជ្រស្រស់ លើក​ឡើង​ថា​គណបក្ស​កាន់​អំណាច​មិន​បាន​នៅ​ពី​ក្រោយ​គម្រោង​លោក​ឡើយ​។

លោក​ថា​៖ “​ខ្ញុំ​ចង់​រំឭក​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​អ៊ីចេះ បើ [CPP] ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ពឹង ពេជ្រ ស្រស់ ទេ​។ គេ​មាន​អាជ្ញាប័ណ្ណ គេ​មាន​អំណាច ចាប់​ កឹម សុខា ដាក់​គុក​ទាំង​​ពាក់កណ្តាល​អធ្រាត្រ​គ្រាន់តែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​​គេ​មិន​ហ៊ាន​រំលាយ​ឬ​?”​។

ជាមួយ​គ្នា​នេះ​ដែរ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ថ្ងៃ​សុក្រ​បាន​បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ស្នើសុំ​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា​នៅ​គុក​ត្រពាំងផ្លុង​នៅ​ថ្ងៃ​នេះ​ដោយ​លើក​ហេតុផល​ថា​សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ និង​ប្រមូល​ភ័ស្តុតាង​នៅ​ឡើយ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s