អ្នក​រស់​នៅ​ខ្សែទឹក​ខាង​ក្រោម​នៃ​ទំនប់​សេសាន​ក្រោម​២​បារម្ភ​បាត់បង់​របរ​នេសាទ

ប្រភព៖⁣ វិទ្យុអាស៊ីសេរី

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang

ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​ស្រែពក នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី និង​ការបាត់បង់​តំបន់​ទេសចរ​សំខាន់ៗ នៅ​តាម​ដង​ទន្លេ​សេសាន ក្រោយពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ ប្រកាស​បិទទ្វារ​ទឹកជា​ស្ថាពរ​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៧ ។ ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី និង​ការបាត់បង់​តំបន់​ទេសចរ​សំខាន់ៗ​នេះ នាំ​ឲ្យ​ប៉ះពាល់​របរ​ចិញ្ចឹមជីវិត​របស់​អ្នកភូមិ។

ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ នៃ​ឃុំ​ភ្លុក ស្រុក​សេសា​ន អង្កេត​ឃើញ​ថា ក្រោយពី​ក្រុមហ៊ុន​ប្រកាស​បិទទ្វារ​ទឹកជា​ស្ថាពរ​រយៈពេល​ប្រហែល ២​សប្ដាហ៍​កន្លង​ទៅ​នេះ ស្ថានភាព​ទឹក​ផ្ដើម​ប្រែប្រួល​ខុស​ប្រក្រតី ហើយ​របរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​អ្នកភូមិ​កាន់តែ​ធ្លាក់​ចុះ​បណ្ដើរ​ៗ។ រីឯ​តំបន់​ទេសចរ​ធម្មជាតិ​ជិត ១០​កន្លែង​នៅ​តាម​ដង​ទន្លេ ដែល​សហគមន៍​ទាញ​ប្រយោជន៍​ទេសភាព​មក​បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់ ក៏​កំពុង​ប្រឈម​ហានិភ័យ​ដែរ និង​អាច​បាត់បង់​ទាំងស្រុង​នៅ​ពេល​ឆាប់ៗ​នេះ ព្រោះ​ទឹកទន្លេ​តំបន់​នោះ​អាច​នឹង​រីង​នៅ​រដូវប្រាំង។

ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ឃុំ​ភ្លុក​ស្រុក​សេសា​ន លោក ម៉ៃ វាសនា ឲ្យ​ដឹង​នៅ​ថ្ងៃទី៤ តុលា​ថា ក្រោយពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​បិទទ្វារ​ទឹក ស្ថានភាព​ទឹក​ប្រែប្រួល​ខុស​ប្រក្រតី ដែល​ជា​មូលហេតុ​នាំ​ឲ្យ​អ្នកនេសាទ​មិន​អាច​ចាប់​ត្រី​បរិភោគ​បាន ហើយ​ពលរដ្ឋ​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ​ផ្គត់ផ្គង់​ការ​ហូប​ចុង​ប្រចាំថ្ងៃ ក៏​កំពុង​ប្រឈម​ដែរ ព្រោះ​ពួកគាត់​ពុំ​សូវ​ចាប់​ត្រី​បាន​សោះ ហើយ​បើ​ចាប់​ត្រី​បាន​គឺ​បានតែ​ត្រី​ល្អិត​តួចៗ។

លោក​ចំណាំ​ថា មុន​ពេល​ក្រុមហ៊ុន​មិនទាន់​បិទទ្វារ​ទឹក ស្ថានភាព​ទឹក​ឡើង​ចុះ​លក្ខណៈ​ធម្មជាតិ​ប្រែប្រួល​តាម​ចំនួន​ទឹកភ្លៀង ក៏ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​ឡើង​ចុះ​គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​បិទ​និង​បើកទ្វារ​ទឹក​ទៅវិញ។ បញ្ហា​នេះ​គឺជា​មូលហេតុ​នាំ​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី​កម្រ​ក្នុង​តំបន់៖ «ទឹក​វា​ឡើង​កាលណា​អត់​ភ្លៀង​ទឹក​ស្រក​តាម​ធម្មជាតិ​វា តែ​ឥឡូវ​ទឹក​ឡើង​ចុះ​អត់​ទៀត ជូន​កាល​យើង​ដាក់មង​តាម​អូរ​តាម​អីចឹង ពេល​មាន​ភ្លៀង​ឡើង​តាម​ធម្មតា តែ​ពេលនេះ​ឡើង​ចុះៗ​អ៊ីចឹង​ត្រី​វា អ្នកនេសាទ​ក៏​ពិបាក​ក្នុង​ការ​រក​ត្រី​ដែរ»។

លោក ម៉ៃ វាសនា បន្ថែម​ថា តំបន់​ទេសចរ​ធម្មជាតិ​តាម​ដង​ទន្លេ​សេសាន ឋិត​នៅ​ខាងក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ជិត ១០​កន្លែង ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​រដូវ​ប្រ​ប្រាំង​ច្រើន​ឆ្នាំ​មក​ហើយ។ តំបន់​នោះ​មាន​ទេសចរ​ភាព​ស្រស់​ស្អាត លម្អ​ដោយ​ទឹកទន្លេ​រាក់​បង្កប់​ផ្ទាំង​ថ្ម និង​កោះ​ធម្មជាតិ មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ទៅ​កម្សាន្ត។ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទ​ទន្លេ ដើម្បី​ផលិត​ថាមពល​អគ្គិសនី ទឹកទន្លេ​ឋិត​ក្នុង​តំបន់​ទេសចរ​ធម្មជាតិ​ទាំងនោះ​នឹង​រីង នៅ​រដូវប្រាំង នាំ​ឲ្យ​ប៉ះពាល់​បាត់បង់​វិស័យ​ទេសចរ។ លើស​ពី​នេះ​ទំនប់​វារីអគ្គិសនី​នេះ បង្ក​ឲ្យ​រាំង​ខ្ទប់​ដំណើរ​របស់​ត្រី និង​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន ហេតុនេះ​ពួកគេ​ចង់​ឲ្យ​រាជរដ្ឋាភិបាល បញ្ចុះតម្លៃ​អគ្គិសនី​ជូន​អ្នកភូមិ​ដែល​រងគ្រោះ ដើម្បី​បង់​រំលោះ​ផ្លូវចិត្ត​ពលរដ្ឋ៖ «កន្លែង​ទេសចរ​ក្នុងស្រុក​សេសាន ដូចជា​ឃុំ​ភ្លុក​អី​ជាដើម​វា ធម្មតា​រាល់​ឆ្នាំ ទឹក​វា​អត់​រីងស្ងួត តែ​ឆ្នាំនេះ​មានការ​ព្រួយបារម្ភ​ពេក​គេ​បិទ​វារីអគ្គិសនី​ទៅ​ធ្វើ​ឲ្យ​ទឹក​ស្រក​ខ្លាំង ព្រោះ​អី​រាល់​ឆ្នាំ​នៅ​ពេល​ដែល​អត់​មាន​វារីអគ្គិសនី​អី​ទឹក​ស្រក​ខ្លាំង ទម្រាំ​តែ​​មាន​វារីអគ្គិសនី​ទៀត​ទឹក​កាន់តែ​ស្រក​ខ្លាំង​ជាង​មុន»។

កាល​ពី​ថ្ងៃទី២៥ កញ្ញា ឆ្នាំ ២០១៧ លោក ហ៊ុន សែន បាន​សម្ពោធ​ចុច​កុងតាក់ បិទទ្វារ​ទឹកជា​ស្ថាពរ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង។ លោក ហ៊ុន សែន ចាត់​ទុក​វត្តមាន​ទំនប់​នេះ​ថា បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ផង។

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសា​ន​ក្រោម​២ បញ្ជាក់​ថា នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទទ្វារ​ទឹក​ទាំងស្រុង កម្រិត​ទឹកនឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរ​ចាស់។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា ស្ថានភាព​ទឹក​ទន្លេ​ស្រែពក​ផ្នែក​ខាងក្រោម​ទំនប់ កន្លែង​ខ្លះ​នឹង​រីង​រាក់​ខុស​ប្រក្រតី បង្ក​ឲ្យ​ប៉ះពាល់​ជម្រក​ជីវចម្រុះ ហេតុនេះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​រក​មធ្យោបាយ​ស្ថាបនា​ប្រឡាយ​ពង្វាង​ទឹក ដែល​ធានា​ថា អនុញ្ញាត​ឲ្យ​ត្រី​ធ្វើ​ចរាចរ​ចុះឡើង​បាន ក្នុង​បំណង​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន។

មេឃុំ​ភ្លុក ស្រុក​សេសាន លោក ទូន ថាំង ធ្លាប់​បញ្ជាក់​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ភ្លុក ៧០​ភាគរយ មាន​មុខរបរ​នេសាទ​ចិញ្ចឹមជីវិត ក្នុង​នោះ ១០​ភាគរយ នេសាទ​លក្ខណៈ​គ្រួសារ។ លោក​បារម្ភ​ដែរ​ថា ក្រុមហ៊ុន​បិទទ្វារ​ទឹក​ទាំងស្រុង បង្ក​ឲ្យ​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នឹង​ប្រឈម​ការ​ខ្វះខាត​ត្រី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​បាត់បង់​មុខរបរ។ ហេតុនេះ​អាជ្ញាធរ​ឃុំ​មាន​គម្រោង ប្រើ​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ ឲ្យ​អ្នកភូមិ​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​ជំនួស​ដោយ​ការ​នេសាទ ក៏ប៉ុន្តែ​បញ្ហា​នេះ​លោក​ចង់​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដោយសារ​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​នៅ​មាន​កម្រិត៖ «ខ្ញុំ​មាន​គម្រោង​ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​យក​លុយ​អភិវឌ្ឍ​ជីក​ស្រះ​ឲ្យ​ពលរដ្ឋ ដើម្បី​ប្ដូរ​មក​ជា​កសិកម្ម​វិញ ហើយ​មុខរបរ​នេសាទ​គាត់​ប្រហែលជា​អាច​បាត់បង់​ខ្លះ»។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ថា បើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បើក​ឲ្យ​ដំណើរការ នឹង​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០% (៩,៣%) និង​កាត់បន្ថយ​លំហូរ​ដីល្បាប់​ប្រហែល ៦% ទៅ ៨% ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ភូ ប៊ុនថាន់ រក​ឃើញ​ថា តំបន់​ទន្លេ​ស្រែពក ជា​ជម្រក​ត្រី​កម្រ​ក្នុង​តំបន់​រស់នៅ និង​ពង​កូន ហេតុនេះ​ការ​បិទ​ទន្លេ​ទាំងស្រុង​បង្ក​ការ​រាំង​ខ្ទប់​ដំណើរ​ឡើង​ចុះ​របស់​ត្រី​គ្រប់​ប្រភេទ និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ នឹង​នាំ​ឲ្យ​ត្រី​កម្រ​ក្នុង​តំបន់​មួយ​ចំនួន​ផុត​ពូជ ហេតុនេះ​លោក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កសាង​ប្រឡាយ​ពង្វាង​ទឹក ដែល​ធានា​ថា ត្រី​អាច​ធ្វើ​ដំណើរ​ឡើង​ចុះ​បាន។ លោក​ពន្យល់​ថា ការ​ធ្លាក់​ចុះ​បរិមាណ​ត្រី​ដោយសារ​ទំនប់​នេះ ពុំ​មែន​ធ្លាក់​ចុះ​តែ​មច្ឆជាតិ​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ស្ទឹងត្រែង​ទេ គឺ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ដង​ទន្លេ​មេគង្គ​ទាំងមូល និង​ដង​ទន្លេសាប​ជាដើម ជាហេតុ​ផល នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ លោក​អះអាង​ថា បើ​ពុំ​មាន​ច្រក​ណាមួយ​ឲ្យ​ត្រី​ធ្វើដំណើរ​ឡើង​ចុះ​ពង្វាង​ទំនប់​នោះ​ទេ បរិមាណ​ត្រី និង​ជីវចម្រុះ​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង ហើយ​គោលនយោបាយ​កាត់បន្ថយ​ផល​ប៉ះពាល់​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អាច​នឹង​បរាជ័យ៖ «ត្រី​នឹង​អាច​ថយ​ចុះ ពីព្រោះ​យើង​មើល​ថា ទន្លេ​សេសាន និង​ស្រែ​ពក គឺជា​ជម្រក​ត្រី​ពង​កូន​គឺ​ទៅដល់​ទន្លេសាប ហើយ​អំណោយផល​ត្រី​ទាំង​អស់ហ្នឹង​អំណោយផល​ត្រី​ទូទាំង​ប្រទេស។ ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ធ្វើ​ចរាចរ​ត្រី ត្រូវ​ធ្វើ​យ៉ាងណា​មាន​សក្ដានុពល​សម្រាប់​ត្រី​អាច​ចរាចរ​ឡើង​ចុះ​បាន»។

លោក ភួ ប៊ុនថាន់ កត់ចំណាំ​ថា ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​វារីអគ្គិសនី ប្រមាណ ៧០​ភាគរយ មាន​មុខរបរ​នេសាទ​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត ហើយ​ពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​មាន​ជីវភាព​ពឹង​ផ្អែកលើ​ផល​នេសាទ។ ហេតុនេះ​ការ​ទិន្នផល​ត្រី​ធ្លាក់​ចុះ អ្នកភូមិ​នឹង​បាត់បង់​ប្រាក់​ចំណូល។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​ធ្លាប់​សន្យា​នឹង​អនុគ្រោះ​តម្លៃ​អគ្គិសនី​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជាពិសេស​ពលរដ្ឋ​រស់​នៅ​តំបន់​រង​ផល​ប៉ះពាល់៖ «យើង​មើល​ឃើញ​ថា ប្រជាជន​នៅ​តំបន់​នោះ​ពិសេស​ជាងគេ​នៅ​តំបន់​ភ្លុក និង​ផ្នែក​ខាងលើ គាត់​ពឹង​ផ្អែកលើ​ផល​នេសាទ ហើយ​ប្រសិនជា​ទិន្នផល​ត្រី​ថយ​ចុះ​វា​នឹង​ប៉ះពាល់​បន្តៗ​គ្នា»។

តំបន់​ទន្លេ​បី រួមមាន​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺជា​ប្រភព​នៃ​ជម្រក​ត្រី​ក្នុង​តំបន់ រួមមាន​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក​ជាដើម ហើយ​ត្រី​ទាំងនោះ​ច្រើន​រស់នៅ​ចំណុចប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើមទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់ ក៏ប៉ុន្តែ​បើ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ត្រូវ​បាន​បិទ​ទាំងស្រុង នឹង​ប៉ះពាល់​ដល់​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s