ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: យោងតាមអាជ្ញាធរខេត្តព្រះស៊ីហនុបានឲ្យដឹងថាអាជ្ញាធរខេត្តបានធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ឧកញ៉ា តែ តាំងប៉ ដែលបានប្តឹងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមឈ្មោះ អ៊ុក សីហា និងឈ្មោះ អឿ សារឿន ពីបទរំលោភយកទ្រព្យជាអចលនវត្ថុ។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានថ្លែងថា៖ «វាមិនអីទេពួកគេបាននិយាយគ្នាហើយកុំធ្វើខ្ទរខ្ទារទៅដល់អ្នកកាសែតច្រើនហើយមិនចង់ធ្វើឱ្យបញ្ហាកាន់តែធំឡើងៗហើយមិនគួរចេញផ្សាយនោះទេ។ វាមិនទាន់បញ្ចប់ (ដំណោះស្រាយ) នៅឡើយទេ ប៉ុន្តែវាដូចជាបញ្ចប់ហើយដែរហើយខ្ញុំមិនចង់ឱ្យបញ្ហានេះកាន់តែធំទេ»។
យោងតាមពាក្យបណ្តឹងរបស់ឧកញ៉ា តែ តាំងប៉ កាលពីថ្ងៃទី ២ ខែតុលាគឺលោកបានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដោយបានចោទប្រកាន់លោក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាម និងបក្ខពួកឈ្មោះ អឿ សារឿន ព្រមទាំងបក្ខពួករបស់ពួកគេពីបទរំលោភយកទ្រព្យជាអចលនវត្ថុរបស់លោកដោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់។
ពាក្យបណ្តឹងនោះគាត់បានបញ្ជាក់ថាគាត់ជាម្ចាស់ដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចុះថ្ងៃទី ១១ កក្កដាឆ្នាំ ២០០៧ ដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម ហើយគាត់បានឲ្យឈ្មោះ រស់ ម៉ានិន និងកម្មករផ្សេងទៀតស្នាក់នៅ និងយាមដីខាងលើពីព្រោះគាត់បានសង់ផ្ទះ និងសង់របងហ៊ុមព័ទ្ធជុំវិញដីនោះដើម្បីកំណត់ទីតាំងដីរួចរាល់ហើយ។
ប៉ុន្តែនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ៨:៣០ នាទីព្រឹកឈ្មោះ អ៊ុក សីហា បានបញ្ជាឲ្យឈ្មោះ អឿ សារឿន ដែលជាកូនចៅដឹកនាំបក្ខពួកប្រមាណពី ២០ ទៅ ៣០ នាក់ក្នុងឯកសណ្ឋានយោធាជើងទឹកប្រដាប់ដោយកាំភ្លើងជាច្រើនដើមមកធ្វើការគំរាមកំហែង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងដី និងផ្ទះដែលជាកម្មសិទ្ធិរបស់គាត់ និងបានដកហូតយកទូរស័ព្ទដៃពីអ្នកចាំដីរបស់គាត់ថែមទៀតផង។
លើសពីនេះទៀតលោកបញ្ជាក់ថាលោក អ៊ុក សីហា បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនវាយកម្ទេចរបងការពារដីហើយថែមទាំងយកកាំភ្លើងទៅគំរាមកំហែងអ្នកបើកគ្រឿងចក្ររបស់គាត់ដោយនិយាយថា៖ «បើមិនធ្វើតាមពួកគេប្រាប់ទេពួកគេនឹងវាយខ្នោះហើយបាញ់ចោលតែម្តង»។
ក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថាកាលពីពេលកន្លងមកឈ្មោះ អ៊ុក សីហា ក៏ធ្លាប់បានបញ្ជាអ្នកក្រោមបង្គាប់របស់ខ្លួនឈ្មោះ ពុទ្ធ ឌី និងបក្ខពួកប្រហែលជាង ២០ នាក់ឲ្យទៅវាយរបងការពារដីក្នុងទីតាំងខាងលើម្តងរួចមកហើយ ដោយពេលនោះគាត់បានចំណាយប្រាក់រហូតដល់ ៥៣៥០០ ដុល្លារអាមេរិកដើម្បីបញ្ចប់វិវាទ។
លោក តែ តាំងប៉ ទាមទារឲ្យអាជ្ញាធរដាក់ទោសពួកគេក្នុងការប្រព្រឹត្តបទល្មើសខាងលើដោយទាមទារការខូចខាតចំនួន ១០០ ០០០ ដុល្លារ។
លោក តែ តាំងប៉ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថាពួកគេធ្លាប់បានទៅបំផ្លាញរបងការពាររបស់លោកកាលពីឆ្នាំ ២០០៧ ហើយលោកត្រូវបង់ប្រាក់ឲ្យពួកគេប្រមាណ ៥០០០០ ដុល្លារ ដើម្បីឲ្យដកកម្លាំងរបស់ពួកគេចេញហើយនៅថ្ងៃទី ៣០ ខែកញ្ញា ពួកគេបានគំរាមកំហែងថានឹងបាញ់កម្មកររបស់លោក។
លោកថា៖ «ពេលនេះខ្ញុំមិនអាចអត់ធ្មត់ជាមួយពួកគេបានទៀតទេខ្ញុំក៏បានដាក់ពាក្យបណ្តឹងទៅខេត្តដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ គេចង់បានដីរបស់ខ្ញុំហើយប្រសិនបើខ្ញុំមិនដាក់ពាក្យបណ្តឹងទេនោះគេនៅតែបន្តធ្វើបាបអ្នកដទៃទៀត»។
លោក អ៊ុក សីហា មិនអាចទាក់ទងដើម្បីសុំអធិប្បាយបានទេកាលពីម្សិលមិញ៕