“បទល្មើស​ព្រៃឈើ​កើន​ឡើង​ច្រើន​នៅ​ខែត្រ​ស្ទឹងត្រែង​ខណៈ​រឹត​ត្បិត​ព័ត៌មាន​ឯករាជ្យ”

ប្រភព៖ វិទ្យុអាស៊ីសេរី

រថយន្ត​ដឹក​ជញ្ជូន​ឈើ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ់ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ព្រួយចិត្ត​រឿង​បទល្មើស​ព្រៃឈើ​កើន​ឡើង​ខ្លាំង នៅ​គ្រា​ដែល​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ ហើយ​មន្ត្រី​រដ្ឋាភិបាល មួយ​ចំនួន​កំពុង​សប្បាយ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​រួមមាន ការ​កាប់​រាន​ដី​ព្រៃ មក​ជា​កម្មសិទ្ធិ រឹបអូស​ដីធ្លី​ពលរដ្ឋ និង​ការ​ដឹកជញ្ជូន​ឈើ​ជាដើម។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​របស់​រដ្ឋាភិបាល​ថា មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នោះ​ទេ ផ្ទុយទៅវិញ វិបត្តិ​សង្គម និង​រឿង​អយុត្តិធម៌​សង្គម​នឹង​រឹតតែ​កើន​ឡើង ជា​ពិសេស​បទល្មើស​ព្រៃឈើ។ ការ​លើកឡើង​នេះ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ និង​ឈ្មួញ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រឹបអូស​ដីចម្ការ​ពលរដ្ឋ ១៣​គ្រួសារ ក្រោម​ហេតុផល​កសាង​វត្ត​អារាម ឋិត​នៅ​ឃុំ​សំអាង​ស្រុក​ថាឡាបរិវ៉ាត់។ ការ​ចុះ​រឹបអូស​ដី​នោះ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ចូល​រូម​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ តុលា ដោយ​ពលរដ្ឋ​សង្ស័យ​ថា ការ​រឹបអូស​ដី​នេះ ទំនងជា​មហិច្ឆតា​របស់​អ្នក​មានអំណាច​លេប​យក​ដី​ពលរដ្ឋ​ជា​សម្បត្តិ​ឯកជន ច្រើនជាង​ស្ថាបនា​វត្ត​អារាម ខណៈ​ដែល​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​សារព័ត៌មាន​ណាមួយ​ចូលរួម។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​កំពុង​ជិះ​សេះ​លែង​ដៃ លែង​ខ្វល់ខ្វាយ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃ អំឡុង​ពេល​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​រឹតត្បិត។

លោក​បន្ថែម​ថា បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​ដូច​ដង្ហែ​កឋិន និង​បើក​ចំហ​ទាំង​យប់​ថ្ងៃ កម្រ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ទប់ស្កាត់​នោះ​ទេ ហើយ​ពលរដ្ឋ​កំពុង​ភ័យ​ព្រួយ​ខ្លាចក្រែង​មន្ត្រី​ខិលខូច​មួយ​ចំនួន ជិះជាន់​ពលរដ្ឋ​ស្លូត​ត្រង់ ជាពិសេស​អំពើពុករលួយ​នឹង​រឹតតែ​កើន​ឡើង ខណៈ​ដែល​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ត្រូវ​កប់​ចោល៖ «ព្រៃឈើ​កាលពី​វិទ្យុ​អាស៊ីសេរី​នៅ វីអូអេ​នៅ ផ្សព្វផ្សាយ​បាន​ព្រៃឈើ​អត់​សូវ​ហិនហោច​ទេ តាំងពី​រំលាយ​បិទ​វិទ្យុ​អាស៊ីសេរី និង​វីអូអេ​មិន​ឲ្យ​ផ្សាយ ឥឡូវ​ឡាន​ដឹក​ឈើ​ដូច​ដង្ហែ​កឋិន»។

ជនជាតិ​ដើម​ភាគ​តិច​កួយ​រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន បារម្ភ​ដែរ​ថា ទុក្ខ​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​នឹង​កប់​ចោល បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវ​រឹតត្បិត ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។ លោក​ថា ក្រោយពី​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​សារព័ត៌មាន នៅ​ភូមិ​របស់​ពួកគាត់​កំពុង​ប្រឈម​បញ្ហា​ច្រើន​ដូចជា សំឡេង​គ្រាប់កាំភ្លើង​បាញ់​នៅ​ពេល​យប់ បញ្ហា​អសន្តិសុខ​សង្គម ការ​លូច​ឆក់​ត្រី និង​ការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​កើន​ឡើង​៖ «បាន​ត្រឹម​បិទ​សារព័ត៌មាន​អាស៊ីសេរី និង​ប៉ុស្តិ៍​អាមេរិក​(​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​តាំងពី​បិទ​ប៉ុស្តិ៍​ពី​នេះ​មក តំបន់​ដែល​មាន​ព្រៃឈើ​ដូច​ដង្ហែ​កឋិន គ្រប់កន្លែង និង​គ្រប់​ស្ថាប័ន»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ អង្កេត​ឃើញ ថា រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ចរាចរ​នៅ​តាម​ដង​ផ្លូវ​ទាំង​ថ្ងៃ នៅ​ខែត្រ​ស្ទឹងត្រែង ដោយ​ពុំ​មាន​ការទប់ស្កាត់​នោះ​ទេ។ បញ្ហា​នេះ​លោក​យល់ថា ជា​ការ​បិទបាំង​ការពិត ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​ត្រូវ​បាន​លាតត្រដាង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ លោក​ចាត់ទុកថា បញ្ហា​នេះ​ជា​ការ​ខាតបង់​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​ការ​រួម​ចំណែក​តាមដាន​ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ ខណៈ​ដែល​រដ្ឋាភិបាល​បាន​បិទបាំង មិន​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​ជួល​ម៉ោង​ផ្សាយ​បន្ត​ពី​វិទ្យុ​អេហ្វអឹម (FM) ក្នុងស្រុក។ លោក​អះអាង​ថា ទំហំ​ព្រៃឈើ​នឹង​ត្រូវ​រលាយ​ទាំងស្រុង បើ​អាជ្ញាធរ​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមានឡើង៖ «អ្វី​ដែល​យើង​ឃើញ​វា​ជា​ទំហំ​ធំដុំ ហើយ​យើង​មិនទាន់​គិត​ដឹក​ដោយ​រថយន្ត​ធំៗ​ទៀត​ផង បើ​យើង​មើល​ពី​មន្ត្រី ដូចជា​រដ្ឋបាល​ព្រៃឈើ​ដូចជា​មិន​ឃើញ​មានការ​បង្ក្រាប»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា ផ្នត់គំនិត​របស់​ពលរដ្ឋ​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ព័ត៌មាន​ឯករាជ្យ ហើយ​ព័ត៌មាន​ឯករាជ្យ​គឺ​ចាំបាច់​ត្រូវ​មាន​ពលរដ្ឋ​ចូលរួម នៅ​គ្រា​ដែល​មាន​បញ្ហា​កើតឡើង​នៅ​មូលដ្ឋាន គឺ​សារព័ត៌មាន​ឯករាជ្យ គឺជា​ក្រុម​ដែល​អាច​យក​បញ្ហា​របស់​ពលរដ្ឋ​មក​ផ្សព្វផ្សាយ ហើយ​រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ។ លោក​ថា មន្ត្រី​ខិលខូច នឹង​រឹតតែ​ជិះ​សេះ​លែងដៃ ខណៈ​ដែល​សារព័ត៌មាន​ឯករាជ​ត្រូវ​រឹតត្បិត៖ «មាន​កាសែត និង​វិទ្យុ​ឯករាជ​ទៅ ខាង​មន្ត្រី​ខិលខូច​មួយ​ចំនួន​អត់​សូវ​ហ៊ាន​ទេ នៅ​ពេល​ដឹងថា កាសែត និង​វិទ្យុ​ឯករាជ​ដកចេញ​ទៀត អា​ហ្នឹង​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​បានដៃ​ហើយ»។

មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាសកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ណា​ទាក់ទិន​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​កម្ពុជា ទទួល​ស្គាល់​ថា ជា​ច្បាប់​កម្ពុជា។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​ប្រកាន់​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វបែបយ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី ឬក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្ដី តាម​ការ​ជ្រើសរើស​របស់​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ខ្លឹម​សារ​ច្បាប់​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s