ការ​បំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ​មុន​កើនឡើង​ ៣០%

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ទិដ្ឋភាព​នៃ​ការ​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ​ដែល​ថត​បាន​កាលពី​ឆ្នាំ​មុន​។ រូបថត VANNRITH RONG

ភ្នំពេញៈ រូបភាព​ផ្កាយរណប​ដែល​ទើប​ចេញ​កាលពី​ពេល​ថ្មីៗ​បាន​បង្ហាញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​កើនឡើង​ចំនួន​ ៣០ ​ភាគរយ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន និង​ស្រប​ពេល​មាន​ការ​អួត​ពី​រដ្ឋាភិបាល​អំពី​ក្រុម​ការងារ​ពិសេស​របស់​កងរាជ​អាវុធហត្ថ​ថ្មី​ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុសច្បាប់ ខណៈ​សកម្មជន​ព្រៃឈើ​ថា​គ្មាន​ប្រសិទ្ធភាព និង​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​រហូត​មក​ទល់​ពេល​នេះ​។

ទិន្នន័យ​ថ្មី​នេះ​ត្រូវ​បាន​ចេញ​ដោយ​សាកលវិទ្យាល័យ Maryland ដែល​តាមដាន​ការ​បាត់បង់​គម្រប​ព្រៃឈើ​ទូទាំង​ពិភពលោក​ក្នុង​រយៈកាល​ពី​ ១៦ ​ឆ្នាំ​ចុង​ក្រោយ​ដោយ​ប្រើ​រូបភាព​ផ្កាយរណប​បង្ហាញ​ថា​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​មាន​ការ​កាប់​ព្រៃឈើ​សម្រាប់​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​​ទៅ​ប្រទេស​វៀតណាម​។

នេះ​បើ​ទោះបី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា ត្រូវ​បាន​ដាក់​ចូល​នៅ​ក្នុង​គណៈកម្មាធិការ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក៏ដោយ ក៏​គណៈកម្មាធិការ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឧទ្ធម្ភាគចក្រ​ចំនួន​ ២ ​ផង​ដែរ​ដើម្បី​ប្រយុទ្ធ​នឹង​ពាណិជ្ជកម្ម​ខុស​ច្បាប់​នេះ ហើយ​ក៏​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​បរិស្ថាន លោក សាយ សំអាល់ ធានា​ថា​ការ​បាត់បង់​យ៉ាង​លឿន​នៃ​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​។

ទិន្នន័យ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ការ​បាត់បង់​គម្រប​ព្រៃឈើ​ពិត​ជា​បាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ ២០១៤ និង​ ២០១៥ ដែល​ឆ្នាំ​ ២០១៤ ​ធ្លាក់​ចុះ​ ១៣ ​ភាគរយ និង​ឆ្នាំ​ ២០១៥ ​ធ្លាក់​ចុះ​ ១៦ ​ភាគរយ ប៉ុន្តែ​អត្រា​បាត់បង់​បាន​កើនឡើង​ដល់​ ៣០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៦ និង​មាន​ចំនួន​ប្រមាណ​ ២ ​សែន​ហិកតា​នៅ​ក្នុង​គម្រប​ព្រៃឈើ​ដែល​បាត់បង់​។ ជាង​ពាក់កណ្តាល​នៃ​ផ្ទៃដី​ ២ ​សែន​ហិកតា​ជា​គម្រប​ព្រៃ​ក្រាស់​ដែល​ស្រដៀង​នឹង​ព្រៃ​បៃតង​ជានិច្ច​។

Content image - Phnom Penh Post

ផែនទី​បង្ហាញ​ពី​តំបន់​ក្រហម​ដែល​ព្រៃឈើ​បាន​បាត់​បង់​ពី​ឆ្នាំ ២០០១-២០១៦ និង​​ព័ណ៌​​បៃតង​ខ្ចី​និង​ចាស់ ជា​ព្រៃ​នៅ​សេស​សល់។ ប្រភព៖ HANSEN/UMD/GOOGLE/USGS/NASA

លោក Marcus Hardtke សកម្មជន​ប្រឆាំង​ការ​កាប់​ព្រៃឈើ​ជាយូរ​មក​ហើយ បាន​ថ្លែង​ថា​ទិន្នន័យ​ថ្មី​នេះ​បង្ហាញ​ថា​នៅ​មាន​បញ្ហា​កាប់​ព្រៃឈើ​នៅ​ឡើយ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​​ហើយ​ថា​ការ​កាប់​ព្រៃឈើ​បាន​បំពាន​ទៅ​លើ​តំបន់​ព្រៃឡង់​ពី​ចុង​ខាង​ជើង​ និង​ចុង​ខាង​ត្បូង​នៃ​តំបន់​ព្រៃ​ការពារ​ដែល​ទើប​ត្រូវ​បាន​កំណត់​កាលពី​ពេល​ថ្មីៗ​។

លោក​បាន​ថ្លែង​ថា​ការ​ថ្លែង និង​ការ​សន្យា​ជាច្រើន​ថា​នឹង​មាន​ចំណាត់ការ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​ត្រូវ​បាន​ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​គឺ​តាំងពី​ពេល​អ៊ុនតាក់​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ម្ល៉េះ ប៉ុន្តែ​មិន​មាន​លទ្ធផល​។

លោក​បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​កំពុង​ឃើញ​គឺ​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ហើយ​ការ​កើនឡើង​ការ​កាប់​ព្រៃឈើ​រួមមាន​នៅ​ក្នុង​តំបន់​ការពារ​»​។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​បដិសេធ​ចំពោះ​លទ្ធផល​រកឃើញ​ថ្មី​នេះ​ដោយ​លោក​ថ្លែង​ថា​វា​មិន​ស៊ី​គ្នា​ទៅ​នឹង​ទិន្នន័យ​របស់​មន្ត្រី​លោក​ទេ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ស្ថិតិ​ទាំង​នេះ​ទេ​។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ប្រឆាំង​ការ​កាប់​ព្រៃឈើ​លោក អេង ហ៊ី បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​លទ្ធផល​រកឃើញ​ថ្មី​នេះ​ទេ​មុន​ពេល​បិទ​ទូរស័ព្ទ​។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិនមែន​ជា​អ្នក​តាមដាន​ព្រៃឈើ​ទេ ប៉ុន្តែ​ខ្ញុំ​ជា​មន្ត្រី​បង្ក្រាប​បទល្មើស​ព្រៃឈើ​»​។

លោក កែវ អូម៉ាលីស អ្នក​នាំពាក្យ​​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​លោក​មិន​អាច​ឆ្លើយ​នឹង​សំណួរ​ណា​មួយ​បាន​ទេ ពីព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​របាយការណ៍​នេះ ប៉ុន្តែ​ជាថ្មី​ម្តង​ទៀត​បាន​អះអាង​ថា​ការ​កាប់​ព្រៃឈើ​មាន​ការ​ធ្លាក់​ចុះ​។

លោក​បាន​ថ្លែង​ថា​៖ «​ចន្លោះ​ពី​ឆ្នាំ​ ២០១០ និង​ ២០១៤ យើង​បាន​បាត់បង់​ព្រៃឈើ​ជាច្រើន​ដោយសារ​យើង​បាន​​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ដាំ​កៅស៊ូ ប៉ុន្តែ​ក្រោយ​មក​ការ​បាត់បង់​ព្រៃ​បាន​ធ្លាក់​ចុះ​»​។

សកម្មជន​បរិស្ថាន​លោក អ៊ូច ឡេង បាន​ថ្លែង​ថា​ច្បាប់​ព្រៃឈើ និង​ក្រុម​ការងារ​ពិសេស​ហាក់បី​ដូចជា​មើល​ផ្លូវ​ផ្សេង​នៅ​ពេល​ឧកញ៉ា និង​មន្ត្រី​ធំៗ​ពាក់ព័ន្ធ​នៅក្នុង​បទល្មើស​ព្រៃឈើ​។

លោក​បាន​បន្ថែម​ថា​៖ «​ការ​ការពារ​ព្រៃឈើ​គឺ​មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​ឈ្មួញ​ព្រៃឈើ និង​ឧកញ៉ា​នៅ​តែ​កំពុង​បន្ត​ធ្វើ​សកម្មភាព​របស់​ពួកគេ​មិន​ឈប់ឈរ​ឡើយ​»៕ PS

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s