ការ​ចុះ​បង្រៀន​ពី​របៀប​ចិញ្ចឹម​មាន់​របស់​អង្គការ​ ១ ​ត្រូវ​បាន​រារាំង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាព​ចុះ​បង្រៀន​ពី​វិធី​ចិញ្ចឹម​មាន់​តាម​គ្រួសារ​របស់​ CCFC ​នៅ​​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាលពី​ម្សិលម្ង៉ៃ​។ រូបថត ហ្វេសប៊ុក

ស្វាយរៀងៈ អង្គការ​កសិកម្ម​មួយ​ឈ្មោះ​ថា​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​មួយ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​រារាំង​កាលពី​ម្សិលម្ង៉ៃ ខណៈ​កំពុង​ចុះ​បង្រៀន​​កសិករ​ពី​របៀប​ចិញ្ចឹម​មាន់ ហើយ​បាន​តម្រូវ​ឲ្យ​សុំ​ច្បាប់​ពី​ថ្នាក់​ខេត្ត និង​ស្រុក​ជា​មុន​សិន​ទើប​អាច​បន្ត​សកម្មភាព​បាន​។

លោក ឈឹម កុសល មន្ត្រី​សម្រប​សម្រួល​ផ្នែក​កសិកម្ម​នៃ​ (CCFC)​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​នៅ​ពេល​ជួប​ជាមួយ​កសិករ​ ២៥ ​នាក់​ដើម្បី​និយាយ​ពី​ប្រធានបទ​ស្ដីការ​ពី​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​អម្ពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​កាលពី​ម្សិលម្ង៉ៃ ស្រាប់​តែ​មាន​សមត្ថកិច្ច​មក​រារាំង​។

លោក​ថា​បើ​ទោះបី​ជា​ក្រុម​ការងារ​ជូន​ដំណឹង​ទៅ​ឃុំ​រួចរាល់​​ក៏ដោយ ប៉ុន្ដែ​មន្ត្រី​នគរបាល​លើក​ឡើង​ថា​សមាគម​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន និង​ថា​គេ​ធ្វើ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែង​ថា​៖ «​ពេល​គាត់​ធ្វើ​អ៊ីចឹង​ប៉ះពាល់​ដល់​ការ​អនុវត្ត​គម្រោង​របស់​យើង និង​ពលរដ្ឋ​ដែល​យើង​បាន​ដាក់​ផែនការ​ឲ្យ​អនុវត្ត​ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ ខ្ញុំ​បាន​ជម្រាប​ទៅ​លោក​មេឃុំ​ហើយ​គាត់​ក៏​អនុញ្ញាត​ដែរ ហើយ​នៅ​តែ​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​សុំ​ពី​ថ្នាក់​ខេត្ត និង​ស្រុក​ទៀត​»​។

លោក វ៉ា សុភា ជា​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វគ្គ​នោះ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ឃុំ​បាន​តម្រូវ​ឲ្យ​​អង្គការ​ទៅ​សុំ​ច្បាប់​ពី​ខេត្ត និង​ស្រុក​បើ​ចង់​បណ្ដុះបណ្ដាល​ពលរដ្ឋ​ខ្មែរ​ពី​ការ​ចិញ្ចឹម​សត្វ​ ឬ​ដំណាំ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ផ្សេងៗ​។

លោក​បញ្ជាក់​ថា​៖ «​អង្គការ​ហ្នឹង​គេ​បាន​ប្រាប់​ទៅ​លោក​មេភូមិ​ ឬ​ឃុំ​រួចរាល់​ហើយ​តែ​គាត់​មិន​បាន​ជម្រាប​ទៅ​លោក​មេប៉ុស្ដិ៍ ឃុំ​អម្ពិល និង​លោក​មេប៉ុស្ដិ៍ ក៏​បាន​មក​ហាមឃាត់ បើ​មិន​ទៅ​សុំ​ច្បាប់​ពី​ថ្នាក់​លើ​គេ​។ អ៊ីចឹង​អង្គការ​ហ្នឹង​គេ​ក៏​បាន​ផ្អាក​ដែរ ហើយ​ខ្ញុំ​អត់​ដឹង​ថា​អង្គការ​គេ​ទៅ​សុំ​ច្បាប់​ពី​ខេត្ត​ទៀត​ឬ​យ៉ាង​ណា​ទេ​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​បាន​កត់សម្ពាល់​ថា​កម្ដៅ​នយោបាយ​កំពុង​ជះឥទ្ធិពល​ដល់​សេរីភាព​នៃ​ការ​ជួបប្រជុំ និង​សេរីភាព​សមាគម​នៅ​កម្ពុជា​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​។

លោក​​ថា ​គ្រាន់តែ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​មាន់​ដល់​ពលរដ្ឋ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ដែរ​ដែល​នេះ​បង្ហាញ​ពី​សិទ្ធិ​កាន់តែ​រួម​តូច​។

លោក ញ៉ាញ់ ផែន មេប៉ុស្ដិ៍​ឃុំ​អម្ពិល និង​លោក សា រ៉ន មេឃុំ​អម្ពិល មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ទាំង​ ២ ​បាន​បិទ​ទូរស័ព្ទ​។

ប៉ុន្ដែ​លោក ពេជ សារ៉ាន់ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ប៉ុន្ដែ​លោក​អះអាង​ថា​ការ​ហាម​នេះ​ប្រហែល​ជា​អង្គការ​ CCFC មិន​មាន​លិខិត​បញ្ជាក់​ពី​ការ​សុំ​ច្បាប់​​ ឬ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​។

លោក​បន្ត​ថា​ប្រសិន​បើ​អង្គការ​នេះ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​មែន​ដោយ​គ្រាន់​តែ​សរសេរ​លិខិត​មក​ខេត្ត​ ឬ​ស្រុក​ ឬ​ក៏​ជូន​ដំណឹង​ដល់​ឃុំ ឬ​សង្កាត់​នោះ​អាជ្ញាធរ​នឹង​មិន​ហាមឃាត់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ប្រហែល​ជា​គាត់​មិន​ទាន់​បាន​សុំ​ច្បាប់​ពី​ក្រសួង​ទេ​ដឹង​…​រឿង​នេះ​ខ្ញុំ​ថា​វា​មិនមែន​ជា​រឿង​នយោបាយ​អី​ទេ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​បាន​គេ​មក​បង្រៀន​កូនចៅ​យើង​អ៊ីចឹង តែ​សុំ​ច្បាប់​គេ​សិន​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​ ១០ ខែ​តុលា​ឆ្នាំ​ ២០១៧ ​នេះ​បាន​បង្ហាញ​ថា​ប្រសិន​បើ​រដ្ឋបាល​រាជធានី​-​ខេត្ត ពិនិត្យ​ឃើញ​ថា​​ការ​ធ្វើ​សកម្មភាព​របស់​សមាគម​​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មិន​ធ្វើ​តាម​ការ​ជូន​ដំណឹង​ ឬ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ការ​ជូន​ដំណឹង​ ឬ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​ពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​នានា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​សិទ្ធិ​បញ្ឈប់​ ឬ​ផ្អាក​សកម្មភាព​រួច​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ទាន់​។

អង្គការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​ធ្វើ​សកម្មភាព​រយៈពេល​​ ៣ ​ឆ្នាំ​មក​ហើយ​​ក្នុង​ការ​ជួយ​ដល់​កសិករ​ឲ្យ​ចេះ​បច្ចេកទេស​ដាំ​បន្លែ និង​ចិញ្ចឹម​សត្វ​។ ​គម្រោង​បង្រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់​នេះ​ក្រោយ​ពេល​រៀន​ចប់​រយៈពេល​ ៣ ​ថ្ងៃ​អង្គការ​ក៏​មាន​ផ្តល់​ជា​ថវិកា​ខ្លះ​ដើម្បី​ជួយ​ទិញ​សម្ភារ​ធ្វើ​ទ្រុង​ និង​ទិញ​ពូជ​មាន់​ផង​ដែរ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s