ពលរដ្ឋ​ថា​ជលផល​ខេត្ត​ព្រៃវែង​មិន​ហ៊ាន​បង្ក្រាប​បទ​ល្មើស​នេសាទ​ព្រោះ​ខ្លាច​បាត់​សន្លឹកឆ្នោត

ប្រភព៖ វិទ្យុអាស៊ីសេរី

សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya

ពលរដ្ឋ​ឃុំ​រក្សជ័យ ស្រុក​បាភ្នំ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ព្រៃវែង បន្ត​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ នៅ​បឹង​ខ្សាច់​ស​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ បន្ទាប់ពី​ពួកគេ​មើល​ឃើញ​ថា បទល្មើស​នេសាទ​នៅតែ​កើតមាន​ដដែល ទោះបីជា​អាជ្ញាធរ​ធ្លាប់​ចុះ​បង្ក្រាប​ក្ដី។

សៃ​យឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់រយ​ម៉ែត្រ​ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅតែ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​លើ​ផ្ទៃ​បឹង​ខ្សាច់ស ដែល​ស្ថិតនៅ​ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដើម្បី​ចាប់​ត្រី​តូច​ធំ​ដដែល ដោយ​គ្មាន​ខ្លាចរអា​ឡើយ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ពួកគាត់​រស់នៅ​គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​បទល្មើស​នេសាទ​ស្ងប់ស្ងាត់​តែមួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃក្រោយ​អាជ្ញាធរ​ចុះ​បង្ក្រាប​ប៉ុណ្ណោះ បន្ទាប់​មក​បទល្មើស​នេសាទ​នៅតែ​កើតមាន​ព្រោងព្រាត។ ជាងនេះទៀត ពលរដ្ឋ​អះអាង​ថា អ្នកនេសាទ​ខុសច្បាប់ ហាក់​ដូច​ជា​បាន​ដឹង​មុន​អំពី​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ។

ពលរដ្ឋ​បន្ត​ទៀត​ថា មូលហេតុ​ដែល​អាជ្ញាធរ​ជលផល​ខេត្ត​ព្រៃវែង និង​អាជ្ញាធរ​មូលដ្ឋាន មិន​អាច បង្ក្រាប​បទល្មើស​នេសាទ​បាន​ប្រសិទ្ធ​នោះ ព្រោះ​អាជ្ញាធរ​ជលផល​ខ្វះ​ឆន្ទៈ​ពិតប្រាកដ ហើយ​ម្យ៉ាង ទៀត​នៅ​មាន​ការ​យោគយល់​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច។

កន្លងមក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត ទទួល​ស្គាល់​ថា បទល្មើស​ពិតជា​មាននៅ​ក្នុង​មូលដ្ឋាន​នេះ ប៉ុន្តែ​ពុំ​មាន​ច្រើន​ដូច​ការ​អះអាង​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​មន្ត្រី​ជំនាញ​កំពុង​ចុះ​បង្ក្រាប​បណ្ដាក់​ជា​បន្តបន្ទាប់។

ទោះ​យ៉ាង​ណា ពលរដ្ឋ​លើក​ឡើង​ថា ប្រសិនបើ​មន្ត្រី​ជំនាញ​ជលផល ធ្វើ​ការ​បង្ក្រាប​ឱ្យ​បាន​ពិតប្រាកដ ព្រមទាំង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​នោះ ពួកគេ​ជឿ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ នឹង​មាន​ប្រសិទ្ធភាព។ ពលរដ្ឋ ទទូច​ម្ដង​ហើយ​ម្ដងទៀត សូម​អោយ​មន្ត្រី​ជំនាញ​ជលផល​ខេត្ត ត្រូវ​ចាត់​វិធានការ​បង្ក្រាប និង​តាមដាន​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ធនធាន​ត្រី​កើន​ឡើង​វិញ ហើយ​អាច​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប​ដែល​រស់នៅ ព័ទ្ធ​ជុំវិញ​បឹង​ខ្សាច់ស​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s