ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​គ្រោង​រើស​ទីតាំង​ថ្មី​ធ្វើ​លំនៅឋាន

ប្រភព៖ វិទ្យុអាស៊ីសេរី

(ឆ្វេង) យុវជន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង កញ្ញា ជឿន ស្រីមុំ និងសហគមន៍​ស្រែគរ ក្នុង​ទំនប់​សេសានក្រោម២ ខេត្ត​ស្ទឹងត្រែង លោក ហ្វុត ឃឿន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ភូមិ​ស្រែគរចាស់ និង​ភូមិ​ក្បាល​រមាសចាស់ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង គ្រោង​ប្រជុំ​ពិភាក្សា​គ្នា ស្វែងរក​ទីតាំង​រស់​នៅ​ថ្មី ស្រប​ពេល​ដែល​កម្ពស់​ទឹក កើន​ឡើង​លិច​ភូមិ​ស្រែគរ​ទាំងស្រុង។ ការ​លើកឡើង​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​ពួកគាត់​អាច​ទៅ​តាំង​ទីលំនៅ​ថ្មី នៅ​ក្បែរ​ភូមិ​ចាស់ រីឯ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​សំណង​តាម​ក្រោយ។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោមពីរ នៅ​ភូមិ​ស្រែគរ​ចាស់ គ្រោង​ចាប់​យក​តំបន់​ព្រៃ​សហគមន៍​អ្នក​តារកាកាន់ ជាទី​តាំង​ភូមិ​ថ្មី ដែល​អ្នកភូមិ​គ្រោង​សង់​លំនៅឋាន​នៅ​តំបន់​នោះ ព្រោះ​តំបន់​នោះ​ជាទី​ទួល​ខ្ពស់​ចៀស​ផុត​ពី​ទឹកជំនន់ និង​ឋិត​នៅ​ឆ្ងាយ​ពី​ភូមិ​ចាស់​ប្រហែល​ជាង ៤គីឡូម៉ែត្រ។ អ្នកភូមិ​គ្រោង​ស្នើសុំ​បង្កើត​ភូមិ​ស្រែគរ​ថ្មី នៅ​តំបន់​នោះ​ដែរ និង​ចង់​ឲ្យ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ស្ថាបនា​សាលារៀន មន្ទីរពេទ្យ និង​ផ្លូវ ជា​អត្ថិភាព។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ តុលា ថា ការ​សង់​ទីលំនៅ​ភូមិ​ថ្មី ជា​ការ​កសាង​ជីវិត​ថ្មី ដែល​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ពី​របៀប​រស់នៅ​ថ្មី​ដែរ ជាពិសេស​ការ​ធ្វើ​កសិកម្ម ក៏​ត្រូវ​ស្របតាម​បរិបទ​តំបន់​ដែរ ពោល​ការ​ធ្វើ​កសិកម្ម​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស។ លោក​ចង់​ឲ្យ​អាជ្ញាធរ​ខែត្រ សហការ​ជាមួយ​ក្រុមហ៊ុន​កសាង​ប្លង់​ជា​ភូមិ​ថ្មី ដោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់​សេវា​សាធារណៈ និង​ជំនាញ​បច្ចេកទេស​ផ្នែក​កសិកម្ម​ដល់​សហគមន៍​ផង។

តំបន់​ទីតាំង​ថ្មី​ដែល​អ្នកភូមិ​គ្រោង​រស់នៅ​នោះ ឋិត​នៅ​ក្បែរ​អាង​ស្តុក​ទឹក វារីអគ្គិសនី​សេសានក្រោម​ពីរ និង​ជាប់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ដែល​រដ្ឋាភិបាល​បាន​ដក​អាជ្ញាប័ណ្ណ​កន្លងទៅ។ លើស​ពី​នេះ​តំបន់​នោះ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​លក្ខណៈ​ប្រពៃណី​តាំង​ពី​ដើម។ ពួកគាត់​ចាត់​ទុក​ការរស់នៅ ក្បែរ​ទន្លេ ឬ​ក្បែរ​ផ្ទៃ​អាង​ស្តុក​ទឹក​ថា បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ពួកគាត់ ធ្វើ​កសិកម្ម​នៅ​រដូវប្រាំង​ដើម្បី​ចិញ្ចឹមជីវិត។

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃ​ទី​១១ តុលា បញ្ជាក់​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា​ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​តាម​គោលនយោបាយ​សមស្រប​ជូន​ពលរដ្ឋ​ផ្ទាល់។

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​បន្ទន់​ឥរិយាបថ សម្រប​ខ្លួន​តាម​ការ​សំណូមពរ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ភូមិ​ចាស់ ហេតុនេះ​ពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​ក្រុម​ការងារ ខែត្រ និង​ក្រុមហ៊ុន​រុះរើ​សម្ភារៈ និង​ផ្ទះសម្បែង​នៅ​ភូមិ​ចាស់ ខណៈ​ដែល​ទឹកជំនន់​កំពុង​គំរាមកំហែង​អាយុជីវិត​អ្នកភូមិ។ លោក​បន្ថែម​ថា គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់ ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី កសិកម្ម ៥​ហិកតារ និង​ទទួល​បាន​ផ្ទះ​មួយ​ខ្នង បើ​ពលរដ្ឋ​មិន​ទទួលយក​ផ្ទះ​ក្រុមហ៊ុន​នឹង​ផ្ដល់​ប្រាក់ ៦​ពាន់​ដុល្លារ រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​មាន​គោលនយោបាយ​ផ្ដល់​សំណង​ផ្សេងទៀត។

អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន​លោក ភូ ប៊ុនថាន់ សម្ដែង​ការ​គាំទ្រ​នូវ​គោលនយោបាយ​របស់​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ ដែល​ឯកភាព​ឲ្យ​ពលរដ្ឋ​អាច​តាំង​ទីលំនៅ​ថ្មី នៅ​ទី​ទួល​ខ្ពស់​ក្បែរ​ភូមិ​ចាស់ ខណៈ​ដែល​តំបន់​នោះ ជា​តំបន់​ព្រៃ​រេចរឹល​ផង និង​នៅ​ក្បែរ​ប្រភព​ទឹក។ តែ​យ៉ាងណា​លោក​ចង់​ឃើញ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ជា​អត្ថិភាព​ដូចជា សាងសង់​ដី​សម្រាប់​ធ្វើ​កសិកម្ម ផ្លូវ សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ។ លើស​ពី​នេះ ការ​ផ្ដល់​ជំនាញ​កសិកម្ម និង​បច្ចេកទេស​ចិញ្ចឹម​សត្វ​ផ្សេងៗ​ទៀត គឺជា​កត្តា​សំខាន់ ដែល​ស្ថាប័ន​ជំនាញ​ត្រូវ​បណ្ដុះបណ្ដាល​សហគមន៍។

ក្រុមហ៊ុន​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ ផ្ដើម​បិទ​ទឹក​បន្ថែម ដើម្បី​រក្សា​ទឹក​ទុក​ផលិត​ថាមពល​អគ្គិសនី​តួប៊ីន​ទី​១ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ហើយ​ការ​បិទទ្វារ​ទឹក​បន្ថែម​នេះ កម្ពស់​ទឹកនឹង​ឡើង​លិច​ភូមិ​ស្រែគរចាស់ និង​ក្បាល​រមាស​ចាស់​ទាំងស្រុង ដែល​នឹង​លិចលង់​ផ្ទះសម្បែង និង​អាច​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជាដើម។ ជាង​នេះ​ទៀត ក្នុង​ករណី​ដែល​ពលរដ្ឋ នៅ​ពុំ​ទាន់​ទទួល​សំណង គណៈកម្មការ​ខែត្រ និង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសា​ន​ក្រោម​ពីរ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់ ផលប្រយោជន៍​របស់​ពលរដ្ឋ​នោះ​ទេ។ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ចូល​ទៅ​កាន់​តំបន់​នោះ​ឡើយ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ដែល​ប្រការ​នេះ ពួក​អ្នកភូមិ​ថា ជា​លេស​ដើម្បី​មិន​អោយ​ពួក​អ្នក​ខាងក្រៅ និង​អ្នកសារព័ត៌មាន​ចូល​ទៅ​ជួប ឬ​ជួយ​ពួកគាត់។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s