សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ករណី​ កម្មករ​ចិន​ផ្ទុះ​ហិង្សា

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ក្រុមកម្មករជនជាតិចិនដែលផ្ទុះការតវ៉ាពីរឿងប្រាក់ខែកាលពីថ្ងៃអាទិត្យ។ រូបថត ហ្វេសប៊ុក

បាត់ដំបងៈ សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​អន្តោ​ប្រវេសន៍​ខេត្ត បាត់ដំបង កាល​ពី​ម្សិល​មិញ​ បាន​បើក​ការ​ស្រាវ​ជ្រាវ​ភ្លាមៗ​លើ​ករណី​ផ្ទុះ​ការ​តវ៉ា​របស់​ក្រុម កម្មករ​ជនជាតិ​ ចិន នៅ​ក្រុមហ៊ុន ខនឆ៍ស៊ីម៉ងត៍ Conch Cement ដែល​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច ណាស់​ ៣ នាក់​បាន​រង​របួស។ នេះ​បើ​តាម ការ​អះអាង​ពី​មន្ត្រី​នគរបាល​មូល​ដ្ឋាន។

លោក សន និល អធិការ​នគរបាល​ស្រុក​ រតន​មណ្ឌល ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​កម្មករ​ជន​ជាតិ​ចិន ​ប្រមាណ ១០០ ​នាក់​ដែល​កំពុង​បម្រើ​ការងារ​សាង​សង់​អគារ​រោងចក្រ​និង​ឃ្លាំង​ស្តុក​ទំនិញ​នៃ​ក្រុមហ៊ុន​ ​ខនឆ៍ស៊ីម៉ងត៍ Conch Cement ​ស្ថិត​នៅ​ភូមិ​ ដូន​ម៉ាយ ឃុំ​ស្ដៅ​ ស្រុក​ រតន​មណ្ឌល ​ខេត្ត​ បាត់​ដំបង​ បាន​ផ្ទុះ​ការ​តវ៉ា​ដ៏​ធំ​មួយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ប្រឆាំង​ទៅ​នឹង​​មេ​ការ​របស់​ពួក​គេ​ដែល​ពុំ​បាន​បើក​ប្រាក់​ខែ​ឲ្យ​សម្រាប់​ខែ​កញ្ញា ​កន្លង​ទៅ​នេះ។

លោក និល​ បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​ការ​តវ៉ា​នា​ថ្ងៃ​នោះ​ក៏​មាន​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង​ផង​ដែរ​រវាង​ក្រុម​អ្នក​គាំទ្រ​មេការ​កម្មករ​និង​ក្រុម​តំណាង​កម្មករ​ដែល​បង្ក​ឲ្យ​ក្រុម​ភាគី​មេការ​កម្មករ ៣ ​នាក់​រង​របួស​ស្រាល»។

លោក​បាន​បន្ត​ថា ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ សន្តិសុខ និង​របៀប​រៀប​រយ​សង្គម ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​ភ្លាមៗ​ផងដែរ តែ​មិន​បាន​ឃាត់​ខ្លួន​ភាគី​ណា​មួយ​មក​សួរ​នាំ​នោះ​ទេ។ ប៉ុន្តែ ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក្រុម​ភាគី​មេការ​កម្មករ​ដែល​រង​របួស​ទាំង​ ៣ ​នាក់​នោះ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ក្រុម​តំណាង​កម្មករ​ពី​បទ​ «ប៉ុន​ប៉ង​មនុស្ស​ឃាត» ទៅ​កាន់​ការិយា​ល័យ​នគរបាល​អន្តោ​ប្រវេសន៍​ខេត្ត​បាត់​ដំបង។

ទាក់​ទង​ករ​ណី​នេះ ​លោក ឌាញ់ អេងប៊ុន​ចាន់ ប្រធាន​ការិយា​ល័យ​នគរបាល​អន្តោ​ប្រវេសន៍​ខេត្ត​ បាត់ដំបង​បាន​ថ្លែង​ថា ក្រោយ​ពី​បើក​ការ​ស៊ើប​អង្កេត សមត្ថកិច្ច​រក​មិន​ឃើញ​បទ​ល្មើស​ណា​មួយ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​នោះ​ទេ។

លោក អេង​ប៊ុន​ចាន់ បាន​បញ្ជាក់​ថា៖ «ករណី​នេះ​មិន​មែន​ជា​អំពើ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ កា​រផ្ទុះ​បាតុកម្ម​តវ៉ា​របស់​កម្មករ​ចិន​ទាំង​នោះ បាន​កើត​ឡើង​ ដោយ​សារ​តែ​ភាគី​ខាង​មេការ​កម្មករ​ មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ ​ខណៈ​ខាង​ក្រុមហ៊ុន អះ​អាង​ថា បាន​បើក​លុយ​ថ្លៃ​ពលកម្ម​ទៅ​ឲ្យ​ក្រុម​មេការ​កម្មករ ដែល​ទទួល​ម៉ៅ​ការ​សាង​សង់​ទាំង​នោះ​អស់​ហើយ»។

លោក​បាន​ថ្លែង​ទៀត​ថា ​នៅ​ពេល​នេះ ​ក្រុម​ការងារ​របស់​លោក​កំពុង​បន្ត​នីតិវិធី​ស្រាវ​ជ្រាវ​និង​ស៊ើប​អង្កេត​លើ​ករណី​នេះ​បន្ត​ទៀត ព្រោះ​ខាង​តំណាង​ភាគី​កម្មករ​ដែល​តវ៉ា​បាន​អះ​អាង​ថា ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត​ពួកគេ​នឹង​មិន​ចូល​ធ្វើ​ការ​ងារ​ទេ​ ​ប្រសិន​បើ​ក្រុម​ហ៊ុន​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​នោះ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ បុគ្គលិក​ផ្នែក​រដ្ឋបាល​ម្នាក់​នៃ​ក្រុមហ៊ុន Conch Cement បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​បាន​ថ្លែង​ថា តាំង​ពី​ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ កម្ពុជា ក្រុមហ៊ុន​មិន​ធ្លាប់​ជំពាក់​ប្រាក់​ខែ​បុគ្គ​លិក​ណា​ម្នាក់​ទេ។ បុគ្គលិក​ដដែល​នោះ​បាន​បន្ថែម​ថា៖ «យ៉ាង​ណាក៏​ដោយ​ករណី​នេះ ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទេ»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s