សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹក​អុស​ខុស​ច្បាប់ ២៥​គ្រឿង គ្រោង​ដឹក​ជា​ក្បួន

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

កម្លាំង​ចម្រុះ​ជិត ១០០ នាក់​បាន​បង្រ្កាប​រថយន្ដ​ដឹក​អុស​ខុស​ច្បាប់​បាន​ចំនួន​ ២៥ ​គ្រឿង​ នៅ​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។ រូបថត សហការី

ក្រចេះ/កំពង់ស្ពឺៈ កម្លាំង​ចម្រុះ​ជិត ១០០ នាក់​បាន​បង្រ្កាប​រថយន្ដ​ដឹក​អុស​ខុស​ច្បាប់​បាន​ចំនួន​ ២៥ ​គ្រឿង​កាល​ពី​ម្សិលមិញ នៅ​ពេល​ដែល​រថយន្ត​ទាំង​នោះ​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ឃុំ​ឃ្សឹម ស្រុក​សំបូរ មុន​ពេល​ប៉ុនប៉ង​ហែ​ក្បូន ដើម្បី​ដឹក​ចេញ​ទៅ​ខេត្ត ត្បូងឃ្មុំ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ដឹក​បន្ត​ទៅ​ក្រៅ​ប្រទេស។

លោក គង់ គឹមនី អភិបាល​ស្រុក សំបូរ ដែល​ដឹក​នាំ​ការ​បង្រ្កាប​ទ្រង់​ទ្រាយ​ធំ​នេះ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ម៉ោង​ ១២ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ចន្ទ​ម្សិល​មិញ រថយន្ត​សាំយ៉ុង បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា នៅ​មុន​ពេល​ដឹក​អុស​ចេញ​ជា​ក្បួន ដើម្បី​កុំ​ឲ្យ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្រ្កាប​បាន។ ប៉ុន្តែ​លើក​នេះ មាន​ប្រើ​កម្លាំង​ចម្រុះ​ជិត​ ១០០ នាក់ ទើប​អាច​បង្រ្កាប​បាន បើ​ទោះ​បី​ជា​មាន​ម្ចាស់​អុស និង​អ្នក​បើកបរ​ខ្លះ​ប៉ុន​ប៉ង ត​ដៃ និង​ដាក់​រថយន្ត​បិទ​ផ្លូវ​យ៉ាង​ណា​ក៏​ដោយ។

លោក​ គង់ គឹមនី បាន​បញ្ជាក់​ថា៖ «មុន​នឹង​បង្រ្កាប គឺ​យើង​បាន​ណែនាំ ផ្សព្វ​ផ្សាយ និង​អប់រំ​ជាង​ ២០ ​មុន​ហើយ ដើម្បី​កុំ​ឲ្យ​ដឹក​អុស​ទៀត។ តែ​គាត់​អត់​ស្តាប់ ចឹង​អត់​មាន​ត្រូវ​ធ្វើ​កិច្ច​សន្យា​អី​ទៀត ទើប​ឈាន​ទៅ​ដល់​ការ​បង្រ្កាប​បែប​នេះ»។

លោក​អះអាង​ថា ក្រុម​អ្នក​បើកបរ​ហាក់​ដឹង​ជា​មុន​ថា កម្លាំង​ចម្រុះ​ត្រៀម​បង្រ្កាប។ ហេតុ​នេះ ពួកគេ​ដឹង​ខ្លួន​ជា​មុន ហើយ​បាន​រត់​គេច​ខ្លួន​បាត់​អស់​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់។

លោកថ្លែងថា៖ «អ្នក​ខ្លះ​ចង់​តដៃ តែ​ដោយ​ឃើញ​កម្លាំង​ច្រើន ទើប​មិន​ហ៊ាន។ កម្លាំង​យើង​ក៏​ប្រើ​ការ​អត់​ធ្មត់​ដែរ។ ការ​កាប់ និង​ដឹក​នេះ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ចុង​ក្រោយ​របស់​យើង»។

លោក​បាន​បន្ថែម​ថា អុស​ទាំង​នោះ​គឺជា​ឈើ​រស់​ស្រស់ៗ ដែល​មាន​អ្នក​កាប់​នៅ តាម​ស្រែក​ចំ​ការ និង​ព្រៃ​របោះ​មួយ​ចំនួន ហើយ​យក​ទៅ​តម្រៀប​តាម​ផ្លូវ ដើម្បី​លក់ ឬ​ដឹក​បន្ត​ទៅ​កាន់​ខេត្ត​ផ្សេង ដូច​នៅ​ក្នុង​ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ ជាដើម។

លោក​ថ្លែង​ថា ពួក​អ្នក​រក​ស៊ី​ដឹក​អុស​ភាគ​ច្រើន​គឺ​មក​ពី​កន្លែង​ស្រុក​ផ្សេង ហើយ​អ្នក​មូលដ្ឋាន​មាន​តែ​ ២ ទៅ ៣ នាក់​ប៉ុណ្ណោះ។ ក្រោយ​ពី​បង្រ្កាប រថយន្ត​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សួន​អាពាហ៍​ពិពាហ៍​របស់​រដ្ឋបាល​ព្រៃឈើ។ ទោះ​យ៉ាង​ណា មន្រ្តី​ជំនាញ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ឈើ​អុស​នោះ​ទេ។

លោក នាង សូវ៉ាត អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា ឈើ​អុស​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ឈ្មួញ​ដឹក​លក់​បន្ត​ទៅ​ប្រទេស វៀតណាម ដែល​គេ​អាច​យក​ទៅ​កែច្នៃ​ធ្វើ​គ្រឿង​សង្ហារឹម​ក៏​មាន​ដែរ។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត បុរស​ពីរ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ និង​ឈើ​ចំនួន ១៤ ដុំ​ស្មើ​នឹង ២៥ ម៉ែត្រ​គូប ត្រូវ​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត កំពង់ស្ពឺ ​កាល​ពី​ម្សិល​មិញ បន្ទាប់ពី​ពួកគេ​ទាំង​ពីរ​នាក់​បាន​បើក​រថយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ប្រភេទ​ម្រេញ។

លោក​ ជូ សារុន មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត កំពង់ស្ពឺ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ ស្រុក ថ្ពង ​សហការ​ជាមួយ​កង​កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​រថយន្ត​ដឹក​ឈើ ១​គ្រឿង នៅ​ចំណុច​ភូមិ​អូរដា ឃុំអម​លាំង ស្រុក​ថ្ពង ខេត្ត កំពង់ស្ពឺ។

លោក​បន្តថា រថយន្ត​ដែល​បង្រ្កាប​បាន​ខាង​លើ​នេះ​ម៉ាក​ហ៊ីយិនដាយ ចំណុះ ៨ តោន​ ពណ៍​ត្រេអ៊ី ពាក់​ស្លាក​លេខ​តាកែវ 3A:1571 ផ្ទុក​ទៅ​ដោយ​ឈើ​ប្រភេទ​ម្រេញ​ជា​ជ្រុង​ចំនួន ២៥ ដុំ ស្មើ​និង ១៤,019 ម៉ែត្រ​គូប។ នៅ​ក្នុង​ករណី​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ខាង​លើ​នេះ កង​កម្លាំង​រាជ​អាវុធ​ហត្ថ​បាន​ឃាត់​ខ្លួន​បាន​មនុស្ស ២ នាក់​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «បច្ចុប្បន្ន មនុស្ស​ត្រូវ​បាន​បញ្ជូន​មក​កង​រាជអាវុហត្ថ​ខេត្ត កំពង់ស្ពឺ ដើម្បី​ធ្វើ​ការ​សួរ​នាំ​រី​ឯ​ឈើ និង​រថយន្ត​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុហត្ថ​ស្រុកថ្ពង ធ្វើ​ការ​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់​ការ​បន្ត​តាម​និតិវិធី​ច្បាប់»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s