ស្រូវ​ស្រែ​រាប់ពាន់​ហិកតា​ត្រូវ​ទឹកជំនន់​ជន់​លិច

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ទឹកជំនន់​ដែល​កំពុង​ជន់​លិច​នៅ​ខេត្ត​បន្ទាយមានជ័យ​។ រូបថត សហការី

បន្ទាយមានជ័យៈ ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច និង​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​ជាច្រើន​ពាន់​ហិកតា​របស់​ប្រជាកសិករ​នៅ​ក្នុង​ស្រុក-ក្រុង​ចំនួន​ ៤ រួមមាន​ស្រុក​ម៉ាឡៃ​ស្រុក​អូរជ្រៅ ស្រុក​មង្គលបូរី និង ក្រុង​សិរីសោភ័ណ​។

លោក ស៊ាង វ៉ាន់សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ដំណាំ​ស្រូវ​ចំនួន ១៨៣៥ ​ហិកតា​កំពុង​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ដងអូរ និង​ដៃ​ស្ទឹង​នានា​នៃ​ខេត្ត​ប៉ៃលិន និង បាត់ដំបង ពិសេស​ពី​តំបន់​អូរ​ព្រំដែន​កម្ពុជា-​ថៃ​។

លោក​ វ៉ាន់សេដ្ឋ បាន​បញ្ជាក់​ថា​៖ «​ដំណាំ​ស្រូវ​ដែល​កំពុង​រង​ការ​លិចលង់​ទាំង​នោះ​ជា​ប្រភេទ​ស្រូវស្រាល​។ បើ​ការ​លិចលង់​ត្រូវ​បាន​អូសបន្លាយ​ក្នុង​រយៈពេល​យូរ​លើស​ពី​មួយ​សប្ដាហ៍​នោះ​វា​អាច​នឹង​រង​ការ​ខូចខាត​ទាំង​ស្រុង​តែ​ម្ដង ហើយ​នេះ​ជា​អ្វី​ដែល​យើង​កំពុង​ព្រួយបារម្ភ ខណៈ​មេឃ​នៅ​តែ​បន្ត​ភ្លៀង​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក យ៉ឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ​កម្ពស់​ទឹក​នៅ​អាងអូរខៃដន​ក្រុង​ប៉ោយប៉ែត​បាន​ហក់​ឡើង​ដល់ ៤,៣៣ ​ម៉ែត្រ​ប្រកៀក​ទៅ​នឹង​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​ ៥,០០ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ស្ទឹង​សិរីសោភ័ណ​បាន​ហក់​ឡើង​ដល់ ៦,៩៣ ម៉ែត្រ​ប្រកៀក​កម្រិត​ត្រូវ​ប្រកាសអាសន្ន ៧,៨ ម៉ែត្រ និង កម្ពស់​ទឹក​ក្នុង​អាង​ស្ពាន​ស្រែង​បាន​ជន់​ឡើង​ដល់​ ១៣,៨៥ ​ម៉ែត្រ ដែល​ចំណុច​ត្រូវ​ប្រកាស​អាសន្ន​គឺ​ ១៤,៣០ ម៉ែត្រ និង​នៅ​អាង​ត្រពាំងថ្ម កម្រិត​ទឹក​ហក់​ឡើង​ដល់ ១៨,១៨ ម៉ែត្រ​ដែល​កម្រិត​ត្រូវ​ប្រកាសអាសន្ន​គឺ​ ១៨,៥០ ម៉ែត្រ​។

លោក យ៉ឹម ប៊ុនរ៉ុម បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​ ២ ​ទៅ​ ៣ ​ថ្ងៃ​ទៀត​នោះ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​នឹង​ត្រូវ​រង​ការ​ជន់​លិច​បន្ថែម​ទៀត​ហើយ​ស្រូវ​សន្ទូង​ជាច្រើន​ពាន់​ហិកតា​របស់​ប្រជាកសិករ​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ​នឹង​ត្រូវ​រង​ការ​ជន់​លិច​បន្ថែម​ទៀត​»​។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ថា​ព្យុះ​ទីហ្វុង​មួយ​ឈ្មោះ ខាណុន ដែល​បាន​វិវឌ្ឍ​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ដែល​កំពុង​តែ​រំកិល​ខ្លួន​អូស​កាត់​ប្រទេស​ហ្វីលីពីន​ដែល​នឹង​មក​ដល់​តំបន់​ឆ្នេរ​ប្រទេស​វៀតណាម​នា​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​នឹង​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​ ២២ ខែ​តុលា​ខាង​មុខ​។

លោក លឹម គានហោ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​មេគង្គ និង តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប​នៃ​ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង ហើយ​រលក​សមុទ្រ​អាច​នឹង​មាន​កម្ពស់​ខ្ពស់​ដែល​ប្រជានេសាទ​សមុទ្រ និង ទេសចរ​សមុទ្រ​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ឬ​ផ្អាក​ការ​នេសាទ និង​ដំណើរ​កម្សាន្ត​មួយ​រយៈ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s