អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ជញ្ជូន​ទ្រព្យសម្បត្តិ​ចេញពី​ភូមិ​ចាស់

ប្រភព៖ វិទ្យុអាស៊ីសេរី

ទិដ្ឋភាព​ទឹកជំនន់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ភូមិ​ស្រែគរចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី១៣ ខែ​តុលា ឆ្នាំ ២០១៧។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង រស់នៅ​ភូមិ​ស្រែគរ​ចាស់ និង​ភូមិ​ក្បាល​រមាស​ចាស់ ស្រុក​សេសាន​ខែត្រ​ស្ទឹងត្រែង ត្រូវ​ប្រញាប់​រុះរើ​ផ្ទះ​សម្បែង និង​ជញ្ជូន​សម្ភារៈ​ចេញពី​តំបន់​នោះ ឲ្យ​មុន​ថ្ងៃទី៣១ ខែ​ធ្នូ ខាងមុខ។ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​កំណត់​យក​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ ២០១៧ ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃទី១១ តុលា បញ្ជាក់​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា​ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នឹង​ផ្ដើម​បិទ​ទឹក​បន្ថែម ដើម្បី​រក្សា​ទឹក​ទុក​ផលិត​ថាមពល​អគ្គិសនី​តួប៊ីន​ទី១ នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ហើយ​ការ​បិទទ្វារ​ទឹក​បន្ថែម​នេះ កម្ពស់​ទឹកនឹង​ឡើង​លិច​ភូមិ​ស្រែគរ​ចាស់ និង ក្បាល​រមាស​ចាស់​ទាំងស្រុង ដែល​នឹង​លិចលង់​ផ្ទះសម្បែង និង​អាច​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជាដើម។ ជាងនេះទៀត ក្នុង​ករណី​ដែល​ពលរដ្ឋ នៅ​ពុំ​ទាន់​ទទួល​សំណង គណៈកម្មការ​ខែត្រ និង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់ ផលប្រយោជន៍​របស់​ពលរដ្ឋ​នោះ​ទេ។ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ចូល​ទៅ​កាន់​តំបន់​នោះ​ឡើយ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ដែល​ប្រការ​នេះ ពួក​អ្នកភូមិ​ថា ជា​លេស​ដើម្បី​មិន​អោយ​ពួក​អ្នក​ខាងក្រៅ និង​អ្នកសារព័ត៌មាន​ចូល​ទៅ​ជួប ឬ​ជួយ​ពួកគាត់។

ទោះជា​យ៉ាងណា មេឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ តុលា ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​បាន​ចុះ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ និង​ត្រៀម​ទូក​ជា​មធ្យោបាយ​ជួយ​ដឹកជញ្ជូន​សម្ភារៈ​នានា​ចេញទៅ​ទី​ទួល​ខ្ពស់ ហើយ​មក​ទល់​ពេល​នេះ ពុំ​មាន​ពលរដ្ឋ និង​កុមារ​ណា​ម្នាក់​មាន​គ្រោះថា្នក់​ដោយសារ​ទឹកជំនន់​នៅឡើយ​ទេ។ រីឯ​ក្រុមហ៊ុន​បាន​ចុះ​តំបន់​នោះ​ប្រចាំការ ២៤​ម៉ោង ដើម្បី​ត្រៀម​វាស់វែង​ផ្ដល់​សំណង​ជូន​ពលរដ្ឋ ប្រសិនបើ​ពលរដ្ឋ​ប្ដូរ​ឥរិយាបថ​ទទួល​សំណង៖ «យើង​រៀបចំ​កម្លាំង ដើម្បី​ជួយ​តែម្ដង​ក្នុង​ពេល​ប្រការ​ណាមួយ គាត់​មិន​អាច​នៅ​ភូមិ​បាន។ គោលការណ៍​របស់​ខែត្រ​មាន​ជម្រើស​ពីរ បើ​គាត់​ចង់​នៅ​ចម្ការ​គាត់​ឲ្យ​គាត់​នៅ​បាន បើ​គាត់​ចង់​យក​សំណង​អាច​ឡើងផ្ទះ​ថ្មី»។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s