អ្នកភូមិ​ថា​ក្រុមហ៊ុន​សង់​ស្ពាន​បណ្ដែត​ទឹក​ដឹក​ឈើ​ពី​បាត​អាង​អគ្គិសនី​សេសាន​ក្រោម​ពីរ

ប្រភព៖ វិទ្យុអាស៊ីសេរី

ឈើ​បេង​ដែល​អ្នក​ភូមិ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លក់​ឲ្យ​ឈ្មួញ​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided

អ្នកភូមិ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅតែ​ប្រទះឃើញ​ការ​ចរាចរណ៍​ឈើ​ទ្រង់ទ្រាយ​ធំ ឆ្លងកាត់​ទន្លេ​ស្រែពក ក្នុង​តំបន់​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើ​ទោះ​បី​ជា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្ថាបនា​រួចរាល់​ហើយ​ក្ដី។ ពួកគាត់​ថា ក្រុមហ៊ុន​សំអាត​បាត​អាង​បាន​សាងសង់​ស្ពាន​បណ្ដែត​ទឹក​មួយ ឋិត​នៅ​ខាងក្រោម​ទំនប់ ទំនងជា​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លង​ទន្លេ ចូល​ក្នុង​ផ្ទៃ​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់។

អ្នកភូមិ​ស្រែគរ និង​កម្មករ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ សង្ស័យ​ថា ការ​ស្ថាបនា​ស្ពាន​បណ្ដែត​ទឹក​របស់​ក្រុមហ៊ុន​ចិន កាលពី​សប្ដាហ៍​មុន ឋិត​នៅ​ខាងក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​បំណង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ផ្ទៃ​អាង ត្បិត​ការ​ដឹក​ជញ្ជូន​ឈើ​លើ​ខ្នង​ទំនប់​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ហាមឃាត់​ដោយសារ​ទំនប់​សាងសង់​រួចរាល់។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរចាស់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ តុលា ថា អ្នកភូមិ​នៅ​តែ​ប្រទះឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​តាម​ទូក​ធំៗ ពី​ត្រើយម្ខាង​នៃ​ទន្លេ​ស្រែពក ដោយ​មាន​រថយន្ត​យីឌុប​ធំៗ ចាំ​ទទួល​ដឹក​ចេញ​ក្រៅ។ លើស​ពី​នេះ ក្នុង​តំបន់​បាត​អាង​ក៏​មាន​រោង​ម៉ាស៊ីន​ច្រៀក​ឈើ​មូល​ធំៗ​ពី​កន្លែង ត្រៀម​អារ​ច្រៀក។

កម្មករ​ដែល​ធ្វើការ​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ជួល​ក្រុមហ៊ុន​ចិន​ក្នុង​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ ដើម្បី​ស្ថាបនា​ស្ពាន​បណ្ឌិត​ទឹក​ចល័ត​មួយ ដែល​មាន​លទ្ធភាព​ដឹកជញ្ជូន​ឈើ​រាប់​សិន​តោន​ឆ្លងកាត់​ទន្លេ​ស្រែពក។ លោក​ថា ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ ដឹក​ឈើ​ឆ្លងកាត់​ស្ពាន​នោះ ច្រើន​គ្រឿង ដែល​ទំនង​យក​ទៅ​ក្រៅ​ប្រទេស។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២។

មេឃុំ​ស្រែគរ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ និយាយ​ថា ឋានៈ​ត្រឹម​ជា មេឃុំ​ពុំ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​បាន​នោះ​ទេ បាន​ត្រឹម​តែ​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​ថ្នាក់​លើ​ឆ្លើយ​ថា ក្រុមហ៊ុន​សំអាត​បាត​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ លោក​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ​គឺជា​ពិត ខណៈ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​នៅតែ​ជា​ក្ដី​បារម្ភ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់ថា នៅ​គ្រា​ដែល​ទំនប់​ស្ថាបនា​រួច ក្រុមហ៊ុន​បាត​អាង​ប្រហែលជា​អស់​លេស ដើម្បី​បន្លំ​ឈើ​ពី​ក្រៅ​ចូល​ផ្ទៃ​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់​នោះ​ទេ ហេតុនេះ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខែត្រ គួរតែ​ត្រួត​ពិនិត្យ ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នោះ។

លោក ហូ សំអុល ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ដែរ ខណៈ​ដែល​លោក​រក​ឃើញ​ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញកណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ក្រៅ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s