បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ៖ ការ​បន្ត​ឃុំ​ព្រះអង្គ ហន សុផាន្នី ជា​រូបភាព​គំរាមកំហែង

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ខេត្ត​បាត់ដំបង លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​អតីត​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ជុំវិញ​សំណុំ​រឿង​កាន់​កាំភ្លើង​ជ័រ​នោះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​សិក្សា និង​ការ​រស់​នៅ​របស់​ជនជាប់ចោទ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ព្រះសង្ឃ ព្រះនាម ហន សុផានី្ន កាល​​ពី​ថ្ងៃ​ទី​៤ ធ្នូ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ខេត្ត​បាត់ដំបង យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ ហន សុផានី្ន គឺ​ជា​រូបភាព​គំរាមកំហែង មិន​ចង់​ឱ្យ​ព្រះសង្ឃ​ផ្សេង​ទៀត ចូលរួម​ការងារ​សង្គម និង​ជា​ចេតនា​ផ្នែក​នយោបាយ​ច្រើន​ជាង។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ឡុញ សុខជា មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​៥ ធ្នូ ថា ព្រះអង្គ​ខក​ព្រះទ័យ​នៅ​ពេល​តុលាការ​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ និង​ស្នើ​ឱ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​អតីត​សមាជិក​របស់​ខ្លួន។ ព្រះអង្គ​បន្ត​ថា ការ​បន្ត​ឃុំខ្លួន​ព្រះអង្គ ហន សុផានី្ន គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជនជាប់ចោទ ដូចជា​មិន​អាច​បន្ត​ការ​សិក្សា។ ព្រះអង្គ​បញ្ជាក់​ថា មេធាវី​របស់​អតីត​ព្រះសង្ឃ​អង្គ​នេះ បាន​អះអាង​ប្រាប់​មន្ត្រី​តុលាការ​ទៀត​ថា នឹង​សហការ​ជាមួយ​តុលាការ​គ្រប់​ពេល ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​បដិសេធ។

ព្រះអង្គ​ហៅ​ការ​បន្ត​ឃុំ​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ និង​អយុត្តិធម៌ ត្បិត​ការ​ចោទ​ប្រកាន់​ព្រះអង្គ​កន្លង​មក​គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ឡើយ៖ «បើ​សិន​តុលាការ​ឱ្យ​នៅ​ក្រៅ​ឃុំ លោក​នឹង​មាន​ឱកាស​បាន​បន្ត​ការ​សិក្សា ហើយ​នឹង​សហការ​ធ្វើ​ការ​ជាមួយ​តុលាការ​ដដែល ប៉ុន្តែ​តុលាការ​បាន​បដិសេធ ដោយ​លើក​ឡើង​ថា មាន​ការ​លំបាក ខ្លាច​មាន​ការ​រត់​គេច​ខ្លួន​ជាដើម»។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរីស ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​២១ មិថុនា និង​ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​មួយ​នេះ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ មិថុនា​ ក្រោម​បទ​ចោទ​ពីរ​ករណី​ គឺ​ពី​បទ​ដឹក​ជញ្ជូន​​ និង​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ប៉ុន្តែ​​កន្លង​មក​ស្ថាបនិក​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើប​អង្កេត​ច្បាស់​លាស់​ ពីព្រោះ​កាំ​ភ្លើង​ដែល​ព្រះអង្គ​ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (FaceBook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លែង​ពុំ​មែន​ជា​អាវុធ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​នៅ​ពេល​តុលាការ​កំពូល​សម្រេច​បដិសេធ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​អតីត​ព្រះសង្ឃ ហន សុផានី្ន។ លោក​មើល​ឃើញ​ថា ករណី​ព្រះអង្គ​លេង​កាំភ្លើង​ជ័រ​នោះ គឺ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​បង្ក​ជា​បទល្មើស​អ្វី​នោះ​ទេ ហើយ​គួរ​តែ​អនុញ្ញាត​ឱ្យ​​ព្រះអង្គ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «អ្នក​ដែល​ប្រើប្រាស់​នូវ​អាវុធ​ពិត​ក្នុង​ការ​គំរាមកំហែង ហើយ​អាជ្ញាធរ​មិន​បាន​ស្រាវជ្រាវ​រក​ឃើញ​ទេ ហើយ​អ្នក​ដែល​ប្រើប្រាស់​អាវុធ​ជ័រ​ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទាទោស នាំ​ឲ្យ​សាធារណជន​គេ​មើល​ទៅ​ហាក់​បីដូច​ការ​អនុវត្ត​ច្បាប់​វា​មិន​ស្មើភាព​គ្នា​ ហើយ​ការ​ផ្ដល់​យុត្តិធម៌​ក៏​វា​មិន​ស្មើ​ភាព​គ្នា​ដែរ»។

កន្លង​មក​ធ្លាប់​មាន​ការ​​បង្ហោះអាវុធ និង​គ្រាប់​កាំភ្លើង​ពិត​ចំនួន ៧​គ្រាប់​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) ​ឈ្មោះ ផែង វណ្ណៈ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ ដែល​បាន​គំរាម​បាញ់​សម្លាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​សំណុំ​រឿង​នេះ មិន​បាន​ឈាន​ដល់​ការ​ចាប់​ចង ឬ​ចោទ​ប្រកាន់​ណា​មួយ​នោះ​ទេ។

លោក អំ សំអាត យល់​ថា ការ​ដោះលែង​អតីត​ព្រះសង្ឃ​អង្គ​នេះ ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នឹង​អាច​ឱ្យ​ព្រះអង្គ​មាន​ឱកាស​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា ម្យ៉ាង​អាច​ឱ្យ​ព្រះអង្គ​បាន​ទៅ​ចូល​រួម​កិច្ច​ការងារ​សង្គម ដូចជា​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ការពារ​ធនធាន​ធម្មជាតិ និង​អាច​សម្រាល​បន្ទុក​របស់​រដ្ឋ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភព៖ RFA

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s