អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​រដ្ឋាភិបាល​យល់​ផ្ទុយ​គ្នា​​ចំពោះ​​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ក្រុមអ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ខ្វែង​គំនិត​គ្នា​ ​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ ​ក្រោយ​ការ​រំលាយ​បក្ស​ជំទាស់​សង្គ្រោះជាតិ​ ការ​បង្ក្រាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក។

ការ​បញ្ចេញ​មតិ​ផ្ទុយ​គ្នា​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​កើត​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ នៅ​ឆ្នាំ​២០១៧​នេះ។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ គិត​តាំង​ពី​ការ​រំលំ​នៃ​របប​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃទី​៧ ខែ​មករា​ ឆ្នាំ​១៩៧៩​ និង​ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ​ឆ្នាំ​១៩៩១​ ​យ៉ាង​ដូច្នេះ៖

«អា​រឿង​ប្រាំពីរ​មករា​ នរណា​ក៏​គេ​ទទួល​ស្គាល់​ដែរ​ទាក់ទង​នឹង​ការ​រំដោះ​ប្រជាពលរដ្ឋ​អី​រួច​ផុត​ពី​របប​ខ្មែរក្រហម​អី​ ប៉ុន្តែ​ក្រោយ​ឆ្នាំ​ ១៩៩១​ កម្ពុជា​យើង​បាន​ក្លាយ​ជា​… ជា​រដ្ឋ​ភាគី​ ដែល​ត្រូវ​គោរព​ទៅ​តាម​ …មាន​កាតព្វកិច្ច​គោរព​ទៅ​តាម​ អ្វី​ដែល​កម្ពុជា​យើង​បាន​ផ្តល់​សច្ចាប័ន​និង​ផ្តល់​ហត្ថលេខី​ ទៅ​បទដ្ឋាន​អន្តរជាតិ​ ស្តី​អំពី​សិទ្ធិ​មនុស្ស​ ហើយ​រដ្ឋធម្មនុញ្ញ​យើង​មាន​ចែង​ អីចឹង​ កម្ពុជា​យើង​ត្រូវ​តែ​អនុវត្ត​តាម​ឲ្យ​បាន​ហើយ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​អ្នក​សារព័ត៌មាន​ កុំ​ឲ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​ រង​នូវ​ហានិភ័យ​នៃ​ការ​គំរាមកំហែង​ ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ អា​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ»។

ស្រដៀង​គ្នា​នោះ​ដែរ​ ក្រុម​សហគមន៍​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​១០០​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ពណ៌នា​អំពី​ការ​វិវត្ត​ចុង​ក្រោយ​នៃ​បរិយាកាស​សិទ្ធិ​មនុស្ស​ ដោយ​ផ្តើម​ចេញ​ពី​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ ​និង​ការ​យាយី​ខាង​ច្បាប់​មក​លើ​សកម្មជន​ការពារ​សិទ្ធមនុស្ស។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ជន​រងគ្រោះ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចុង​ក្រោយ​នេះ​ គឺ​ជា​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​រួម​មាន​លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ដោយ​អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១៥ឆ្នាំ។​ មក​ទល់​ពេល​នេះ​ មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ណាមួយ​ ត្រូវ​បាន​លើក​ឡើង​ដើម្បី​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ពីរ​ទេ»។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ឲ្យដឹង​ថា​ ក្រៅ​ពី​នេះ​ សមាជិក​គណៈកម្មាធិការ​រៀបចំ​ពិធី​បុណ្យ​សព​លោក​ ​កែម ឡី​ រួម​មាន​ ​លោក​ មឿន​ តុលា​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ​(សង់​តា្រល់)​ លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​និង​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ​ដើម្បី​យុត្តិធម៌​ ត្រូវ​បាន​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ខែ​មុន​ ដើម្បី​សាកសួរ​ជុំវិញ​ ការ​ចោទ​ប្រកាន់​ពី​ការ​កិបកេង​ បច្ច័យ​បុណ្យ​សព​លោក​ បណ្ឌិត​ កែម ឡី។

​ក្រុម​សហគមន៍​និង​អង្គការ​ទាំង​នោះ​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ឲ្យ​ដឹង​បន្ត​ថា​ អ្នក​ហ៊ាន​និយាយ​រិះគន់​ផ្សេង​ទៀត​ ត្រូវ​បាន​បំបិទ​សំឡេង​បន្ទាប់​ពី​ចាត់​ទុក​ថា ​បាន​ធ្វើ​ការ​រិះគន់​លើ​អាជ្ញាធរ​ ហើយ​សហគមន៍​ និង​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ត្រូវ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​ផង​ដែរ។

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ មិន​មាន​ការ​យល់​ស្រប​ចំពោះ​ការ​អះអាង​របស់​សហគមន៍​និង​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ។ លោក​បាន​ប្រាប់​ VOA ​ថា​ ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ហូរហៀរ​ ហើយ​ប្រជាធិបតេយ្យ​ក៏​កាន់​តែ​ទូលំទូលាយ​ ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា​ ឆ្នាំ​ ១៩៧៩។​

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

«យើង​ឃើញ​ថា​ ក្រោយ​តែ​មានរបប​សេរីបក្ស​ ពហុបក្ស​នេះ​ ហាក់​ដូច​ជា​ យើង​បើក​ទ្វារ​ចំហ បើក​បង្អួច​ចំហ។ អីចឹង ​ឆ្លង​តាម​រយៈ​ហ្នឹង​ ក៏​យើង​ឃើញ​ហើយ​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ កាន់​តែ​ទូលំទូលាយ​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កាន់​តែ​ទូលំទូលាយ​ រហូត​ទៅ​ដល់​មាន​ការ​ហូរ​ចូល​ជំងឺ​អេដស៍​ក៏​មាន​ ដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ទេ។ បាទ​ហើយ​ក្រៅ​ពី​នោះ​ យើង​ឃើញ​ហើយ​ថា​ ការ​បញ្ចេញ​មតិ​ ការ​សរសេរ​ ការ​និពន្ធ​ ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​ផ្សេងៗ​នោះ​ វា​ទូលំទូលាយ​ពេក​ទៅ​ហើយ ដោយ​មិន​បាន​ត្រួតពិនិត្យ​ខ្លឹមសារ​ ការ​សរសេរ​ ការ​ផ្សាយ​នេះជាមុន​ទេ​បាទ ​បើ​គ្រាន់​ថា​មាន​ការ​ខុស​ឆ្គង​គ្រាន់​តែ​អាជ្ញាធរ​របស់​រដ្ឋ​ហ្នឹង គឺ​បញ្ជា​ឲ្យ​កែតម្រូវ​តែ​ប៉ុណ្ណោះ​ អានេះ​ហើយ​វា​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​សិទ្ធិ​ខាង​ការ​បញ្ចេញ​មតិ​នេះ​ ក៏​វា​មាន​លក្ខណៈ​ទូលំទូលាយ​ ក្នុង​បរិបទ​កម្ពុជា​ ក៏ប៉ុន្តែ​ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ ឃើញ​ថា ​លក្ខណៈ​ហ្នឹង​វា​ទូលំទូលាយ​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត»។

លោក​ សុខ ឥសាន​ បាន​រៀបរាប់​បន្ត​ថា៖

«បាទ​រហូត​ទៅ​ដល់​វា​ទូលំទូលាយ​ពេក​ទៅ​ វាទៅ​ជា​ចង់​ទៅ​បង្កើត​អំពើ​អនាធិបតេយ្យ ផឹក​ស្រា​ស្រវឹង​បើក​ទៅ​បុក​គេ​ហើយ​ អា​ហ្នឹង​គឺ​ថា​ ប៉ូលីស​ កម្រ​នឹង​មាន​ការ​ចាប់​វាយ​ខ្នោះ​ណាស់​ បើ​ដូច​ប្រទេស​ជឿន​លឿន​ខ្លះ​ហ្នឹង​គ្រាន់តែ​ ឆ្លុះ​ឃើញ​ថា​ ផឹក​ស្រា​បើក​ឡាន​ហ្នឹង​ គេ​វាយ​ខ្នោះ​បាត់​ទៅ​ហើយ។ អា​ហ្នឹង​ហើយ​ដែល​ថា​ សរ​បញ្ជាក់​ថា​ សិទ្ធិ​មនុស្ស​ ឬមួយ​ក៏​សេរីភាព​នៅ​កម្ពុជា​ វា​ទូលំទូលាយ​ដល់​ថ្នាក់​ហ្នឹង»។

លោក​ សុខ ឥសាន​ ក៏​បាន​ថ្លែង​ដល់​ការ​ចោទប្រកាន់​របស់​តុលាការ​ទៅ​លើ​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា​ ជា​ការ​រក​ឃើញ​នូវ​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយសារ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ពី​ឧបាយកល​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ក៏ប៉ុន្តែ​ ក្រុម​សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ជាង​ ១០០​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដោយ​បាន​បរិយាយ​ពី​ដំណើរ​ចាក​ឆ្ងាយ​របស់​កម្ពុជា​ លើ​គន្លង​លទ្ធិប្រជាធិបតេយ្យ​ថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សង្គម​ស៊ីវិល​ និង​ការ​រំលាយ​គណបក្ស​ជំទាស់​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ហាមឃាត់​ ឬ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​រិះគន់​មួយ​ចំនួន​ ដែល​ភាគច្រើន​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ីសេរី​ (RFA) ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ ​និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ​ក៏​ដូច​ជា​ការ​បង្ខំ​ឲ្យ​បិទ​កាសែត​ The Cambodia Daily​ ជាដើម។​

ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​នោះ​ ប្រទេស​ចិន​កុម្មុយនិស្ត បាន​ចេញមុខ​ ប្រកាស​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ហើយ​ថា​ ចិន​នឹង​ធ្វើ​ជា​ខ្នង​បង្អែក​ការពារ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន ​ផង​ដែរ។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ព្រួយ​បារម្ភ​ពី​ដំណើរ​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ នៅ​ពេល​កម្ពុជា​ ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​ផ្ញើ​វាសនា​លើ​ចិន​កុម្មុយនិស្ត ដែល​គេ​ដឹង​ថា​ ​មិន​ផ្តល់​តម្លៃ​ដល់​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

«ប្រទេស​កម្ពុជា​ យើង​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ពេញលេញ​ អា​ហ្នុង​គឺ​យើង​មិន​អាច​ ចាប់​យក​តែ​ចិន​មួយ​បាន​ទេ​ ពីព្រោះ​ ជា​នយោបាយ​ យើង​ត្រូវតែ​សហការ​ជាមួយនឹង​ប្រទេស​ផ្សេងៗ​ ដែល​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​យើង​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ អះអាង​ថា​ ស្ថានភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បន្តប្រែ​ប្រួល ទៅ​តាម​បរិយាកាស​នយោបាយ​ ពោល​គឺ​ស្ថានភាព​ទាំង​នេះ​នឹង​ល្អ​ប្រសើរ​ពេល​ដែល​អ្នក​នយោបាយ​ត្រូវរ៉ូវ​គ្នា​ តែ​ស្ថានភាព​ទាំងនេះ​ នឹង​អាប់អួរ​ពេល​ដែល​វិវាទ​នយោបាយ​កើត​ឡើង។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​ ៣០ឆ្នាំ​ បាន​ថ្លែង​ថា ​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ឈរ​លើ​គោលការណ៍​អព្យាក្រឹត ​ដោយ​រដ្ឋាភិបាល​មិន​បាន​ងាក​ទៅ​ស្និទ្ធ​នឹង​បរទេស​ណា​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​ កម្ពុជា​រាប់​អាន​ប្រទេស​តូច​ធំ​ទាំងអស់​ជា​មិត្ត​ ដោយ​ផ្អែក​លើ​គោលការណ៍​ឯករាជ្យភាព​ និង​អធិបតេយ្យភាព​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ឡើយ។

ដោយឡែក​ លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ថ្លែង​កោត​សរសើរ​ពី​វីរភាព​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំពោះ​ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​នាំ​មក​ឲ្យ​កម្ពុជា​នូវ​សន្តិភាព​ ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម។

លោក​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ Fresh News​ ដែល​គេ​ដឹង​ថា ​មាន​និន្នាការលម្អៀង​ទៅ​រក​រដ្ឋាភិបាល​កម្ពុជា ដកស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖

«សន្តិភាព​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​សន្តិភាព​បង្កើត​ឱកាស​ឲ្យ​ប្រទេស​ជាតិ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ជា​ដើម។ ដូច្នេះ​ហើយ​សម្តេច​តេជោ ហ៊ុន សែន ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិភាព​ ដោយ​សារ​កម្ពុជា ធ្លាប់​ទទួល​ភាព​មហន្តរាយ​ ដោយ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។ សម្តេច​តេជោ បាន​ទប់ស្កាត់​រាល់​បាតុភាព​ណា​នាំ​ឲ្យ​ប្រទេស​ទៅ​រក​ភាព​ចលាចល ជា​ពិសេស​បាន​ទប់ស្កាត់​ជន​មួយ​ចំនួន​តូច យក​រូបភាព​នៃ​សិទ្ធិ​មនុស្ស មាន​គំនិត​ចង់​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឲ្យ​ទទួល​បរាជ័យ»។

លោក​ ហ៊ុន សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​មាន​អ្នក like ឬ​ ចូលចិត្ត​ជាង៩លាន​នាក់​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ តាម​ន័យ​ដើម​ថា៖​

«យើង​ចាំ​បាន​ថា “៧​ថ្ងៃ​ក្នុង​១​អាទិត្យ” ​ចាប់​ពី​ថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់ រួម​ទាំង​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ទទួល​ទាន​អាហារ​គ្រប់គ្រាន់។ តែ​ថ្ងៃ​អាទិត្យ​ ទី១០​ធ្នូ​នេះ គឺ​ជា​ថ្ងៃ​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ពលរដ្ឋ​ទូទាំង​ពិភពលោក​បាន​ចូលរួម​អបអរសាទរ។ ថ្ងៃ​៧ មករា ១៩៧៩ គឺ​បាន​នាំ​មក​វិញ​នូវ​សិទ្ធិ​សេរីភាព​ និង​វឌ្ឍនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ»។

អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​សាកល​យល់​ផ្ទុយ​ពី​លោក ​ហ៊ុន សែន​ ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​ដំណើរ​វិវត្ត​ខាង​នយោបាយ​នៅ​កម្ពុជា។

​អ្នកស្រី​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ និង​ដែល​ ​VOA ​ទទួល​ ដោយ​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ គួរ​ងាក​មក​រក​ផ្លូវ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​របស់​ខ្លួន​ ហើយ​ធានា​ឲ្យ​មាន​សេរីភាព​ពេញលេញ​ ដល់​សង្គម​ស៊ីវិល​ និង​អ្នក​សារព័ត៌មាន​ឲ្យ​ពួកគេ​អាច​ធ្វើ​ប្រតិបត្តិការ​បាន។

អ្នកស្រី​ស្មីត​ ត្រូវ​បាន​ដកស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖​

«នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ឆ្លុះ​បញ្ចាំង​លើ​ផ្លូវ​ដែល​ប្រទេស​របស់​ខ្លួន​កំពុង​តែ​ធ្វើ​ដំណើរ។​ ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ទទួលយក​សង្គម​ស៊ីវិល​ដ៏​រស់​រវើក​ សូម្បី​តែ​សង្គម​ស៊ីវិល​ដែល​អាច​រិះគន់​រដ្ឋាភិបាល​ គឺ​មិន​គ្រាន់តែជា​សិទ្ធិ​មនុស្ស​ទេ​ វា​ថែម​ទាំង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ និង​សន្តិភាព​យូរ​អង្វែង​ផង​ដែរ»៕

ប្រភព៖ VOA 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s