ពលរដ្ឋ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​ ​​សុំ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​មាន​ជម្លោះ

ប្រភព : ភ្នំពេញ ប៉ុស្តិ៏

7-Land_2

ភ្នំពេញៈ ពលរដ្ឋ​ចំនួន​ ៧ ​នាក់​ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ចំនួន​ ៥៦ ​គ្រួសា​រស់នៅ​ភូមិ​ត្រពាំងទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​រ៉ែ​មាស Dellcom​។ គោលបំណង​របស់​ពួកគេ​គឺ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ដើម្បី​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី និង​សុំ​លុប​កិច្ចសន្យា​ដែល​ពួកគេ​​រស់នៅ​លើ​ដី​ក្រុមហ៊ុន​រ៉ែ​មាស​ឈ្មោះ Dellcom​។

 

ពួកគេ​បាន​ធ្វើការ​ចោទប្រកាន់​អាជ្ញាធរ​ភូមិ​ឈ្មោះ​ អ៊ុក ង៉ា​, មេឃុំ​ឈ្មោះ​ ប្រាក់ ផន និង​តំណាង​ក្រុមហ៊ុន​លោក​ ឡោ អាន ថា​បាន​បង្ខំ​បញ្ចុះបញ្ជូល និង​បន្លំ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​មួយ​កាលពី​ខែ​កក្កដា និង​សីហា​ឆ្នាំ​ ២០១៦​។

យោង​តាម​ញត្តិ​ដែល​ដាក់​ទៅ​ក្រសួង​បាន​ចោទប្រកាន់​ថា​អាជ្ញាធរ​ភូមិ-ឃុំ​ និង​ក្រុមហ៊ុន​បាន​កុហក​ថា​ស្នាម​មេដៃ​នោះ​គឺ​យក​ទៅ​ធ្វើ​ប្លង់ដី​រឹង​ឲ្យ​ពួកគេ​។ ប៉ុន្តែ​ជាក់​ស្តែង​គឺ​យក​ទៅ​ធ្វើ​កិច្ចសន្យា​ដោយ​មាន​ខ្លឹមសារ​ថា​ពលរដ្ឋ​ទាំងនោះ​កំពុង​តែ​រស់នៅ​អាស្រ័យ​ផល​លើ​ដី​ក្រុមហ៊ុន​ទៅ​វិញ​។

ញត្តិ​បាន​សរសេរ​ថា​៖ «​ដោយសារ​តែ​យើង​ខ្ញុំ​ជា​អ្នក​មិន​ចេះ​អក្សរ មិន​យល់​ពី​អត្ថន័យ​ខ្លឹមសារ​ក្នុង​កិច្ចសន្យា និង​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ភូមិ-ឃុំ​ផង​ទើប​យើង​ខ្ញុំ​យល់​ព្រម​បង្ខំ​ចិត្ត​ផ្តិត​ស្នាម​មេដៃ​លើ​កិច្ចសន្យា​»​។

លោក​ ប៉ុង សេងជឹង ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ៧ ​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្លះ​បាន​កាន់កាប់​លើ​ដី​សរុប​ជាង​ ១០០ ​ហិកតា (​ដែល​ភាគច្រើន​ជា​ដី​លំនៅឋាន​) ​តាំងពី​ឆ្នាំ​ ១៩៩៧ និង​ ២០១១ ​។ ប៉ុន្តែ​ក្រុមហ៊ុន​ទើប​តែ​ចូល​ទៅ​តំបន់​នោះ​ក្នុង​ឆ្នាំ​ ២០១៥ ​ទេ​។

លោក​ សេងជឹង ​ថា​៖ «​យើង​មិន​បាន​ពិនិត្យ​ឲ្យ​ច្បាស់លាស់​…​អ៊ីចឹង​សុំ​ដក​ស្នាម​មេដៃ​វិញ​។ ដី​ពលរដ្ឋ​កាន់កាប់ តែ​ម៉េច​បាន​ទៅ​ជា​យើង​ជា​អ្នក​អាស្រ័យ​ផល​លើ​ដី​ក្រុមហ៊ុន​ទៅ​វិញ​?»​។

ក្រៅពី​សុំ​លុប​ស្នាម​មេដៃ​វិញ​ពលរដ្ឋ​ក៏​បាន​សុំ​ឲ្យ​ក្រសួង​ដែនដី​ជួយ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួកគាត់​ផង​ដែរ​ដោយ​ចោទប្រកាន់​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ធ្វើ​ប្លង់​ឲ្យ​គាត់​។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ​។

លោក​មេភូមិ​ អ៊ុក ង៉ា ​បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​មិន​បាន​បង្ខិត​បង្ខំ និង​បន្លំ​ពលរដ្ឋ​ដើម្បី​យក​ស្នាម​មេដៃ​នោះ​ទេ​។

លោក​ អ៊ុក ង៉ា ​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​អាន​ឯកសារ​ឲ្យ​គាត់​ដែរ​។ កុំ​ឲ្យ​គេ​ថា​ក្រុមហ៊ុន​វិនិយោគ​យក​ដី​គាត់ អ៊ីចឹង​ខ្ញុំ​បាន​ឯកភាព​គ្នា​ជាមួយ​មេឃុំ​ធ្វើ​កិច្ចសន្យា​ឲ្យ​គាត់​កាន់​កាប់​ដី​នោះ​ទៅ​…​យើង​ទុក​ដី​ឲ្យ​គាត់​ដើម្បី​រស់រាន​មាន​ជីវិត​តទៅ​ទៀត​។ គ្មាន​អ្នក​យក​ដី​គាត់​ទេ​»​។

លោក​ពន្យល់​ថា​កិច្ចសន្យា​នោះ​បាន​ចែង​មិន​ឲ្យ​ភាគី​ពលរដ្ឋ និង​ក្រុមហ៊ុន​រំលោភ​លើ​ដី​គ្នា​ទៅវិញ​ទៅមក​ហើយ​អាជ្ញាធរ​ធានា​ទទួល​ខុសត្រូវ ប្រសិន​បើ​ក្រុមហ៊ុន​ទៅ​រំលោភ​យក​ដី​ពលរដ្ឋ​ដែល​បាន​ធ្វើ​កិច្ចសន្យា​រួច​ហើយ​នោះ​។

លោក​ថា​ អាជ្ញាធរ​ក៏​បាន​ចុះ​វាស់វែង​ដី​ឲ្យ​ពលរដ្ឋ​រួច​ហើយ​ដែរ ដែល​ ១ ​គ្រួសារ​មាន​ដី​ទទឹង​ពី​ ២០ ​ទៅ​ ៣០ ​ម៉ែត្រ និង​បណ្តោយ​ជាង​ ១០០ ​ម៉ែត្រ​ក៏​មាន​។

ដោយ​ឡែក​តំណាង​ក្រុមហ៊ុន​លោក​ ឡោ អាន ​វិញ​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Dellcom ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​សកម្មភាព​លើ​ផ្ទៃដី​ជាង​ ៣០០ ​ហិកតា​ដែល​កាត់​ចេញ​ពី​ដី​ក្រុមហ៊ុន​កសិកម្ម​មួយ​ឈ្មោះ​ Green Choice​។

លោក​ថា ​ពលរដ្ឋ​ដែល​កាន់កាប់​ដី​ជាក់ស្តែង​ត្រូវ​ក្រុម​និស្សិត​វាស់វែង និង​ចេញ​ប្លង់​ឲ្យ តែ​ពលរដ្ឋ​ដែល​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្រោយ​ឆ្នាំ​ ២០១៣ ​ចំនួន​ ៥៥ ​គ្រួសារ​គឺ​អាជ្ញាធរ​មិន​ចេញ​ប្លង់ដី​ឲ្យ​នោះ​ទេ​។

លោក​​ ឡោ អាន ​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​អ្នក​មាន​ដី​នៅ​នេះ​អត់​មាន​ទៅ​តវ៉ា​ទេ​។ មុន​ធ្វើ​កិច្ចសន្យា​ហ្នឹង​យើង​បាន​ប្រជុំ​ ៣-៤ ​ដង​។ ក្រុមហ៊ុន​យើង​មិន​បាន​បណ្តេញ​គាត់​ចេញ​ឯណា តែ​ធ្វើ​កិច្ចសន្យា​កុំ​ឲ្យ​ពង្រីក​ដី​បន្ថែម​»​។

លោក​ សាយ ដេត អធិការ​ស្រុក​រវៀង​បាន​អះអាង​ថា​មន្ត្រី​នគរបាល​ស្រុក​មិន​ដែល​បាន​ធ្វើការ​គំរាម​កំហែង​ដល់​ពលរដ្ឋ​នោះ​ទេ​។

លោក យស មុន្នីរ៉ាត់ ​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​មិន​ទាន់​បាន​ដឹង​ពី​ការ​ដាក់​ញត្តិ​នេះ​ទេ​។ ទោះ​យ៉ាង​ណា​លោក​​បាន​ឲ្យ​ដឹង​ថា​ដី​ពលរដ្ឋ​គ្មាន​​នៅក្នុង​ក្រុមហ៊ុន​ Dellcom ​ទេ​ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​តែ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ផង​ដែរ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s