អង្គការ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​២​រូប

ប្រភព : វិទ្យុអាស៊ីសេរី

សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អះអាង​ថា ពួកគេ​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សវនាការ​ជំនុំជម្រះ និង​នីតិវិធី​របស់​តុលាការ​ចំពោះ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​កំពុង​ជាប់ពន្ធនាគារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​នោះ មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ និង​ទាមទារ​សាជាថ្មី​ឱ្យ​តុលាការ​ខេត្ត​កោះកុង ពិចារណា​ដោះលែង​ពួកគេ​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​វិញ។

 

ការ​បញ្ជាក់​ពី​ជំហរ និង​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ខណៈ​តុលាការ​ខេត្ត​កោះកុង គ្រោង​បើក​សវនាការ​ជំនុំជម្រះ​ក្តី​សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មករា ខាង​មុខ​នេះ។

​អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អ៊ិន គង់ជិត ថ្លែង​ថា ខាង​អង្គការ​លីកាដូ នឹង​ចូលរួម​តាមដាន​ដំណើរការ​សវនាការ​នេះ​ឱ្យ​បាន​ដិតដល់ ដើម្បី​ចង់​ដឹង​ថា តើ​ខាង​ភាគី​ដើម​បណ្ដឹង និង​តំណាង​អយ្យការ​មាន​ភស្តុតាង​ដាក់​បន្ទុក​អ្វី​ខ្លះ​ទៅ​លើ​សកម្មជន​ទាំង​ពីរ​នោះ ហើយ​ថា​តើ​ចៅក្រម​ជំនុំជម្រះ​នឹង​វិនិច្ឆ័យ​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

លោក អ៊ិន គង់ជិត ដែល​បាន​តាមដាន​រឿង​នេះ​ជា​ប្រចាំ​ឱ្យ​ដឹង​ថា លោក​មើល​មិន​ឃើញ​ថា សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​នោះ បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ ដោយសារ​តែ​ពួកគេ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ ដើម្បី​ចូលរួម​កិច្ចការពារ​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ត្រូវ​ទទួល​រង​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ទៅ​វិញ៖ «»។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ មក​ម្ល៉េះ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​បាន​ជិះ​ទូក​ថតរូប​ភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា មេ​បន​ល្បែង​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជាច្រើន​ឆ្នាំ​មក​ហើយ។

​សកម្មជន​បរិស្ថាន​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ។

មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​នីតិវិធី និង​ការ​រក​យុត្តិធម៌​របស់​មន្ត្រី​តុលាការ ត្បិត​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​គឺ​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ខេត្ត​កោះកុង។ លោក​បញ្ជាក់​ថា ខាង​សមាគម​អាដហុក និង​អង្គការ​ដៃគូ​ផ្សេង​ទៀត​យល់​ថា សកម្មភាព​របស់​សកម្ម​ជន​បរិស្ថាន​ទាំង​ពីរ​រូប​នេះ គ្រាន់​តែ​ជា​ការ​បំពេញ​វិជ្ជាជីវៈ និង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តែប៉ុណ្ណោះ មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង នេះ ​ថា​គឺ​ជា​ការ​វាយបំបាក់​ស្មារតី​របស់​សកម្មជន​បរិស្ថាន​លែង​ឱ្យ​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​សង្គម​ត​ទៅ​ទៀត៖ «»។

​ចំណែក​អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ វិញ អះអាង​ថា នាង​កំពុង​រង់ចាំ​តាមដាន​សវនាការ​នេះ​ថា​តើ​នឹង​មាន​លទ្ធផល​បែប​ណា? នាង​អះអាង​ថា លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី នោះ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ គឺ​ពួកគេ​គ្រាន់​តែ​ធ្វើ​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​យុវជន​ចូល​រួម​ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ។ នាង​សំណូមពរ​ឱ្យ​តុលាការ​ដោះលែង​អតីត​សហការី​ទាំង​ពីរ​រូប​នោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ បើ​ពុំ​ដូច្នេះ​ទេ ពួក​នាង​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​មក​វិញ៖ «»។

មក​ទល់​នឹង​បច្ចុប្បន្ន លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង អស់​រយៈពេល​ជាង ៤​ខែ​ទៅ​ហើយ ខណៈ​ដែល​អង្គការ​របស់​ពួកគេ គឺ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អង្គការ​សង្គម​ស៊ីវិល​រួច​ទៅ​ហើយ។

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ហៅ​សកម្មជន​ទាំង​ពីរ​រូប​នេះ ថា​ជា​អ្នក​ទោស​មនសិការ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ដោះលែង​អ្នក​ទាំង​ពីរ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ រក​មិន​ឃើញ​ថា សកម្មភាព​របស់​អ្នក​ទាំង​ពីរ​គឺជា​ការប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នោះ​ឡើយ។ ចំណែក​ឯ​ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី វិញ ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ផង​ដែរ ដើម្បី​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ជំនាញ​ទាំងពីរ​ក្នុង​សំណុំ​រឿង​នេះ ហើយ​ពួកគាត់​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូនប្រុស​របស់​គាត់ នោះ​គឺ​ការ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s