អ្នក​ភូមិ​ស្រែគរ​​ដែល​កំពុង​រស់នៅ​តាម​ទួល​សុវត្ថិភាព​អំពាវនាវ​សុំ​ជំនួយ​ជាបន្ទាន់

ប្រភព : វិទ្យុអាសីុសេរី

image

ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។

ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ស្រែគរ ចាស់ ដែល​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​ត្រូវ​បាន​លិចលង់​ដោយសារ​ការ​បិទ​ទំនប់​ទឹក​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដោះស្រាយ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគាត់។ អ្នក​ភូមិ​ទាំង​នោះ​ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​បញ្ហា​លំបាក​ជាច្រើន រួម​មាន​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ កូន​ពុំ​បាន​រៀន​សូត្រ និង​ខ្វះ​ស្បៀង​អាហារ​ជាដើម។

​អ្នក​ភូមិ​ស្រែគរ​ចាស់ ជាង ៦០​គ្រួសារ ដែល​ពុំ​ព្រម​ចាក​ចេញ​ពី​ដី​ភូមិម្ករ​របស់​គាត់​អះអាង​ថា រយៈពេល​ជាង ៣​ខែ​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បិទ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ​មក មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឬ​ម្ចាស់​ក្រុមហ៊ុន ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​រប៉ាត់រប៉ាយ​នៅ​តាម​ទួល​សុវត្ថិភាព និង​នៅ​លើ​ដី​ចម្ការ​របស់​ពួកគាត់​ទាល់​តែ​សោះ។

​មេ​ឃុំ​ស្រែគរ​ចាស់ លោក សៀក មេគង្គ ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​ដក​តំណែង​ជា​មេ​ឃុំ ក្រោយ​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ប្រឆាំង បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​ទាំង​នោះ​យ៉ាងតិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ លោក​ក៏​បាន​សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​ពលរដ្ឋ​ទាំង​នោះ​ផង កុំ​បោះបង់​ពួកគេ​ចោល​​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​ឃើញ​គាត់​អាណោចអាធ័ម​ណាស់ ពួកគាត់​រស់​នៅ​វេទនា​ណាស់។ តាម​គោលការណ៍​អភិវឌ្ឍន៍ ក្រុមហ៊ុន​ដាក់​វិនិយោគ​សេសាន​ក្រោម​ពី ទោះបីជា​គាត់​មិន​ពេញ​ចិត្ត​ក៏ដោយ ក៏​ត្រូវ​តែ​ជួយ​គាត់​ដែរ ក្នុង​នាម​ជា​រដ្ឋ។ ពួកគាត់​នៅ​ឯកោ គ្មាន​មេ​គ្មាន​កើយ រស់​នៅ​ដូច​កុលសម្ព័ន្ធ​អ៊ីចឹង។ អាជ្ញាធរ​មិន​បាន​ចាត់​ទុក​ពួកគាត់​ជា​ពលរដ្ឋ​របស់​ខ្លួន​ទេ»

​អ្នកភូមិ​ស្រែគរ​ចាស់​ម្នាក់ អ្នកស្រី សារុន ខុម បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​២៥ មករា ថា សព្វថ្ងៃ​នេះ​ពួកគាត់​ភាគ​ច្រើន​ខ្វះ​ស្បៀង​អាហារ ដោយ​ពុំ​អាច​ធ្វើ​ស្រែចម្ការ​បាន ដោយសារ​គ្មាន​ដី និង​ត្រូវ​លិចលង់​ខូចខាត​អស់​ដោយសារ​ទឹក​លិច។ អ្នកស្រី​បន្ត​ថា សូម្បី​តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ចង់​ចុះ​មក​ជួយ​ផ្ដល់​ស្បៀង​អាហារ និង​ថ្នាំសង្កូវ ក៏​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចូល​មក​កន្លែង​ទី​ទួល​ដែល​ពួកគាត់​កំពុង​រស់​នៅ​នោះ​ទេ៖ «ខ្ញុំ​នៅ​តាម​ទី​ទួល​ហ្នឹង ពិបាក​ណាស់។ ពិបាក​ពេល​ឈឺ​ថ្កាត់ ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព វាង​ឆ្ងាយ។ ខាង​សាលារៀន កូនចៅ​អត់​បាន​រៀន​សូត្រ​ទេ ១​ឆ្នាំ ២​ឆ្នាំ​ហើយ។ ចំណែក​ស្បៀង​អាហារ​អត់​មាន​គ្រប់គ្រាន់​ទេ កំពុង​ខ្វះខាត​ខ្លាំង​ណាស់ ដោយ​ទឹក​លិច​អស់​ហើយ។ តាំង​ពី​ទឹក​លិច​៣​ខែ​ហើយ មិន​ឃើញ​អាជ្ញាធរ​ស្រុក ខេត្ត​មក​មើល​ទេ មាន​តែ​អាជ្ញាធរ​ទប់ស្កាត់ អត់​ឲ្យ​អង្គការ​ណា​ចុះ​មក​មើល»

​ចំណែក​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត លោក ហ្វ៊ុត ឃឿន ដែល​ក្រាញននៀល​ពុំ​ព្រម​ចាកចេញ​ដែរ​នោះ ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ចុះ​មក​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ និង​ជួយ​អន្តរាគមន៍​ដល់​ក្រុមហ៊ុន ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ និង​ប្រាក់កាស​ដើម្បី​ឲ្យ​ពួកគាត់​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ។ លោក​បន្ត​ថា ចុង​ក្រោយ​នេះ មាន​អ្នក​ភូមិ​ប្រមាណ​៣ ឬ ៤​គ្រួសារ ក្រោយ​ពី​លិច​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​ហើយ ក៏​សម្រេច​ចិត្ត​យល់​ព្រម​ទទួល​សំណង​នៅ​កន្លែង​ភូមិ​ស្រែគរ​ថ្មី ដែល​អាជ្ញាធរ​និង​ក្រុមហ៊ុន​បាន​ផ្ដល់​អោយ។

ក៏ប៉ុន្តែ​លោក​ថា ប្រាក់​សំណង​ដែល​យល់ព្រម​ផ្ដល់​ឲ្យ​នោះ គឺ​កាត់​បន្ថយ​ច្រើន​ណាស់ មិន​ដូចជា​ការ​សន្យា​ពីមុន​នោះ​ទេ៖ «គេ​មិន​ទាន់​ឃើញ​និយាយ​ជាមួយ​ពលរដ្ឋ​ទេ គឺ​អត់​មាន​សង​ទេ។ ចំពោះ​អ្នក​លិច​ផ្ទះ ទៅ​នៅ​ភូមិ​ថ្មី ក៏​គាត់​ឲ្យ​តិច​បំផុត។ ឧទាហរណ៍​សំណង​គេ​ឲ្យ ៥​ពាន់​ដុល្លារ ដូច​បង​ប្រុស​ខ្ញុំ​ក្តី​ពី​មុន​ថា​ឲ្យ​សំណង ១​ម៉ឺន ៥​ពាន់ រួច​មក​ធ្លាក់​នៅ ១​ម៉ឺន ៤​ពាន់ តែ​ទីបំផុត​ឲ្យ​តែ ១​ម៉ឺន​ដុល្លារ។ បញ្ហា​ហ្នឹង​លើ​តែ​ក្រុមហ៊ុន ចង់​ឲ្យ​ប៉ុន្មាន​ស្រេច​តែ​ចិត្ត​គេ​ឲ្យ»

​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ​គឺ​មាន ៣​ក្រុមហ៊ុន ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។

​មេឃុំ​ស្រែគរ​ចាស់ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ទោះបីជា​ពលរដ្ឋ​ជាង ៦០​គ្រួសារ​ដែល​រស់​នៅ​រកេតរកូត​តាម​ចម្ការ និង​ខ្លះ​ទៀត​រស់នៅ​តាម​ដង​ផ្លូវ ជួប​បញ្ហា​លំបាក​គ្រប់​បែប​យ៉ាង​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​កាកបាទ​ក្រហម​កម្ពុជា និង​អង្គការ​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​មក​ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគាត់​នៅ​ឡើយ​ទេ បន្ទាប់​ពី​ទឹក​ជំនន់​បាន​ពន្លិច​ភូមិ​ពួកគាត់​ទាំង​ស្រុង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​មក​នេះ។ អាស៊ីសេរី នៅ​មិន​ទាន់ អាច​សុំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s