សហគមន៍​នៅ​ខេត្ត​បាត់ដំបង​រួម​គ្នា​ការពារ​តំបន់​អភិរក្ស​ធ្វើ​ឲ្យ​ផល​ត្រី​កើន​ឡើង

ប្រភព : វិទ្យុអាសីុសេរី

image

បទ​ល្មើស​នេសាទ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧។

ប្រជា​សហគមន៍​បឹង​អភិរក្ស​ត្រី​មួយ​កន្លែង​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បាន​សាមគ្គី​គ្នា​ការពារ​តំបន់​អភិរក្ស​ដើម្បី​ទាញ​យក​ផល​ត្រី​ជា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ ដោយ​​​​​​ពុំ​មាន​​​ប្រាប់​ខែ​ឧបត្ថម្ភ​នោះ​ទេ។ ប្រជា​សហគមន៍​​លើក​ឡើង​ថា ផល​ត្រី​ឆ្នាំ​នេះ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ទ្វេ​ដង ​គឺ​ដោយសារ​ការ​រួម​គ្នា​ការពារ​តំបន់​អភិរក្ស​បាន​ល្អ​ និង​ដោយ​មាន​​ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពី​ប្រជាពលរដ្ឋ។

​ប្រជា​សហគមន៍​នៅ​តំបន់​អភិរក្ស​មច្ឆាជាតិ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ លើក​ឡើង​ថា បើ​ទោះ​បី​ជា​ផល​ត្រី​នៅ​តំបន់​អភិរក្ស​របស់​ពួកគេ​បាន​កើន​ច្រើន​ជាង​ឆ្នាំ​មុន​ក៏ដោយ ក៏​ប៉ុន្តែ​​ពួកគាត់​​នៅ​តែ​បន្ត​យាមកាម​ជា​ប្រចាំ​​មិន​អាច​ឈប់​បាន​នោះ​ទេ។

ប្រធាន​សហគមន៍​នៅ​តំបន់​អភិរក្ស​បឹង​ទឹក​ខ្មៅ ក្នុង​ភូមិ​ព្រែកត្រប់​ ឃុំ​ព្រែកនរិន្ទ លោក អ៊ុន ហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មករា ថា នៅ​តំបន់​អភិរក្ស​ដែល​ពួកគាត់​គ្រប់គ្រង​ឆ្នាំ​នេះ​ គឺ​ត្រី​សម្បូរ​ជាង​កាល​ពី​ឆ្នាំ​២០១៧ មាន​ចំនួន​ទ្វេ​ដង។

លោក​ អ៊ុន ហាក់ បន្ថែម​ថា​ ផល​ត្រី​កើន​ឡើង​នេះ​ ដោយសារ​​ឆ្នាំ​នេះ​ទឹក​បឹង​ទន្លេ​សាប​ធំ​ជាង​ឆ្នាំ​មុន​ ដោយ​ទឹក​ឡើង​លិច​តំបន់​អភិរក្ស​ទើប​ធ្វើឲ្យ​ផល​ត្រី​សំបូរ​ជាង​កាល​ពី​​ឆ្នាំ​កន្លង។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា​ ផល​ត្រី​កើន​ឡើង​​ក៏​ដោយសារ​សហគមន៍​របស់​ពួកគាត់ ដែល​​មាន​គ្នា​ចំនួន ៦​នាក់​បាន​យាម​ការពារ​តំបន់​អភិរក្ស ដោយ​ប្ដូរ​វេន​​គ្នា​ប្រចាំការ​​​២​នាក់​ក្នុង​មួយ​ថ្ងៃ៖ «ខ្ញុំ​គិត​ថា ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ឯកជន​ផ្ទាល់​ខ្លួន​ ហើយ​យប់​ឡើង​នាំ​គ្នា​ទៅ​ការពារ​តំបន់​អភិរក្ស ដើរ​ការពារ​ទល់​ភ្លឺ​ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​ធ្វើ​នេះ​មិន​ចង់​យក​មុខ​យក​មាត់ ឬ​ចង់​បាន​ស្អី​ធំដុំ​ទេ​ ប៉ុន្តែ​បងប្អូន​ចាត់តាំង​ឲ្យ​ខ្ញុំ​ធ្វើ​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ធ្វើ​ឲ្យ​ត្រី​វា​សម្បូរ​តែម្ដង»

មន្ត្រី​សហគមន៍​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​បឹង​អភិរក្ស​​ឆ្នាំ​នេះ​​សម្បូរ​ត្រី​ល្អៗ​ច្រើន​ប្រភេទ ដូចជា​ត្រី​សណ្ដាយ ត្រីក្រាយ ត្រី​ឆ្លាំង ​ត្រី​រ៉ស់ និង​ត្រី​ឆ្ដោរ​ជាដើម។

អ្នក​អភិរក្ស​បឹង​ទឹកខ្មៅ​សហគមន៍​ភូមិ​ព្រែកត្រប់ ម្នាក់​ទៀត​ លោក គង់ តុងហាន់ អះអាង​ថា ពួកគាត់​យាម​ការពារ​តំបន់​អភិរក្ស​ដោយ​ពុំ​មាន​ប្រាក់​ខែ​នោះ​ទេ គឺ​ធ្វើ​ដោយ​ទឹក​ចិត្ត ក្នុង​គោល​បំណង​ដើម្បី​រក្សា​កុំ​ឲ្យ​ដាច់​ពូជ​ត្រី​ និង​ឲ្យ​មាន​ត្រី​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ថ្ងៃ​ក៏​យើង​ដើរ​ល្បាត​ដែរ យើង​អត់​ហ៊ាន​ចោល​ទេ ថ្វីត្បិត​តែ​ប្រជាពលរដ្ឋ​គាត់​យល់​ដឹង​ច្រើន​មែន ក៏ប៉ុន្តែ​យើង​យាម​រហូត។ យើង​ដើរ​ល្បាត​ទៅ​អង្គុយ​តាម​ក្រោយ​ដើម​ឈើ​នៅ​ជិត​បឹង​ហ្នឹង យើង​ធ្វើ​ដោយ​ឆន្ទៈ​យើង​តែម្ដង​ ព្រោះ​អី​យើង​ឃើញ​ធនធាន​យើង​មាន​យើង​ក៏​ចេះ​តែ​ធ្វើ​ទៅ ហើយ​ប្រជាពលរដ្ឋ​គាត់​សប្បាយ​ចិត្ត​ទៅ»

លោក​ គង់ តុងហាន់ បន្ថែម​​ទៀត​ថា ផល​ត្រី​កើង​ឡើង​នេះ​ក៏​ដោយ​សារ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​ពេល​មុនៗ​ គឺ​ពលរដ្ឋ​ភាគ​ច្រើន​មិន​សូវ​លួច​ធ្វើ​នេសាទ​ក្នុង​តំបន់​អភិរក្ស​ទេ ដែល​​​ធ្វើ​ឲ្យ​ពួកគាត់​ងាយ​ស្រួល​ក្នុង​ការ​យាម​ការពារ​តំបន់​អភិរក្ស​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​សហការ​ល្អ​ជាមួយ​ពួកគាត់​សហគមន៍​ដែរ ជា​ពិសេស​មេភូមិ ក្រុមប្រឹក្សា​ឃុំ និង​មន្ត្រី​ជលផល​ឃុំ​បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​ញឹកញាប់ ដែល​ជំរុញ​ឲ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត​មួយ​ផ្នែក​ទៀត​ ក្នុង​ការ​អភិរក្ស​​ធនធាន​មច្ឆាជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ភូមិ​ព្រែកត្រប់ លោក យ៉ោក កន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ផល​ត្រី​នៅ​តំបន់​អភិរក្ស​បឹង​ទឹក​ខ្មៅ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១៧ ក្ដី​ ក៏​ប៉ុន្តែ​ត្រី​មិន​សូវ​សំបូរ​ដូច​កាល​ពី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៩០ នោះ​ទេ ព្រោះ​ទឹក​ទន្លេ​សាប​មិន​ទាន់​ឡើង​ដល់​កម្រិត​ហៀរ​ចូល​ស្ទឹង​សង្កែ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក យ៉ោក កន អះអាង​ទៀត​​ថា ប្រសិន​ប្រជា​សហគមន៍​មិន​ខ្នះខ្នែង​ទេ ត្រី​នៅ​តំបន់​អភិរក្ស​ក៏​មិន​មាន​នៅ​សល់​ដែរ ព្រោះ​ប្រជាពលរដ្ឋ​នឹង​ចូល​ទៅ​​លួច​ធ្វើ​នេសាទ​ចាប់​យក​ត្រី​អស់​ជា​ពុំ​ខាន​ ចំណែក​ឯ​អាជ្ញាធរ​ភូមិ​ក៏​គ្មាន​ថវិកា​ និង​កម្លាំង​មនុស្ស​គ្រប់គ្រាន់​ដើម្បី​យាម​ការពារ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។

លោក យ៉ោក កន៖ «គាត់​ប្ដូរ​ទៅ​យាម​ការពារ​ហ្នឹង បើ​មាន​ប្រាក់​ខែ​ទៅ​មិន​ថា​ទេ​ នេះ​គាត់​ស្ម័គ្រចិត្ត ហើយ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គាត់​ហ្នឹង​ដោយ​សង្ឃឹម​លើ​ពួកគាត់​ហ្នឹង​ហើយ​ជា​អ្នក​ទៅ​យាម​ការពារ​​ដើម្បី​បាន​ពូជ​ត្រី បើ​កុំ​ឲ្យ​មាន​ត្រី​បឹង​ហ្នឹង​ពង​កូន​ខែ​វស្សា​ ក៏​អត់​មាន​ត្រី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ដែរ។ ប្រជាពលរដ្ឋ​គាត់​លំបាក​នេសាទ​នោះ ឥឡូវ​គ្មាន​ត្រី​អី​ធ្វើ​នេសាទ​ទេ​ ពួកគាត់​ចុះ​ទៅ​រក​ត្រី​ឆ្ងាយៗ​អស់​ហើយ​ ត្រី​ដែល​មាន​នៅ​ក្នុង​តំបន់​អភិរក្ស​ហ្នឹង​ឯង​ ឥឡូវ​ពួកគាត់​ចុះ​ទៅ​រក​នេសាទ​ទៅ​តាម​ដងស្ទឹង​ផុត​ពី​ភូមិ​ឆ្ងាយ​ណាស់»

បឹង​អភិរក្ស​នេះ​មាន​ផ្ទៃ​ដី​ប្រហែល ២​ហិកតារ និង​ចម្ងាយ​ពី​ផ្ទះ​អ្នក​ស្រុក​ប្រមាណ ៣​គីឡូម៉ែត្រ ស្ថិត​ក្នុង​បឹង​ទឹក​ខ្មៅ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ។ ប្រជា​សហគមន៍​ឲ្យ​ដឹង​ថា​ពួកគាត់​បន្ត​យាម​ការពារ​តំបន់​អភិរក្ស​រហូត​ដល់​មាន​ជំនន់​ទឹក​ស្ទឹង​សង្កែ​ឡើង​លិច​មាត់​បឹង គឺ​ក្នុង​​ចន្លោះ​ពី​ខែ​កក្កដា ដល់​ខែ​វិច្ឆិកា។ ប្រជា​សហគមន៍​បន្ថែម​ថា អំឡុង​ពេល​ទឹក​ឡើង​លិច​បឹង​​អភិរក្ស​ហើយ​ គឺ​​ត្រី​ទាំង​អស់​បាន​ឡើង​ទៅ​តាម​ក្រសែ​ទឹក​ចេញ​ទៅ​រស់​នៅ​តំបន់​ផ្សេង​​ ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​អាច​ធ្វើ​នេសាទ​ចាប់​ត្រី​យក​ទៅ​លក់​បាន ក៏​ប៉ុន្តែ​នៅ​​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​តំបន់​អភិរក្ស​​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​នោះ​ទេ​ ព្រោះ​ដើម្បី​អភិរក្ស​ពូជ​ត្រី​ឲ្យ​បន្ត​កើត​កូន​កើត​ចៅ​ សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​នេសាទ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s