ពលរដ្ឋ​ព្រះវិហារ​បារម្ភ​ពី​វាសនា​ព្រៃ​សហគមន៍​ព្រោះ​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់

ប្រភព : វិទ្យុអាសីុសេរី

image (1)

៧-សីហា-២០១៤៖ គំនរ​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​ដែល​ក្រុម​ហ៊ុន​ចិន ឡាន ហ្វេង បាន​ឈូស​ផ្ដួល ដើម្បី​យក​ដី​ដាំ​អំពៅ នៅ​ភូមិសាស្ត្រ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ជាប់​នឹង​ព្រំប្រទល់​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។

 

ប្រជា​សហគមន៍ នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​ពី​វាសនា​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ពួកគាត់​បាន​ស្នើ​សុំ​អាជ្ញាធរ​រក្សាទុក។ ក្តី​បារម្ភ​នេះ ដោយសារ​ក្រុមហ៊ុន​ប្រមូល​ឈើ​មួយ​នៅ​តំបន់​នោះ នៅតែ​បន្ត​កាប់​ឈើ និង​ជួល​ពលរដ្ឋ​ឱ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ដោយ​ខុសច្បាប់។ ប្រជា​សហគមន៍​បាន​រាយការណ៍ និង​ចាប់​បទល្មើស​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ទៀត​ផង ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។


ប្រជា​សហគមន៍ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស និង​ក្រុមហ៊ុន​មួយ​ឈ្មោះ ឌី ឌុក ហៅ ក្រុមហ៊ុន សំអឿន សុវណ្ណ ដែល​ពួកគាត់​ចោទ​ថា ក្រុមហ៊ុន​នេះ កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​ពីរ។ បន្ថែម​ពី​នេះ ពួកគេ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ឱ្យ​បាន​ជាក់លាក់​រវាង​ដី​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ និង​ដី​សហគមន៍ ព្រមទាំង​ដី​ប្រជាពលរដ្ឋ​ផង​ដែរ។ លើស​ពី​នេះ អាជ្ញាធរ​ខេត្ត ឬ​ថ្នាក់​ក្រសួង គប្បី​ចេញ​លិខិត​ណាមួយ​ដើម្បី​ប្រគល់​ដី​សហគមន៍​ឱ្យ​ប្រជាពលរដ្ឋ​ជា​ផ្លូវការ​និង​ត្រូវ​ប្រកាស​ជាទូទៅ។

តំណាង​សហគមន៍​ឃុំ​សង្កែ​ពីរ (២) លោក ផាវ យ៉ន មាន​ប្រសាសន៍​ថា ដី​សហគមន៍​សាមគ្គី​សង្កែ​ពីរ ផ្ដល់​ផលប្រយោជន៍​ច្រើន ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប​ជាង ៣០០ គ្រួសារ (៣០៧)​និង​ពលរដ្ឋ​នៅ​ឃុំ​តស៊ូ ស្រុក​ជ័យសែន​ ជាច្រើន​គ្រួសារ​ទៀត។ លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន​ឈ្មោះ ហេង រួយ ចាប់ផ្ដើម​ឈូស​ឆាយ​ដី​សហគមន៍ និង​ដីស្រែ​ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់ ហើយ​ពួកគាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា​ជាច្រើនលើក​ច្រើន​សា និង​បាន​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​ទៀត​ផង។ ដោយសារ​មានការ​ស្នើសុំ​ពី​ពលរដ្ឋ និង​មើល​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​ពីរ កាលពី​ឆ្នាំ​២០១៧ អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចន្តា បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ឈូស​ឆាយ ហើយ​ប្រគល់​ដី​សហគមន៍​ឱ្យ​ពលរដ្ឋ។ លោក​អះអាង​ថា ត្បិត​តែ​អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ប្រគល់​ជូន​ពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​២ កើតមាន​កាន់​តែ​ច្រើន។ ជាក់ស្ដែង​ក្រុមហ៊ុន ឌី ឌុក ហៅ​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ និង​ប្រមូល​ទិញ​ឈើ​ពី​ជនល្មើស​ដែល​បាន​ចូល​ទៅ​កាប់​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ​ជាដើម៖ «ខាង​ប្រគល់​ឱ្យ​អភិបាលខេត្ត ឯកឧត្ដម អ៊ុន ចន្តា គាត់​នឹង​ចុះ​ជួប​ចរចា គាត់​ថា​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្អាក ហើយ​កាត់​ដី​ដែល​សល់​ចោល​ទាំងអស់​ទុក​ជូន​ពលរដ្ឋ។ ព្រោះ​គាត់​មើល​ឃើញ​ថា ពលរដ្ឋ​នៅ​ឃុំ​សង្កែ​ពីរ គាត់​មើល​ឃើញ​ជាក់ស្ដែង​ពី​ការបាត់បង់ ហើយ​គាត់​ត្រូវការ​អាស្រ័យ​ផល​អនុផល​ព្រៃឈើ»។

ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​២ ដំបូង​ឡើយ​មាន​ទំហំ​ផ្ទៃដី​ជាង ១ពាន់ ៥០០​ហិកតារ (១.៥៤៩) ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​ពី​ការ​ឈូស​ឆាយ របស់​ក្រុមហ៊ុន​ចិន ហេង រួយ ជាង​៨ រយ​ហិកតារ (៨៥១) ប៉ុណ្ណោះ។

លោក ផាវ យ៉ន បន្ថែម​ថា បច្ចុប្បន្ន​អាជ្ញាធរ មិនទាន់​ចុះ​វាស់វែង ឬ​ឆ្វៀល​ដី​សហគមន៍ ជាមួយ​ក្រុមហ៊ុន និង​កាត់​ចេញពី​ដី​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​នោះ​ទេ។ លោក​បន្ត​ថា ប្រជា​សហគមន៍​មាន​ភាព​លំបាក​ក្នុង​កិច្ចការពារ​ដី និង​ព្រៃ​សហគមន៍​របស់​ខ្លួន ព្រោះ​ព្រៃ​សហគមន៍​មិន​ទាន់​មាន​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​ជា​ផ្លូវការ​ឡើយ។

ស្រដៀង​គ្នា​នេះ តំណាង​សហគមន៍​ឃុំ​តស៊ូ អ្នកស្រី ហួត ម៉ាលី លើកឡើង​ថា ពួកគាត់​បារម្ភ​ណាស់​ចំពោះ​វាសនា​ព្រៃ​សហគមន៍​ក្នុង​តំបន់​ពួកគាត់​រស់នៅ ព្រោះ​រង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ក្រុម​ជនល្មើស ពិសេស​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ។ អ្នកស្រី​លើក​ឡើង​ថា ពេលខ្លះ​ពលរដ្ឋ​ហាក់​អស់សង្ឃឹម ដោយសារ​អាជ្ញាធរ​ខេត្ត គ្មាន​វិធានការ​ទប់ស្កាត់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​នោះ​ឡើយ៖ «ប្រជាពលរដ្ឋ​រាល់ថ្ងៃ​គាត់​មាន​កង្វល់។ ព្រៃឈើ​នោះ​ក្រុមហ៊ុន​ធំៗ​មក កាប់​បំផ្លាញ ហើយ​ទប់ស្កាត់​ក៏​ទប់​មិនកើត»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌី ឌុក ឬ​ក្រុមហ៊ុន សំអឿន សុវណ្ណ និងអភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចន្តា ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី ២៨ មករា។

កាលពី​ខែ​កញ្ញា ២០១៧ អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​ចេញ​លិខិត​មួយ​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ដី​ជាង ១ ពាន់​ហិកតារ (១៥៤៩) នៅ​ឃុំ​សង្កែពីរ ទុក​សម្រាប់​សហគមន៍ ៣ភូមិ ប្រើប្រាស់ គឺ​អាជ្ញាធរ​ខេត្ត​មិនទាន់​សម្រេច​បែប​ណា​ឡើយ ដោយសារ​ដី​តំបន់​នោះ​ជាប់​ពាក់ព័ន្ធ​ដី​ក្រុមហ៊ុន ចិន ឈ្មោះ ហេង រួយ។ លិខិត​នោះ ស្នើ​សុំ​ឱ្យ​តំណាង​សហគមន៍ ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​មន្ទីរ​កសិកម្ម និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ។

តំណាង​សហគមន៍​អះអាង​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​កាប់​ឈើ​នៅ​ទូទាំង​ស្រុក​ឆែប និង​អាច​មាននៅ​តំបន់​ផ្សេងទៀត។

កាលពី​ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ជាច្រើន​គ្រួសារ បាន​ផ្ដិតមេដៃ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​អាជ្ញាធរ​ប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ដែល​វិនិយោគ​ដាំ​អំពៅ​នៅ​ខេត្ត​ព្រះវិហារ មាន​ទំហំ​ផ្ទៃដី​ជាង ៤​ម៉ឺន ២​ពាន់​ហិកតារ (៤២.០០០)​។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៥ ទៀត រួមមាន ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។ វត្តមាន​ក្រុមហ៊ុន​ទាំងនេះ បាន​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ស្រុក ក្នុង​ខេត្ត​ព្រះវិហារ ដូចជា​ស្រុក​ឆែប ស្រុក​ជ័យសែន ស្រុក​ត្បែងមានជ័យ​ជាដើម។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ចម្ការ កន្លែង​គោរព​បូជាសព​បុព្វបុរស របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​បាត់បង់​កន្លែង​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​ទៀត​ផង។ ជាង​នេះ​ទៀត តំបន់​ក្រុមហ៊ុន​ចិន​កំពុង​គ្រប់គ្រង​មួយ​ចំនួន គឺ​ជាទី​តាំង​បុរេ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ជីវិត​មនុស្ស​សម័យ​បុរាណ តាមរយៈ​ការ​ធ្វើ​កំណាយ រុករក​សម្ភារៈ​ប្រើប្រាស់ និង​បំណែក​សាកសព​មនុស្សសម័យ​បុរាណ។

អ្នក​សម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព​សហគមន៍​នៃ​អង្គការ​ពន្លក​ខ្មែរ ខេត្ត​ព្រះវិហារ លោក ប៉ឹក សុភ័ណ មាន​ប្រសាសន៍ថា ការ​បណ្ដែតបណ្ដោយ​ក្រុមហ៊ុន ឌី ឌុក ហៅ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍ ហាក់​ផ្ទុយគ្នា​ទៅ​នឹង​យន្តការ​របស់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ដែល​បាន​ខិតខំ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ។ លោក​មើល​ឃើញ​ថា យុទ្ធសាស្ត្រ​បែបនេះ គឺជា​យុទ្ធសាស្ត្រ​ដើម្បី​យក​ដី​សហគមន៍ និង​ដីស្រែ​របស់​អ្នកស្រុក​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ៖ «វា​មិន​ត្រឹមតែ​អស់​ព្រៃ​សហគមន៍​ដែល​គាត​បាន​ស្នើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដីស្រែ​ដីចម្ការ ដី​កន្លែង​ឃ្វាលគោ អី​វា​នឹង​អស់។ ត្បិត​អី គោលដៅ​របស់​គេ គឺ​គោល​ដី​គេ​យក​ដី ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​នេះ​គេ​ត្រូវ​យក​ឈើ»។

មន្ត្រី​សង្គម​ស៊ីវិល​ដដែល មើល​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ព្រោះ​ត្រូវ​បាត់បង់​ព្រៃ និង​ដី​សម្រាប់​អាស្រ័យ​ផល។ លោក​បន្ថែម​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ចិន គឺ​ផ្ទុយ​ពី​គោលនយោបាយ​ស្បែក​ខ្លា​របស់​រាជរដ្ឋាភិបាល ដោយ​តម្រូវ​ឱ្យ​កាត់​ឆ្វៀល​ដី​ចេញពី​តំបន់​ទាំងឡាយ​ណា ដែល​ប៉ះពាល់​ដី​របស់​ពលរដ្ឋ។ លើស​ពី​នេះ​ទៀត ប្រសិនបើ​មាន​ដី​បម្រុង​ទុក សម្រាប់​ប្រជា​សហគមន៍ អាជ្ញាធរ និង​ក្រុមហ៊ុន​ត្រូវ​រក្សាទុក​ដី​នោះ​ជូន​ពលរដ្ឋ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s