ពលរដ្ឋ​២​ខេត្ត​ដែល​ចាញ់​បោក​ក្រុមហ៊ុន​អ៊ីប៊ីស៊ី​សុំ​ការ​ជួយ​ពី​មេធាវី​រដ្ឋាភិបាល

ប្រភព : វិទ្យុអាសុីសេរី

69800baf-694c-49de-93fd-67f2cd447083

ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited = EBC) សង​ប្រាក់​ដើម​មក​ពួក​គាត់​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ប្រជាពលរដ្ឋ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្ដរមានជ័យ ជាង ២០០​នាក់ ស្វែងរក​សុំ​អន្តរាគមន៍​ពី​មេធាវី​របស់​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ ករណី​ក្រុមហ៊ុន​អ៊ីប៊ីស៊ី (EBC) ឆបោក​ប្រាក់​ពួកគាត់​រាប់​ម៉ឺនដុល្លារ។ អ្នកភូមិ​ទាំងនោះ​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួលខុសត្រូវ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ បាន​សន្យា​ជាមួយ​ពលរដ្ឋ អំពី​ការ​ផ្ញើ ឬ​តម្កល់​លុយ​ដើម្បី​បានការ​ប្រាក់​ខ្ពស់ ប៉ុន្តែ​ការពិត​ក្រុមហ៊ុន​នោះ​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ឡើយ។


គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ បាន​ស្រង់​សម្ដី​តំណាង​ឲ្យ​ពលរដ្ឋ​ម្នាក់ នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប អ្នកស្រី ឡេង ម៉ារីណា អះអាង​ថា ពួកគាត់​មាន​គ្នា​ជាង​២​រយ​នាក់ មក​ដាក់​បណ្ដឹង​ទៅ​មេធាវី​របស់​រដ្ឋាភិបាល ឲ្យ​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​តំណាង​របស់​ក្រុមហ៊ុន​ដាក់​ប្រាក់​មួយ ឈ្មោះ​EBC និង​បាន​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​នេះ ផ្ដល់​សំណង​ឲ្យ​ពួកគាត់​វិញ។

អ្នកស្រី ឡេង ម៉ារីណា បន្ដ​ថា ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន​អស់​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ។ អ្នកស្រី​បន្ត​ថា កន្លងមក​ពួកគាត់​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្ដឹង​ក្រុមហ៊ុន​អ៊ីប៊ីស៊ី (EBC) ដែរ តែ​គ្មាន​ដំណោះស្រាយ អ្វី​នោះ​ឡើយ។ មន្ត្រី​ក្រសួងមហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ ធ្លាប់​បង្ហាញ​អត្តសញ្ញាណ​មេ​បណ្ដាញ ៤​រូប ដែល​រកស៊ី​បោកប្រាស់​លុយ​ចំនួន ៦០​លាន​ដុល្លារ។ ពលរដ្ឋ​ដែល​ចាញ់បោក​បណ្ដាញ​នេះ គឺ​តាមរយៈ​ចូល​លុយ​ទិញ​ភាគហ៊ុន​វិនិយោគ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ងី ច័ន្ទ្រផល បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពេល​នោះ ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​ពាក្យបណ្ដឹង​ធំៗ​ចំនួន​៤ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន​ជាង ៧​ពាន់​នាក់ ដែល​ចាញ់បោក​បណ្ដាញ​ប្រមូល​លុយ​ទៅ​វិនិយោគ​ឈ្មោះ អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC)។

ចំណែក អតីត​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​កណ្ដាល​នៃ​ក្រសួង​មហាផ្ទៃ លោក ឌី វិជ្ជា កូន​ប្រសា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បច្ចុប្បន្ន​មាន​ឋានៈ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​ធ្លាប់​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា អត្តសញ្ញាណ​មេ​បណ្ដាញ​បោកប្រាស់​លុយ​ពលរដ្ឋ​ទាំង ៤​រូប គឺ​មាន​ជនជាតិ​ម៉ាឡេស៊ី ១​រូប និង​ខ្មែរ ៣​រូប។ ក្នុង​នោះ​មានឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និង​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។ លោក​បញ្ជាក់​ថា អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ ចូលខ្លួន​ឆ្លើយ​បំភឺ្ល​ករណី​បោកប្រាស់​នេះ​ម្តង​រួច​មក​ហើយ។

ពលរដ្ឋ​ម្នាក់ទៀត មកពី​ខេត្ត​ឧត្ដរមានជ័យ អ្នកស្រី ឃួម ស៊ីណាត ឲ្យ​ដឹង​ថា ពួកគាត់​រាប់​រយ​នាក់ នៅ​ស្រុក​បន្ទាយអំពិល បាន​ចាញ់បោក ក្រុមហ៊ុនEBC ដោយ​ដាក់​ការប្រាក់ រាប់​ម៉ឺន​ដុល្លារ បច្ចុប្បន្ន​ពួកគាត់​កំពុង​ប្រឈម​នឹង​ម្ចាស់បំណុល​រឹបអូស​ដីស្រែ ដោយសារ​ខ្ចី ប្រាក់​ពី​ធនាគារ​ទៅ​តម្កល់​លុយ​យក​ការ​ប្រាក់​ជាមួយ​ក្រុមហ៊ុន​នោះ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ស្វែងរក ប្រភព​ទាក់ទង ក្រុមហ៊ុន​EBC និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ។

លោក លី សុវណ្ណា ដែល​ជា​មេធាវី​របស់​រដ្ឋាភិបាល​ការពារ​ក្តី​ក្នុង​សំណុំ រឿង​នេះ ត្រូវ​បាន​គេហទំព័រ​របស់​នគរបាល​ដកស្រង់​សម្ដី​ចុះផ្សាយ​ថា គណៈ មេធាវី​បាន​ទទួល​បណ្ដឹង​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ចំពោះ​ករណី​ចាញ់បោក​ក្រុមហ៊ុន​អ៊ីប៊ីស៊ី។

បើ​ទោះ​ជា​តំណាង​របស់​ក្រុមហ៊ុន EBC ធ្លាប់​រង​ការព្រមាន​ពី​សមត្ថកិច្ច និង​មាន​ដីកា ឲ្យ​ចាប់ខ្លួន ប៉ុន្តែ​ពលរដ្ឋ​នៅ​មិនទាន់​ដឹង​អំពី​ចំណាត់​របស់ សមត្ថកិច្ច​ស្ថិត​ក្នុង​ដំណាក់​កាលណា​នៅឡើយ​ទេ ខណៈ​ពួកគាត់​កំពុង​ទន្ទឹង​រង់ចាំ​សំណង​មកវិញ​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s