ភ្លៀង​កក់ខែ​បង្ក​ឲ្យ​មាន​ជំនន់​ និង​ស្លាប់​មនុស្ស​ ៣ ​នាក់

ប្រភព : ភ្នំពេញប៉ុស្តិ៏ 

3-Flood_7

ទិដ្ឋភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​។

ភ្នំពេញៈ ថ្វីបើ​ភ្លៀង​កក់ខែ​មួយ​សប្ដាហ៍​កន្លង​មក​នេះ​បាន​ជួយ​ដល់​ការ​លូតលាស់​នៃ​​ដំណាំ​ក្ដី ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​វា​​បាន​បង្ក​ការ​ជន់​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​នៅ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ហើយ​មាន​មនុស្ស​យ៉ាង​តិច​ម្នាក់​បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់​នៅ​ខេត្ត​កោះកុង ខណៈ​បុរស​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ និង​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​បាន​ស្លាប់​ដោយ​​រន្ទះបាញ់​ដូច​គ្នា​កាលពី​ដើម​ខែ​នេះ​។ ​នេះ​បើ​តាម​របាយការណ៍​ និង​មន្ត្រី​មូលដ្ឋាន​ពី​ម្សិលមិញ​។

 

លោក ម៉ា ទី អធិការ​ស្រុក​ស្រែ​អំបិល​បាន​ថ្លែង​ថា​កាលពី​រសៀល​ថ្ងៃ​ចន្ទ ខណៈ​មេឃ​កំពុង​ភ្លៀង​រលឹម​ស្រិចៗ​បុរស​ម្នាក់​ឈ្មោះ សឹង្ហ ហឿន អាយុ​ ៤៩ ​ឆ្នាំ​ជា​អនុប្រធាន​ក្រុម​ប្រជាការពារ​ភូមិ​កំពង់​ស្ដាំ ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ ខណៈ​គាត់​កំពុង​លើក​លប​ដាក់​ក្ដាម​នៅ​ចំណុច​ពយពេច​។

លោក ម៉ា ទី បាន​បញ្ជាក់​ថា​៖ «​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យវិច័យ​បាន​ពិនិត្យ​ឃើញ​មាន​ស្នាម​ឆេះ​រួញ​សក់​ក្បាល​ និង​ឆេះ​រោល​ដង​ខ្លួន​ផ្នែក​ខាង​ឆ្វេង​ព្រម​ទាំង​មាន​ហូរ​ឈាម​តាម​គុម្ព​ត្រចៀក​ឆ្វេង​ដែល​បង្ហាញ​ថា​ជនរងគ្រោះ​ពិត​ជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ប្រាកដ​មែន​»​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បង្ហាញ​ថា​ករណី​ស្លាប់​ដោយសារ​រន្ទះបាញ់​ក្នុង​ខែ​មករា​ដែល​ពុំ​ធ្លាប់​មាន​នេះ​បាន​សម្លាប់​មនុស្ស​ ៣ ​នាក់​នៅ​ដើម​ឆ្នាំ​នេះ​។

ដោយ​ឡែក​នៅ​ខេត្ត​ព្រះសីហនុ​​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ភ្លៀង​កក់​ខែ​ថ្វី​ដ្បិត​​តែ​មិន​ខ្លាំង ប៉ុន្តែ​វា​បាន​ធ្លាក់​អូស​បន្លាយ​ជិត​ប្រាំ​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ធ្វើឲ្យ​តំបន់​ទីប្រជុំជន​មួយ​ចំនួន​ក្នុង​សង្កាត់​លេខ​ ៤ ពិសេស​នៅ​ចំណុច​សាលា​បច្ចេកទេស​ដុនបូស្កូ​ និង​តំបន់​អូរ​ ៥ ​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវ និង​ហូរ​ចូល​ក្នុង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​។

លោក​ សារឿន បាន​បញ្ជាក់​ថា​៖ «​ការ​ជន់​លិច​ទឹកភ្លៀង​នេះ​​គឺ​បណ្ដាល​មកពី​ប្រព័ន្ធ​លូ​មួយ​ចំនួន​ស្ទះ​ដោយសារ​សំរាម និង​ដី​ដែល​ជាប់​នៅ​តាម​ផ្លូវ​។ ​យ៉ាង​ណា​ក៏ដោយ​ករណី​នេះ​អាជ្ញាធរ​ក្រុង​ក៏​ដូច​ថ្នាក់​ខេត្ត​កំពុង​ដោះស្រាយ​ហើយ​»​។

ស្រដៀង​គ្នា​នេះ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ក៏​បាន​ដាក់​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បូម​ស្ដារលូ​រំដោះ​ទឹក​ចេញ​ពី​តំបន់​ទីប្រជុំជន​ផ្សារ​រ៉ា និង​ផ្សារ​អគ្គ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​រយៈពេល​វែង​​បង្ក​ការ​ជន់​លិច​។

ពាក់ព័ន្ធ​នឹង​ករណី​ភ្លៀង​កក់ខែ​ដែល​នាំ​មក​ទាំង​រន្ទះបាញ់​នេះ​លោក ម៉ៅ ហាក់ អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ពន្យល់​ថា​ជា​ទូទៅ​ពេល​មាន​ភ្លៀង និង​ខ្យល់​​បាតុភូត​រន្ទះ​តែង​កើត​មាន​ព្រម​គ្នា​ដោយ​មិន​កំណត់​ថា​ចាំ​ដល់​ខែ​នេះ​ ឬ​ខែ​នោះ​ទើប​មាន​រន្ទះបាញ់​នោះ​ទេ​។

លោក​បាន​ថ្លែង​ទៀត​ថា​ការ​វិវឌ្ឍ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​ផ្នែក​ឧតុនិយម​​បង្កើន​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ដើម្បី​ក្ដាប់​ឲ្យ​បាន​ច្បាស់​ពី​ដំណើរ​វិវត្តន៍​នៃ​​បាតុភូត​ធម្មជាតិ​ដូចជា​ព្យុះ​​វិសម្ពាធ​ទាប​ ឬ​ខ្ពស់ ភ្លៀង និង ផ្គរ​រន្ទះ​ជាដើម ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​ឥទ្ធិពល​នៃ​ភ្លៀង​កក់ខែ​នឹង​ផុត​ក្នុង​អំឡុង​ថ្ងៃ​ទី​ ២ ​ឬ​ទី ​៣ ខែ​កុម្ភៈ​ខាង​មុខ​នេះ ប៉ុន្តែ​អាកាសធាតុ​ត្រជាក់​បង្ក​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ដែល​កំពុង​បង្កើន​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូចិន​នាពេល​នេះ​នឹង​បង្ក​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចុះ​ត្រជាក់​ជាថ្មី​ម្ដង​ទៀត​នៅ​ចុង​សប្ដាហ៍​ទី​ ១ នៃ​ខែ​កុម្ភៈ​ឆ្នាំ​នេះ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s