អ្នក​ភូមិ​ស្រែគរ​បដិសេធ​មិន​ឲ្យ​អាជ្ញាធរ​កាត់​ដី​ឃុំ​ស្រែគរ​មួយ​ចំនួន​ឲ្យ​ឋិត​ក្រោម​រដ្ឋបាល​ឃុំ​ភ្លុក

ប្រភព : វិទ្យុអាសីុសេរី

6b7c0004-52eb-41a9-9c65-bc817eeaaa55

ពលរដ្ឋ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជញ្ជូន​អីវ៉ាន់​ចេញ​ទៅ​ទីទួល​សុវត្ថិភាព នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​ត្រូវ​ជម្លៀស​ទៅ​តាំង​ទីលំនៅ​ថ្មី​ដោយសារ​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ប្រកាន់​ជំហរ​បដិសេធ​នឹង​គម្រោង​កាត់​ឆ្វៀល​ដី​ឃុំ​ស្រែគរ មួយ​ចំនួន​ឲ្យ​ឋិត​ក្រោម​រដ្ឋបាល​ឃុំ​ភ្លុក​វិញ។ កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ភូមិបាល និង​អាជ្ញាធរ​ស្រុក​សេសាន បាន​វាស់វែង​កាត់​ឆ្វៀល​ដី​ឃុំ​ស្រែគរ មួយ​ចំនួន​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ភ្លុក ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ។


អ្នក​ភូមិ​អះអាង​ថា មន្ត្រី​ភូមិបាល​បាន​ចុះ​វាស់វែង​កំណត់​តំបន់​មួយ​ចំនួន​នៅ​ឃុំ​ស្រែគរ ដូចជា​ចំណុច​អូរ​កន្ទួត និង​ព្រៃ​អ្នក​តា​រកាកាន់ ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ភ្លុក​វិញ។ អ្នក​ភូមិ​អះអាង​ថា ការ​វាស់វែង​នោះ អាជ្ញាធរ​មិន​បាន​ពិភាក្សា​ជាមួយ​សហគមន៍​នោះ​ទេ ដ្បិត​តំបន់​នោះ​មាន​ដី​កសិកម្ម​របស់​ពលរដ្ឋ​ជិត ១០​គ្រួសារ ជា​តំបន់​ព្រៃ​គោរព​បូជា និង​ដី​ព្រៃ​សហគមន៍​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ។

ប្រជាពលរដ្ឋ ឈ្មោះ ស៊ីម ស៊ីមន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មករា ថា អ្នក​ភូមិ​មិន​យល់​ស្រប​ចំពោះ​គម្រោង​នេះ​ទេ ពីព្រោះ​ទឹកដី​ឃុំ​ស្រែគរ តូច មាន​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ តាំង​ពី​ដូនតា​មក​ដែល​អ្នកភូមិ​មិន​ចង់​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ដទៃ​នោះ​ឡើយ។ លោក​ថា នៅ​គ្រា​ដែល​អាជ្ញាធរ​បែង​ចែក​ដី​ឃុំ​ស្រែគរ ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ភ្លុក អាជ្ញាធរ​បាន​យក​ដី​នោះ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​យក​គ្រឿង​ចក្រ​កាយ​ដី​ព្រំប្រទល់ ប៉ះពាល់​ដី​កសិកម្ម​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ដី​ព្រៃ​មួយ​ចំនួន​ទៀត ដែល​ពួក​គាត់​ប្រើប្រាស់​លក្ខណៈ​ប្រពៃណី។

លោក និង​អ្នក​ភូមិ​នឹង​រៀបចំ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខែត្រ ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​ករណី​នេះ​ទេ៖ «វា​កាត់​មក​មុន​ដំបូង​គឺ​ចេញពី​ភូមិ​ប្រហែល ២​គីឡូ ដល់​ឥឡូវ​គេ​ខិត​មួយ​គីឡូ​ទៀត មិន​ដឹង​ធ្វើ​ម៉េច​ឲ្យ​ក្រុមហ៊ុន​ដាំ​ខ្ញី​ទៅ។ មុន​ចែក​ព្រំប្រទល់​អត់​មាន​ប្រជាពលរដ្ឋ​ដឹង​ឮ​ផង​ហ្នឹង»

មេ​ឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ្វឿន ជឿន ឲ្យ​ដឹង​ថា លោក​មិន​ច្បាស់​ថា ផែន​ទី​ឃុំ​ស្រែគរ មាន​ព្រំប្រទល់​ត្រឹម​ណា​ឲ្យ​ប្រាកដ​​នោះ​ទេ។ រី​ឯ​អាជ្ញាធរ​ឃុំ​នៅ​ពុំ​ទាន់​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​កំណត់​ព្រំ​ប្រទល់​ឃុំ​ស្រែគរ​ថ្មី និង​ឃុំ​ភ្លុក នៅ​ឡើយ​ដែរ។ តែ​យ៉ាង​ណា​លោក​នឹង​យក​សំណូមពរ​របស់​អ្នក​ភូមិ​ជូន​ដំណឹង​ទៅ​ថ្នាក់លើ​ឲ្យ​ពន្លឿន​ដោះស្រាយ​រឿង​នេះ «កន្លែង​ហ្នឹង​ខ្ញុំ​កំពុង​ជជែក​ជាមួយ​ថ្នាក់​លើ ប៉ុន្តែ​ថ្នាក់​លើ​ថា ផែនទី​ហ្នឹង​ត្រឹមត្រូវ តែ​ផែនទី​ហ្នឹង​ខ្ញុំ​មិន​ទាន់​ឃើញ​ទេ»

មេ​ឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​រដ្ឋាភិបាល​ដក​ពី​តំណែង​លោក សៀក មេគង្គ យល់​ថា អ្នក​ភូមិ​ស្ម័គ្រចិត្ត​ទទួល​សំណង​ពី​ក្រុមហ៊ុន​មក​តាំង​ទីលំនៅ​ថ្មី​កំពុង​ភ័យ​ព្រួយ​រឿង​នេះ​ដោយ​មិន​ចង់​ឃើញ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ឃុំ​ស្រែគរ ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង រដ្ឋបាល​ឃុំ​ភ្លុក​ទេ ព្រោះ​ពួកគាត់​បារម្ភ​បាត់បង់​ប្រយោជន៍​ពលរដ្ឋ។

លោក​កត់សម្គាល់​ថា ព្រំប្រទល់​រដ្ឋបាល​ឃុំ​ស្រែគរ​ចាស់ និង​ឃុំ​ភ្លុក អ្នក​ភូមិ​សម្គាល់​ត្រង់​ទីតាំង​អ្នក​តា​ក្រហម-ក ដែល​អ្នក​ភូមិ​ស្រែគរ គោរព​បូជា​រៀងរាល់​ឆ្នាំ។ ហេតុ​នេះ អ្នក​ភូមិ​ទាមទារ​រក្សា​ព្រំប្រទល់​រដ្ឋបាល​ឃុំ​ស្រែគរ នៅ​ដដែល និង​ដាក់​បញ្ចូល​ភូមិ​ថ្មី​ឲ្យ​ឋិត​ក្រោម​រដ្ឋបាល​ឃុំ​ស្រែគរ ចាស់​តាម​ទម្លាប់​ពី​មុន​មក៖ «ប្រជាពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត​ទេ បើ​វាស់វែង​ត្រឹម​អូរ​ចំបក់​មក​លើ ហើយ​ខាងត្បូង​អូរ​ចំបក់​ទៅ​ឃុំ​ភ្លុក​ទៅ។ ប្រជាពលរដ្ឋ​ចង់​និយាយ​មួយ​ទៀត​ថា សំណូមពរ​ថា ផ្លូវ​ដែល​ខាង​លើ​វារី​មក​លើ​ស្រែគរ​ថ្មី គួរ​តែ​យើង​កាត់​មក​ស្រែគរ​ទៅ មិន​មែន​ទេវតា​មក​ធ្វើ​ផែនទី​ទេ មនុស្ស​អ្នក​ធ្វើ​ផែនទី»

លោក សៀក មេគង្គ បន្ថែម​ថា ពលរដ្ឋ​មិន​ពេញចិត្ត​បញ្ហា​នេះ មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ដូច​មុន​ឡើយ ព្រោះ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រៀបចំ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផ្ទាល់ ទាក់ទិន​ការ​កំណត់​តំបន់​រដ្ឋបាល​គ្រប់គ្រង​ភូមិ​ថ្មី៖ «ជួបជុំ​គ្នា ១០​នាក់ និង ២០​នាក់​បដិវត្ត​ពណ៌។ គាត់​មក​ពឹង​ខ្ញុំ ទោះ​បី​គេ​រំលាយ​ចោល​គាត់​មក​ពឹង​ខ្ញុំ»

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ​១ និង​ភូមិ​ស្រែគរ​២ ជាង ៩០​ភាគរយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ៥០០​គ្រួសារ បាន​សម្រេច​ចិត្ត​ទទួល​យក​គោលនយោបាយ​សំណង​ផល​ប៉ះពាល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជាពិសេស​ការ​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​លំនៅឋាន​ថ្មី​នៅ​ត្រើយ​ម្ខាង​ទន្លេ ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ទីតាំង​សង់​ទំនប់៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s