ប្រមុខ​រាជរដ្ឋាភិបាល​លើក​ឡើង​ពី​គម្រោង​អគារ​កម្ពស់​600​ម៉ែត្រ​ជា​ថ្មី

ប្រភព: កោះសន្តិភាព

a2ef406e2c2351e0b9e80029c909242d-1-780x455

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រោង​អគារ​ខ្ពស់កប់ពពក​ចំនួន​២​ត្រូវ​ប្រកាស​ថា​នឹង​សាងសង់​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្ដែង​ការ​សាទរ និង​សង្ឃឹមថា គម្រោង​អគារ​យក្ស​ទាំងនោះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​កម្ពុជា​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មាន​មោទនភាព​សម្រាប់​ប្រទេស​របស់​ខ្លួន​ដែរ ។
ទោះបី​យ៉ាងណា គម្រោង​ទាំងនោះ​ពុំ​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​បុក​គ្រឹះ​សាងសង់​នៅ​ពេល​ណា​ទេ ខណៈ​គម្រោង​១​ត្រូវ​បាន​ពន្យារ​ពេល​​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចាំ​បាត់​ៗ​នោះ គឺ​អគារ​ភ្លោះ​ថៃ​ប៊ុ​ន​រ៉ុ​ង (Thai Bunrong Tween Tower) មាន​កម្ពស់​១៣៣​ជាន់ ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​ការ​វិនិយោគ​កាលពីដើម​ខែមីនា ឆ្នាំ​២០១៦ មា​នទី​តាំងនៅ​អតីត​សួន​កម្សាន្ដ​ឌ្រី​ម​លែ​ន​ដ៍ ។ ចំណែក​គម្រោង​មួយទៀត ត្រូវ​បាន​លេចឮ​ថា​នឹង​សាងសង់​លើ​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិ​កតា ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្ថិត​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ។
ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៨​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ជា​ថ្មី​ម្ដងទៀត​ពី​គម្រោង​សាងសង់​អគារ​កម្ពស់​៦០០​ម៉ែត្រ គ្រា​ដែល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហើយ​ការ​បង្ហើប​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ជា​ថ្មី​ម្ដងទៀត តែ​យ៉ាងណា សម្ដេច​តេ​ជោ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​គម្រោង​អគារ​កម្ពស់​៦០០​ម៉ែត្រ​ណាមួយ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​សាងសង់​ដែរ គ្រាន់តែ​ដឹង​ថា អគារ​នោះ​មាន​ចំនួន​១៣៣​ជាន់​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​នឹក​ដល់​អគារ​ថៃ​ប៊ុ​ន​រ៉ុ​ង ដែល​បាន​ពន្យារពេល​សាងសង់​នេះ ។
សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« អគារ​ខ្ពស់​ៗ​ណាស់​ឥឡូវនេះ វា​មិនមែន​១០​ជាន់ ២០​ជាន់​ទៀត​ទេ ឥឡូវនេះ គម្រោង​ខាង​មុខ មាន​អា​៦០០​ម៉ែត្រ ស្មើនឹង​១៣៣​ជាន់ នឹង​ត្រូវ​សាងសង់​ខាង​មុខ »​។
ទាក់ទង​នឹង​គម្រោង​អគារ​ភ្លោះ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថៃ​ប៊ុ​ន​រ៉ុ​ង​នេះ លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ថា គម្រោង​សាងសង់​អគារ​ដ៏​ធំ​មួយ​នេះ នឹង​សាងសង់​ដូច​សម្តេច​បាន​មាន​ប្រសាសន៍​អីចឹង ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា គម្រោង​នោះ​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ពេល​ណា ។
អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Bunrong Tween Tower កំពុង​រៀបចំ​គូរ​ប្លង់ និង​សិក្សា​លើ​ប្លង់​ស្ថាបត្យកម្ម និង​ផ្ទៃដី​ឡើង​វិញ ដែល​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិ​កតា ស្ថិត​នៅ​តំបន់​ឌ្រី​ម​លែ​ន​ដ៍ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ ដូនពេញ ។ អគារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ មាន​បណ្តុំ​ទៅ​ដោយ​សេវាកម្ម​ចម្រុះ​ដូច​ជា ៖ ផ្សារ​ទំនើប​, អគារ​ការិយាល័យ​, អា​ផាត​មិន កម្រិត​ផ្កាយ​៥, អូ​តែ​ល​កម្រិត​ផ្កាយ​៦, ខុន​ដូ​ប្រណីត​, សេវាកម្ម​ហាត់ប្រាណ​, ស្ទី​ម​,ម៉ាស្សា​, ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ និង​ជា​កន្លែង​សម្រាប់​គយគន់​ទិដ្ឋភាព​រាជធានី​ភ្នំពេញ ជាដើម ។
តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd ដែល​បាន​សហការ​វិនិយោគ​រវាង​ក្រុម​ហ៊ុន Thai Bunrong Group និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group ។

96a3be3cf272e017046d1b2674a52bd3-1

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វិនិយោគ​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ប្រាប់​កោះសន្តិភាព​នា​ថ្ងៃ​ទី​១ កុម្ភៈ ថា សម្រាប់​ការ​យល់​ឃើញ​របស់​លោក មិន​ទាន់​ប្រាកដ​ទេ​ថា អាច​នឹង​កើតឡើង​ឬ​អត់ ? ឬ​ក៏​ត្រូវ​ពន្យារពេល​បន្ត​ទៀត​ក៏​មិនដឹង​ដែរ ។
« អ្វី​ជា​ការ​បារម្ភ​របស់ខ្ញុំ គឺ​មិន​ទាន់​ដឹង​ថា​មានការ​សិក្សា​ពី​តម្រូវការ​ច្បាស់លាស់​រួច​ហើយ​ឬ​នៅ?ដូចនេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​វាយតម្លៃ​ថា បែប​ណា​នោះ​ដែរ​។ ប៉ុន្តែ​បើ​និយាយ​ទៅ ប្រទេស​នៅ​ក្នុង​តំបន់​ក្ដី ឬ​ពិភពលោក​ក្ដី វា​លែង​ទៅ​ជា​រឿង​មួយ​ដែល​មាន​ភាព​លេចធ្លោ​ទៀត​ហើយ ព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អគារ​ខ្ពស់​ៗ តែ​អាច​នឹង​ប្លែក​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​គាត់​មិន​ធ្លាប់​បាន​ទៅ​បរទេស​»​។ នេះ​បើ​តាម​លោក ង៉ែត ជូ បាន​ថ្លែង។
ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា វា​ជា​មោទនភាព​របស់​កម្ពុជា ដែល​មាន​អគារ​កម្ពស់​៦០០​ម៉ែត្រ ។
លោក​ថ្លែង​ថា ៖« ចំពោះ​ខ្ញុំ​នៅ​ពេល​មាន​គម្រោង​អគារ​៦០០​ម៉ែត្រ​នៅ​កម្ពុជា សូ​ម្បី​យល់​សប្តិ ក៏​ខ្ញុំ​សប្បាយ​រីករាយ​ដែរ ព្រោះ​វា​ជា​មោទនភាព​របស់​ជាតិ ដោយសារ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី គេ​អត់​មាន ដល់​ពេល​យើង​មាន​វា​ជា​មោទនភាព​មួយ​ហើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​អាច​ដឹង​ទេ​ថា នៅ​ពេល​ណា​សាងសង់ ហើយ​សួរ​ថា គម្រោង​នោះ​ជោគជ័យ​ឬ​អត់? ខ្ញុំ​សុំ​ឆ្លើយ​ថា ជោគជ័យ​ពេល​ដែល​បញ្ចប់ បើ​មិន​ទាន់​ចាប់ផ្ដើម ឬ​កំពុង​សាងសង់ ខ្ញុំ​មិន​អាច​ថា​ជោគជ័យ​បាន​ឡើយ » ។
លោក គី​ម ហ៊ា​ង បាន​បន្ថែម​ថា ៖« ចំពោះ​ផល​ប៉ះពាល់​វា​តែងតែមាន​ហើយ សំខាន់​អ្វី​ដែល​ល្អ គឺ​វា​ច្រើន​លើសលប់​ហើយ អីចឹង​ផល​ប៉ះពាល់​ក៏​វា​លែង​មាន​ទៀត​ដែរ តែ​បើសិនជា​អគារ​នេះ​ជោគជ័យ គឺ​វា​ផ្ដល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​ច្រើន​ថែម​ទៀត ហើយ​មុខមាត់​ប្រទេស​កម្ពុជា​គឺ​លើក​តែ​ម្ដង ពេល​ដែល​គេ​និយាយ​ថា អូ​..! ស្រុក​ខ្មែរ​មាន​អគារ​៦០០​ម៉ែត្រ ។ ឡូយ​ហ្មង ! អីចឹង អ្នកមាន បើ​កន្លែង​ណា​ល្អ គេ​មក​ហើយ មិន​ថា​អ្នកទេសចរ ឬ​អ្នក​រកស៊ី​ទេ គឺ​មក​ត​ៗ​គ្នា​តែ​ម្ដង » ។
យ៉ាងណាមិញ លោក ង៉ែត ជូ នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍ និង​បញ្ហា​ទឹកជំនន់ ព្រោះ​វា​ជា​រឿង​សំខាន់​ជាងគេ នៅ​ពេល​មាន​អគារ​ធំ ហើយ​ខ្ពស់​បែប​នេះ។ ប៉ុន្តែ​អាច​ថា នេះ​ជា​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល​។ អីចឹង លោក​គ្មាន​យោបល់​អ្វី​ទេ​ពាក់ព័ន្ធ​នឹង​គម្រោង​មួយ​នេះ ។
ប្រសិនបើ​គម្រោង​អគារ​ភ្លោះ​នេះ​ជោគជ័យ វា​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​បច្ចុប្បន្ន អគារ​ភ្លោះ Petronas Tower ដែល​មាន​កម្ពស់​៤៥២​ម៉ែត្រ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី កំពុង​គ្រង​តំណែង​ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s