សង្គម​ស៊ីវិល​ស្នើ​តុលាការ​​​ចាត់​វិធានការ​មន្ត្រី​ដែល​បណ្ដោយ​ឱ្យ​មាន​បទល្មើស​កាប់​រាន​ដី​​ព្រៃ

ប្រភព: វិទ្យុអាសុីសេរី

a74ae345-1b07-4005-a3da-ff6e8c3a26dc

ផែនទី​ខេត្ត​កំពង់ធំ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​អស់​រាប់ពាន់​ហិកតារ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ ម្យ៉ាង​ករណី​នេះ​អាច​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ថែម​ទៀត​ផង។ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ស្ថាប័ន​តុលាការ គប្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ និង​ចាត់​វិធានការ​ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង។ ​

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ជាង ៦​ពាន់​ហិកតារ ពី​សំណាក់​ជនជាតិ​វៀតណាម គឺ​ជា​ចំណែក​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ដែល​គ្រប់គ្រង​នៅ​តំបន់​នោះ។

​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ម្នាក់​ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លោក​ថា ករណី​នេះ​អាច​មាន​មនុស្ស​​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ពីព្រោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ដែល​បាន​ចុះផ្សាយ​​តាម​រយៈ​កាសែត​ក្នុង​ស្រុក​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​គឺ​ធ្វើ​តាម​បញ្ជា​ថៅកែ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ វៀតណាម ឈ្មោះ ភឿក ហ្វា៖  «ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​ឃុំ ស្រុក ហើយ​និង​រដ្ឋបាល​ព្រៃឈើ​ទៀត ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​កម្លាំង​ចម្រុះ ក្រោម​បញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា ចាប់​ខ្លួន​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ​ ង្វឿន ឌឹកញឺន ជា​បុគ្គលិក​ក្រុមហ៊ុន ភឿក ហ្វា ព្រម​ទាំង​គ្រឿងចក្រ​មួយ​គ្រឿង។ កាសែត​ក្នុង​ស្រុក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម រូប​នេះ ធ្វើ​ឡើង​ពាក់ព័ន្ធ​ពី​បទ​លួច​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​នៅ​ចំណុច​អូរព្រាល ឃុំ​បឹងល្វា ក្រោម​បញ្ជា​ពី​ថៅកែ​របស់​ខ្លួន ហើយ​ផ្ទៃដី​ឈូស​ឆាយ​មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ។

​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា និង​អាជ្ញាធរ​ខេត្ត​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។

​ទោះជា​យ៉ាង​ណា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ដើម្បី​ស្រាវជ្រាវ និង​ចាត់​វិធានការ​តាម​ច្បាប់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង ដែល​បាន​តាម​ដាន​ករណី​នេះ​កត់សម្គាល់​ថា ជា​រឿង​មិន​ធម្មតា ពីព្រោះ​ជនល្មើស​អាច​លួច​​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ដល់​រាប់ពាន់​ហិកតារ ហើយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​បែរ​ជា​មិន​អើពើ​តាំង​ពី​ដំបូង។ លោក​បន្ត​ថា ករណី​នេះ​អាច​មាន​ការ​ឃុបឃិត​គ្នា​តែម្ដង ម្យ៉ាង​វិធានការ​ពេល​នេះ ប្រហែល​ជា​មាន​ទំនាស់​ផលប្រយោជន៍​ណា​មួយ​កើត​ឡើង៖ «វា​មិន​មែន​មាន​តែ​ជនជាតិ​វៀតណាម នោះ​ម្នាក់ អាច​ធ្វើ​ទៅ​រួច​ទេ ដី​ជាង ៦​ពាន់​ហិកតារ ប្រាកដ​ជា​មាន​ភាគី​ពាក់ព័ន្ធ​ណា​ច្រើន​ទៀត​ដែល​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នេះ។ អ៊ីចឹង​យើង​សំណូមពរ​ឱ្យ​ទាំង​ស្ថាប័ន​តុលាការ ទាំង​រាជរដ្ឋាភិបាល មេត្តា​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​សាធារណជន​ឡើង​វិញ»។​

ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ ត្រូវ​ចាត់​ទុក​ជា​បទល្មើស ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល។

លោក សេង សុខហេង អះអាង​ថា ករណី​ស្រដៀង​គ្នា​នេះ ធ្លាប់​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ​ធីង៉ា (THY NGA) ក្រុមហ៊ុន ភី.អិន (PN)។  ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​កំណត់​ព្រំប្រទល់​រវាង​ដី​ក្រុមហ៊ុន ជាមួយ​ដីព្រៃ​របស់​រដ្ឋ ឬ​ដី​ប្រជា​សហគមន៍ គឺ​ជា​បញ្ហា​នៅ​ពេល​ក្រុមហ៊ុន​តែង​ឆ្លៀត​ឈូស​ឆាយ​ចូល​ដី​រដ្ឋ និង​ដី​សហគមន៍ បណ្ដាល​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ ម្យ៉ាង​បង្ក​ឱ្យ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ឥត​ឈប់​ឈរ​ទៀត​ផង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s