ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​ថា​ដើម​ច្បោះ​ជ័រ​កំពុង​ឈាន​ទៅ​រក​ក្ដី​វិនាស

ប្រភព: វិទ្យុអាសុីសេរី

5fb47e58-e0c7-4bd9-a20b-a4ec686d5f5c

កំណាត់​ឈើ​ដែល​គេ​កាប់​រំលំ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ហើយ​ត្រូវ​បាន​សហគមន៍​ចុះ​ល្បាត​ប្រទះ​ឃើញ​ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ 

ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ដើម​ច្បោះ​ជ័រ ដែល​ជា​ប្រភព​ចំណូល​សម្រាប់​ពួកគាត់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ដើម​ច្បោះ​ជ័រ​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​នឹង​អាច​វិនាស​នៅ​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន ប្រសិនបើ​រាជរដ្ឋាភិបាល​គ្មាន​វិធាន​ទប់ស្កាត់​នោះ​ទេ។

ការ​បាត់បង់​ដើម​ច្បោះ​ជ័រ គឺ​មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​ប្រជា​សហគមន៍​ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រៃឡង់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បាត់បង់​អត្តសញ្ញាណ​មួយ ព្រោះ​ជា​មុខរបរ​ប្រពៃណី​របស់​ពលរដ្ឋ ពិសេស​ជនជាតិ​ដើម​ភាគតិច​តែម្ដង។ បន្ថែម​ពី​នេះ ការ​បាត់បង់​មុខ​របរ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់​ផ្តើម​ចំណាក​ស្រុក​ទៅ​តំបន់​ឆ្ងាយៗ ឬ​ទៅ​ក្រៅ​ប្រទេស ហើយ​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​កម្មករ​ឱ្យ​ក្រុមហ៊ុន​បរទេស​ដែល​មក​វិនិយោគ​ដាំ​កៅស៊ូ​នៅ​ក្បែរ​ព្រៃឡង់ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

​បណ្ដាញ​ការពារ​ព្រៃឡង់ នៅ​ឃុំ​មានឫទ្ធិ លោក សាំង យិន មាន​ប្រសាសន៍​ថា ពី​ដើម​ឡើយ​អ្នក​ភូមិ​របស់​លោក​ស្ទើរ​តែ​ទាំង​អស់​មាន​ដើម​ច្បោះ​ជ័រ​ជា​កម្មសិទ្ធិ និង​ប្រមូល​ជ័រទឹក​យក​ទៅ​លក់​ដើម្បី​បាន​ចំណូល​បន្ថែម​សម្រាប់​ចិញ្ចឹម​ជីវិត។ លោក​បន្ត​ថា បច្ចុប្បន្ន​ក្នុង​ភូមិ​សំអោង ពលរដ្ឋ​ដែល​មាន​ដើម​ច្បោះ​ជ័រ គឺ​មាន​មិន​ដល់ ១០​ភាគរយ ឬ​ប្រមាណ ១០​គ្រួសារ​ផង ដោយសារ​ការ​លួច​កាប់​បំផ្លាញ​ពី​សំណាក់​ជនល្មើស ម្យ៉ាង​ប្រជា​សហគមន៍​មួយ​ចំនួន​ចាញ់​ឃោសនា​ក្រុម​ឈ្មួញ ហើយ​ក៏​នាំ​គ្នា​លក់​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន​តែម្ដង៖ «ព្រួយបារម្ភ​ណាស់​លោកគ្រូ ព្រោះ​ខ្ញុំ​ជា​សហគមន៍​មួយ​រូប​ដែរ តែ​ការពារ​ខាង​មុខ គេ​មក​ខាង​ក្រោយ។ យើង​ទៅ​ខាង​ក្រោយ គេ​កាប់​អី​មុខ។ ទៅ​មុខ​ទៀត​បាត់បង់​មុខ​របរ ហើយ​ក្មេង​ជំនាន់​ក្រោយ​ខាន​ឃើញ​ព្រៃឈើ​ធំៗ​ទៀត»

ព្រៃឡង់​គឺ​ជា​ប្រភព​នៃ​អនុផល​ព្រៃឈើ​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​ប្រមាណ ៦​ម៉ឺន (៦០.០០០) គ្រួសារ ហើយ​ស្មើ​នឹង​ចំនួន​ប្រជាជន​ជាង ២០​ម៉ឺន​នាក់ ដែល​រស់​នៅ​ជាប់​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ រួម​មាន​នៅ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ។ របរ​សំខាន់​ជាង​គេ​របស់​ប្រជា​សហគមន៍​គឺ​របរ​ដង​ជ័រ​ទឹក ដែល​យក​ចេញ​ពី​ដើម​ឈើ​ទាល ឬ​ដើម​ត្រាច។

ដើម្បី​បាន​ជ័រ​ទឹក​គេ​ត្រូវ​កាប់​ដើម​ឈើ​ឲ្យ​ប្រហោង​ទៅ​តាម​ទំហំ​នៃ​ដើម​ឈើ​តូច ឬ​ធំ រួច​យក​ភ្លើង​ដុត​ក្នុង​រន្ធ​ប្រហោង​នោះ។ របរ​នេះ បាន​ក្លាយ​ជា​មុខ​របរ​ប្រពៃណី​សម្រាប់​ប្រជា​សហគមន៍​រស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ លោក សុខ ប្លោក កត់សម្គាល់​ថា ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ ចាប់​ផ្ដើម​ហិនហោច​ខ្លាំង ក្រោយ​ពេល​មាន​វត្តមាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK) កាល​ពី​ឆ្នាំ​២០០៩ ឬ​២០១០។ លោក​ថា ទំហំ​បាត់បង់ គឺ​រាប់​ម៉ឺន​ដើម ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​មាន​ដើម​ច្បោះ​ជ័រ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺ​មាន​ចំនួន​តិចតួច ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​ចំនួន​នៅ​សេសសល់​ពិត​ប្រាកដ​ទេ៖«ប៉ុន្តែ​បើ​និយាយ​ពី​បាត់បង់​ច្បោះ​ជ័រទឹក​គឺ​បាត់​បង់​ច្រើន​មែន​ទែន​នៅ​ក្នុង​តំបន់​ព្រៃឡង់។ បើ​នៅ​ខាង​ឃុំ​ប្អូន​នៅ​ឃុំ​ដងកាំបិត វិញ គឺ​គ្មាន​សូម្បី​តែ​ម្នាក់​ទេ​ឥឡូវ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ដើម​ច្បោះ​របស់​ពួកគាត់​គឺ​ត្រូវ​បាន​បាត់បង់»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០១៧ ឱ្យ​ដឹង​ថា ក្រសួង​បាន​ផ្ដល់​លិខិត​បើក​ផ្លូវ​ដល់​ក្រុមហ៊ុន​ចំនួន ៣៤ និង​អតិថិជន​ចំនួន ៨​នាក់ ដើម្បី​ដឹក​ជញ្ជូន​ផល និង​អនុផល​ព្រៃឈើ រួម​មាន​ឈើ​ប្រណិត ឈើ​ហ៊ុប កូនឈើ អុស​ចម្រុះ កូន​ក្រឡឹង និង​ប្រភេទ​ឈើ​ផ្សេង​ទៀត ព្រម​ទាំង​ជ័រ​ទឹក​ផង​ដែរ។ ក្នុង​នោះ ជ័រ​ទឹក​គឺ​មាន​ចំនួន​ជាង ១​ពាន់​តោន (១.០៣១)។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ចំនួន ១០ ដែល​បាន​នាំ​ជ័រ​ទឹក​ទៅ​ក្រៅ​ប្រទេស មាន​ចំនួន​ជិត ៣០០​តោន (២៩២)។

លោក សុខ ប្លោក បញ្ជាក់​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ ចុង​ក្រោយ​នេះ ជ័រទឹក​មាន​តម្លៃ​ខ្ពស់។ ជាក់ស្ដែង​កាល​ពី​មុន​ឆ្នាំ​២០១០ ពលរដ្ឋ​អាច​លក់​ជ័រ​ទឹក​ក្នុង​មួយ​ប៊ីដុង ឬ​មួយ​កាន ស្មើ​ចំនួន ៣០​លីត្រ បាន​តម្លៃ ២​ម៉ឺន ទៅ ៤​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គាត់​អាច​លក់​បាន​តម្លៃ​ចន្លោះ​ពី ១០​ម៉ឺន ទៅ ១៣​ម៉ឺន​រៀល​ក្នុង​មួយ​កាន។ ចំណែក​ទីផ្សារ​វិញ គឺ​មិន​ពិបាក​ទេ ព្រោះ​ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ផ្ទះ ឬ​ចូល​ទៅ​ទិញ​ក្នុង​ព្រៃ​តែម្ដង។

​លោក​យល់​ថា តម្លៃ​ជ័រ​ទឹក​ហក់​ឡើង​ខ្ពស់​ពេល​នេះ គឺ​ដោយសារ​តែ​ឈើ​ច្បោះ​ជ័រ​នៅ​តំបន់​ព្រៃឡង់ កាន់​តែ​ថយ​ចុះ​ជា​បន្តបន្ទាប់។ ប្រជា​សហគមន៍​រូប​នេះ​បារម្ភ​ពី​វាសនា​ដើម​ច្បោះ​ជ័រ​នៅ​តំបន់​ព្រៃឡង់ ថា​នឹង​អាច​បាត់បង់​ទាំង​ស្រុង​នៅ​ពេល​ខាង​មុខ ប្រសិនបើ​គ្មាន​វិធាន​ទប់ស្កាត់ ហើយ​ប្រជាពលរដ្ឋ ពិសេស​ជនជាតិ​ដើម​ភាគតិច​នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ច្រើន ដូចជា​បាត់បង់​មុខ​របរ​ប្រពៃណី និង​បាត់បង់​ប្រាក់​ចំណូល​ជាដើម៖ «និយាយ​សារសំខាន់​មាន​ច្រើន។ ទី​មួយ គឺ​សម្រាប់​អាយុ​ជីវិត​របស់​គាត់​តែម្ដង នៅ​ពេល​គាត់​ទៅ​ដង​ជ័រ​ទឹក​មក​ហើយ គាត់​អាច​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​កម្រៃ​តិចតួច​សម្រាប់​ដោះស្រាយ​ក្នុង​គ្រួសារ​របស់​គាត់ ហើយ​ទី​ពីរ​ទៀត គាត់​គិត​ថា ចូលរួម​ការពារ​ព្រៃឈើ​ឱ្យ​បាន​នៅ​គង់វង្ស​ដែរ»

ប្រជា​សហគមន៍​ដែល​មាន​ដើម​ច្បោះ​ជ័រ​ប្រមាណ ១០០​ដើម​រូប​នេះ ឱ្យ​ដឹង​ថា ក្នុង​មួយ​ដើម គឺ​ផ្ដល់​ផល​ជា​ជ័រ​ទឹក​ប្រហែល ១​លីត្រ ហើយ​រយៈពេល​ប្រមូល​ជ័រទឹក គឺ ២​ថ្ងៃ​ម្ដង ឬ ៣​ថ្ងៃ​ម្ដង។ ដើម​ច្បោះ​ជ័រ អាច​ផ្ដល់​ផល​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​រដូវ​ប្រាំង​ក្ដៅ​ខ្លាំង ហើយ​ជា​រដូវ​ដើម​ប្រភេទ​នេះ​ជ្រុះ​ស្លឹក ជា​ហេតុ​ធ្វើ​ឱ្យ​ជ័រ​ទឹក​មិន​សូវ​ចេញ​ច្រើន​ឡើយ។ ប្រភព​ដដែល​បន្ថែម​ថា ជ័រទឹក​គេ​យក​ទៅ​ប្រើប្រាស់ ដូចជា​លាប​ទូក លាប​ល្អី ចង្អេរ​ជាដើម ប៉ុន្តែ​លោក​មិន​ដឹង​ថា ឈ្មួញ​ដែល​ទិញ​យក​ទៅ​ក្រៅ​ស្រុក គេ​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។

​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ដដែល បាន​កំណត់​ទិសដៅ​បន្ត​ចំពោះ​ការងារ​ការពារ និង​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ ត្រូវ​បង្កើន​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន សមត្ថកិច្ច​ជំនាញ ប្រជា​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ ពិសេស​អ្នក​សារព័ត៌មាន រួម​ទាំង​ព្រះរាជអាជ្ញា​ឱ្យ​ជួយ​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់។ ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​កិច្ច​សហការ​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។

​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ជាក់ស្ដែង​បទល្មើស​ព្រៃឈើ និង​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​កើត​មាន​ឥត​ឈប់ឈរ ហើយ​ឈ្មួញ​ឈើ​ដែល​ជា​មន្ត្រី ឧកញ៉ា និង​មាន​ខ្នង​គ្រាក់ៗ នៅ​តែ​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដដែល។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ដើម​ច្បោះ​ជ័រ​របស់​ប្រជា​សហគមន៍​ចេះ​តែ​បាត់បង់ គឺ​ដោយសារ​វត្តមាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​ព្រៃឡង់។ ការ​លួច​កាប់​បំផ្លាញ​ពី​សំណាក់​ជនល្មើស ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ ដើម្បី​ឱ្យ​ពលរដ្ឋ​លក់​ដើម​ច្បោះ​ជ័រ​ឱ្យ​ពួកគេ។

លោក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម​ច្បោះ​ជ័រ​របស់​ប្រជា​សហគមន៍​រស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់ ដែល​រង​ការ​បំផ្លិចបំផ្លាញ គឺ​មាន​ចំនួន​មិន​ក្រោម ៥០​ម៉ឺន​ដើម​ឡើយ៖ «អ៊ីចឹង​រូបភាព​ទី​មួយ​គឺ​បាត់បង់​ដោយសារ​ការ​ផ្ដល់​ដី​ដល់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ។ គេ​កាប់​យក​គេ​ឈូស​យក​មួយ​ទំហឹង អ៊ីចឹង​ទៅ​គាត់​មិន​អាច​ចូល​ទៅ ហើយ​មិន​អាច​ទាមទារ​សំណង​បាន​ទេ»

​ប្រភព​ដដែល​មើល​ឃើញ​ថា ដើម​ច្បោះ​ជ័រ​នឹង​ឈាន​ទៅ​រក​ការ​វិនាស​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ថា វិនាសកម្ម​មួយ​នេះ នឹង​ប៉ះពាល់​ច្រើន​ដល់​ប្រជា​សហគមន៍ ដូចជា​បាត់បង់​មុខ​របរ​ប្រពៃណី ត្រូវ​ចំណាកស្រុក និង​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

​លោក សេង សុខហេង ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​កិច្ច​ការពារ​ដើម​ច្បោះ​ជ័រ ហើយ​អ្នក​កាប់​បំផ្លាញ​គឺ​មាន​ទោសឧក្រិដ្ឋ។ យ៉ាង​នេះ​ក្តី កន្លង​មក​សហគមន៍​បាន​ដាក់​របាយការណ៍​ស្ដីពី​ជនល្មើស​ដែល​បំផ្លាញ​ដើម​ច្បោះ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ប៉ុន្តែ​មិន​ឃើញ​ចាត់​វិធានការ​តាម​ច្បាប់​នោះ​ទេ។

​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ប្រជា​សហគមន៍​គ្រោង​នឹង​បង្កើត​សមាគម​ជ័រ​ច្បោះ​ដើម្បី​រក​ទីផ្សារ​បន្ថែម ហើយ​ធានា​តម្លៃ​ជ័រ​ឱ្យ​មាន​លំនឹង ម្យ៉ាង​ងាយស្រួល​ក្នុង​ថែរក្សា​ដើម​ច្បោះ​គេច​ផុត​ពី​ការ​កាប់​បំផ្លាញ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​ដើម​ច្បោះ​ជ័រ ឬ​បង្កើត​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដើម្បី​រក​ចំណូល​បន្ថែម​ជួយ​ដល់​សហគមន៍ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ឱ្យ​ចូល​រួម​ការពារ​ព្រៃឈើ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s