ប្រភព: កោះសន្តិភាព
ខេត្តកំពង់ឆ្នាំង ៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា កំណើនចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនគួរកត់សំគាល់ ។ កត្តាទាំងអស់នេះ គឺបណ្តាលមកពីប្រទេសជាតិមាន សុខសន្តិភាព ស្ថេរភាព និងមានការីកចម្រើន គ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំងក៏មិនខុសពីខេត្តដ៏ទៃទៀតដែរ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ភ្ញៀវបរទេសចូលមកទស្សនាទឹកដីខេត្តកំពង់ឆ្នាំង មានពីរផ្នែក ទីមួយមកតាមផ្លូវគោក និងទីពីរមកតាមផ្លូវទឹក ប៉ុន្តែភាគច្រើនភ្ញៀវទេសចរណ៍ បានធ្វើដំណើរតាមផ្លូវទឹក គឺជិះកប៉ាល់ មកសំចតនៅកំពង់ផែ២កន្លែងដែរ ទី១គឺនៅភូមិកំពង់ត្រឡាចក្រោម ក្នុងស្រុកកំពង់ត្រឡាចនៅទីនោះភ្ញៀវបានឡើងគោក រួចជិះរទេះគោ ដែលបានរៀបចំចងក្រងជាសហគមន៍ មានចំនួន៦០រទេះគោ សម្រាប់ដឹកភ្ញៀវទេសចរណ៍ដើរកម្សាន្តតាមភូមិឋាន រួចបន្តដំណើរទៅវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចក្រោម ដែលជាវត្ត មានវ័យចំណាស់ ហើយត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ។ វត្តនេះមានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍បរទេស ព្រោះវត្តនេះមានគំនូរបុរាណមានអាយុកាលជាង១០០ឆ្នាំដែលគូជាប់ និងជញ្ជាំងព្រះវិហារ ដែលបច្ចុប្បន្នឃើញមាននៅល្អច្រើន ។
ចំណែកចំណតទី២ គឺនៅកំពង់ផែផ្សារក្រោមដែលជាចំណតធំជាងគេ ។ នៅទីនោះភ្ញៀវឡើងគោកជិះរថយន្ត មានក្រុមខ្លះជិះកង់ទៅទស្សនាជីវភាពរស់នៅរបស់ប្រជាពល រដ្ឋក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលនៅទីនោះកំពុងរៀបចំឲ្យក្លាយជាតំបន់ «កសិទេសចរណ៍ អណ្តូងឬស្សី» ដែលមានប្រជាពលរដ្ឋកំពុងប្រកបរបរធ្វើស្រែ ស្មូនឆ្នាំង ផលិតរបស់វត្ថុអនុស្សារីយ៍ ការឡើងត្នោត ការរំងាស់ស្កត្នោត និងតម្បាញពីឬស្សីជាដើម ។ ក្រៅពីនោះ ភ្ញៀវទស្សនាទេសភាពវាលស្រែ និងភ្នំនៅភូមិអណ្តូងឬស្សី ។
យ៉ាងនេះក្តីលោកប្រធានមន្ទីរទេសចរណ៍ខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំលក់របស់ ឬទំនិញផ្សេងៗដោយតម្លើងថ្លៃដែលនាំឲ្យថ្នាំងថ្នាក់ដល់ភ្ញៀវបរទេស ដែលមកកំសាន្តនៅស្រុកយើង តែកាលណាភ្ញៀវដឹង ថ្ងៃក្រោយគេឈប់មកទស្សនា និងទិញផលិតផលរបស់យើងទៀតហើយ គឺបានតែម្តងទេ ៕