សំណុំ​រឿង​ទំនាស់​ដីធ្លី ​នៅ​លើ​ទីតាំង​នៃ​គម្រោង​ស្ថាបនា​​ព្រលាន​យន្តហោះ​ថ្មី

ប្រភព: ភ្នំពេញប៉ុសិ័្ត

6-Protest-Land

ពលរដ្ឋ​មួយ​គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​ដី​មាន​ជម្លោះ​។ រូបថត ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មាន​រឿងរ៉ាវ​មួយ​ចំនួន​បាន​ផ្លាស់ប្តូរ​នៅ​ក្នុង​ភូមិ​កណ្តាល​ស្ទឹង​ជា​ភូមិ​ដាច់​ស្រយាល​មួយ​ចាប់​តាំងពី​អ្នកស្រី​ ប៊ុល អូន និង​ស្វាមី​បាន​ផ្លាស់​លំនៅ​មក​កាន់​ទី​នេះ​ជា​លើក​ដំបូង​កាលពី​ជាង​ ២០ ​ឆ្នាំ​មុន ប៉ុន្តែ​ឥឡូវ​វា​ស្ថិត​ក្នុង​​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​។

ពួកគាត់​បាន​ប្រកប​របប​ធ្វើ​ស្រែ​ចម្ការ​ និង​បាន​សង់​ផ្ទះ​តូច​មួយ​ដើម្បី​រស់នៅ​ទីតាំង​នោះ​ដោយ​មាន​ទាំង​កូន និង​ចៅ​នៅ​ជាមួយ​ផង​។

មាន​ជន​ចម្លែកៗ​បាន​ចាប់​ផ្តើម​លេចមុខ​ក្នុង​ភូមិ​នេះ​ជា​បន្តបន្ទាប់​ដោយ​មាន​ទាំង​បង្គោល​នឹង​ម៉ាស៊ីន ឈូសឆាយ​។ ឧកញ៉ា​ក្នុង​តំបន់​ម្នាក់​បាន​ឲ្យ​ដឹង​ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​គាត់​។ ករណី​របស់​អ្នកភូមិ​ចំនួន​ ៣ ​ឃុំ​ដែល​មាន​រាប់រយ​គ្រួសារ​នេះ​បាន​កើតឡើង​នៅ​តុលាការ​ជាច្រើន​ឆ្នាំ​មក​ហើយ ។

ប៉ុន្តែ​សម្រាប់​អ្នកស្រី អូន និង​អ្នក​ជិត​ខាង​នៅ​បន្ត​ធ្វើ​ការងារ​ជាធម្មតា​គឺ​ការ​ប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ ហើយ​អ្វីៗ​ហាក់​នៅ​ស្ងប់ស្ងាត់ និង​គ្មាន​អ្នក​ណា​ម្នាក់​មក​បង្ហាញ​ខ្លួន​ទៀត​ទេ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១២ ខែ​មករា​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់ប្តូរ​។

រដ្ឋាភិបាល​បាន​ប្រកាស​គម្រោង​​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​មាន​តម្លៃ​ ១,៥ ​ពាន់​លាន​ដុល្លារ​​លើ​ផ្ទៃដី​ ២៦០០ ហិកតា​ក្នុង​ឃុំ​នោះ​ក៏​ដូចជា​បញ្ចេញ​ផែនទី​ដែល​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ដ៏ធំ​មួយ​នៅ​តំបន់​នោះ​។

នៅ​ថ្ងៃ​បន្ទាប់​ឃើញ​មាន​រថយន្ត​ភីបអាប់​ (SUV) ​ជាច្រើន​គ្រឿង​ទៅ​តំបន់​នោះ​ដើម្បី​រក​ទិញ​ដី​​ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​រដ្ឋាភិបាល FreshNews ក៏​បាន​ចេញ​ផ្សាយ​ឯកសារ​ដែល​ថា ដី​នោះ​ជា​កម្មសិទ្ធិ​ឧកញ៉ា​។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ភ្ញាក់ផ្អើល​ខ្លាំង​ពីព្រោះ​សាលក្រម​ដែល​ចេញ​ពី​ឆ្នាំ​ ២០០៦ ​និង​ ២០០៧ ​បាន​ឲ្យ​ពួកគាត់​ឈ្នះ ហើយ​គេ​បាន​សន្យា​ថា​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​។

អ្នកស្រី អូន អាយុ​ ៥៤ ​ឆ្នាំ​ពី​សប្ដាហ៍​មុន​បាន​ថ្លែង​ថា​៖ «​យើង​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ​។

យើង​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​យល់​ព្រម​ធ្វើ​វា​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អនុវត្ត​ដូច្នេះ​សោះ​»​។

ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី​ទេ​។ ​ប៉ុន្តែ​សម្រាប់​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ធំៗ​បែប​នេះ វា​អាច​​ធ្វើ​ឱ្យ​មាន​ជម្លោះ​ដីធ្លី​ថ្មី​កើតឡើង​ជាមួយ​ជម្លោះ​ដែល​បាន​កើតឡើង​​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ​។

តាម​កំណត់ត្រា​តុលាការ និង​ការ​ធ្វើ​បទសម្ភាស​ជាមួយ​ពលរដ្ឋ​ថា​ជម្លោះ​ដីធ្លី​នេះ​ហាក់​ដូចជា​ប្តូរ​ម្ចាស់​កម្មសិទ្ធិ​ច្រើន​ដង ហើយ​វា​ស្ថិត​ក្នុង​ដៃ​ឧកញ៉ា​ សៀង ចាន់ហេង ចាប់​តាំង​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​កាលពី​មួយ​ទសវត្សរ៍​មុន​។ ឥឡូវ​នេះ​វា​កំពុង​ស្ថិត​ក្នុង​ដៃ​អ្នក​ជិត​ស្និទ្ធិ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ OCIC ជា​ដៃគូ​ជាមួយ​នាយកដ្ឋាន​អាកាសចរណ៍​រដ្ឋ​។

អ្នកស្រី​ អូន ​ថា​៖ «​ឥឡូវ​នេះ​មិន​ថា​តើ​ដី​រដ្ឋ​មែន​ឬ​ក៏​អត់​ទេ ពួកគេ​ត្រូវ​តែ​ទូទាត់​សំណង​ឲ្យ​យើង​។ ពួកយើង​មិន​ប្រឆាំង​ទេ ប៉ុន្តែ​វា​ត្រូវ​តែ​មាន​សំណង​ដូចជា​លុយ​​ ឬ​ក៏​ដីធ្លី​ជាដើម​»​។

ពេល​ទាក់ទង​ពី​ម្សិលមិញ​អ្នកស្រី​ ចាន់ហេង បាន​ថ្លែង​ថា​គាត់​កំពុង​នៅ​អាមេរិក​។ ​ប៉ុន្តែ​ក្នុង​បទសម្ភាស​ពី​លើក​មុន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកស្រី​ធ្លាប់​បាន​ថ្លែង​ថា​ក្រុមហ៊ុន​អ្នកស្រី​គឺ​ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍ បាន​ទិញ​ដី​នោះ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ៩០ ហើយ​ថា​អ្នកភូមិ​បាន​រំលោភ​ដី​នោះ​បន្ទាប់ពី​អ្នកស្រី​បាន​សង់​ផ្លូវ និង​ទំនប់​។

ទោះ​យ៉ាង​ណា​អ្នកស្រុក​ជាច្រើន​ដែល​នៅ​តែ​ហៅ​ភូមិ​នោះ​តាម​ឈ្មោះ​សម័យ​ប៉ុលពត​គឺ​តំបន់​ ៩២ ​តំបន់​ ៩៣ ​និង​តំបន់​ ៩៤ ​នោះ​បាន​ថ្លែង​ថា​ពួកគេ​បាន​មក​តាំង​លំនៅ​ទី​នោះ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ៨០ ​និង​ ៩០ ​ម្ល៉េះ​គឺ​តាំង​ពី​មុន​ក្រុមហ៊ុន​នេះ​មក​ដល់​។

លោក​ ហ៊ុនហេង ​ជា​អ្នក​ស្រុក​ម្នាក់​រស់នៅ​តំបន់​ ៩២ ​បាន​ថ្លែង​​ថា​៖ « នៅ​ទី​នេះ​គឺ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទេ​គឺ​មាន​តែ​កិច្ចព្រមព្រៀង​ជាមួយ​មេភូមិ​។ ខ្ញុំ​បាន​រស់នៅ​ទី​នេះ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩០ គឺ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ចូល​មក​តំបន់​នេះ​ម្ល៉េះ​.. នៅ​ពេល​ខ្ញុំ​ផ្លាស់​មក​រស់នៅ​ទី​នេះ​ដំបូង​កូន​ខ្ញុំ​នៅ​ក្មេងៗ ប៉ុន្តែ​ពេល​នេះ​កូន​ខ្ញុំ​មាន​កូន​ផ្ទាល់​ខ្លួន​ទៅ​ហើយ​»​។

អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​ ២០០៥ មនុស្ស​របស់​អ្នកស្រី​ ចាន់ហេង បាន​មក​ឈូសឆាយ​ដើម្បី​ទាមទារ​យក​ដី​នោះ បើ​ទោះបី​ជា​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​ក្នុង​ឆ្នាំ​ ២០០១ ​បាន​បញ្ជាក់​ថា​អ្នក​ដែល​រស់នៅ​ដោយ​សន្តិភាព​លើ​ដី​ណា​មួយ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​អាច​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​បាន​ក្តី​។

អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​ ២០០៦ និង​ ២០០៧ តុលាការ​​ខេត្ត​បាន​ចេញ​សាលក្រម​ជូន​ដី​នោះ​ទៅ​អ្នក​ភូមិ​វិញ​ដែល​ជា​ជ័យជម្នះ​ដ៏កម្រ​មួយ​ហើយ​អាជ្ញាធរ​ជាច្រើន​បាន​មក​វាស់វែង​ដី​របស់​អ្នកភូមិ​។ ​ប៉ុន្តែ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មិន​ធ្លាប់​ត្រូវ​បាន​គេ​ចេញ​ឲ្យ​ទេ​។

ការ​តវ៉ា​ទាមទារ​ហាក់​មាន​សម្ទុះ​ខ្លាំង​ឡើងៗ​។ នៅ​ឆ្នាំ​ ២០០៩ អ្នកភូមិ​ និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា​សន្តិសុខ​ក្រុមហ៊ុន និង​កងរាជ​អាវុធហត្ថ​បាន​បាញ់​លើ​ក្រុម​អ្នក​តវ៉ា ហើយ​ពួកគេ​បាន​វាយ​អ្នកភូមិ​ ៣ ​នាក់ និង​បាន​ឈូសឆាយ​ដី​ធំៗ​ដែល​ជា​កម្មសិទ្ធិ​អ្នកភូមិ​ថែម​ទៀត​ផង​។

នៅ​ឆ្នាំ​បន្ទាប់​អ្នកភូមិ​ ១០ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ពួកគេ​បាន​ព្យាយាម​រារាំង​ម៉ាស៊ីន​ឈូសឆាយ​របស់​ក្រុមហ៊ុន ហើយ​ ២-៣​ ​ខែ​បន្ទាប់ពី​តំណាង​អ្នកភូមិ​ ៣ នាក់​ផ្សេង​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​ និង​បាន​រង​ការ​ចោទ​ពី​បទ​រំលោភ​យក​ដី​ និង​បទ​ញុះញង់​ និង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​តវ៉ា​ធ្វើឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​ការពារ​សិទ្ធិមនុស្ស​ថា​ជា​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​។

អ្នកភូមិ​ម្នាក់​ទៀត​ឈ្មោះ ម៉ែនឌី អាយុ​ ៤៥ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​៖ «​វា​ហាក់​ដូចជា​គ្មាន​ពាក្យ​បណ្តឹង​ ឬ​ញត្តិ​របស់​ពួកយើង​ណា​មួយ​បាន​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​ទេ​។ ​យើង​បាន​ទៅ​កាន់​គេហដ្ឋាន​របស់​គាត់ ប៉ុន្តែ​យើង​នៅ​តែ​មិន​អាច​ជួប​គាត់​បាន​ដដែល​»​។

ទោះ​យ៉ាង​ណា​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តែ​មិន​ត្រូវ​បាន​ចេញ​ឲ្យ​ពលរដ្ឋ​ដដែល​។ ភ្លាមៗ​នៅ​ឆ្នាំ ២០១៤ តុលាការ​កំពូល​បាន​សម្រេច​ថា​ប័ណ្ណ​កម្មសិទ្ធិ ៦០៦ ជា​កម្មសិទ្ធិ​ក្រុមហ៊ុន Min You Cultural Foundation ដែល​តំណាង​ដោយ​ឧកញ៉ា​ថៃ​សេងឡុង​ និង​ពាណិជ្ជករ​ជប៉ុន​ ២ ​នាក់​ផ្សេង​ទៀត​មិន​បាន​ចុះ​បញ្ជី​។ តុលាការ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ «​អ្នកភូមិ​បាន​ព្យាយាម​លួច​យក​ដី​នោះ ទោះបី​ជា​មាន​ការ​ទទួល​ថា​មាន ​«​ភាព​មិន​ប្រក្រតី​ជាច្រើន​» ​កើតឡើង​ក្នុង​ការ​ទិញ​លក់​ដី​តាំងពី​ដំបូង​ក្តី​។

អ្នកស្រុក​ម្នាក់​ទៀត​ឈ្មោះ​ ញ៉រញ៉ែម អាយុ​ ៥១ ​ឆ្នាំ​ដែល​បាន​ប្រមូល​ឯកសារ​ថតចម្លង​ដោយ​ប្រុងប្រយ័ត្ន​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​នោះ​ថ្លែង​ថា​ការ​សម្រេច​នេះ​ស្ថិត​ក្នុង​អាថ៌កំបាំង​។

២ ​ឆ្នាំ​ក្រោយ​មក​ម្នាក់​ដែល​​ជា​ម្ចាស់​ដើម​ដី​នោះ​គឺជា​អតីត​ព្រឹទ្ធសភា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្មោះ​ពៅ​សិទ្ធិ​ដែល​នៅ​ឆ្នាំ​ ២០១៦ ​ត្រូវ​បាន​ចោទ​ពី​បទ​ក្លែង​ឯកសារ​លក់​ដី​ ១ ​ពាន់​ហិកតា​ក្នុង​ស្រុក​កណ្តាលស្ទឹង​ទៅ​ឲ្យ​ធនាគារ​ជប៉ុន​មួយ​ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ១ ​ឆ្នាំ​។

មិនមែន​តែ​អ្នក​ភូមិ​ទេ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ទីតាំង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​នោះ​តែ​ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​អាច​ប៉ះពាល់​ដល់​គម្រោង​នេះ​។

ប៉ុន្តែ​មន្ត្រី​មាន​អំណាច​ ឬ​ជាន់​ខ្ពស់​មួយ​ចំនួន​ក៏​ស្រាប់​តែ​លេច​ឡើង​ជា​ម្ចាស់​ដី​នៅ​ក្នុង​ឃុំ​កណ្តោក​នៃ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​នោះ​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន ឧត្តមសេនីយ៍ឯក ដួង ហេង, អភិបាលរង​រាជធានី​ភ្នំពេញ កើត ឆែ និង​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​លោក ឃ្លាំង ហួត ក៏​ជា​ម្ចាស់​ដី​ចន្លោះ​ពី​ ២ ​ទៅ​ ២៨ ​ហិកតា​ក្នុង​ឃុំ​នេះ​គឺ​​នៅ​ជិត​ភូមិ​ស្វាយព្រៃ​។ នេះ​បើ​តាម​លិខិត​មួយ​ផ្ញើ​ទៅ​អភិបាលស្រុក​កាលពី​ឆ្នាំ​ ២០១៦ ​ដែល​ប្តឹង​ក្រុមហ៊ុន​មួយ​ថា​កំពុង​រំលោភ​​បំពាន​លើ​ដី​របស់​ពួកគេ​។

ពិន វណ្ណៈ ជា​មេធាវី​តំណាង​ក្រុមមន្ត្រី​ជាន់​ខ្ពស់​បាន​បញ្ជាក់​ថា​ម្ចាស់​ដី​កំពុង​តតាំង​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដី ប៉ុន្តែ​ «​បាន​បញ្ចប់​ការ​ដោះស្រាយ​កាលពី​ឆ្នាំ​មុន​»​។

ទោះ​យ៉ាង​ណា​ក្តី​អ្នកភូមិ​បាន​ថ្លែង​ថា​ជម្លោះ​បាន​បន្ត​រហូត​មក​ដល់​ឥឡូវ​នេះ ដែល​អ្នកភូមិ​ជាច្រើន​ត្រូវ​បាន​ជួល​ឲ្យ​មក​ការពារ​ដី​ដែល​ជា​របស់​មន្ត្រី​ទាំង​នោះ​។

ស្ត្រី​ម្នាក់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា​អ្នកស្រី​បាន​ឡើង​លើ​អាប៊ុល​ដើម្បី​បញ្ឈប់​បុរស​តំណាង​ឲ្យ​​ឈ្មោះ ហេង មិន​ឲ្យ​ជីក​ចូល​ក្នុង​ដី​និយោជក​អ្នកស្រី​។

អ្នកស្រី​បារម្ភ​ថា​អ្នកស្រី​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ដី​របស់​អ្នកស្រី​ដោយ​ក្រុមហ៊ុន​ដែល​មាន​អំណាច​ខ្លាំង​ដែល​ឥឡូវ​នេះ​កំពុង​មក​តំបន់​នេះ​។

អ្នកស្រី​ថា​៖ «​យើង​បាន​នៅ​ទី​នេះ​ ២០ ​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​នឹង​មិន​ចេញ​ទេ​បើ​គ្មាន​សំណង​»​។

ក្រុម​មន្ត្រី​ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក គន់ គីម ដែល​ជា​នាយឧត្តមសេនីយ៍​យោធា​ក៏​មាន​កម្មសិទ្ធិ​ដី​ក្នុង​ឃុំ​នេះ​ដែរ​គឺ​នៅ​ជាប់​ដី​របស់​ឧកញ៉ា សៀង ចាន់ហេង​។

អ្នកភូមិ​ឈ្មោះ ហ៊ុន ហេង ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ​និង​លោក​ គន់ គីម គឺ​នៅ​លើ​ផ្នែក​មួយ​»​។ ​«​ហើយ​ឧកញ៉ា​ដទៃ​ទៀត​គឺ​ស្ថិត​នៅ​លើ​ផ្នែក​ម្ខាង​ទៀត​»​។

លោក​ ដួង ហេង ,​លោក ថោង ខុន និង​ លោក ឃ្លាំង ហួត មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​ក្តី​លោក កើត ឆែ នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ​ដំបូង​សួរ​ថា តើ​លោក​ចង់​ទិញ​ដី​ ឬ​បន្ទាប់មក​លោក​ថា​ដី​ត្រូវ​បាន​​លក់​អស់​ហើយ​? លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដោយ​ថា​ជា​ «​បញ្ហា​ឯកជន​»​។

អ្នកភូមិ​ក៏​បាន​ប្រាប់​ដែរ​ថា​ក្រុមហ៊ុន​ឈ្មោះ Eco Megapolis Development Corporation ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា ឃុន សៀ ក៏​បាន​និង​កំពុង​វាស់វែង​ដី​ក្នុង​តំបន់​នេះ​ដែរ​។

សមាជិក​មួយ​ចំនួន​នៃ​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន OCIC ក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ភិបាល​​របស់​ក្រុមហ៊ុន Eco Megapolis ផង​ដែរ​។ អត្ថបទ​មួយ​ពី​កាសែត​ឌឹខេមបូឌាដេលី បង្ហាញ​ថា សៀ ទទួល​បាន​ដី​ ២០ ​ហិកតា​ក្នុង​តំបន់​នេះ​កាល​ជាង​ ៤ ​ឆ្នាំ​មុន​ក្នុង​ការ​ដោះដូរ​ដី​ជាមួយ​រដ្ឋាភិបាល​។

លោក អំ សំអាត នៅ​អង្គការ​លីកាដូ​ដែល​ផ្តល់​ដំបូន្មាន​ដល់​អ្នកភូមិ​នៅ​ពេល​មាន​ការ​បាញ់​កាល​ឆ្នាំ​ ២០០៩ ​បាន​ថ្លែង​ថា​លោក​សង្ស័យ​ថា​អាជ្ញាធរ​ខកខាន​មិន​បាន​ដោះស្រាយ​បញ្ហា​ «​ដោយសារ​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ពួកគេ​»​។ ​លោក​បន្ត​ថា​៖ «​ប្រសិន​បើ​ពួកគេ​មិន​អាច​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ ការ​អភិវឌ្ឍ​នឹង​មិន​រលូន​នោះ​ទេ​»​។ «​ហើយ​ប្រជាពលរដ្ឋ​នឹង​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់ បណ្តឹង​ផ្លូវ​ច្បាប់ ហិង្សា និង​ការ​ដាក់​ពន្ធនាគារ​»​។

លោក វ៉ាន់ សុផាត អ្នក​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​ថា​រដ្ឋាភិបាល​ និង​អ្នក​អភិវឌ្ឍន៍​គួរ​វាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​នេះ​។

លោក​ថា​៖ «​គម្រោង​មិន​គួរ​ឲ្យ​ដំណើរការ លុះត្រា​តែ​ភាគី​ជម្លោះ​ឈាន​ដល់​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​…​។

អភិបាល​ខេត្ត​លោក ម៉ៅ ភិរុណ ក៏​បាន​ងឿង​ឆ្ងល់​អំពី​នរណា​ជា​ម្ចាស់​ដី​ដោយ​លោក​ថា ដី​នេះ​នៅ​មិន​ទាន់​ដាំដុះ​អ្វី​នៅ​ពេល​អ្នកភូមិ​បាន​រើ​មក​នៅ​។

លោក​បាន​ថ្លែង​ថា​៖ «​កាល​ពី​មុន​ឃុំ​យើង និង​អ្នកភូមិ​មាន​ការ​ធ្វេស​ប្រហែស​ និង​ផ្តល់​ការ​បញ្ជាក់​ដី​ដោយ​មិន​ផ្ទៀងផ្ទាត់ ថា​តើ​ដី​នេះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ឬ​អត់​នោះ​ទេ​» លោកស្រី សាន ហ៊ុង ជំនួយការ​ប្រធាន​ក្រុមហ៊ុន OCIC របស់​លោក ពុង ឃាវសែ បាន​ថ្លែង​ថា​ក្រុមហ៊ុន​បាន​ទិញ​ដី​នេះ​ស្រប​ច្បាប់​កាលពី​ចុង​ឆ្នាំ​មុន​ពី​ម្ចាស់​ជាច្រើន ប៉ុន្តែ​ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ​ដី​ចុះ​ហត្ថលេខា «​ប្រហែល​ ២-៣ ​ឆ្នាំ​មុន​»​។ ប៉ុន្តែ​លោកស្រី​ទទួល​ស្គាល់​ថា​៖ «​ដី​នៅ​ទី​នោះ​ពួកគេ​មាន​បញ្ហា​ច្រើន​»​។

អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក ស៊ិន ចាន់សេរីវុត្ថា បាន​ថ្លែង​ថា​រដ្ឋលេខាធិការដ្ឋាន​ «​មិន​បាន​ដឹង​ច្បាស់​» ​ថា​ដី​មួយ​ចំនួន​នៅ​ទី​នោះ​មាន​ជម្លោះ​ទេ​ពេល​ខ្លួន​មាន​ហ៊ុន​ ១០ ​ភាគរយ​ក្នុង​គម្រោង​នេះ​។

កាល​ពេល​មាន​ជម្លោះ តំណាង​លោកស្រី ចាន់ហេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​លោកស្រី​បាន​ទិញ​ដី​តំបន់​នេះ​ពី​អ្នកភូមិ​ក្នុង​តម្លៃ​ ៤៥០ ​ដុល្លារ​ក្នុង​មួយ​ហិកតា ប៉ុន្តែ​ឥឡូវ​ដី​ត្រូវ​បាន​គេ​រាយការណ៍​ថា​គេ​លក់​នៅ​ក្នុង​តម្លៃ​ពី​ ១៥ ​ម៉ឺន​ទៅ​ ៣០ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិកតា​៕ NS /PS

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s