សហគមន៍​កំពុង​រក​អន្តរាគមន៍​រឿង​ទាហាន​វ៉ៃ និង​ គំរាម​សម្លាប់

ប្រភព : ភ្នំពេញប៉ុសិ័្ត

6-Protect-Wood

ព្រះតេជគុណ ប៊ុន សាលួត កំពុង​ពិនិត្យ​ឈើ​ដែល​គេ​លួច​កាប់​កន្លង​មក​។

ឧត្តរមានជ័យៈ ​គណៈកម្មការ​សង្ឃ​សហគមន៍​រុក្ខាវ័ន​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ទៅ​អង្គការ​អាដហុក​ និង​លីកាដូ​រឿង​ទាហាន​វ៉ៃ​ និង​គំរាម​សម្លាប់ ខណៈ​ដែល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​បាន​បញ្ជូន​សំណុំ​រឿង​ទាហាន​ដណ្តើម​ឈើ​ខុស​ច្បាប់​នេះ​ទៅ​តុលាការ​នៅ​ឡើយ​។

លោក​ លឿត ឡោះ អាយុ​ ២៧ ​ឆ្នាំ​ដែល​ជា​គណៈកម្មការ​សង្ឃ​សហគមន៍​រុក្ខាវ័ន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និង​លីកាដូ កាលពី​ម្សិលមិញ​ដើម្បី​សុំ​អន្តរាគមន៍​រឿង​ទាហាន​ឈ្មោះ​ ដូង នៅ វរៈ ៤២៤ នៃ​កងពល ៤២ វាយ​ដណ្តើម​យក​ឈើ​ល្មើស​ច្បាប់ និង​គំរាម​យក​សាំង​ដុត​សម្លាប់​ចោល ដោយសារ​តែ​ខឹង​នឹង​រូប​លោក​ និង​រដ្ឋបាល​ព្រៃឈើ ចាប់​ដក​ហូត​ឈើ​ធ្នង់​ចំនួន ៨ សន្លឹក​នៅ​ក្រុង​សំរោង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​មករា​។

លោក​ ឡោះ បាន​ធ្វើ​កំណត់​ហេតុ និង​ប្តឹង​ទៅ​តុលាការ តាមរយៈ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ២ ​ថ្ងៃ​ក្រោយ​ពេល​កើតហេតុ​។ ប៉ុន្តែ​អស់​រយៈពេល​ ១០ ​ថ្ងៃ​មក​ហើយ​សំណុំ​រឿង​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​។

លោក​បន្ត​ថា កាលពី​លើក​ដំបូង​លោក​គិត​ថា ខាង​រដ្ឋបាល​ព្រៃឈើ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក៏​ត្រូវ​បាន​ទាហាន​គំរាម និង​ប្រមាថ​ផង​ដែរ​។ «​បើ​ខ្ញុំ​វិញ ខ្ញុំ​មិន​ទុក​ [​បណ្តឹង​] មិន​បាន​ទេ​។ គេ​មើលងាយ ដល់​ថ្នាក់​នោះ​ហើយ​…​ខ្ញុំ​ស្តាប់​មើល​ជនល្មើស​នោះ​ដូចជា​មិន​ខ្លាច និង​មិន​ទៅ​ណា​ទេ​។ មើល​ទៅ​រាង​យូរ​ហើយ​»​។

លោក​ ឡោះ យល់​ស្រប​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​ស៊ើបអង្កេត ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​របស់​រដ្ឋបាល​ព្រៃឈើ អាច​បណ្តាល​មកពី​ការ​ខ្លាច​អំណាច​របស់​ក្រុម​ទាហាន​។

ព្រះតេជគុណ​ ប៊ុន សាលួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខាវ័ន មាន​សង្ឃដីកា​ថា កាលពី​ថ្ងៃ​ពុធ​ព្រះអង្គ​បាន​សួរ​ខាង​រដ្ឋបាល​ព្រៃឈើ​ពី​រឿង​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​នោះ​ហើយ​ខាង​ព្រៃឈើ​ថា មិន​ទាន់​បាន​ដាក់​ទៅ​ទេ​។

លោក អ៊ឹម សាវរិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​កំពុង​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ទៅ​តាម​ដំណាក់កាល និង​តាម​ការងារ​ជំនាញ ដើម្បី​ប្រមូល​ធាតុ​ផ្សំ​នៃ​បទល្មើស​។

លោក​បាន​បញ្ជាក់​ថា​៖​ «​ខ្ញុំ​មិន​ទាន់​ [​ដាក់​] ​ទេ​។ យើង​ត្រូវ​ប្រមូល​ធាតុ​ផ្សំ​ចាត់ការ​វា​…​ដូច​យើង​ចាប់​ពស់វែក​អ៊ីចឹង បើ​យើង​ចាប់​មិន​ស្រួល ពស់​ចឹក​យើង​វិញ​ងាប់​»​។

លោកស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បណ្តឹង​ពី​លោក ​ឡោះ លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ករណី​នេះ​បន្ថែម​នៅ​មុន​ពេល​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ខេត្ត​។

លោក​ ណារ៉េន ​ឲ្យ​ដឹង​ថា ប្រសិន​បើ​គ្មាន​ចំណាត់ការ​ណា​មួយ​ទៅ​លើ​ជន​ដៃដល់​នោះ​ទេ នោះ​វា​ជា​អំពើ​និទ្ទណ្ឌភាព​មួយ​ហើយ​ធ្វើឲ្យ​ជនល្មើស​បាន​ចិត្ត និង​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត​។

លោក​ ឡោះ ថា​លោក​កំពុង​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ដែល​ចេញ​ល្បាត​ព្រៃ និង​ធ្វើ​ដំណើរ​កាត់​បន្ទាយ​ទាហាន នៅ​ពេល​ដែល​ទាហាន​ឈ្មោះ​ ដូង ជា​ជន​ដៃដល់​ឃើញ​មាន​វត្តមាន​នៅ​តំបន់​នោះ​នៅ​ឡើយ​។

ព្រះតេជគុណ​ សាលួត ក៏​មាន​សង្ឃដីកា​ផង​ដែរ​ថា ករណី​ដែល​បង្ក​ឡើង​ដោយ​ទាហាន​នោះ​គឺជា​ទោសឧក្រិដ្ឋ​។ បើ​មិន​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​ច្បាប់​ទេ​នោះ​ថ្ងៃ​ក្រោយ​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ដល់​អ្នក​ខិតខំ​ការពារ​ព្រៃឈើ​។ «​នេះ​ជា​ការ​គំរាម​កំហែង​ធំ​ណាស់ មិនមែន​ធម្មតា​ទេ​។ រឿង​ជាមួយ​ទាហាន​ច្រើន​ដង​ហើយ​។ បាញ់​គំរាម ៧-៨ គ្រាប់​, បាញ់ ១៨ គ្រាប់ ពេល​យើង​កំពុង​ចាប់​ម៉ាស៊ីន​អារឈើ គោយន្ត​ដឹកឈើ​មក​ប្លន់​យក​ទៅ​វិញ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s