ប្រភព : រស្មីកម្ពុជា
(កំពត)៖ អភិបាលខេត្តកំពតបានជំរុញដល់អាជ្ញាធរក្រុង និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុក ដាក់គិតគូរលើបញ្ហាអនាម័យ សោភ័ណភាព។ ឈ្មោះថាទីក្រុងទេសចរណ៍មិនអាចគគ្រិច និងស្ថិតក្នុងស្ថានភាពងងឹតមើលអ្វីស្ទើរមិនឃើញនោះឡើយ។
ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពតនាពេលថ្មីៗកន្លងទៅនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពាក្យថាក្រុងទេសចរណ៍ជាមជ្ឈមណ្ឌលមួយដែលពោរពេញដោយអនាម័យ សោភណភាពស្រស់បំព្រងតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ ភ្ញៀវមិនចង់ឃើញក្រុងមានភាពគគ្រិច ធូលីដីហុយ និងសំរាមនៅពាសវាលពាសកាលបានឡើយ។
លោកអភិបាលខេត្តបានបន្តថា អាជ្ញាធរខេត្តនឹងបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យការងារកែលម្អសោភ័ណភាពក្រុង ដោយមានអភិបាលរងខេត្តមួយរូបជាប្រធាន និងអភិបាលក្រុងជាអនុប្រធានអចិន្ត្រៃយ៍ ហើយគ្រប់ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាអនុវត្តឱ្យឆាប់រហ័សតាមដែលអាចធ្វើបាន។
លោក ជាវ តាយ បានបន្តទៀតថា បើពិនិត្យក្នុងក្រុងកំពតសព្វថ្ងៃឃើញថាបង្គោលភ្លើងបំភ្លឺមានចំនួនតិចតួច អំពូលភ្លើងខ្លះដាច់មិនបានប្តូរ បង្គោលខ្លះទៀតហ៊ុមព័ទ្ធដោយមែកឈើពុំមានអ្នកគិតគូរ កាប់ជម្រះ ហើយកន្លែងខ្លះហាក់បីដូចជាទ្រុឌទ្រោមដែលតម្រូវឱ្យកែលម្អឡើងវិញ។ កិច្ចការនេះលោក អភិបាលក្រុងមានទួនាទីទទួលខុសត្រួវ និងដោះស្រាយសម្របសម្រួលដោយមិនអាចឆ្លើយថាមិនដឹង ឬទម្លាក់កំហុសទៅមន្ទីរ ឬអង្គភាពណាមួយឡើយ។ ក្នុងករណីដោះស្រាយមិនចេញត្រូវរាយការណ៍ជូនគណៈកម្មការត្រូតពិនិត្យកែលម្អសោភណភាពក្រុង ហើយបើតឹងតែងខ្លាំង លោកនឹងជួយអន្តរាគមន៍។ លោកអភិបាលខេត្តបានបញ្ជាក់ថាគ្រប់គ្នាពិតជាមិនអាចទ្រាំមើលក្រុងដែលធ្លាប់មានឈ្មោះល្បីមួយ នេះសុទ្ធតែធូលីដី និងសំរាម ព្រមទាំងងងឹតស្ទើរមើលអ្វីមិនឃើញនោះទេ។ ដោយឡែកកមន្ទីរសាធារណៈការត្រូវរៀបចំបើកការដ្ឋានជួសជុលពង្រីកកំណាត់ផ្លូវមួយខ្សែដែលខេត្តបានកំណត់រួចហើយនោះ គឺពីចំណុច ក្បែរផ្សារសាមគ្គីទីរួមខេត្តសំដៅឆ្ពោះទៅស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ និងជួយជម្រះសម្អាតតាមបណ្តោយផ្លូវ ពោលគឺរាល់មែកឈើបាំងអំពូលភ្លើងត្រូវកាត់ចេញឱ្យបានស្អាត។ ជាមួយគ្នានេះអង្គភាពអគ្គីសនីត្រូវប្ដូរអំពូលភ្លើងខូច ឬមិនសូវមានពន្លឺចេញ ហើយត្រៀមកម្លាំងជួយដាក់បង្គោលអំពូលភ្លើងដែលលោកបានទំនាក់ទំនងទិញមកដាំបន្ថែមដើម្បីឱ្យក្រុងកំពតផ្លាស់ប្តូមុខមាត់ថ្មី។
ចំពោះមន្ទីរទេសចរណ៍ លោក ជាវ តាយ បានឱ្យគិតពិចារណាអំពីការលើកផ្ទាំងប៉ាណូ នៅបរិវេណជុំវិញផ្សារសាមគ្គីទីរួមខេត្ត បង្ហាញពីតំបន់ទេចរណ៍ទាំងអស់ងាយស្រួល ពេលភ្ញៀវជិតឆ្ងាយចូលមកដល់ភ្លាម អាចដឹងទីកន្លែងដែលត្រូវទៅកម្សាន្ត។ ម្យ៉ាងទៀតមន្ទីរជំនាញដដែលនេះ ត្រូវចុះផ្សាព្វផ្សាយ និងត្រួតពិនិត្យមើលការក្លែងបន្លំផលិតផលក្នុងស្រុក ដើម្បីរក្សាអត្តសញ្ញាណខេត្ត ដូចជា ម្រេច ទុរេនជាដើម។ កន្លងមក ភ្ញៀវចម្ងាយជាច្រើនបានទិញទុរេនកំពតយកទៅផ្ញើក្រុមគ្រួសារ តែបែរជាបានផលិតផលនាំចូលពីក្រៅទៅវិញ។
លោកអភិបាលខេត្តបានរំលឹកថា មន្ត្រីថ្នាក់ដឹកនាំទាំងអស់ត្រូវទទួលបន្ទុកតាមតួនាទីរៀងៗខ្លួន ពិសេសអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយណែនាំពលរដ្ឋ និងមន្ត្រីសាមីអង្គភាពឱ្យសម្អាត លាបថ្នាំផ្ទះ អាគារ និងស្ពានឱ្យមានសោភ័ណភាពជាទីទាក់ទាញ។ មន្ត្រីអង្គភាពអគ្គិសនីត្រូវកែសម្រួលភ្លើងនៅតាម បណ្តាផ្លូវនានាឡើងវិញ បើមិនដូច្នេះទេ នោះប្រជាពលរដ្ឋក្នុងក្រុងស៊ីវីល័យមួយនេះនឹងបន្តបិទទ្វារ បិទភ្លើងចូលដេកតាំងពីក្បាលព្រលប់ទៀតជាក់ជាមិនខាន៕