គម្រោង​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ​ដែល​មហា​ជន​ទន្ទឹង​រង់​ចាំ និង​ចង់​ដឹង

ប្រភព : កោះសន្តិភាព

1

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​មហាជន​ទន្ទឹង​រង់​ចាំ និង​ចង់​ដឹង​ថា ពេល​ណា​ទើប​បើក​ការដ្ឋាន និង​ចាប់ពី​ចំណុច​ណា​នោះ បើ​តាម​ព័ត៌​មាន​​បឋម​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​កោះសន្ដិភាព​ថា គម្រោង​​នេះ នឹង​បើក​ការដ្ឋាន​ឆាប់​ៗ ចេញពី​ចំណុច​ភូមិសាស្ត្រ​ទំនប់​កប់​ស្រូវ ដោយ​ប្រើ​រយៈ​ពេល​សាងសង់​ប្រហែល​៥​ឆ្នាំ ។ ទោះបី​យ៉ាងណា ពុំ​ទាន់​ដឹង​ច្បាស់​ថា នឹង​ត្រូវ​ឆ្លង​កាត់​​ចំណុច​ណាខ្លះ ឬ​ប៉ះពាល់​លើ​អ្វីខ្លះ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​១៥០​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ី​ម​សូ​រិ​យា មាន​ប្រសាសន៍​​​ថា ៖« គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ បើ​តាម​ព័ត៌មាន​បឋម​ដែល​ខ្ញុំ​ទទួល​បាន គឺ​យើង​អាច​ចាប់ផ្តើម​ពី​ចំណុច​ទំនប់​កប់​ស្រូវ ។ និយាយ​រួម គឺ​ចាប់ផ្តើម​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ​ទៅ​ផ្លូវ​បេតុង​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​អាច​ឆ្លងកាត់​តំបន់​ភូមិសាស្ត្រ​ទាំង​សង​ខាង​នៃ​ផ្លូវ​ចាស់ » ។ ទោះបីជា​យ៉ាងនេះ​ក្ដី លោក​ថា បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត សូម​ទាក់​ទង​​ទៅ​ខាង​ផ្នែក​បច្ចេកទេស ទើប​ច្បាស់លាស់ ។

អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឍនៈ មាន​ប្រសាសន៍​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​១៩០,៦៣​គីឡូម៉ែត្រ មាន​ទំហំ​ទទឹង​​២៤​ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ទម្រង់ ​BOT ជា​ផ្លូវ​៤​គន្លង ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត ។

2.jpg

លោក​ថ្លែង​ថា ៖« ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ ប្រើ​រយៈពេល​សាង​សង់​​ប្រហែល​៥​ឆ្នាំ ។ តាម​បណ្តោយ​ផ្លូវ​នេះ មាន​ស្ពាន​វែង​និង​មធ្យម ចំនួន​៥​កន្លែង​, ស្ពាន​ខ្លី​​៣៣​កន្លែង​, ស្ពាន​រំលង ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង » ។

លោក​បន្ត​ថា ៖« ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថវិកា​ពី​ប្រទេស​ចិន ។ ចិន​នឹង​ផ្តល់​ឱ្យ​យើង​សម្រាប់​ដោះស្រាយ​ផល​ប៉ះ​ពាល់​នេះ​ប្រមាណ​១៥០​លាន​ដុល្លារ ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​និង​ការ​ដោះស្រាយ មិន​ទាន់​កើត​មាន​នោះ​ទេ ដោយសារ​មិន​ទាន់​ដឹង​ថា ខ្សែ​ផ្លូវ​នេះ​កាត់​ត្រង់​ចំណុច​ណា​នៅ​ឡើយ » ។

ដោយសារ​តែ​គម្រោង​នេះ​ជា​កិច្ចសន្យា​អន្តរជាតិ ដូច្នេះ មាន​ព័ត៌មាន​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ និង​ត្រូវ​អនុវត្ត​ទៅ​តាម​ផែនការ​ច្បាស់​លាស់ ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ៖ «បើ​និយាយ​ពី​គម្រោង គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ណា​ក៏​បាន​ដែរ ប៉ុន្តែ​យើង​នៅ​ដោះស្រាយ​ដីធ្លី ផ្ទះសម្បែង​សិន បើ​ឲ្យ​ចាប់ផ្ដើម​សាងសង់​ដោយ​មាន​បុក​គ្រឹះ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ចសន្យា​អាច​ថា នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត លឿន​ឬ​យឺត គឺ​អាស្រ័យ​លើ​យើង​សម្រួល​ផ្ទះ និង​ដីធ្លី​បាន​សិន ។ បើ​យើង​ធ្វើ​លឿន គឺ​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​សាងសង់ តែបើ​យឺត គឺ​២​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ អីចឹង ទាល់តែ​យើង​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ឲ្យ​អស់ ទើប​ខាង​ក្រុមហ៊ុន​គេ​ចាប់ផ្ដើម​សាងសង់ » ។

« គម្រោង​សាងសង់​នេះ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ចំណាយ​​រហូត​ដល់​១.៩០០​លាន​ដុល្លារ ហើយ​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ការ​សាងសង់​នោះ​ត្រូវ​ចំណាយពេល​អស់​ប៉ុន្មាន​ឆ្នាំ​ទើប​រួចរាល់​ទេ ព្រោះ​ការងារ​នេះ​ស្ថិត​នៅ​លើ​ក្រុម​ហ៊ុន​ទទួល​ការ​សាងសង់ ប៉ុន្តែ​បើ​តាម​បច្ចេកទេស​ប្រើ​រយៈពេល​៤​ឆ្នាំ តែ​ត្រូវ​ទុក​ពេល​២​ឆ្នាំ​សម្រាប់​ដោះស្រាយ​រឿង​ដីធ្លី និង​ផ្ទះសម្បែង » ។ នេះ​បើ​តាម​លោក វ៉ា ស៊ី​ម​សូ​រិ​យា ។

3

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​​ថា ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​រយៈពេល​ខ្លី និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​​ចរាចរណ៍ ការ​កកស្ទះ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​កាន់តែ​ប្រសើរ ។ លើស​ពី​នេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​មិន​អាច​កាត់ថ្លៃ​បាន​ពី​ការ​អភិវឌ្ឍ​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក Liu Qi Tao ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន China Communication Construction Company ដែល​ជា​ក្រុមហ៊ុនមេ នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន មាន​​ប្រសាសន៍​ថា ៖« គម្រោង​នេះ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ដែល​នឹង​ត្រូវ​កសាង​នៅ​​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ ក្នុង​នាម​ជា​ភាគី​ប្រតិបត្តិ ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ​ឲ្យ​បាន​ល្អ​និង​មានគុណ​ភាព ដើម្បី​ឲ្យ​ក្លាយជា​ផ្លូវ​គំរូ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា » ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​កន្លង​មក​ថា ៖« ផ្លូវ​ល្បឿន​លឿន​​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ »​។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​ចេញ​ជា​រូបរាង​ពិតប្រាកដ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s