ដើម​ផ្កា​អង្គាសីល​ឆ្នាំ​នេះ ឡើង​ថ្លៃ​ជាង​ឆ្នាំមុនៗ

ប្រភព: កោះសន្តិភាព

faeac4e1eef307c2ab7b0a3821e6c667-4-780x455

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ដើម​អង្គាសីល​ចាប់ផ្តើម​មាន​ទីផ្សារ ដោយសារ​ប្រជាពលរដ្ឋ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​-​វៀត​ណាម តែង​មាន​ជំនឿ​ទិញ​យក​ទៅ​តាំង​លម្អ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​នាំ​មក​នូវ​សិរី​សួស្តី។ ទោះបី​យ៉ាងណា​ក្ដី នៅ​ឆ្នាំ​នេះ អ្នកលក់​បាន​និយាយ​ថា តម្លៃ​ទិញ​ចូល​បាន​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ ព្រោះ​វា​មិនសូវ​សម្បូរ ។

អ្នកស្រី យ៉ា​ន់ ល​ក្ខិ​ណា អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល​នៅ​ជាប់​របង​វត្ត​ទឹកថ្លា បាន​និយាយ​​ថា ក្នុងឆ្នាំនេះ​ពិបាក​រក​ណាស់ មិនសូវ​សម្បូរ​ដូច​ឆ្នាំ​មុន​ៗ​ទេ ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ ។

អ្នកស្រី​បន្ដ​ថា ៖« ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​បាន​ចំណាយ​ប្រមាណ​៥០០​ទៅ​៨០០​ដុល្លារ​សម្រាប់​ទិញ​ដើម​អង្គាសីល​ទុក​សម្រាប់​លក់​បន្ដ តែ​ឆ្នាំ​នេះ​ខ្ញុំ​ចំណាយ​រហូត​ដល់​១.៨០០​ដុល្លារ​ឯណោះ ព្រោះ​វា​ថ្លៃ​ពេក ហើយ​ខ្សត់​ទៀត​ផង »​។

អ្នកស្រី​បន្ដ​ថា ៖« ដើម​អង្គាសីល​នេះ ខ្ញុំ​ទិញ​ត​ពី​គេ​ដែល​ដឹក​មក​ពី​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ខេត្ត​កំពង់​ស្ពឺ និង​ខ្លះ​ទៀត​ពី​ខេត្តពោធិ៍សាត់ និង​ថ្លៃ​ជាង​រាល់​ឆ្នាំ ហើយ​អ្នក​ឡើង​ទៅ​កាប់​លើ​ភ្នំ​នោះ​ប្រាប់​ថា ទម្រាំ​រកបាន​១​ដើម​ៗ​មានការ​លំបាក​ណាស់ » ។

អ្នកស្រី អ៊ុ​ច ខេ​ម​រ៉ា ដែល​បាន​ទិញ​ដើម​អង្គាសីល បាន​និយាយ​ថា រាល់​ឆ្នាំ អ្នកស្រី​តែងតែ​មក​ទិញ​នៅ​ទី​នេះ​យក​ទៅ​តាំង​លម្អ​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន តែ​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដូច្នេះ​អ្នកស្រី​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៦០​ដុល្លារ​ឯណោះ​។

អ្នកស្រី​បន្ដ​ថា ៖« ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែងតែ​ទិញ​យក​ទៅ​តាំងនៅ​ផ្ទះ​ដើម្បី​សិរី​សួស្ដី ហើយ​បើ​អត់​ទិញ ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង ដូច្នេះ​ហើយ​ទោះ​ថ្លៃ​បន្ដិច​ក្ដី ក៏​យើង​ទិញ​ដែរ ទៅ​តាម​លទ្ធ​ភាព » ។

751d31dd6b56b26b29dac2c0e1839e34-4

ទោះបី​នៅ​ឆ្នាំ​នេះ ដើម​ផ្កា​អង្គាសីល​មិនសូវ​សម្បូរ និង​មាន​តម្លៃ​ថ្លៃ​ជាង​នៅ​ឆ្នាំ​មុន​ៗ​ក្ដី តែ​សម្រាប់​អ្នកលក់​មួយ​ចំនួន​បាន​អះអាង​ថា ពុំ​អាច​រក​ប្រាក់​ចំណេញ​បាន​នោះ​ទេ ព្រោះ​ដើម​ផ្កា​ខ្លះ​មិន​បាន​ផ្តល់​តម្លៃ​សេដ្ឋកិច្ច​វិញ​ទេ ដោយសារ​វា​មិន​ចេញ​ផ្កា ទោះបីជា​ខំ​បាញ់​ទឹក​រាល់ថ្ងៃ​ក៏​ដោយ ។

អ្នកស្រី ភួ​ក អ៊ី អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល​ដែរ​នោះ​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ អ្នក​ស្រី​បាន​នាំ​ចូល​ដើម​ផ្កា​អង្គាសីល​ប្រហែល​៥០​បាច់ តែ​ខូច​អស់​ជិត​ពាក់កណ្តាល​ទៅ​ហើយ ព្រោះ​វា​អត់​ចេញ​ផ្កា ដូច្នេះ​ឆ្នាំ​នេះ សម្រាប់​អ្នកស្រី​ប្រហែល​មិន​រួច​ថ្លៃដើម​ផង ។

ផ្កា​អង្គាសីល ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ភាគច្រើន​គេ​ប្រទះ​ឃើញ​ដុះ​នៅ​តាម​បណ្តោយ​​មាត់​អូរ ប្រឡាយ​មានទឹក​ហូរ ឬ​នៅ​តាម​តំបន់​ព្រៃ​មួយ​ចំនួន​ទៀត ។ វា​បែក​មែក​សុះសាយ តែ​មិន​ខ្ពស់​ឡើយ ។ មែក​របស់​វា​មាន​ពណ៌​ត្នោត​ខ្ចី និង​ស្លឹក​ពណ៌​បៃតងចាស់ ។ វា​នឹង​ជម្រុះ​ស្លឹក​ចាស់​នៅ​រដូវរំហើយ ហើយ​ចាប់ផ្តើម​លាស់​ត្រួយ​ស្លឹក​ពណ៌​ត្នោត បន្ទាប់​មក វា​នឹង​បញ្ចេញ​ក្រពុំ រហូត​ដល់​មាន​ផ្កា​ពណ៌​លឿង​រីក​ជា​៥​បំណែក​ច្រាល​ជា​កញ្ចុំ​ៗ​ពាសពេញ​ដើម នៅ​ចន្លោះ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ហើយ​វា​នឹង​រុះ​រោយ​ទៅ​វិញ​ក្រោយ​ថ្ងៃ​បុណ្យ​បាន​បញ្ចប់ ។

ពលរដ្ឋ​ចិន​-​វៀតណាម នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី តែង​ជ្រើសរើស​ដើម​ផ្កា​អង្គា​សីល​​មក​រៀប​ដាក់​តាំង​លម្អ​ក្នុង​លំនៅ​ឋាន​ជា​និច្ច ប្រសិនបើ​គ្មាន គេ​ក៏​អាច​ជ្រើសរើស​ផ្កា​និមិត្ត​មក​ដាក់​តាំង​លម្អ​ផង​ដែរ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s