ក្នុង​1​ឆ្នាំ​ៗ កម្ពុជា​នាំ​ចូល​សាច់​គោរាប់រយ​តោន ខណៈ​ទី​សត្តឃាត​ក្នុងស្រុក​បិទទ្វារ

ប្រភព : កោះសន្តិភាព

1

រាជធានី​ភ្នំពេញ ៖ ក្នុង​១​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​សាច់​គោ​ពី​បរទេស​រាប់រយ​តោន​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ ខណៈ​ទី​សត្តឃាត​លំដាប់​អន្តរជាតិ​ក្នុងស្រុក​ដ៏​ធំ​មួយ​ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បិទទ្វារ​លែង​ធ្វើ​អាជីវកម្ម​យ៉ាង​ស្ងៀមស្ងាត់ ។

បើ​តាម​របាយការណ៍​ពី​កាំកុងត្រូល​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចូល​សាច់​គោ​ពី​ទីផ្សារ​សំខាន់​ៗ​ចំនួន​៩​ប្រទេស​រួម​មាន បារាំង​, ហ្វ៊ី​លី​ពី​ន​, អូ​ទ្រី​ស​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បុរី​, អា​ល្លឺ​ម៉​ង់​, នូ​វែ​ល​សេ​ឡង់​, សហរដ្ឋអាមេរិក និង​អូស្ត្រាលី មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ ស្រប​ពេល​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ។

របាយការណ៍​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​សាច់​គោ​មក​ពី​បរទេស​សរុប​ចំនួន​ជាង​៣០៩,៧​តោន មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​១,០៦​លាន​ដុល្លារ ក្នុង​នោះ​នាំ​ចូល​ពី​ប្រទេស​អូស្ត្រាលី ច្រើន​ជាងគេ មាន​ចំនួន​ជាង​១៣៨​តោន ស្មើនឹង​ទឹកប្រាក់​ជាង​៤៦,៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ការ​នាំ​ចូល​ស្មើ​ប្រមាណ​ជាង​៣៣២​តោន មាន​តម្លៃ​ទឹកប្រាក់​ជាង​១,១០​លាន​ដុល្លារ ។

កម្ពុជា​ក៏​មាន​ក្រុមហ៊ុន​សត្តឃាត​លំដាប់​អន្តរជាតិ​មួយ​ដែរ​ឈ្មោះ អេស អិ​ល អិន ដែល​បាន​បោះទុន​ប្រមាណ​៥០​លាន​ដុល្លារ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​រោងចក្រ​ផលិត​​សាច់​គោ​ដ៏​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា និង​ធំ​ជាងគេ​នៅ​ក្នុង​តំបន់ ដែល​មា​នទី​តាំង​នៅ​ភូមិ​ព្រែក​ទាល ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​បាន​បិទ​ទ្វារ​យ៉ាង​ស្ងាត់ស្ងៀម​អស់​រយៈពេល​ជិត​១​ឆ្នាំទៅ​ហើយ ។

2.jpg

ការ​បិទ​ទី​សត្តឃាត​មួយ​នេះ បើ​តាម​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៅ​ក្រុមហ៊ុន​នេះ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ​​ថា ទី​សត្តឃាត​នេះ ចាប់ផ្ដើម​ដំណើរការ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​បាន​រយៈពេល​ត្រឹម​១​ឆ្នាំ​គត់ គឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៦ ដល់​ខែកក្កដា ឆ្នាំ​២០១៧ ។ ចាប់តាំងពី​ពេល​នោះ​មក ក៏​ផ្អាក​លែង​មាន​សកម្មភាព​កាប់​គោ​ដើម្បី​ផ្គត់ផ្គង់​សាច់ តែ​ម្ដង ។

ទោះបី​យ៉ាងនេះ​ក្ដី មន្ត្រី​ទំនាក់ទំនង​រូប​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បិទទ្វារ​ទី​សត្តឃាត​នេះ​ទេ ក៏​ប៉ុន្ដែ​បើ​ផ្អែក​តាម​រយៈ​ការ​វាយតម្លៃ​មួយ​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ពី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ក្រុមហ៊ុន​មាន​ជួប​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ការ​សហការ​ពេញលេញ ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ ពុំ​មានការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​គោលដៅ​ដែល​ត្រូវ​នាំ​ចេញ និង​ពុំ​មានការ​គាំទ្រ​ពី​ភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​បណ្តា​ប្រទេស​នោះ ដែល​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ​ថា ៖ «រោង​ចក្រ​នេះ​នឹង​អាច​ឈាន​ទៅ​បិទទ្វារ និង​បញ្ឈប់​កម្មករ​រាប់រយ​នាក់ ប្រសិនបើ​ពុំ​មានការ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​ទេ » ។

ការ​បិទទ្វារ​ទី​សត្តឃាត​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ តែបើ​តាម​លោក ហោ ស៊ឹ​ម​លាង អគ្គនាយក​ក្រុមហ៊ុន​បាន​លើក​ឡើង​កន្លង​មក​ថា បញ្ហា​ប្រឈម​ជា​ច្រើន​របស់​ក្រុម​ហ៊ុន គឺ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​សត្វ​គោ​មក​កម្ពុជា​មាន​ជាប់ពន្ធ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ការ​កែ​ច្នៃ​សាច់​មិន​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​បាន ។

ការ​បិទទ្វារ​ទី​សត្តឃាត​ដ៏​ធំ និង​ទំនើប​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​៥០០​នាក់​ដែល​បាន​បម្រើ​ការ​ក្នុង​សង្វា​ក់​ផលិតកម្ម​បាត់បង់​ការងារ​ធ្វើ​ផង​ដែរ ។

គួរ​រំឭក​ថា ទី​សត្តឃាត​នេះ​បាន​នាំ​ចូល​គោរស់​ពី​ប្រទេស​អូស្ត្រាលី ចំនួន​ជាង​២.៧៦១​ក្បាល ដោយ​មាន​ផែនការ​កាប់​ក្នុង​១​ថ្ងៃ​១០០​ក្បាល ស្មើនឹង​សាច់​៥០​តោន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​មាន​ផែនការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផ្សេង​ៗ​ទៀត ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ ទី​សត្តឃាត​នេះ​ត្រូវ​បាន​បិទទ្វារ​ដោយ​ស្ងាត់​ៗ​ទៅ​វិញ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s