ជនជាតិដើម​ភាគតិច​ព្នង អះអាងថា បទល្មើស​ព្រៃឈើ​កំពុង​កើតមាន​ក្នុង​ដែនជម្រកសត្វព្រៃ​ចំនួន ២​នា​ខេត្តមណ្ឌលគិរី​

ប្រភព​​ :​ CEN

ខេត្តមណ្ឌលគិរី​៖ ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ កំពុង​កើតមាន​ពេញបន្ទុក ក្នុង​ដែនជម្រកសត្វព្រៃ​ចំនួន ២​ក្នុង​ខេត្តមណ្ឌលគិរី​។ ពួកគាត់ បង្ហាញ​ការព្រួយបារម្ភ ចំពោះ​បញ្ហា​ប្រឈម​ពី​ការបាត់បង់​ព្រៃឈើ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគាត់ ដែល​ពឹង​អាស្រ័យ​ព្រៃឈើ​។​

1

ជនជាតិដើម​ភាគតិច​ព្នង​ម្នាក់ រស់នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្នើរ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ក្រុម​ឈ្មួញ​បាន​ពង្រាយ​កម្លាំង​ដាក់​ម៉ាស៊ីន​កាត់ឈើ​យ៉ាង​អនាធិបតេយ្យ​ពាស់ពេញ​ព្រៃ ជាពិសេស​ព្រៃឈើ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ លោក​ថា មាន​គោយន្ត​កន្ត្រៃ​រាប់សិប​គ្រឿង ដែល​ឈ្មួញ កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ និង​មានកម្ម​ក​រាប់រយ​នាក់ បាន​ចូលទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​ក្រុម​ឈ្មួញ​បាន​ដឹកឈើ​គ្រប់​ប្រភេទ រួមមាន​ឈើ​ធ្នង់​ជាដើម ដឹក​ចេញពី​មូលដ្ឋាន​នេះ ឆ្ពោះទៅ​ខេត្តក្រចេះ និង​មួយចំនួនទៀត ដឹក​ចូលទៅ​ក្រុមហ៊ុន​លឹម​រ៉ូ​យា​ល​។ ហើយ​បទល្មើស​ព្រៃឈើ​នេះ មិនឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចេញមុខ​បង្ក្រាប ឬ​ទប់ស្កាត់​នោះទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ជនជាតិដើម​ភាគតិច​ព្នង មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំការ​ជាច្រើន​ស្ថាប័ន​ខេត្តមណ្ឌលគិរី មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​កំពុង​កើតមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ព្រោះ​រាល់ថ្ងៃនេះ ឃើញ​វត្តមាន របស់​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដាក់​ប្រចាំការ​នៅក្នុង​មូលដ្ឋាន​នោះ​ស្រាប់​។ ត្រង់ចំណុច​នេះ ក្រុម​ជនជាតិដើម​ភាគតិច​ព្នង បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ព្រៃឈើ ដែលមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ត្រូវ​បំផ្លាញ​រលាយ​ហិនហោច ប្រសិនបើ​សមត្ថកិច្ច​ជំនាញ​មិន​ទប់ស្កាត់​ឈ្មួញ​កាប់​ព្រៃ​ទាំងនោះ​ឲ្យ​ទាន់ពេល​នោះទេ​។​

​ជាងនេះទៀត ក្រុម​ជនជាតិដើម​ភាគតិច​ព្នង​បាន​ចោទថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ដែល​មិនមាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​បង្ក្រាប​រាល់ថ្ងៃនេះ ទំនងជា​អាចម​ន្ត្រី​បំរើការ​នៅតាម​ស្ថាប័ន​ជំនាញ​ខ្លះ បាន​ត្រូវដង​ត្រូវផ្លែរ​គ្នា​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​ពួកគេ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​កើតមាន​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​រាល់ថ្ងៃនេះ​។​

​ជនជាតិដើម​ភាគតិច​ព្នង ខេត្តមណ្ឌលគិរី បង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបាត់បង់​ព្រៃឈើ វ​ល្លិ៍ និង ដើម​ជ័រទឹក ដែលជា​ប្រភព​រក​ចំណូល​ប្រចាំថ្ងៃ របស់​ពួកគាត់​ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​ជា​បន្តបន្ទាប់​មកនេះ​។ ពួកគាត់ អះអាងថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​រាល់ថ្ងៃនេះ ប្រសិនបើ​អាជ្ញាធរ​មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នឹងត្រូវ​រលាយ​ហិនហោច​ជាក់​ជាមិនខាន​។​

​ចំណែក​ប្រជាពលរដ្ឋ រស់នៅ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ដែរ​ថា មូលដ្ឋាន​នេះ​ក៏មាន​បទល្មើស​ព្រៃឈើ បានធ្វើ​សកម្មភាព​កាប់ និង​ដឹកឈើ​អនាធិបតេយ្យ​រាល់ថ្ងៃ​ដែរ ដោយ​បទល្មើស​នេះ ក្រុម​ឈ្មួញ​បាន​រត់ការ​បង់លុយ​សំណូក​ពុករលួយ​ជូនទៅ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នីមួយៗ​រួច​អស់ហើយ​ដែរ​។ ពលរដ្ឋ បន្តថា រាល់ថ្ងៃនេះ​ឈ្មួញ​ទាំងនោះ បាន​ដើរ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ និង​ខ្លះទៀត​បានដាក់​កម្មករ​ឲ្យ​ចូលទៅ​កាប់​ដើមឈើ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា រួច​ដឹក​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង ០៧ ស្ថិតនៅ​ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដែលមាន​ព្រំប្រទល់​ជាប់ឃុំ​អូរ​អាម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​ចោទថា រាល់ថ្ងៃនេះ ក្រុម​ឈ្មួញ​ល្មើស​ព្រៃឈើ គឺ​បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​មេព្រៃ និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​មូលដ្ឋាន​នោះ ទើប​គ្មាន​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំង​នោះទេ​។​

​ប្រជាពលរដ្ឋ ស្រុក​កែវ​សីមា បាន​អះអាងថា ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​ល្មើសច្បាប់​នា​មូលដ្ឋាន​នេះ គឺ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​បាន​ស្គាល់ឈ្មោះ​ទាំងអស់ និង​បាន​ត្រូវដង​ត្រូវផ្លែ​ជាមួយគ្នា​ថែមទៀត​។ ក្រុម​ប្រជាពលរដ្ឋ បាន​សន្និដ្ឋានថា បទល្មើស​ព្រៃឈើ​នា​មូលដ្ឋាន​នេះ អាចធ្វើ​សកម្មភាព​បាន​ដោយ​រលូន ប៉ុន្តែ​បើ​មិនមាន​សំណូក​ពុករលួយ​សូកប៉ាន់​លុយកាក់​ជូន​មន្ត្រី​ជំនាញ​ទេ គឺ​ច្បាស់​ជា​ក្រុមមន្ត្រី​ទាំងនោះ នឹង​ចុះបង្ក្រាប់​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ស្រុក​កែវ​សីមា​មិន​ឲ្យ​រួចខ្លួន​ទេ​។ ពលរដ្ឋ និយាយថា រាល់ថ្ងៃនេះ បទ​ឈ្មើ​ស​ព្រៃឈើ បាន​កើតមាន​ពេញបន្ទុក នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​គ្មាន​ការបង្ក្រាប​ទេ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ CEN.COM.KH ដឹងថា ប​ច្ច​ប្បន្ន​ក្រុម​ឈ្មួញ ឈើ នៅ​មូលដ្ឋាន​នេះ បាន​ជះ​លុយ​ច្រើនសន្ធឹក​សន្ធាប់​រាប់ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​រត់ការ​បង់​ផ្លូវ ដោយ​ត្រូវ​បង់លុយ​ជូនទៅ​ឲ្យ​មន្ត្រី​នៅតាម​ស្ថាប័ន​ជំនាញ​នីមួយៗ ជា​ថ្នូរ​បើកផ្លូវ ឬ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ស្រុក​កែវ​សីមា ជាពិសេស សូកលុយ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ព្រមទាំង​មន្ត្រី​នៅតាម​ស្ថាប័ន​ច្រើន​ទៀត គឺ​ចាប់ពី​មន្ត្រី​ថ្នាក់ស្រុក រហូតដល់​ថ្នាក់​ខេត្ត​។​

​ឆ្លើយតប​បញ្ហា​នេះ លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋា​បាល​ព្រៃឈើ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ទទួលស្គាល់ថា ពិត​ជាមាន​បទល្មើស​ព្រៃ​ឈើ បានកើត​មាននៅ​ក្នុង​មូលដ្ឋាន​នេះ​ពិតប្រាកដ​មែន​។ ហើយ​ថា បទល្មើស​នេះ លោក​កំពុង​សុំ​គោល​ការ ពី​គណៈ​បញ្ជារ​ការឯកភាព​ស្រុក ដើម្បី​ចុះ​ពិនិត្យ​ទៅលើ​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា​នេះ នៅ​ថ្ងៃស្អែក ប៉ុន្តែ​មិនមាន​ទ្រង់ទ្រាយ​ធំ​នោះទេ​។​

2

ចំណែក​បទ​ឈ្មើ​ស​ព្រៃឈើ ដែល​កើត​មាននៅ​ក្នុងព្រៃ លោក​ថា មិនមែនជា​ដែន​សមត្ថកិច្ច របស់លោក​ទេ គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ចរ បស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឯណោះ​ទៅវិញ​ទេ​។​

​ចំណែក លោក ហាន សុខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី មិនទាន់​ធ្វើ​អត្ថាធិប្បាយ​បែបណា​ទេ ព្រោះ​រូបលោក​កំពុង​ជាប់រវល់ ចេញទៅ​ក្រៅប្រទេស​។​

​ដោយឡែក លោក ឌឹ​ន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុមការងារ​ស្ថាប័ន​លោក កំពុង​ពិនិត្យ​យកចិត្តទុកដាក់​ទៅលើ​ករណី​បទល្មើស​ព្រៃឈើ​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​លោក​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់​អំពី​បទល្មើស​ព្រៃឈើ​នា​មូលដ្ឋាន​នេះ​នៅឡើយ​ទេ ព្រោះ​លោក​ទើប​មក​ទទួល​ការងារ នៅទីនេះ​បាន ១​ខែ​តែ​ប៉ុ​ណ្នោះ​។ លោក ឌឹ​ន ប៊ុនធឿន បន្តថា បទល្មើស​ព្រៃឈើ​នេះ លោក​បាន​ណែ​នាំទៅ​កូនចៅ ក្រោម​ឱវាទ របស់លោក​រួចហើយ ជុំវិញ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ម៉ូតូ​ដឹកឈើ​ចេញពី​ស្រុក​ចាស់​កន្លងមកនេះ​។ លោក​បន្តថា នៅ​ថ្ងៃស្អែក គណៈបញ្ជាការ​ឯកភាព នឹង​ចុះបង្ក្រាប​បទ​ឈ្មើ​ស​ដែល​កំពុង​កើត​នៅក្នុង​មូលដ្ឋាន​នេះ ដោយ​ចេញ​យុទ្ធនាការ​ចុះបង្ក្រាប ចាប់ផ្ដើម​ពី ខ្ទុង ស្រែ​ឈូក មកវិញ ហើយ​ករណីនេះ ក្រុមការងារ​លោក​បាន​រៀបចំ​កម្លាំង ១​ក្រុម​ទៀត ឲ្យ​ចុះទៅ ស្រុក​ចាស់ ស្ថិតក្នុង​ឃុំ​ស្រែ​ព្រះ ដើម្បី​ពិនិត្យ និង​ឈានទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​កើតមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​នា​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ឲ្យ​មាន​ប្រសិទ្ធភាព​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s