តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​​របស់​សមាជិក​ព្រឹទ្ធសភា

ប្រភព : VOA សំឡេងសហរដ្ឋអាមេរិច

9B33CC10-EC01-42D3-9AB5-A16D306F549F_cx2_cy1_cw98_w1023_r1_s

លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។

តំណាង​ពលរដ្ឋ​៥០​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ពី​បទ​ប្រើ​អំពើ​ហិង្សា​ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា លោក​គ្រាន់តែ​ទាមទារ​កម្មសិទ្ធិ​ដោយ​អហិង្សា។

តំណាង​ប្រជាពលរដ្ឋ​៥០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជាច្រើន​ខែ ​ប្រសិន​បើ​លោក​ត្រូវ​បាន​កាត់​ទោស​ថា​ មាន​ពិរុទ្ធភាព​ ក្នុង​បទ​ចោទ​ដែល​ថា​ លោក​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ម្ចាស់ដី​ក្រុមហ៊ុន។​

មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ ការ​ឃុំខ្លួន​នេះ​ជា​សារ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ក្រោក​តវ៉ា។ ​តែ​អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា ​លោក​ ហេង សុខ តំណាង​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ ​បាន​ទទួល​ស្គាល់​ថា​ លោក​បាន​បោះ​បង្គោល​លើដី​ដែល​ក្រុមហ៊ុន​មាន​កម្ម​សិទ្ធិ។

នៅ​ក្រោយ​ពេល​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​លោក ​ហេង សុខ តាម​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិ​បាល​ប្រទេស​កម្ពុជា​ តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​៥០​គ្រួសារ​រូប​នេះ​បាន​ខ្នះ​ខ្នែង​សុំ​ការ​ប្រឹក្សា​ខាង​ច្បាប់​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

កិច្ច​ខិតខំរបស់​លោក ​ហេង សុខ​ ដើម្បី​បាន​យោបល់​ប្រឹក្សា​ខាង​ច្បាប់​នេះ​មិនអាច​បង្អាក់​បណ្តឹង​របស់​មេការ​ក្រុមហ៊ុន​ LYP Group ​របស់​លោក ​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​សាកសួរ​ ដោយ​ក្រឡា​បញ្ជី​របស់​ព្រះ​រាជ​អាជ្ញា​រង​ម្នាក់ ​តំណាង​ពលរដ្ឋ​រូប​នេះ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ​រង់​ចាំ​ការ​កាត់​ទោស​ក្រោម​បទ​ចោទថា​ «ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ហេង សុខ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​លោក អ៊ង រី​ ព្រះ​រាជ​អាជ្ញារង ចោទប្រកាន់​តាម​មាត្រា២៥៣​នៃ​ច្បាប់​ភូមិបាល​ ក៏​ប៉ុន្តែ​លោក​មិន​មាន​ពេល​ដើម្បី​បក​ស្រាយបញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ទេ។ ​មុន​ពេល​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង លោក​ហេង សុខ​បាន​ប្រាប់​ VOA ​ថា៖​

«កុំ​អាលៗ​ ខ្ញុំ​កំពុង​នៅ​ក្នុង​តុលាការ​ឥឡូវហ្នឹង។​ សុំ​កុំ​អាល​ បាទៗ ខ្ញុំ​កំពុង​ចៅក្រម​សាក​សួរ​ខ្ញុំ​ឥឡូវ​ហើយ​បាទ»។​

លោកហេង សុខ​ វ័យ​៤៨​ឆ្នាំ​ តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣​ហិកតាជាមួយ​ក្រុម​ហ៊ុន ​LYP Group ​របស់​លោក ​លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ ​ត្រូវ​បាន​ចាប់​ខ្លួន កាលពី​ថ្ងៃ​សុក្រ​ គឺ​ពីរ​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ ​ បន្ទាប់​ពីតំណាង​ប្រជា​ពលដ្ឋ​រូប​នោះ​ត្រូវសង្ស័យ​ថា​ ​ បាន​ចូល​ទៅ​បោះ​បង្គោល​លើដីដែល​រង​ការ​ឈូស​ឆាយ​ដោយ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន កាលពី​ចុង​ឆ្នាំ​២០១៧។​

មាត្រា​២៥៣​ ​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​បាន​ចែង​ថា៖​

«ជន​ណា​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​ ទោះ​ជា​មិន​ទាន់​បាន​ធ្វើ​ប័ណ្ណ​ ឬ​កំពុង​មាន​ទំនាស់​ក៏​ដោយ​ ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី១៥០០០០០​(មួយ​លាន​ប្រាំ​សែន)​រៀលដល់​២៥​០០០​០០០​(ម្ភៃ​ប្រាំ​លាន​) រៀល​ ឬ​/​និង​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ​ ដោយ​ពុំ​ទាន់​គិត​បញ្ចូល​នូវ​ទោស​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​មនុស្ស»។​

លោក​ឡាយ​ ទីរ៉ូ​ អនុ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា​ លោក​ ហេង សុខ​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក។​ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«គាត់​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ ហើយ​ប៉ូលិស​យើង​គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ហ្នឹង​ បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ហើយ​ប្អូន»។​

លោក​មិន​អាច​ផ្តល់​សេចក្តី​អធិប្បាយ​បន្ថែម​ពាក់​ព័ន្ធ​នឹង​ភស្តុតាង​ដែល​សមត្ថកិច្ច​ប្រមូល​បាន​ដើម្បី​គាំទ្រ​ដល់​ការចោទ​ប្រកាន់​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ទេ​ ដោយលោក​ហេង​ សុខ​ត្រូវ​បាន​នាំ​ខ្លួន​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​ស្រុក​គីរីសាគរ​ ជា​ទី​ដែល​មេការ​ក្រុមហ៊ុន​ LYP Group ​គឺ​លោក​ចាន់​ ណាគ្រី​បាន​ប្តឹង​លោក​ហេង សុខ។ ​លោក​ថា​ អង្គភាព​លោក​បាន​ទទួល​បញ្ជា​ពី​ស្នង​ការ​រង​មួយ​រូប​ ឲ្យ​ដោះស្រាយ​ករណី​នេះ​ ដោយ​បញ្ជូន​លោក​ហេង សុខ​មក​តុលាការ​ខេត្ត​ ព្រោះ​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​នៅ​ត្រឹម​ស្ថាប័ន​នគរបាល។​

លោក​ អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ថា​ ការ​ឃុំ​លោក​ហេង សុខជា​រឿង​អយុត្តិធម៌​សម្រាប់​ជន​ស្លូតត្រង់​ និង​ជា​យុទ្ធសាស្ត្រ​បំបាត់​សំឡេង​អ្នក​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី។​ លោក​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រុម​សមត្ថ​កិច្ច​មួយ​ចំនួន​អះអាង​បញ្ជាក់​ប្រាប់​លោក​ថា​ លោក​ហេង សុខ​មិន​មាន​កាន់​កាប់​អាវុធ​ណា​មួយ​ដើម្បីប្រព្រឹត្ត​សកម្ម​ភាព​ហិង្សា​លើ​នរណា​នោះ​ឡើយ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះឲ្យ​ដឹង​ទៀត​ថា​ មេការ​ក្រុម​ហ៊ុនរបស់​លោក ​លី យ៉ុងផាត់​ ​ ដែល​ប្តឹង​លោក​ហេង សុខ​នោះ​ ក៏​មិន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ ដូច្នេះ​លោក​មិន​ដឹង​ថា​ តើតុលាការ​យល់​យ៉ាង​ដូច​ម្តេច​ទើប​សម្រេច​ឃុំ​ខ្លួន​លោក​ហេង សុខក្រោម​ការ​ចោទ​ពី​បទ​បង្ក​អំពើ​ហិង្សា​នេះ។ ​លោក​ អ៊ិន គង់ជិត​ អះអាង​ថា​ សកម្ម​ជន​ការពារ​ដីធ្លី​រូប​នេះ​ មិន​មាន​ប្រវត្តិ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​តស៊ូ​មតិ​នោះ​ឡើយ។

«គាត់​បាន​ធ្វើ​ការ​តស៊ូ​ ទាមទារ​ ការពារ​សិទ្ធិ​ដីធ្លី​របស់​គាត់​ហ្នឹង​ដោយ​អហិង្សា​ ដោយ​សុចរិត​ អីចឹង​គាត់​គ្មាន​គំនិត ​ចេតនា​នឹង​ទៅ​បង្ក​អ្វីទៅលើ​ក្រុមហ៊ុន​ឡើយ»។​

នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ចាប់ខ្លួន​លោក​នោះ​ ​ ​លោក​ហេង សុខ​ តំណាង​ប្រជា​ពលរដ្ឋ ​ដែល​មាន​លំនៅដ្ឋាន​ក្នុង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​ គិរីសាគរ​ ខេត្ត​កោះកុង បាន​ប្តឹង​ទៅអភិបាល​ខេត្ត​កោះកុង​គឺអ្នកស្រី​មិថុនា ភូថង​ដើម្បី​សូម​កិច្ច​អន្តរាគមន៍។ ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រូប​នេះ​បាន​ស្នើ​សុំ​អ្នកស្រី​មិថុនា ភូថង​ចុះបញ្ជី​ដី​ទំហំដី​១០៣​ហិកតា​ គ្រប់​គ្រង​ជា​កម្ម​សិទ្ធិ។ ​បណ្តឹង​របស់​លោក​បាន​ដាក់​ទៅ​កាន់​អភិបាល​ខេត្ត​កោះកុង​ តាំងពី​ខែ​ធ្នូឆ្នាំ​២០១៧​ តែ​គ្មាន​ការ​ឆ្លើយ​តប។​

លោក គឹម វណ្ណា​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាច់​ ក្នុង​ស្រុក​គិរី​សាគរ​ ខេត្ត​កោះកុង​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​អង្គភាពរបស់​លោក​មិន​បាន​ចាប់​ខ្លួន​លោក​ហេង​ សុខ​នោះ​ទេ​ តែ​លោក​ហេង​ សុខ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​របស់​លោក​ដើម្បី​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​របស់​ភាគី​ក្រុម​ហ៊ុន។​ លោក​នាយ​ប៉ុស្តិ៍​រៀបរាប់​ដំណើរ​រឿង​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​អត់​បាន​ទៅ​ចាប់​ទេ។​ គេ​អញ្ជើញគាត់​មក​ប៉ុស្តិ៍​ហ្នឹង​ សុំ​គាត់បំភ្លឺយោង​តាម​បណ្តឹង​របស់​ខាង​ក្រុមហ៊ុន។​ ហើយ​គាត់​អញ្ជើញ​មកប៉ុស្តិ៍​ខ្ញុំ។ ​ខ្ញុំ​បំភ្លឺ​គាត់​ក្នុង​ករណី​រឿង ​តើប្អូន​មក​ធ្វើ​បោះ​បង្គោល​កន្លែង​នោះ​ បោះ​បង្គោល​កន្លែង​ដី​ក្រុមហ៊ុន​គេ​ហ្នឹង​ យ៉ាងម៉េច? ​ស្តាប់​បាន​នៅ?…​ហើយ​ខ្ញុំ​ក៏សួរ​គាត់​តាម​ដំណើរ​រឿង​ ហើយ​គាត់​ទទួល​ស្គាល់​ថា​ ​គាត់​បោះ​ពិត​ប្រាកដ​មែន»។​

លោក ​គឹម វណ្ណា ​ពន្យល់​បន្ត​ថា៖​

«ហើយ​ដល់​គាត់​បោះ​ហ្នឹង​ បោះ​ក្នុង​ដី​គេ​មាន​កម្ម​សិទ្ធិ​ត្រឹម​ត្រូវរបស់​ក្រុមហ៊ុន​គេ​ ស៊ីញេ​ដោយ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ តំណាង​ប្រទេស។​ ហើយ​អីចឹង​អ្វី​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ ខ្ញុំ​ធ្វើ​តាម​ហ្នឹង។​ ដល់​ឆ្លើយ​បំភ្លឺ​ប៉ុណ្ណឹង​ ខ្ញុំ​ក៏​អញ្ជើញ​គាត់​ទៅ​ខេត្ត​ទៅ។​ ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​នឹងចាប់​គាត់​ទេ។​ ដល់​ពេល​ទៅដល់​ខេត្ត​នោះ​ ​បាន​គេ​មាន​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​យុត្តិធម៌​នោះ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​មេ​ប៉ុស្តិ៍​ប៉ូលិសឃុំ​នេះ​បន្ថែម​ទៀត​ អំពី​ភស្តុតាងដែល​សមត្ថ​កិច្ចប្រមូល​បាន​ដើម្បី​កសាង​សំណុំរឿង ​តែ​លោក​បាន​ទម្លាក់​ទូរស័ព្ទ​ចុះ។​

VOA ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ចាន់​ ណាគ្រី​ មេការ​ក្រុមហ៊ុន​ LYP Group ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះកុង​ និង​ម្ចាស់​ក្រុមហ៊ុន​ គឺ​លោក​ លី យ៉ុងផាត់​ បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ​VOA ​ក៏​មិន​ទាន់​ទទួល​បាន​ការ​អធិប្បាយ​ពី​លោក​កែវ សុខា​ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកោះកុង​បាន​ដែរ​ ដោយ​ទូរស័ព្ទ​របស់លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

​លោក​អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ វិវាទ​ដីធ្លី​របស់​លោក​ហេង សុខ​ តំណាង​ពលរដ្ឋ​៥០​គ្រួសារ​ និង​ប្រជា​ពលរដ្ឋ​ចំនួន​១៧​គ្រួសារ​ផ្សេង​ទៀតជាមួយ​ក្រុមហ៊ុន​របស់​លោក​សមាជិក​ព្រឹទ្ធ​សភា​លី​ យ៉ុង​ផាត់​នោះ​ បាន​កើត​ឡើង​ ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៩៩៧៧​ហិកតា​ពី​រដ្ឋាភិបាលនៅ​ឆ្នាំ​ ២០១០។ ​ផ្ទៃ​ដី​នេះ​គឺស្ថិត​ក្នុង​តំបន់​ឧទ្យានជាតិ​បទុម​សាគរ​នៃ​ខេត្ត​កោះកុង​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។​

ផ្ទៃ​ដី​ដែល​លោក ​ហេង សុខ​ និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ជាង​៦០​គ្រួសារ​ទៀត​ ​កំពុង​ទាមទារ​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​គ្រប់​គ្រង​នោះ​មាន​ចំនួន​១២៧,៨៨ ​ហិកតា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s