ក្រុម​ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​ស្រុកស្រែ​អំបិល​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នៅមុខ​រោងចក្រ​ស្ករអំពៅ

ប្រភព : វិទ្យុអាស៊ីសេរី

eafa69d0-776c-45de-8bb0-2b93cc2e3369

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។

ក្រុម​ស្ត្រី​រងគ្រោះ​ដីធ្លី​ជិត ១០០នាក់ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ថ្ងៃ​ទី​៨ ខែ​មីនា នៅ​ខាង​មុខ​ក្រុមហ៊ុន​ស្ករអំពៅ ដែល​ជា​ក្រុមហ៊ុន បាន​រំលោភ​យក​ដីធ្លី និង​រំលោភ​សិទ្ធិ​របស់​ពួកគាត់​ជាង ១០​ឆ្នាំ​កន្លង​មក។ អាជ្ញាធរ​ខេត្ត ចាត់ទុកថា ការ​ជួបជុំ​របស់​ក្រុម​ស្ត្រី​សហគមន៍​ទាំងនោះ គឺជា​ការ​ប្រមូល​ផ្ដុំ​តវ៉ា​រឿង​ដីធ្លី​ដាច់​ដោយ​ឡែក មិនមែន​ពាក់ព័ន្ធ​នឹង​ទិវា​សិទ្ធិ​នារី​ឡើយ។

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ស្រុក​ស្រែអំបិល លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ថា ការ​ដែល​ពួកគាត់​នាំ គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា នៅ​ខាងមុខ​រោងចក្រ​ស្ករអំពៅ​នេះ ដើម្បី​បង្ហាញ​សារ​ទៅ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ថា ពួកគាត់ បាន​បាត់បង់​សិទ្ធិ​ស្ទើរ​គ្រប់​បែប​យ៉ាង ដោយសារតែ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ ១៧៥​គ្រួសារ ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោកស្រី ផាវ ញ៉ឺង បន្ត​ថា បន្ទាប់ពី​ក្រុមហ៊ុន​ស្ករអំពៅ​រំលោភ​យក​ដីធ្លី​ពួកគាត់​នោះ គឺ​ស្ត្រី​ក្នុង​តំបន់ របស់​គាត់​ជួបប្រទះ​បញ្ហា​ជាច្រើន​រួមមាន​ធ្លាក់ខ្លួន​ក្រីក្រ គ្មាន​ទីលំនៅ គ្មាន​ដីធ្លី​ធ្វើស្រែ​ចម្ការ ជំពាក់ បំណុល​វ័ណ្ឌក ហើយ​បង្ក​ទៅជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ គ្មាន​ពេល​មើលថែ​ខ្លួន និង​កូន​ៗ រហូត​ដល់ កូនៗ​របស់​ពួកគេ បាត់បង់​ការសិក្សា​ទៀត​ផង។ លើស​ពី​នេះ នៅ​ពេល​ពួកគាត់​ជា​ស្ត្រី នាំគ្នា​ចេញ តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ម្តង​ៗ ត្រូវ​បាន​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ រើសអើង រុញច្រាន ជេរប្រមាថ គំរាមកំហែង​ចាប់ខ្លួន រហូតដល់​ប្រើ​ហិង្សា មាន​របួស​ស្នាម​ធ្លាក់ខ្លួន​ឈឺ និង​មិនដែល​ទ​ទូល​បាន​យុត្តិធម៌​ជាដើម។ លោកស្រី បន្ថែម​ថា ការ​ផ្ដល់​ដំណោះស្រាយ​ដីធ្លី គឺជា​ការចូលរួម​គោរព​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​តំបន់​គាត់។

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំនេះ គឺ​មាន​វិវាទ​រវាង​ពលរដ្ឋ​១៧៥​គ្រួសារ ក្នុង​ភូមិ​ចំនួន​៦ ស្ថិត​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ជី​ខ​ក្រោម ឃុំ​ជី​ខ​លើ និង​ឃុំ​ដងពែង ស្រុកស្រែ​អំបិល ជាមួយ នឹង​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ​កោះកុង ស៊ូហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation) របស់​អ្នក​វិនិយោគ​ទុន​ថៃ ដែល បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។

កន្លង​មក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្រមព្រៀង​ដោះស្រាយ​ជាមួយ​ពលរដ្ឋ ថា នឹង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ​ជា​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ តែ​មក​ដល់ ពេល​នេះ គឺ​កំពុង​មាន​សភាព​ស្ងប់ស្ងាត់ ពុំ​មាន​ដំណោះ​ស្រាយ​អ្វី​តាម​ការសន្យា​នោះ​ទេ។ កាលពី ថ្ងៃ​ទី​៧ ខែ​មីនា អភិបាលរង​ខេត្ត​កោះកុង លោក អ៊ន ភារៈ សន្យា​ថា នឹង​ចុះ​ដោះស្រាយ​ជូន​ពលរដ្ឋ នៅ​ថ្ងៃ​អង្គារ​ទី​១៣ សប្ដាហ៍​ក្រោយ។

ចំពោះ​ទិវា​សិទ្ធិ​នារី ៨​មីនា​នេះ លោកស្រី ផាវ ញ៉ឺង ក៏បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​អភិបាលខេត្ត​កោះ កុង អ្នកស្រី មិថុនា ភូថង និង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង អ្នកស្រី សុខ សុធារី ដែល​មិន​បាន​ចូលរួម និង​បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​ស្ត្រី​រងគ្រោះ​ដីធ្លី​ដូច​ពួកគាត់។ ផ្ទុយទៅវិញ​បែរជា ថ្នាក់ដឹកនាំ​ខេត្ត ទៅ​ចូលរួម​លើកកម្ពស់​សិទ្ធិ​នារី​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុងភ្នំពេញ ដែល​ស្ត្រី​ទាំងនោះ សុទ្ធតែ​ស្លៀកពាក់​ខោអាវ​ហូល​ប៉ាក់​ផាមួង និង​ពាក់​គ្រឿង​អលង្កា​ថ្លៃៗ និង​សុទ្ធតែ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ទៅ​ហើយ។ «»

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង អ្នកស្រី សុខ សុធារី លើកឡើង​ថា ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៧​នេះ គឺ​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា អ្នកស្រី​បាន​ប្រារព្ធ​មិទ្ទិញ​អបអរ​ដល់​ស្ត្រី ជា​មន្ត្រី​រាជការ​ក្នុង​ខេត្ត​កោះកុង តាម​ឋានានុក្រម ចាប់​តាំង​ពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ឃុំ និង​បាន​ចែក​អំណោយ​ខ្លះ ដល់​ស្ត្រី​ចាស់ជរា​ជា​និមិត្តរូប នៃ​ទិវា​សិទ្ធិ​នារី។ ដោយឡែក​នៅ​ថ្ងៃ​ទី​៨ មីនា​នេះ អ្នកស្រី បាន​អញ្ជើញ ស្ត្រី​ដែល​ជា​អភិបាលរង​ស្រុក ក្រុង​និង​ខេត្ត ចូលរួម​ពិធី​ធំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ អ្នកស្រី​បន្ថែម ថា ចំពោះ​ការ​ប្រមូល​ផ្ដុំ​របស់​ក្រុម​ស្ត្រី​រងគ្រោះ​ដីធ្លី​ទាំងនោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ទិវា​សិទ្ធិ​នារី​ឡើយ ហើយ​ពួកគេ ក៏​មិន​បាន​រងគ្រោះ​ដោយ​ការ​វាយ​ដុំ ឬ​រំលោភបំពាន​អ្វី​ដែរ​កន្លង​មក ពោល​គឺ​ពួកគាត់ តែងតែ​ប្រមូល​ផ្ដុំ​ដើម្បី​តែ​ទាមទារ​រឿង​ដីធ្លី​របស់​ពួកគាត់​ប៉ុណ្ណោះ។ «»

អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អ៊ិន គង់ជិត ដែល ធ្លាប់​តាមដាន​ករណី​ស្ត្រី​រងគ្រោះ​ដីធ្លី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំនេះ ស្ត្រី​ទាំងនោះ តែងតែ​ដើរ​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​ពី​ខាង អាជ្ញាធរ​ជា​ញឹកញយ​ដែរ ដូច្នេះ ប្រសិនបើ​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង បាន​តាមដាន​ករណី​ពួកគាត់​នោះ ប្រាកដជា​យល់ថា ពួកគាត់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត។ លោក​សង្ឃឹមថា លោកជំទាវ​អភិបាលខេត្ត និង​អ្នកស្រី​ប្រធាន​មន្ទីរ​ជួយ​ជំរុញ​រឿង​ដីធ្លី​របស់​ស្ត្រី​រងគ្រោះ​នៅ​ស្រុក​ស្រែអំបិល​នោះ ឲ្យ​បាន​ឆាប់​ចប់ ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ​របស់​ពួកគាត់​ឡើងវិញ។ «»

មិនមែន​តែ​ស្ត្រី​ដែល​ក្នុងស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ទេ ដែល​រងគ្រោះ​ដីធ្លី និង​ត្រូវ​បាន​គេ​រំលោភ បំពាន​សិទ្ធិ​នោះ គឺ​មាន​ស្ត្រី​ជាច្រើន​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​នានា។ កន្លង​មក ក៏​មាន​សកម្មជន​ដីធ្លី មួយ​ចំនួន ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប​ដាក់​ពន្ធនាគារ ដោយសារ​តវ៉ា​ទាមទារ​លំនៅឋាន និង​ដីធ្លី​របស់​ខ្លួន ក្នុង​នោះ​មាន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ដ៏​ល្បី​ម្នាក់ គឺ​អ្នកស្រី ទេព វន្នី មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ។

ស្ត្រី​រងគ្រោះ​នៅ​សហគមន៍​ដីធ្លី​នានា ក៏បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ឲ្យ​ពិចារណា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​រួមមាន​អ្នកស្រី ទេព វន្នី ជាដើម​ដែល កំពុង​ជាប់ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឲ្យ​ស្ត្រី​អាច​មាន​សិទ្ធិ​ស្មើភាព​គ្នា​ជាមួយ​បុរស។ ជាង​នេះ​ទៀត ត្រូវ​ជួយ​លើកស្ទួយ ឬ​ផ្ដល់​តួនាទី​ឲ្យ​ស្ត្រី​អាច​មាន​ឱកាស​ចូលរួម​កិច្ច​ការងារ​អភិវឌ្ឍ​សង្គម​នៅ​តាម​ស្ថាប័នរដ្ឋ​ឲ្យ​បាន​ច្រើន​ដូច​បុរស​ដែរ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s