ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​យក ដី​បឹង​ដែល​ពួកគាត់​អាស្រ័យ​ផល

ប្រភព​ :​ ភ្នំពេញប៉ុស្តិ៍

១

ប្រជាពលរដ្ឋ​ ពេល​តវ៉ា​សុំ​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​សាលា​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ម្សិលមិញ។

កណ្តាលៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០ នាក់​តំណាង ៣៥០ គ្រួសារ​នៅ​ភូមិ​ ស្ទឹងជ្រៅ សង្កាត់​ដើម​មៀន ក្រុង​ តាខ្មៅ បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បិទ​ទ្វារ​ចូល​សាលា​ខេត្ត​ កណ្តាល ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ទៅ​ក្រុមហ៊ុន​ ING ដោយ​ពួក​គាត់​ថា ក្រុម​ហ៊ុន​នេះ បាន​ឃុប​ឃិត​គ្នា​ជាមួយ​មន្ត្រី​មួយ​ចំនួន លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​បឹងជីភោ​ ដែល​ពួកគាត់​បាន​អាស្រ័យ​ផល​ដោយ​ដាំ​បន្លែ​និង​ដំណាំ​ផ្សេងៗ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ មក។

លោក ហូ សុខ​ហេង តំណាង​ប្រជាពលរដ្ឋ​ទាំង ៣៥០ គ្រួសារ​បាន​លើក​ឡើង​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​មក​តវ៉ា​នេះ គឺ​ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ ជួយ​រក​ដំណោះ​ស្រាយ បញ្ហា​​ជម្លោះ​ដីធ្លី​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ក្រុម​ហ៊ុន ING របស់​លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែល​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ លើដី​សហគមន៍​ និង​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ដាក់​សំណើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី សូម​ឲ្យ​​កាត់​ដី​បឹង​នោះ​ឲ្យ​ពលរដ្ឋ​វិញ។

លោក​បន្ថែមថា ដី​សហគមន៍ ​ដែល​ក្រុមហ៊ុន​រំលោភ​នោះ ជា​ប្រភេទ​ដី​បឹង​ មាន​ទំហំ​ជាង ៧ ហិកតា​ស្ថិត​ក្នុង​ខេត្ត កណ្តាល ដែល​ប្រជាព​រដ្ឋ​បាន​អាស្រ័យ​ផល​លើ​ដី​បឹង​នេះ​ ដូចជា​ដាំ​បន្លែ ត្រកួន កញ្ឆែត នេសាទត្រី និង​ដាំ​ដំណាំ​ផ្សេងៗ​ទៀត តាំង​ពី​ឆ្នាំ ១៩៧៩ មក ហើយ​រដ្ឋាភិបាល​ ក៏​ប្រគល់​ដី​នោះមក​ឲ្យ​ពលរដ្ឋ​កាន់​កាប់ ដើម្បី​ទុក​អាស្រ័យ​ផល​កាល​ឆ្នាំ ១៩៩៩។

ប៉ុន្តែ​លោក​ថា ត្រូវ​ក្រុមហ៊ុន ING ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មួយ​ចំនួន​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ ធ្វើជា​របស់​ផ្ទាល់​ខ្លួន​ទៅវិញ និង​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​អាស្រ័យ​ផល​បាន​ទៀត​ឡើយ។

លោក​បន្ត​ថា៖ «ពួក​ខ្ញុំ​បាន​ទៅ​​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែន​ដី និង​ខុទ្ទកាល័យ​សម្ដេច​ជាច្រើន​លើក នៅ​តែ​គ្មាន​ដំណោះ​ស្រាយ ប៉ុន្ដែ​ម្ដង​នេះសុំ​ឯកឧត្តម​អភិបាល​ខេត្ត​ ជួយ​និយាយ​រៀបរាប់ និង​ជួយ​ដាក់​របាយការណ៍​ពី​បញ្ហា​ដីធ្លី​នេះ​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ផង ហើយ​ពួក​ខ្ញុំ​រង់ចាំ​អនុសាសន៍​របស់​សម្ដេច ហើយ​បើ​សម្ដេច​សម្រេច​ប្រគល់​​ដី​បឹង​នេះ​ឲ្យ​ក្រុមហ៊ុន​ផ្ទាល់ ពួក​ខ្ញុំ​នឹង​មិន​ជំទាស់​ទេ»។

២

ពល​រដ្ឋ​តវ៉ា​បញ្ហាដីធ្លី នៅ​មុខ​សាលា​ខេត្ត​កណ្តាល​ កាលពី​ព្រឹក​ម្សិល​មិញ​​​។ ប្រជាពលរដ្ឋ​ទាំង​នេះ មក​ពី​ភូមិ​ស្ទឹង​ជ្រៅ​ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

អ្នកស្រី ពេជ្រ ខេន ពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​នោះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​លើដី​បឹង​ជីភោ​នោះ ដោយ​ដាំ​​ត្រកួន ស្ពៃ កញ្ឆែត ស្រូវប្រាំង និង​ដំណាំ​​រួម​ផ្សំ​ផ្សេងៗ​ទៀត។ ចាប់​តាំង​ពី​ដី​បឹង​​នេះ​ត្រូវបាន​ក្រុម​ហ៊ុន​​ហាម​មិន​ឲ្យ​ចូលមក ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ ចាប់​ផ្ដើម​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត។ «ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ។ប៉ុន្ដែ​ក្រុម​ហ៊ុន បែរ​ជា​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្នាក់​ឯង។ ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​តែ​ផ្ដល់​សំណង​ណា​មួយ​សមរម្យ​ឲ្យ​ពលរដ្ឋ …»។

លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អគ្គនាយក​ក្រុម​ហ៊ុន អាយ.អិន.ជី (ING Holding) មិន​អាច​ទាក់ទង​សុំ​​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។

ចំណែក​​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​បង្វែរ​សំនួរ​ទៅ​លោក មាស ម៉េតភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រួច​ក៏​បាន​ចុច​បិទ​ទូរស័ព្ទ។

យ៉ាង​ណា​ក្តី លោក ហ៊ឹម ឆុន មេភូមិ​ស្ទឹងជ្រៅ បាន​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ ជា​​ប្រភេទ​ដី​បឹង ​ដែល​អ្នក​ភូមិ​តែងតែ​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​បើ​ទោះ​បី​ជា​ពួកគាត់​មិនមាន​ប័ណ្ណ​កម្មសិទ្ធិ​ក៏​ដោយ ហើយ​ដី​បឹង​នោះ​ក៏​មិន​ស្ថិត​ក្នុង​គម្រោង​ទីក្រុង​រណប​របស់​រដ្ឋាភិបាល​ដែរ។ ពលរដ្ឋ​ទាំងអស់​នេះ មិន​ពេញ​​ចិត្ត​នឹង​ទង្វើ​ឃុបឃិត​គ្នា​ ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ING នោះទេ។ «ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ បាន​មើល​ឃើញ​ថា ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ក្រុមហ៊ុន​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ទី​តាំង​ដី​នេះ ស្ថិត​នៅ​ខេត្ត​កណ្ដាល គួរ​តែ​អាជ្ញាធរ​ខេត្ត​ កណ្ដាល ​ជា​អ្នកចេញ​ប័ណ្ណ​ ប៉ុន្ដែ​បែរ​ជា​អាជ្ញាធរ​ក្រុង ភ្នំពេញ ជា​អ្នក​ចេញ​ប័ណ្ណ​នោះ​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ ហើយ​ក្រុមហ៊ុន​មិន​ដែល​អើពើ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ និង​ប្រើ​សន្ដិសុខ​យាម​មិន​ឲ្យ​អ្នក​ភូមិ​ទៅ​ជិត​ដី​បឹង​នោះ​ឡើយ»។

លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ​កាល​ពី​ម្សិលមិញ​ថា ជម្លោះ​ដីធ្លី​នេះ​បាន​កើត​ឡើង​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។

លោក​ថា៖«ខ្ញុំ​បាន​ទទួល​ព័ត៌មាន សំណូមពរ ​របស់​ពលរដ្ឋ ដើម្បី​មក​ដោះស្រាយ ហើយ​ខ្ញុំ​នឹង​ព្យាយាម​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន។ ការពិត​យើង​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់​បាន​មួយ​ចំនួន​ហើយ ប៉ុន្ដែ​ពួក​គាត់​មិន​ទាន់​សប្បាយ​ចិត្ត​ហើយ​ក៏​នាំគ្នា​មក​តវ៉ា តែ​យ៉ាង​ណា​ ក៏​ខ្ញុំ​នៅ​តែ​ទទួល​ដោះ​ស្រាយ​រហូត​ដល់​ចប់»។

កាល​ពី​ដើម​ឆ្នាំ ២០១៥ រាជរដ្ឋាភិបាល​​ធ្លាប់​បាន​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ING Holding Co.,Ltd. អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន និង​តំបន់​ជើងឯក ​លើ​ផ្ទៃដី​ទំហំ ២៥៧២ ហិកតា គ្រប​ដណ្តប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមាន​ជ័យ​ជាង ១០០០ ហិកតា ខណ្ឌ​ដង្កោ ​ជាង១ ២០០ ហិកតា និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ប្រមាណ ៣៧១ ហិកតា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s