តុលាការ​នឹង​សម្រេច​លែង​ឬ​បន្ត​ឃុំ​ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ឧសភា

ប្រភព៖ វិទ្យុអាស៊ីសេរី

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។

សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​ប្រកាស​សេចក្ដី​សម្រេច​ដោះលែង ឬ​ពន្យារ​ពេល​នៃ​ការ​ឃុំខ្លួន​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់ ដែល​កំពុង​ជាប់ឃុំ ជុំវិញ​បទ​ចោទ​លួច​ផលិត​ព័ត៌មាន​សម្ងាត់​បញ្ជូន​ទៅ​រដ្ឋ​បរទេស​ទៅ​ថ្ងៃ​សុក្រ ទី១៨ ឧសភា។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប លោក កែវ វន្នី ថ្លែង​ថា ការ​កោះហៅ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ របស់​តុលាការ​ក្រុងភ្នំពេញ​នេះ គឺ​ដើម្បី​អនុវត្ត​នីតិវិធី​តទល់​គ្នា​រវាង​តំណាង​អយ្យការ និង​ភាគី​ជនជាប់ចោទ។ លោក កែវ វន្នី អះអាង​ថា ខាង​តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឱ្យ​ចៅក្រម​ពន្យារពេល​ឃុំខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បន្ត​ទៅ​ទៀត ដោយ​សំអាង​ថា នីតិវិធី​ស៊ើបសួរ​មិនទាន់​ចប់ ហើយ​រឿង​នេះ​គឺជា​ករណី​បទល្មើស​ឧក្រិដ្ឋ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ លោក កែវ វន្នី បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​អ្នក​ទាំងពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន ដោយ​សំអាង​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំងពីរ​លើស​រយៈពេល ៦ ខែ គឺជា​ការអនុវត្ត​ខុស​នីតិវិធី ហើយ​ម្យ៉ាងវិញទៀត​ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ សុទ្ធតែ​បាន​សហការ​យ៉ាង​ល្អ​នៅ​គ្រប់​កិច្ច​ដំណើរការ​នីតិវិធី​របស់​តុលាការ៖ «ការ​ឃុំខ្លួន​នេះ​វា​មាន​រយៈពេល​យូរ​ហើយ អ៊ីចឹង​វា​សមរម្យ​ក្នុង​ការ​ស្វែងរក​ការពិត។ ប្រសិនបើ​គាត់​ធ្វើ​ខុស​មែន គឺ​ខាង​តុលាការ ឬក៏​សមត្ថកិច្ច​ពិតជា​បាន​រក​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ទៅលើ​គាត់​ហើយ ហើយ​ជាពិសេស គឺ​សម្ភារៈ កុំព្យូទ័រ ទាំង​លេខ​កូដ​សម្ងាត់​ទូរស័ព្ទ​ទាំងអស់ គឺ​កូន​ក្តី​របស់ខ្ញុំ​ទាំងពីរ​នាក់​បាន​សហការ​ផ្ដល់​ជូន​សមត្ថកិច្ច​តាំង​ពី​ដើម​មក ដូច្នេះ​អត់​មាន​អ្វី​ត្រូវ​លាក់បាំង​ទេ។ គាត់​ក៏​មិន​ភ័យខ្លាច​ក្នុង​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ការពិត​នោះ​ទេ»។

លោក កែវ វន្នី អះអាង​ថា កូន​ក្តី​លោក​បាន​បញ្ជាក់​ប្រាប់​តុលាការ​សាជាថ្មី​ទៀត​ថា អ្នក​ទាំងពីរ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​នោះ​ទេ និង​បាន​សំណូមពរ​ដល់​តុលាការ​ឱ្យ​ដោះលែង​ពួកគេ ដើម្បី​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ក្រោយ​បែក​គ្នា​អស់​រយៈពេល​ជាង ៦​ខែ​កន្លង​ទៅ​នេះ។ មេធាវី​រូប​នេះ​នៅតែ​ជឿជាក់​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​គ្មាន​កំហុស​អ្វី​នោះ​ទេ ហើយ​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​រយៈកាល​កន្លង​ទៅ​នេះ គឺជា​រឿង​អយុត្តិធម៌៖ «តុលាការ និង​សមត្ថកិច្ច​ពុំបាន​បង្ហាញ​នូវ​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា ពួកគាត់​ទាំងពីរ​ប្រព្រឹត្ត​ដូច​បទ​ចោទ​នោះ​ទេ។ កាលណា​ពួកគាត់​អត់​បាន​ធ្វើ​ខុស ហើយ​យើង​ចាប់ យើង​ឃុំខ្លួន​អ្នក​ស្លូតត្រង់​រយៈពេល​ជាច្រើន​ខែ​ក្នុង​ពន្ធនាគារ វា​មិនមែន​ជា​ការ​សម្រាក​លេង​នៅផ្ទះ​ទេ វា​មានការ​លំបាក​ណាស់ បាត់បង់​សិទ្ធិ​សេរីភាព និង​អ្វីៗ​គ្រប់​បែបយ៉ាង ដូច្នេះ​វា​ពិតជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ទាំងពីរ​នាក់»។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​បទ​ចោទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ជាង ៦ ខែ​ហើយ ដោយ​មិនទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅឡើយ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ តែង​បដិសេធ​ការចោទប្រកាន់​របស់​តុលាការ។ ចំណែក អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​វិញ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការ​ចាប់​ខ្លួន​អ្នក​ទាំងពីរ​នេះ​ដែរ ដោយ​ពួកគេ​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ហៅ​អ្នក​ទាំងពីរ​ថា ជា​អ្នកទោស​មនសិការ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា សំណុំរឿង​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ គឺជា​រឿង​អយុត្តិធម៌ ហើយ​តុលាការ​គួរតែ​ពិចារណា​ទៅលើ​គោលការណ៍​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ទាក់ទង​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ។ លោក​បន្ត​ថា តុលាការ​គួរតែ​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​រយៈពេល ៦ ខែ​កន្លង​ទៅ​នេះ គួរតែ​គ្រប់គ្រាន់​ហើយ​សម្រាប់​តុលាការ​ក្នុង​ការ​វិនិច្ឆ័យ​លើ​សំណុំរឿង​អ្នក​ទាំងពីរ៖ «ខាង​តុលាការ​សូម​ពិចារណា​ទៅលើ​គោលការណ៍​នៃ​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ ចៅក្រម​ដែល​កាន់​រឿង ជាពិសេស​ព្រះរាជអាជ្ញា​ដែល​ចោទ​ប្រកាន់ បើ​សិន​បាន​ដឹង​ហើយ​ថា ករណី​នេះ​មិន​សក្ដិសម​នឹង​ទទួល​បទ​ចោទ​នេះ មិន​គួរ​ឃុំខ្លួន​ក្នុង​បទល្មើស​នេះ គួរតែ​ក្លាហាន​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​ដើម្បី​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​រយៈពេល ៦​ខែ​នេះ អ្នក​ទាំង​ពីរ​បាន​បែកបាក់​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ។ ក្នុង​ករណី​នេះ បើ​សិន​ចំណាត់​ការ​របស់​តុលាការ​ធ្វើឡើង​ដោយ​ភាព​អយុត្តិធម៌ នោះ​នឹង​មានការ​ថ្កោលទោស​ពី​មហាជន»។

កាលពី​ថ្ងៃ​ទី១៥ ឧសភា អង្គការ​សិទ្ធិមនុស្ស​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ឈ្មោះ​វេទិកា​អាស៊ី (FORUM-ASIA) ដែល​មាន​សមាជិក ៥៨ អង្គការ មកពី​ប្រទេស​ចំនួន ១៩ នៅ​ទ្វីប​អាស៊ី បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ។ អង្គការ FORUM-ASIA ចាត់​ទុក​ការចោទប្រកាន់​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា​ជា​រឿងប្រឌិត និង​រំលោភបំពាន​សិទ្ធិ​អ្នក​ទាំងពីរ​យ៉ាង​ធ្ងន់ធ្ងរ។ អង្គការ​នេះ​បញ្ជាក់​ទៀត​ថា ការ​មិន​ព្រម​ដោះលែង​អ្នក​ទាំងពីរ ហើយ​បន្ថែម​បទ​ចោទ​ថ្មី បង្ហាញ​ឱ្យ​ឃើញ​ថា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​កំពុង​រំលោភបំពាន​ច្បាប់​ជាតិ​នោះ​ទេ ប៉ុន្តែ​ក៏​កំពុង​រំលោភ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s