សកម្មជន​បរិស្ថាន​លោក អាឡិច ប្តឹង​ចៅក្រម​តុលាការ​ខេត្ត​កោះកុង​ពីរ​រូប រឿង​កំហុស​វិជ្ជាជីវៈ

ប្រភព ៖ អាស៊ីសេរី 

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្ប៉ាញ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ប្ដឹង​ចៅក្រម​តុលាការ​ខេត្ត​កោះកុង​ពីរ​រូប​អំពី​កំហុស និង​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​ការងារ​វិជ្ជាជីវៈ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ធ្ងន់ធ្ងរ។ បណ្ដឹង​ធ្វើឡើង​ដោយសារតែ​លោក អា​ឡិច ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ករណី​យុវជន ៣​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” ក្រោយពេល​ពួកគេ​ចុះ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​បែប​អានាធិបតេយ្យ​នៅ​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង កាលពី​អំឡុង​ឆ្នាំ ២០១៥ កន្លងទៅ។

សកម្មជន​បរិស្ថាន លោក អាឡិច អះអាង​ថា ការ​ប្តឹង​ប្រធាន​តុលាការ​ខេត្ត​កោះកុង លោក មីន មករា និង​ចៅក្រម ភាព សុភា ទៅ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ ដោយសារ​មន្ត្រី​តុលាការ​ទាំងពីរ​មិន​អើពើ​ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​លោក គឺជា​ជនជាប់ចោទ​រួមគំនិត ជាមួយ​សកម្មជន​បរិស្ថាន ៣ នាក់​ផ្សេងទៀត។ លោក​បញ្ជាក់​ថា តុលាការ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដោយ​សំណុំរឿង​ទី​មួយ មាន​ជនជាប់ចោទ ៣​នាក់ គឺ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ឹម សំណាង ហើយ​សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលាការ​កំណត់​ថ្ងៃ​ជំនុំជម្រះ និង​បាន​ប្រកាស​សាលក្រម​រួចស្រេច​ទៅ​ហើយ។ ដោយឡែក​សំណុំរឿង​ទី​ពីរ​ដែល​មាន​រូបលោក​ជា​ជនជាប់ចោទ​នោះ បែរជា​តុលាការ​មិន​រវីរវល់​ចាត់ការ​តាម​នីតិវិធី​ទៅវិញ ទោះបី​ជា​មាន​ការ​ស្នើ​សុំ​ឱ្យ​កំណត់ពេល​ជំនុំជម្រះ​ពី​មេធាវី​របស់​លោក និង​ខាង​តំណាង​អយ្យការ​ជាច្រើនលើក​ច្រើន​សារ​បែប​ណា​ក្តី។

លោក​បន្ថែម​ថា ការ​មិន​យកចិត្តទុកដាក់​របស់​ចៅក្រម​តុលាការ​ខេត្ត​កោះកុង​នេះ ធ្វើ​ឱ្យ​លោក​ត្រូវ​មាន​ឈ្មោះ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ជិត ៣ឆ្នាំ​ទៅ​ហើយ ទាំង​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​នោះ​ឡើយ៖ «ខ្ញុំ​ចង់​សម្អាត​កិត្តិនាម​របស់ខ្ញុំ​ក្នុងនាម​ជា​សកម្មជន​បរិស្ថាន​ដែល​ចេញមុខ​អស់​រយៈពេល​ជាង ៥ឆ្នាំ កន្លង​ទៅ​នេះ​។ ខ្ញុំ​ចង់​ឱ្យ​សាធារណជន​ទាំង​អស់ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ដឹង​ថា ខ្ញុំ​អត់​ដែល​បាន​ធ្វើ​អ្វីមួយ​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ហិង្សា​ទេ ទោះ​ដោយ​ផ្ទាល់ ឬក៏​ដោយ​ប្រយោល​ក្តី។ ខ្ញុំ​ធ្វើ​របៀប​អហិង្សា​គ្រប់​ពេល​វេលា ហើយ​អ្វី​ដែល​គេ​ចោទ​ប្រកាន់ គេ​ចោទ​ថា ខ្ញុំ​បាន​ផ្ដល់​ថវិកា​ឱ្យ​សកម្មជន ៣​នាក់ មាន ស៊ីម សំណាង សាន់ ម៉ាឡា និង ទ្រី សុវិគា ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ខុសច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា។ អ៊ីចឹង​ខ្ញុំ​ទាមទារ​សិទ្ធិ​របស់​ខ្ញុំ ដែល​ចែង​តាមច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ក្ដី ការពារ​នូវ​ទង្វើ​ដែល​គេ​ចោទ​ថា ខ្ញុំ​បាន​ធ្វើ នៅ​ក្នុង​តុលាការ​ខេត្ត​កោះកុង»

លោក អាឡិច ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បណ្ដេញ​ចេញពី​កម្ពុជា កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​ផ្អែកលើ​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​ផុត​កំណត់។ គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​គ្រានោះ បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន រួម​ទាំង​ព្រះមហាក្សត្រ​ផង ដើម្បី​បន្ត​ទិដ្ឋាការ​ដល់​លោក អាឡិច ដោយសារ​លោក​ជា​សកម្មជន​បរិស្ថាន​មួយ​រូប​ដែល​បាន​ចេញមុខ​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង ក៏ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។ បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ លោក​បាន​ព្យាយាម​ជា​ច្រើនដង​ដើម្បី​ចូល​មក​កម្ពុជា​វិញ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បដិសេធ ដោយសារ​ឈ្មោះ​របស់​លោក ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​ឡើយ។

នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៦ តុលាការ​ខេត្ត​កោះកុង​បាន​ចោទប្រកាន់​សកម្មជន​រូប​នេះ​ពី​បទ “​សមគំនិត​” ក្នុង​សំណុំរឿង “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” របស់​លោក សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ឹម សំណាង។ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កោះកុង​ក៏បាន​ចេញ​ដីកា​តាម​ខ្លួន​លោក ខណៈ​លោក​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​រួច​ទៅ​ហើយ​នោះ ហើយ​តាំងពី​ពេល​នោះ​មក សំណុំ​រឿង​នេះ​ក៏​ត្រូវ​ទុក​កប់​ចោល​រហូត​មក​ទល់នឹង​ពេល​បច្ចុប្បន្ន។

សកម្មជន​បរិស្ថាន​រូប​នេះ ស្នើ​យ៉ាង​ទទូច​ដល់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ឱ្យ​ពិនិត្យ និង​ចាត់​វិធានការណ៍​លើ​ចៅក្រម​តុលាការ​ខេត្ត​កោះកុង​ទាំង​ពីរ​រូប ដើម្បី​ធានា​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ធានា​ឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ដំណើរការ​ល្អ​នៃ​អង្គការ​តុលាការ និង​អង្គការ​អយ្យការ ព្រមទាំង​ផ្តល់​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ក្តី​គ្រប់​ប្រភេទ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ៖ «ប្រសិនបើ​យើង​ចង់​ជោគជ័យ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ យើង​ត្រូវតែ​មាន​ជំនាញ​ច្រើន ត្រូវតែ​មាន​ចំណេះដឹង ត្រូវតែ​មាន​បទពិសោធន៍​ជាដើម ប៉ុន្តែ​ចំណុច​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ត្រូវតែ​មាន​សេចក្ដីក្លាហាន​។ ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​ជំរុញ​ឱ្យ​សកម្មជន​ប្រឈម​រយៈពេល ៣ ឆ្នាំ​កន្លង​មក ដោយ​ខ្ញុំ​ខ្លួនឯង​អត់​ហ៊ាន​នៅ​ប្រឈម​នោះ​ទេ​។ ខ្ញុំ​មិនមែន​ជា​មនុស្ស​អញ្ចឹង​នោះ​ទេ។ បើ​ខ្ញុំ​ជំរុញ​ឱ្យ​អ្នក​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ​ហ៊ាន​ប្រឈម ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ក៏​ត្រូវ​តែ​ហ៊ាន​ប្រឈម​ដូចគ្នា ឬ​លើស​ពី​គេ​ទៅទៀត​។ អញ្ចឹង​បើ​ឆ្លើយ​ឱ្យ​ខ្លី គឺថា​ខ្ញុំ​អត់​មាន​ខ្លាច​អ្វី​ទាំងអស់​។ ខ្ញុំ​មានតែ​សោកស្ដាយ​ដែល​រដ្ឋាភិបាល ជាពិសេស​លោក ហ៊ុន សែន ជា​អ្នក​ខ្លាច​ខ្ញុំ​ទៅវិញ ដែល​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅវិញ​នោះ ទោះបីជា​ខ្ញុំ​បាន​ព្យាយាម​ជា​ច្រើនដង​ទៅ​ហើយ​ក្ដី»

ពាក្យ​បណ្តឹង​របស់​លោក អាឡិច នោះ ត្រូវ​បាន​មេធាវី​របស់​លោក គឺ​លោក សំ ចំរើន ដាក់​ជូន​នាយកដ្ឋាន​ទទួល​ពាក្យ​បណ្ដឹង និង​កិច្ចការ​វិន័យ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី៣ កក្កដា កន្លងទៅ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​កោះកុង លោក មីន មករា និង​ចៅក្រម ភាព សុភា ដែល​រង​ការ​ប្ដឹងផ្ដល់​ពី​សកម្មជន​បរិស្ថាន លោក អាឡិច បានទេ​នៅ​ថ្ងៃទី៧ កក្កដា។

មេធាវី សំ ចំរើន នៃ​ក្រុម​មេធាវី​ដូនពេញ ថ្លែង​ថា ការ​ប្តឹង​ចៅក្រម​អំពី​កំហុស​ឆ្គង​ក្នុង​ការ​បំពេញ​មុខងារ​វិជ្ជាជីវៈ​ទៅ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បែបនេះ គឺជា​ករណី​កម្រ ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ទៅ​​​​​​​​​បាន ក្នុង​ករណី​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​មិន​ពេញចិត្ត​ចំពោះ​ភាព​យឺតយ៉ាវ ឬ​ភាព​អសកម្ម​របស់​ចៅក្រម​ដែល​កាន់​សំណុំរឿង។ លោក​បន្ត​ថា សេចក្ដី​សម្រេច​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម គឺជា​រឿង​សម្ងាត់ ដែល​មិន​អាច​បង្ហាញ​ប្រាប់​សាធារណជន​ឡើយ៖ «ប្រសិនបើ​គូភាគី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​ក្ដី​គាត់​យល់ថា តុលាការ​កាត់ក្ដី​មានការ​យឺតយ៉ាវ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​គាត់ ហើយ​គាត់​គិត​ថា នេះ​ជា​កំហុស​របស់​តុលាការ នោះ​គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​ស្ថាប័ន​ដែល​ឃ្លាំមើល​ការអនុវត្ត​របស់​មន្ត្រី​តុលាការ ដើម្បី​ឱ្យ​ពន្លឿន (​នីតិវិធី​ឬក៏​ដើម្បី​ឱ្យ​កែតម្រូវ​ចំណុច​អសកម្ម​។ នេះ​ជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ក៏​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ជន​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​មាន​សិទ្ធិ​ប្តឹង​ទៅ​ស្ថាប័ន​កំពូល​នៃ​អង្គការ​តុលាការ ប្រសិនបើ​យល់​ឃើញ​ថា ដំណើរការ​នៃ​សំណុំ​រឿង​ក្តី​របស់​ខ្លួន​មាន​ភាព​យឺតយ៉ាវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ ឬ​មុខរបរ​របស់​ខ្លួន ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ លោក​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ពន្លឿន​នីតិវិធី​ក្នុង​សំណុំរឿង​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ដើម្បី​ជម្រះ​មន្ទិល​របស់​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំ​រឿង​នេះ៖ «ទោះបីជា​ថា​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ មិន​មាន​កំណត់​ថេរវេលា​ឱ្យ​បាន​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​របស់​បុគ្គល គួរតែ​ពន្លឿន​ដំណើរការ​នីតិវិធី ដើម្បី​ឱ្យ​ដឹង​ស ឬ​ខ្មៅ។ បើ​ថា​ការ​ជំនុំ​ជម្រះ​ទៅ រក​ឃើញ​ថា​មានទោស ក៏​មាន​ទោស​ទៅ បើ​ថា​គ្មាន គឺ​គ្មាន​ទៅ ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​របស់​បុគ្គល​នីមួយៗ»

អង្គការ​មាតា​ធម្មជាតិ (Mother Nature) ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចស្រេច​ទៅ​ហើយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​សារ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែល​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយសារ​ពួកគេ​បាន​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ពលរដ្ឋ នៅ​តាម​ដង​ព្រែក និង​ស្ទឹង​នៃ​តំបន់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង។ សកម្មជន ៣​នាក់​ដំបូង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៥ នោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ឹម សំណាង និង​ក្រោយ​មក​មាន ២​នាក់​ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧។ សកម្មជន ៣ នាក់​ដំបូង ត្រូវ​ជាប់ពន្ធនាគារ ១៨​ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥ ពាន់​ដុល្លារ ចំណែក​សកម្មជន ២​នាក់​បន្ទាប់ ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ម្នាក់ ១ លាន​រៀល។ ក៏ប៉ុន្តែ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ព្យួរទោស ក្រោយ​មាន​សាលក្រម​ពី​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ខែ​រួច​ទៅ​ហើយ​នោះ។

ចំណាត់ការ​ទាំងឡាយ​របស់​អាជ្ញាធរ​លើ​សកម្មជន​បរិស្ថាន និង​អង្គការ​មាតា​ធម្មជាតិ​នេះ បាន​រង​ការ​រិះគន់​ថា ជា​ការ​ធ្វើ​ទុក​បុក​ម្នេញ​ដើម្បី​បំបិទមាត់​អ្នក​ហ៊ាន​ចេញមុខ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​នៅ​ក្នុង​ខេត្ត​កោះកុង​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s