ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ដង្ហោយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប​២​ឆ្នាំ

ប្រភព ៖ វិទ្យុអាស៊ីសេរី ( RFA ) 

ម្ដាយ​លោក​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ (រូប​ស្ដាំ) ពេល​ទទួល​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

ថ្ងៃទី១០ កក្កដា នេះ គឺជា​ខួប​គម្រប់ ២ ឆ្នាំ​គត់ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ប្រជា​ពលរដ្ឋ មន្ត្រី​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជា​អ្នក​គោរព​ស្រឡាញ់ ឬ​ជា​រាប់អាន​គ្នា​ជាមួយ​បណ្ឌិត កែម ឡី បាន​នាំគ្នា​យក​បាច់​ផ្កា​ទៅ​ដាក់​នៅមុខ​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត​កាល់តិច (Caltex) ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី ២ ឆ្នាំមុន។ អ្នក​ខ្លះ​ទៀត​ក៏បាន​នាំគ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ដល់​ឯ​ខេត្ត​តាកែវ។ សារសំខាន់​ដែល​ពួកគាត់​លើកឡើង​នោះ គឺ​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​មិន​ត្រូវ​បិទ​បញ្ចប់​ត្រឹម​បុគ្គល ជួប សម្លាប់ នោះ​ឡើយ។

ថ្នាក់ដឹកនាំ​សហជីព អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទទូច​ឱ្យ​តុលាការ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​សំណុំរឿង​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ទុក​ឱ្យ​ស្ងប់​ស្ងាត់បាត់​ឈឹង​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​ទៅ​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែង​ក្រោយពេល​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទី​តាំងហាង​សាំង​កាល់​តិច​ស្តុប​បូកគោ​ថា មក​ទល់​នឹង​ពេលនេះ លោក​នៅ​តែ​មាន​អារម្មណ៍​រន្ធត់​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ។ លោក​បន្ត​ថា លោក​នៅតែ​គោរព និង​កោតសរសើរ​ដល់​វីរភាព​របស់​បណ្ឌិត កែម ឡី ចំពោះ​ការវិភាគ និង​ហ៊ាន​និយាយ​ការពិត​អំពី​ភាព​អយុត្តិធម៌​សង្គម​ដែល​បាន​កើត​ឡើង​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​លាតត្រដាង​ការពិត​ជុំវិញ​អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ដើម្បី​លាង​ជម្រះ​មន្ទិល​សង្ស័យ​របស់​សាធារណជន អំពី​ភាព​អសមត្ថភាព​របស់​អាជ្ញាធរ ឬ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​អំណាច​នៅ​ពី​ក្រោយខ្នង​រឿង​នេះ៖ «ក្នុងនាម​សហភាព​សហជីព​កម្ពុជា យើង​ចង់​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​បណ្ឌិត កែម ឡី និង​ស្វែងរក​ជន​ដែល​នៅ​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​ផ្ដល់​យុត្តិធម៌​ទៅដល់​ក្រុម​គ្រួសារ កូន ប្រពន្ធ មិត្តភ័ក្ដិ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផង​ដែរ»

ក្រៅពី​ការ​កាត់ទោស​បុគ្គល ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលពី​ចុងខែ​មីនា ឆ្នាំ ២០១៧ រួចមក សំណុំរឿង​បណ្ឌិត កែម ឡី នេះ គ្មាន​អ្វី​ប្រែប្រួល​គួរឱ្យ​កត់សម្គាល់​ឡើយ ក្នុង​រយៈពេល ២​ឆ្នាំ​កន្លង​ទៅ​នេះ​។ តុលាការ​ក្រុង​ភ្នំពេញ ថ្វី​ដ្បិត​តែ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ក៏ប៉ុន្តែ​គ្មាន​បុគ្គល​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ ឬ​កាត់ទោស ក្រៅពី​បុគ្គល ជួប សម្លាប់ ដែល​មាន​ឈ្មោះ​ពិត​ពី​កំណើត​ថា អឿត អាង នោះ​ឡើយ។ សំខាន់​ជាង​នេះ គឺ​តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​ខកខាន​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ឱ្យ​សាធារណជន​បាន​ដឹង ទាក់ទង​នឹង​សំណុំរឿង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​របស់ ជួប សម្លាប់ ដែល​តុលាការ​អះអាង​ថា ជា​សំណុំរឿង​ដែល​ត្រូវ​ស្វែង​រកមុខ​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ។

ទាំង​តុលាការ​ក្រុងភ្នំពេញ និង​ទាំង​សាលាឧទ្ធរណ៍​សុទ្ធតែ​បាន​ចាត់ការ​រឿង​ក្តី​នេះ ក្នុង​របៀប​តែមួយ គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ចម្លើយ​សារភាព​របស់​បុគ្គល អឿ​ត អាង ដែល​តែងតែ​ឆ្លើយ​ដាក់​បន្ទុក​ខ្លួនឯង​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ដោយ​ម្នាក់ឯង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ណា​ផ្សេង​ទៀត​ឡើយ។

ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក សេង លាង ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​សម្ដី​កាលពី​ថ្ងៃទី៩ កក្កដា ម្សិលមិញ​ថា សំណុំ​រឿង​នេះ​លោក​កំពុងតែ​បន្ត​ស៊ើបអង្កេត​នៅឡើយ។ ហើយ​ទាក់ទង​នឹង​ការ​បំបែកសំណុំរឿង​ជា​ពីរ លោក​ថា​មិនទាន់​បិទ​ការស៊ើបអង្កេត​នៅឡើយ​ទេ។ នៅ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​សួរ​ថា តើ​មាន​ជន​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់​ដែល​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​នោះ លោក​ចៅក្រម​ស៊ើបសួរ សេង លាង ថ្លែង​ថា នេះ​ជា​ការ​សម្ងាត់​មិន​អាច​ឱ្យ​ដឹង​បាន​ឡើយ។ ប៉ុន្តែ​យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដដែល ស្នងការ​រង​រាជធានី​ភ្នំពេញ​លោក សុង លី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួល​ដីកា​ឲ្យ​ស៊ើបអង្កេត​ពី​តុលាការ​លើ​សំណុំ​រឿង​នេះ​នៅឡើយ​ទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​តុលាការ​វិញ។

ចំណែក សមាជិក​ព្រឹទ្ធសភា​ឯកបក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ត្រូវ​បាន​តុលាការ​កម្ពុជា​ស៊ើបអង្កេត និង​កាត់​ក្តី​រួចហើយ ដូច្នេះ​រឿង​នេះ​គ្មាន​អ្វី​ត្រូវ​ស៊ើបអង្កេត​ទៀត​ឡើយ។ លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​អព្យាក្រឹត្យ​របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) ថា គឺជា​ការ​ជ្រៀតជ្រែក និង​រំលោភ​លើ​ឯករាជ្យភាព និង​សមត្ថកិច្ច​របស់​តុលាការ​កម្ពុជា ដែល​ជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ។

ទោះបីជា​យ៉ាងណា ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​ចូលរួម​ស៊ើបអង្កេត​ពី​អ្នក​ឯករាជ្យ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការងារ​របស់​អាជ្ញាធរ​កម្ពុជា​ឡើយ ប៉ុន្តែ​មានន័យថា ជា​កិច្ចសហការ​ទៅវិញ​ទេ ហើយ​កម្ពុជា​មាន​ឧទាហរណ៍​ច្រើន​រួច​ទៅ​ហើយ​ទាក់ទង​នឹង​ការចូលរួម​ស៊ើបអង្កេត​ពី​អ្នក​ឯករាជ្យ​នេះ តួយ៉ាង​ដូចជា សាលា​ក្តី​ខ្មែរក្រហម ជាដើម។ លោក​យល់ថា ការ​បដិសេធ ឬ​មិន​ចង់​ឱ្យ​មាន​ការចូលរួម​ស៊ើបអង្កេត​ពី​អ្នក​ឯករាជ្យ​នេះ ទំនង​ដោយសារ​អាជ្ញាធរ​កម្ពុជា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ឬ​ខ្វះ​ឯករាជ្យ​ភាព​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដូចជា រង​សម្ពាធ ឬ​រង​ការ​គំរាមកំហែង​ពី​អ្នក​មាន​អំណាច ជាដើម៖ «ពេល​ដល់​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត កែម ឡី នេះ សំណុំ​រឿង​នេះ​គួរតែ​ត្រូវ​បាន​តុលាការ​ចាត់ការ​បន្ត ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​ដែល​នៅ​ពីក្រោយ។ យើង​ដឹង​ហើយ​ថា តុលាការ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ គឺ​ទីមួយ​អ្នក​ដៃដល់ និង​ទី​ពីរ​អ្នក​ផ្តល់​មធ្យោបាយ និង​ធនធាន ដូចជា អាវុធ ជាដើម ទៅ​ឱ្យ​ឃាតក ហើយ​យើង​មើល​ទៅ​លទ្ធភាព​របស់ ជួប សម្លាប់ មិន​អាច​រក​អាវុធ​បែប​ហ្នឹង​បានទេ។ អ៊ីចឹង​សភាព​ស្ងប់ស្ងាត់​របស់​តុលាការ​នេះ វា​ជា​ចំណុច​មួយ​ដែល​គួរ​ឱ្យ​សង្ស័យ​ថា មាន​ឥទ្ធិពល​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​តុលាការ​នៅ​ស្ងៀម មិន​ធ្វើ​ឱ្យ​រឿង​នេះ​មាន​ដំណើរការ​តទៅទៀត ខណៈ​អ្នក កែម ឡី និយម​រាប់​លាន​នាក់ កំពុង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី»

ក្នុង​ឱកាស​ខួប ២​ឆ្នាំ នៃ​ការ​ធ្វើឃាត​បណ្ឌិត កែម ឡី នេះ ក្រុម​គ្រួសារ​របស់​លោក​ក៏បាន​រៀបចំ​ពិធីបុណ្យ​តាម​បែប​ប្រពៃណី​ពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ផង​ដែរ ដែល​ពិធីបុណ្យ​នោះ​ប្រារព្ធ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក សន ជ័យ ដែល​មាន​វត្ត​មាននៅ​ទីនោះ​ថ្លែង​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី១០ កក្កដា អ្នក​ចូល​ពិធីបុណ្យ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ មិន​ឃើញ​មាន​មនុស្ស​ច្រើន​អ៊ូអរ​ដូច​កាលពី​បុណ្យខួប​គម្រប់ ១​ឆ្នាំ របស់​លោក​បណ្ឌិត​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​តាកែវ ថ្លែង​ថា លោក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ជា​ខ្លាំង​តាមរយៈ​ការវិភាគ និង​ការ​ផ្ដល់​ទស្សនៈ​ល្អៗ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​បន្ត​ថា លោក​មាន​ការ​ឈឺចាប់​ជា​ខ្លាំង​នៅ​ពេល​នឹកឃើញ​ដល់​អំពើ​ឃាតកម្ម​នេះ និង​បាន​ទន្ទឹង​រង់ចាំ​មើល​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី មក​ទល់​សព្វថ្ងៃ ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​លេចចេញ​ជា​រូបរាង​នៅឡើយ។ លោក​បន្ថែម​ថា លោក​គ្មាន​ជំនឿ​ថា តុលាការ​នៃ​របប​ក្រុងភ្នំពេញ​នឹង​អា​ចរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ឡើយ ព្រោះ​ស្ថាប័ន​យុត្តិធម៌​នេះ​គ្មាន​ភាព​ឯករាជ្យ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើយ៖ «ខ្ញុំ​ចង់​ណាស់ ចង់​ឱ្យ​តុលាការ​បង្ហាញ​ភាព​ត្រឹមត្រូវ បង្ហាញមុខ​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​គាត់​និយាយ​ថា​ស្វែងរក​នោះ។ ប៉ុន្តែ​ជាក់ស្ដែង ខ្ញុំ​យល់ថា វា​គ្រាន់តែ​លេស គ្រាន់តែ​ជា​ការ​និយាយ​លួង​ចិត្ត​ប្រជាពលរដ្ឋ តែ​ជាក់ស្ដែង​នោះ​តុលាការ​មិន​ហ៊ាន​ធ្វើ​នោះ​ទេ ខ្ញុំ​ជឿ​ថា​មិន​អាច​រក​ឃើញ​នោះ​ទេ។ យើង​ទន្ទឹង​រង់ចាំ​រហូត ប៉ុន្តែ​ការ​ទន្ទឹង​រង់ចាំ​នេះ មើល​ទៅ​ដូចជា​មិន​មាន​ពន្លឺ​យុត្តិធម៌​សោះ។ កាលណា​សង្គម​យើង របប​ដឹកនាំ​យើង​នៅតែ​ដដែល នោះ​យុត្តិធម៌​នឹង​មិន​មាន​ទេ​សម្រាប់​ពលរដ្ឋ​ខ្មែរ»

ក្រៅពី​ការ​ថ្លែង​ដោយ​ផ្ទាល់​បែបនេះ ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​កែម ឡី និយម​មួយ​ចំនួន ក៏បាន​នាំគ្នា​ប្ដូរ​រូបភាព​ផ្ទាល់ខ្លួន ឬ​បង្ហោះ​រូបភាព​បណ្ឌិត កែម ឡី អម​ដោយ​សារ​នឹករលឹក​បញ្ញវន្ត​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ ពួកគេ​នៅតែ​ទាមទារ និង​ដង្ហោយ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី ដែល​ជា​វីរបុរស​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ជាប់​ជានិច្ច​នោះ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s